អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​បុរីកីឡា​ខ្លះ​ព្រម​ទទួល​សំណង​ជា​ថ្នូរ​នឹង​ការ​ចាកចេញ

ដោយ ទីន ហ្សាការីយ៉ា
2018-01-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ស្ត្រី​រស់​នៅ​ក្នុង​សហគមន៍​បុរីកីឡា ដែល​មាន​ជម្លោះ​ដីធ្លី តវ៉ា​នៅ​មុខ​ផ្ទះ​វីឡា​របស់​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន ផានអ៊ីម៉ិច ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧។
ក្រុម​ស្ត្រី​រស់​នៅ​ក្នុង​សហគមន៍​បុរីកីឡា ដែល​មាន​ជម្លោះ​ដីធ្លី តវ៉ា​នៅ​មុខ​ផ្ទះ​វីឡា​របស់​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន ផានអ៊ីម៉ិច ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧។
Photo provided

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា ដែល​អាជ្ញាធរ​ខណ្ឌ​៧មករា បាន​កោះ​ហៅ​ប្រជុំ​រក​ដំណោះស្រាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មករា ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ខ្លះ​បាន​ព្រម​ទទួល​យក​សំណង​ជា​លុយ​ចំនួន ១៦.០០០​ដុល្លារ និង​មាន​ពលរដ្ឋ​ខ្លះ​ទៀត​ក៏​មិន​ទាន់​ព្រម​ទទួល​យក​ទេ។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​បុរីកីឡា​ នាក់ ដែល​តែង​ចេញ​តវ៉ា ៦​ឆ្នាំ​មក​ហើយ គឺ​អ្នកស្រី ង៉ូវ ណារី ប្រាប់​ថា អ្នកស្រី​ព្រម​ទទួល​យក​ដំណោះស្រាយ​របស់​អភិបាល​ខណ្ឌ​៧មករា គឺ​ថវិកា ១៦.០០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ចាកចេញ​ពី​បុរីកីឡា។

អ្នកស្រី​ប្រាប់​ពី​មូលហេតុ​ព្រម​ទទួល​យក​ដំណោះស្រាយ​នេះ ដោយសារ​ចង់​យក​ថវិកា​ពី​អាជ្ញាធរ​មក​ទិញ​បន្ទប់​ស្នាក់​នៅ​ក្នុង​បុរីកីឡា​វិញ ហើយ​ម្យ៉ាង ដោយសារ​អភិបាល​ខណ្ឌ​៧មករា លោក លឹម សុភា បាន​ប្រើ​ឥរិយាបថ​សមរម្យ​ក្នុង​ការ​រក​ដំណោះស្រាយ​ឲ្យ លោក​មិន​បាន​ប្រើ​ពាក្យ​អសុរោះ គំរាមកំហែង ដូច​អភិបាល​រង​ក្រុង​ភ្នំពេញ លោក មាន ចាន់យ៉ាដា។ អ្នកស្រី ង៉ូវ ណារី អះអាង​ថា មាន​ពលរដ្ឋ​ខ្លះ​ព្រម​ទទួល​យក​ថវិកា ១៦.០០០​ដុល្លារ ប៉ុន្តែ​ក៏​មាន​ពលរដ្ឋ​ខ្លះ នៅ​មិន​ទាន់​ព្រម​ទទួល​យក​ដែរ ដោយ​កំពុង​ពិចារណា៖ «»។

អាជ្ញាធរ​ខណ្ឌ​៧​មករា កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា បាន​ចេញ​លិខិត​កោះហៅ​ពលរដ្ឋ​ទាំង ១០​គ្រួសារ ដែល​តែង​ចេញ​តវ៉ា​ទាមទារ​ផ្ទះ​នៅ​បុរីកីឡា និង​ពលរដ្ឋ​ក្រុម ៣០​គ្រួសារ​ផ្សេង​ទៀត​នៅ​ក្នុង​សហគមន៍​បុរីកីឡា​ ដូច​គ្នា ឲ្យ​ចូល​ទៅ​ដោះស្រាយ​ដើម្បី​ស្វែង​រក​ចំណុច​រួម​មួយ ដើម្បី​បញ្ចប់​ទំនាស់​រ៉ាំរ៉ៃ​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា វេលា​ម៉ោង ៨​ព្រឹក នៅ​សាលា​ខណ្ឌ។

​នេះ​ជា​លើក​ទី​២​ហើយ ដែល​អភិបាល​ខណ្ឌ​៧មករា លោក លឹម សុភា កោះ​ហៅ​ពលរដ្ឋ​បុរីកីឡា ដែល​នៅ​សេសសល់​ទៅ​ដោះស្រាយ​ទំនាស់​នៅ​សាលា​ខណ្ឌ បន្ទាប់ពី​អភិបាលរង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ធ្លាប់​បាន​ដាក់​ថ្ងៃ​ផុត​ឱសានវាទ​កាល​ពី​ខែ​ធ្នូ បញ្ជា​ឲ្យ​ក្រុម​ពលរដ្ឋ​បុរីកីឡា ទាំង ១១​គ្រួសារ ចាកចេញ​ពី​ផ្ទះ​ទៅ​រស់​នៅ​ភូមិ​អណ្ដូង ជាយ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ពលរដ្ឋ​មិន​ព្រម​ចាក​ចេញ​តាម​ការ​បញ្ជា​នេះ​ទេ។

