សាសនិកឥស្លាមថាការវាយរបងធ្វើផ្លូវកាត់វិហារឥស្លាមមិនពាក់ព័ន្ធបក្សប្រឆាំង
2016.12.25

សាសនិកឥស្លាម អះអាងថា ការវាយកម្ទេចរបងបាំងធ្វើផ្លូវកាត់វិហារបឹងកក់ កាលពីថ្ងៃទី២៣ ធ្នូ នោះ មិនមានការញុះញង់របស់គណបក្សនយោបាយណាមួយនៅពីក្រោយឡើយ ប៉ុន្តែដោយសារពួកគេមិនពេញចិត្តនឹងគម្រោងរបស់សាលាក្រុងភ្នំពេញ ដែលមិនព្រមវាងតាមរបង។ ការឆ្លើយតបនេះ បន្ទាប់ពីមានការចោទប្រកាន់តាមបណ្ដាញសង្គមហ្វេសប៊ុកថា ទង្វើរបស់ជនជាតិចាម នោះ គឺមានបក្សប្រឆាំងនៅពីក្រោយ។
ការវាយកម្ទេចរបងបាំងធ្វើផ្លូវកាត់វិហារបឹងកក់ ឬវិហារអាល់សាកាល់ ស្ថិតនៅក្រោយសណ្ឋាគារភ្នំពេញ ដែលមានភាពចម្រូងចម្រាសរវាងអាជ្ញាធរសាលារាជធានីភ្នំពេញ និងសាសនិកខ្មែរឥស្លាមមួយក្រុមនោះ ត្រូវបានមនុស្សមួយចំនួនទៀតទាញចូលពាក់ព័ន្ធនឹងរឿងនយោបាយទៅវិញ។
យ៉ាងនេះក្តី សាសនិកខ្មែរឥស្លាមមួយចំនួនអះអាងថា ការវាយកម្ទេចរបងបាំងសម្រាប់គ្រឿងចក្រឈូសឆាយធ្វើផ្លូវកាត់ក្នុងបរិវេណវិហារបឹងកក់ កាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូ នោះ មិនមានពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។ ផ្ទុយទៅវិញ ពួកគាត់អះអាងថា ដោយសារសាសនិកឥស្លាមភាគច្រើន មិនយល់ស្របចំពោះគម្រោងរបស់សាលារាជធានីភ្នំពេញ ដែលមិនព្រមបង្ខិតទៅតាមរបង។
ប្រធានចលនាខ្មែរឥស្លាមនៅក្នុងគណបក្សសង្គ្រោះជាតិ លោក អ៊ីសា អូស្មាន បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់នៅតាមបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ ថាការវាយរបងដែលខាងសាលារាជធានីភ្នំពេញបានធ្វើកាលពីថ្ងៃទី១៩ ខែធ្នូ នោះ គឺមានគណបក្សសង្គ្រោះជាតិ ជាអ្នកញុះញង់នៅពីក្រោយខ្នង៖ «ការរុះរើរបងនេះមិនមែនជាគំនិតរបស់គណបក្សណាមួយទេ ឬគណបក្សសង្គ្រោះជាតិ ទេ ប៉ុន្តែប្រជាពលរដ្ឋមិនសប្បាយចិត្តចំពោះផែនការធ្វើផ្លូវកាត់ដីវិហារ។ ដូច្នេះនរណាក៏ចូលរួមដែរ ព្រោះដីវិហារជាទ្រព្យសម្បត្តិរួមរបស់សហគមន៍។ គណបក្សប្រជាជន ក៏ចូលរួម ហើយគណបក្សផ្សេងៗទៀតក៏ចូលរួម»។
ចំណែកឯសាសនិកខ្មែរឥស្លាមម្នាក់ទៀតដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងថា ពួកគេនៅតែរក្សាជំហរប្រឆាំងដាច់ខាតចំពោះគម្រោងធ្វើផ្លូវកាត់ដីវិហារបឹងកក់នោះ ហើយពួកគេទាមទារឲ្យសាលាក្រុងធ្វើផ្លូវវាងតាមរបងវិហារវិញ ដែលមិនសូវជិតវិហារ ហើយមិនរំខានដល់ការប្រតិបត្តិរបស់សាសនាឥស្លាម។ លោកបញ្ជាក់ថា សំណុំរឿងធ្វើផ្លូវនេះ មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬមានបក្សប្រឆាំងនៅពីក្រោយឡើយ៖ «ជាការចោទប្រកាន់មួយខុសឆ្គង ហើយជាការលាបពណ៌ ព្រោះថាការវាយនោះ គឺការវាយរបងនោះ គឺចេញពីកំហឹងរបស់បងប្អូនឥស្លាម ដែលអត់មាននរណាទៅឃាត់គាត់បាន បន្ទាប់ពីចេញពីថ្វាយបង្គំ»។
ការឆ្លើយតបនេះ បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយឈ្មោះ ផែង វណ្ណៈ ដែលធ្លាប់គំរាមបាញ់សម្លាប់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កន្លងមក បានសរសេរថា សកម្មជនគណបក្សសង្គ្រោះជាតិ ជាជនជាតិចាម បានដឹកនាំធ្វើបាតុកម្មហិង្សាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងឯកជននៅបឹងកក់កាលពីថ្ងៃទី២៣ ធ្នូ។ សំណេរនោះបន្តថា ជាទូទៅ គណបក្សសង្គ្រោះជាតិ តែងតែញុះញង់ដឹកនាំធ្វើបាតុកម្មប្រឆាំងការអភិវឌ្ឍគ្រប់ពេលគ្រប់ទីកន្លែង។ ប៉ុន្តែសារដែលផ្សព្វផ្សាយនេះ ត្រូវបានហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ លុបចោលវិញ។
អភិបាលរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ពុំបានបញ្ជាក់អំពីវិធានការច្បាប់យ៉ាងណានោះទេ ចំពោះអ្នកដែលវាយកម្ទេចរបងនោះ ប៉ុន្តែលោកបញ្ជាក់ថា សាលាក្រុងសម្រេចផ្អាកការសាងសង់ផ្លូវកាត់វិហារឥស្លាមជាបណ្ដោះអាសន្នសិន ដើម្បីទុកពេលវេលាឲ្យក្រុមសាសនិកឥស្លាមទាំងពីរក្រុម ព្រមព្រៀងគ្នាសិន មុនពេលជជែកជាមួយនឹងសាលារាជធានីភ្នំពេញជាថ្មីម្តងទៀត។
រីឯរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អូស្មាន ហាស្សាន់ ដែលគាំទ្រគម្រោងរបស់សាលាក្រុង សម្ដែងការសោកស្ដាយដែលសាសនិកខ្មែរឥស្លាមមួយចំនួន មិនបានដឹងច្បាស់អំពីគម្រោងសាងសង់ផ្លូវរបស់សាលាក្រុង ហើយនាំគ្នាបញ្ចេញហិង្សាវាយកម្ទេចរបងដែកដូច្នេះ។
លោក អូស្មាន ហាស្សាន់ បញ្ជាក់ថា លោកនៅតែគាំទ្រគម្រោងរបស់សាលាក្រុងដដែល ព្រោះលោកមើលឃើញថា គម្រោងធ្វើផ្លូវរបស់សាលាក្រុង ផ្តល់ផលប្រយោជន៍រួម ដូចជាបញ្ចៀសការកកស្ទះចរាចរណ៍ និងដាក់លូរំដោះទឹកស្អុយ ជាដើម ជាពិសេសលោកយល់ថា វាក៏នាំឲ្យមនុស្សម្នាកាន់តែងាយបានឃើញ និងបានស្គាល់វិហារសាសនាឥស្លាមដ៏ធំមួយនេះផងដែរ៖ «ឥឡូវនេះវាមានចម្ងាយពីវិហារ ៦០ម៉ែត្រ។ ដូច្នេះវារំខានដល់ការគោរពសក្ការៈ ឬក៏យ៉ាងម៉េច? តែបងប្អូនខ្លះគាត់លើកឡើងថា គាត់ថ្វាយបង្គំក្នុងវិហារពីផ្លូវតែ ១០ម៉ែត្រផង វាមិនអីផងហ្នឹង។ អ្នកខ្លះថាវិហារគាត់តែ ២០ម៉ែត្រទេ។ អ្នកខ្លះទៀតថាតែ ៣ម៉ែត្រខ្លះទេ ដូចជានៅព្រែកប្រា»។
ដើម្បីដោះស្រាយបញ្ហានេះ លោក អូស្មាន ហាស្សាន់ ឲ្យដឹងថា សាលាក្រុងភ្នំពេញ នឹងរៀបចំជួបប្រជុំជាមួយថ្នាក់ដឹកនាំឥស្លាមទូទាំងប្រទេសនៅវិហារបឹងកក់ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ដើម្បីពន្យល់អំពីផលប្រយោជន៍នៃការធ្វើផ្លូវកាត់ដីវិហារបឹងកក់ ដែលខាងសាលាក្រុងបានធ្វើរបងបាំងកាលពីថ្ងៃទី១៩ ខែធ្នូ មក។
ទោះបីជាបែបនេះក្ដី កន្លងមក សាសនិកឥស្លាមបញ្ជាក់ថា លោក អូស្មាន ហាស្សាន់ មិនដែលពន្យល់ច្បាស់លាស់អំពីគម្រោងធ្វើផ្លូវនេះដល់សាសនិកឥស្លាម ដែលទៅថ្វាយបង្គំរាល់ថ្ងៃនៅវិហារបឹងកក់នោះទេ តែពេលនេះបែរជាកៀរគរ ហាកឹម តួន មកពន្យល់បែបនេះទៅវិញ។ ក្នុងចំណោមហាកឹម តួន ទាំងនោះ អ្នកខ្លះដែលដឹងពីគម្រោងឲ្យមកគាំទ្រធ្វើផ្លូវកាត់វិហារនេះ ពួកគេមិនបានមកចូលរួមនោះទេ។ រីឯអ្នកខ្លះទៀត ត្រូវបានគេសម្ភាស និងចែកចាយតាមហ្វេសប៊ុកថា ពួកគាត់ត្រូវបានគេកោះហៅមកភ្នំពេញ មិនបានពន្យល់ប្រាប់ពីមូលហេតុច្បាស់លាស់នោះទេ។
ប្រធានគ្រប់គ្រងស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា បើសិនជាសាលារាជធានីភ្នំពេញមានគម្រោងធ្វើផ្លូវកាត់វិហារឥស្លាមបឹងកក់នេះ ក្នុងគោលបំណងដើម្បីចង់កាត់បន្ថយស្ទះចរាចរណ៍នេះមែន គម្រោងអភិវឌ្ឍន៍បឹងកក់នេះចាប់ផ្ដើមតាំងពីឆ្នាំ២០០៦ មក ហើយវិហារនេះទើបសាងសង់ក្រោយទេ ហេតុអ្វីបានជាសាលាក្រុងមិនបង្ខិតវិហារនេះមុនពេលសាងសង់? លោកបញ្ជាក់ថា គម្រោងចង់ពុះផ្លូវកាត់វិហារបឹងកក់នេះ អាចមានអាថ៌កំបាំងអ្វីមួយនៅពីក្រោយខ្នង។ ក្រៅពីនេះទៀត លោកបន្ថែមថា ក្រុមអ្នកមិនគាំទ្រចង់ឲ្យធ្វើកាត់របង ហេតុអ្វីសាលារាជធានីធ្វើកាត់របងមិនបាន? លោ អំ សំអាត បញ្ជាក់ថា សកម្មភាពធ្វើរបាំងកាលពីថ្ងៃទី១៩ ធ្នូ របស់សាលាក្រុង គឺជាការរំលោភសិទ្ធិរបស់សាសនិកឥស្លាម និងខុសពីច្បាប់ភូមិបាល និងច្បាប់អាស្សាមិករណ៍។
គម្រោងបើកផ្លូវកាត់ដីវិហារបឹងកក់ថ្មីនេះ គឺមានទទឹង ២០ម៉ែត្រ ទ្រូងផ្លូវ ១៦ម៉ែត្រ ចិញ្ចើមផ្លូវម្ខាងៗ ២ម៉ែត្រ និងបណ្តោយជាង ២០០ម៉ែត្រហើយ។ គម្រោងសាងសង់ផ្លូវឆ្លងកាត់របងវិហារឥស្លាម គឺដើម្បីតភ្ជាប់ទៅនឹងដីរបស់ក្រុមហ៊ុនស៊ូកាគូ (Shukaku)៕