នៅ​អំឡុង​ថ្ងៃ​ឱសានវាទ​របស់​សាលាក្រុង កាល​ពី​ចន្លោះ​ថ្ងៃ​ទី​១៦ ដល់​២២ ធ្នូ ឆ្នាំ​២០១៧ និង​ក្រោយ​ថ្ងៃ​ឱសានវាទ ក្រុម​ពលរដ្ឋ​ទាំង​នោះ​បាន​នាំ​គ្នា​ដាក់​ញត្តិ និង​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ និង​មុខ​ភូមិគ្រឹះ អ្នកស្រី ស៊ុយ សុផាន ជា​ម្ចាស់​ក្រុមហ៊ុន ផានអ៊ីម៉ិច (Phan Imex)។ ម្ដងម្កាល ពួកគាត់​បាន​ស្រែក​ជេរប្រទេច​ដាក់​បណ្ដាសា​អ្នកស្រី ស៊ុយ សុផាន ដោយសារ​ពួកគេ​ចោទ​ថា ស្ត្រី​មាន​អំណាច​រូប​នេះ​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្នុង​ការ​កម្ទេច​ផ្ទះ​ពួកគាត់​ដែល​អ្នកភូមិ​អះអាង​ថា ជា​ការ​ប្លន់​យក​ដី និង​បណ្ដេញ​ពលរដ្ឋ​ទាំង​អស់​ចេញ​ពី​បុរីកីឡា ធ្វើ​ឲ្យ​ពួកគេ​បែកបាក់​គ្រួសារ គ្មាន​មុខ​របរ បាត់បង់​សុភមង្គល កូន​ត្រូវ​បង្ខំចិត្ត​បោះបង់​ចោល​ការ​សិក្សា ធ្លាក់​ខ្លួន​ប្រើប្រាស់​គ្រឿងញៀន រស់​នៅ​ជា​ជន​អនាធិបតេយ្យ​នៅ​លើ​ដី​របស់​ខ្លួន​ឯង​ជាដើម។

សកម្មជន​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ដ ហាក់​មិន​ទាន់​ពេញ​ចិត្ត​ចំពោះ​ដំណោះស្រាយ​អាជ្ញាធរ​ខណ្ឌ​៧មករា នោះ​ទេ។ លោក​ផ្ដល់​យោបល់​ថា អាជ្ញាធរ​ខណ្ឌ​៧មករា ឬ​សាលាក្រុង គួរ​ជ្រើសរើស​យន្តការ​មួយ​ឲ្យ​ស្មើភាព​គ្នា​ក្នុង​ការ​ដោះស្រាយ។ ពោល​គួរ​យក​គំរូ​តាម​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ដែល​ប្រើប្រាស់​យន្តការ​មួយ​ដើម្បី​ដោះស្រាយ​រួម​នៅ​អគារ​ប៊ូឌីង មិនមែន​ប្រើប្រាស់​វិធីសាស្ត្រ​ឆ្លៀត​ឱកាស​ដោះស្រាយ​ម្ដង​មួយ​គ្រួសារ ដោយ​ប្រើ​ការ​ចរចា​​លើ​សម្ដី គ្មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ៖ «»។

​ជា​ច្រើន​ឆ្នាំ​មក​នេះ ពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា អះអាង​ថា ពួកគាត់​រស់​នៅ​ជាមួយ​ទឹក​ភ្នែក​រាល់​ថ្ងៃ គឺ​ក្រោយ​ពេល​ដែល​អាជ្ញាធរ​ប៉ូលិស​កងរាជអាវុធហត្ថ​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​កម្ទេច​ផ្ទះ និង​ដេញ​វាយដំ បង្ខំ​ឲ្យ​ពួកគាត់​ចាក​ចេញ​ពី​​លំនៅ។ បើ​ទោះ​ជា​ពលរដ្ឋ​មួយ​ចំនួន​ព្រម​ទទួល​យក​លុយ​សំណង ប៉ុន្តែ​ពលរដ្ឋ​នៅ​បុរីកីឡា ចាំ​មិន​ភ្លេច​ទេ​ថា ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ជា​អ្នក​ធ្វើ​ឲ្យ​ពួកគាត់​រស់​នៅ​បាត់បង់​សុភមង្គល​រាប់​ឆ្នាំ​មក​នេះ។

​មូលហេតុ​ចម្បង​ដែល​ធ្វើ​មាន​ជម្លោះ​រ៉ាំរ៉ៃ​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​នេះ ដោយសារ​ក្រុម​ផានអ៊ីម៉ិច មិន​គោរព​តាម​ការ​សន្យា​សាងសង់​អគារ​ចំនួន ១០​អគារ គឺ​ក្រុមហ៊ុន​​នេះ​សាងសង់​បាន​តែ ៨​អគារ ដោយ​បាន​សរសេរ​លិខិត​ទៅ​ប្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​អតីត​អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិម៉ា ថា​ក្រុមហ៊ុន​នេះ​វិនិយោគ​ខាត​នៅ​តំបន់​បុរីកីឡា ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស​ដែល​តាមដាន​ជម្លោះ​នេះ អះអាង​ថា ក្រុមហ៊ុន​នេះ​ត្រូវ​រ៉ូវ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ហើយ​កុហក​លោក ហ៊ុន សែន អំពី​ការ​ខាត​បង់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល