អាជ្ញាធរ​ដកហូត​សិទ្ធិ​អភិវឌ្ឍ​បឹងជើងឯក​ពី​ក្រុមហ៊ុន​​ដោយ​ទុក​ពេល​១​ខែ​ឱ្យ​ពលរដ្ឋ​ដោះស្រាយ

ដោយ ថន ថារ៉ូ
2019-07-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ដំណើរការ​ដោះស្រាយ​ដីធ្លី​តំបន់​បឹងកក់ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧។
អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ដំណើរការ​ដោះស្រាយ​ដីធ្លី​តំបន់​បឹងកក់ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧។
RFA

អាជ្ញាធរ​របប​ក្រុងភ្នំពេញ ចេញ​លិខិត​ដកហូត​សិទ្ធិ​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ឯកជន​មួយ ក្នុង​ការ​អភិវឌ្ឍន៍​តំបន់​បឹង​ជើងឯក និង​ទុក​ពេល ១​ខែ ឱ្យ​ពលរដ្ឋ​រស់នៅ​លើ​ផ្ទៃ​បឹង​ជើងឯក ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី វាស់វែង​រក​ព្រំ​ដី​នៃ​ផ្ទៃ​បឹង និង​ដី​របស់​អ្នក​រស់នៅ​លើ​ផ្ទៃ​បឹង​ជើងឯក។ សង្គម​ស៊ីវិល​យល់​ថា ពលរដ្ឋ​អាច​មិន​ទុកចិត្ត និង​ខ្លាច​អាជ្ញាធរ​ចាប់​បង្ខំ ទើប​ពួកគេ​មិន​ព្រម​សហការ​។ ឯ​អ្នកមាន​ជម្លោះដីធ្លី​ប្រាប់​ថា ពួកគាត់​រីករាយ​សហការ បើ​អាជ្ញាធរ​បង្ហាញ​ឆន្ទៈ​ចង់​ដោះស្រាយ​ពិតមែន។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​សាលា​រាជធានី​ភ្នំពេញ ចេញ​លិខិត ២​ដាច់ដោយឡែក​គ្នា ដើម្បី​ដក​សិទ្ធិ​ក្រុមហ៊ុន​ឯកជន និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​សហការ​វាស់វែង​រក​ព្រំ​ដី និង​ព្រំ​បឹង​ជើងឯក។

លិខិត​ទីស្ដីការគណៈរដ្ឋមន្ត្រី ចេញ​ថ្ងៃ​ទី​២១ ឧសភា តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ បង្ហាញ​ថា របប​ក្រុងភ្នំពេញ សម្រេច​និរាករណ៍ និង​មោឃភាព​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​អចលនវត្ថុ​របស់​ក្រុមហ៊ុន អាយ.អិន.ជី ហូលឌីង (ING Holding) ចំនួន​៥ ព្រោះ​មិន​បាន​អនុវត្ត​ការសម្រេច​របស់​របប​ក្រុង​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ក្នុង​ផ្ទៃ​បឹងជើងឯក ដែល​ស្ថិតនៅ​ខណ្ឌ​មានជ័យ ខណ្ឌ​ដង្កោ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

បន្ទាប់មក​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ កក្កដា ជូនដំណឹង អំពី​សកម្មភាព​ចុះ​វាស់វែង និង​កំណត់​ព្រំ​ដី នៅ​ផ្ទៃ​បឹងជើងឯក នៅ​ក្នុង​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ ចាប់ពី​ថ្ងៃ​ទី​១០ មិថុនា​មក។ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ឱ្យ​ដឹង​ថា ការវាស់វែង​រក​ព្រំ​ដី​ក្នុង​ផ្ទៃ​បឹង​ជើងឯក ស្ទើរតែ​បញ្ចប់​ទាំងស្រុង​ហើយ តែ​សល់​ពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី​ខ្លះ​មិន​ព្រម​សហការ​។ លោក ឃួង ស្រេង ទុក​ពេល​ឱ្យ​ពលរដ្ឋ​នៅ​បឹង​ជើងឯក ១​ខែ​ទៀត គឺ​ពី​ថ្ងៃ​ទី ១៥ កក្កដា ដល់​១៥ សីហា ដើម្បី​ចូលរួម​សហការ​វាស់វែង​ព្រំដី​របស់​ខ្លួន​។ អាជ្ញាធរ​ក្រុង​ព្រមាន​ថា ផុត​ថ្ងៃ​ឱសានវាទ​នេះ ក្រុម​ការងារ​វាស់វែង​ដី​នឹង​មិន​ទទួល​វាស់វែង ឬ​ដោះស្រាយ​សំណូមពរ​របស់​ពលរដ្ឋ​ឡើយ។

ពលរដ្ឋ​កំពុង​រស់នៅ​លើ​តំបន់​បឹង​ជើងឯក​ម្នាក់ អ្នកស្រី ប៉ៅ ស្រម៉ៅ ឱ្យ​ដឹង​ថា យ៉ាងហោចណាស់ ពលរដ្ឋ​ចំនួន​៣​សហគមន៍​កំពុង​មាន​វិវាទ​រ៉ាំរ៉ៃ និង​ទាមទារ​ដំណោះស្រាយ គឺ សហគមន៍​តាតុក នៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក សហគមន៍​ខ្វារ​នៅ​ភូមិ​ខ្វារ សង្កាត់​ដង្កោ និង​សហគមន៍​ដូនឪ។

សហគមន៍​ខ្វារ និង​សហគមន៍​ដូន​ឪ ទទួល​បាន​ដំណោះស្រាយ​ខ្លះ​ហើយ​។ ឯ​សហគមន៍​តាតុក កំពុង​តវ៉ា​នៅ​សាលា​រាជធានី​ភ្នំពេញ ទាមទារ​រក​ដំណោះស្រាយ​។ អ្នកស្រី ប៉ៅ ស្រីម៉ៅ អះអាង​ថា គ្មាន​ឃើញ​មន្ត្រី​ចុះ​មក​វាស់វែង​ទេ ហើយ​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​កំពុង​ទាមទារ​រាល់ថ្ងៃ ឱ្យ​មន្ត្រី​ចុះទៅ​វាស់វែង និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ ព្រោះ​បច្ចុប្បន្ន​អ្នកភូមិ​កំពុង​ភ័យ​ថា ពួកគេ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពេល​គេ​យក​ទីតាំង​ដី​អ្នកភូមិ​ទៅ​អភិវឌ្ឍន៍៖ «គេ​មិនទាន់​ចុះ​វាស់វែង​ផង​។ គ្រាន់តែ​គេ​ត្រូវ​ការ​ដី រដ្ឋ​ត្រូវការ​ដី ដេញ​ប្រជាពលរដ្ឋ​នៅ​ហ្នឹង​ណា។ អ៊ីចឹង​ខ្ញុំ​តវ៉ា​ទៅ គេ​មិនទាន់​ដេញ គេ​មិនទាន់​ធ្វើការ គ្រាន់តែ​ពួក​ខ្ញុំ​ធ្វើ​(​តវ៉ា​) តែ​ប៉ិន​ហ្នឹង ដោយសារ​អ្វី កុំ​ឱ្យ​គេ​ដេញទាន់»

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​ករណី​នេះ ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី បានទេ នៅ​ថ្ងៃ​ទី​១៦ កក្កដា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។

ផ្ទៃ​បឹង​ជើងឯក មាន​ទំហំ​៥២០​ហិកតារ លាតសន្ធឹង​លើ​ខណ្ឌ និង​ក្រុង ចំនួន​៣ នៃ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល​។ នៅ​ឆ្នាំ​២០១៨ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ផ្ដល់​ដី​បឹង​ទំហំ ប្រគល់​ផ្ទៃដី​ទំហំ ១៩០​ហិកតារ ឱ្យ​ទៅ​ក្រុមហ៊ុន ING Holding របស់​ឧកញ៉ា អ៊ឹង ប៉ុនហូវ ដើម្បី​អភិវឌ្ឍន៍​ជាទី​ក្រុង​រណប​ថ្មី សម្រាប់​ក្រុងភ្នំពេញ និង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម តំបន់​លំនៅឋាន មន្ទីរពេទ្យ សាលារៀន សួន​បៃតង។ តែ​ត្រូវ​ផ្ដល់​ថ្នូរ​ឱ្យ​រដ្ឋ​វិញ នូវ​ប្រព័ន្ធ​ប្រឡាយ​បេតុង អាង​ប្រព្រឹត្តិកម្ម ស្ថានីយ​បូម​ទឹក​ខ្នាត​ធំ ជាដើម​។ បច្ចុប្បន្ន​មន្ត្រី​កំពុង​ចុះ​វាស់វែង រក​ចំណុច​ព្រំ​ផ្ទៃ​បឹង ចំនួន​១៩០​ហិកតារ​នោះ និង​ស្វែងរក​ព្រំ​ដី របស់​អ្នក​កំពុង​កាន់​កាប់​ដី​លើ​ផ្ទៃ​បឹង​១៩០​ហិកតារ​នោះ ដែល​របប​ក្រុងភ្នំពេញ ទុក​បម្រុង​សម្រាប់​អភិវឌ្ឍន៍។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត យល់ថា ពលរដ្ឋ​មិន​ចូលរួម​សហការ​ដោយសារ បារម្ភ​ខ្លាច​បាត់បង់​ដី រង​ការ​គំរាមកំហែង ឬ​ការ​បង្ខំ​ឱ្យ​ពលរដ្ឋ​ទទួលយក​លទ្ធផល​វាស់​វែង​មិន​សមរម្យ​។ លោក​ថា ម្យ៉ាង​ដោយសារ​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​ក្រុង​នៅ​មាន​ភាព​មិន​ច្បាស់ នាំ​ឱ្យ​ពលរដ្ឋ​កំពុង​អាស្រ័យ​ផល​លើ​ដី​បឹង​ជើងឯក មានការ​ព្រួយបារម្ភ៖ «ជា​បទពិសោធន៍​ខ្ញុំ​យល់​ឃើញ​ថា នៅ​បឹង​ជើងឯក ប្រសិនបើ​អាជ្ញាធរ​មាន​ព័ត៌មាន​ច្បាស់លាស់​ហើយ សឹម​សហការ​ជាមួយ​ប្រជាពលរដ្ឋ​វិញ ថា​តើ​កំណត់​ដី​ច្បាស់លាស់​ទុក​ធ្វើ​អ្វី ហើយ​គួរតែ​ធ្វើការ​សម្បទាន​យ៉ាង​ម្ដេច​ចំពោះ​គាត់ ដែល​គាត់​ធ្លាប់តែ​អាស្រ័យ​ផល​ទៅលើ​ហ្នឹង​យូរហើយ​។ ដល់​អ៊ីចឹង ខ្ញុំ​យល់ថា គាត់​នឹង​មាន​ការ​សហការ។ ប៉ុន្តែ​បើ​ចេញ​សារ​មិន​ច្បាស់លាស់ ហើយ​របៀប​ជា​លក្ខណៈ​បង្កប់​ទៅ​ការ​ប៉ះពាល់​ដល់​ការបាត់បង់​ដី​អ្វី​ហ្នឹង បើ​តាម​បទពិសោធន៍​គាត់​ពិបាក​សហការ​។ គាត់​ព្រួយបារម្ភ​ពី​ចំណុច​ហ្នឹង ទី​១ ក្រែងលោ​ថា បាត់បង់​ដី​របស់​គាត់ ហើយ​អាច​បង្កប់​ថា ចោទ​គាត់​ពី​ការ​កាន់កាប់​ដី​ដោយ​ខុសច្បាប់​អ៊ីចឹង​ទៀត​ទៅ​ណា»

ចំណែក​ការលុបចោល​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ឯកជន​វិញ លោក វណ្ណ សូផាត យល់ថា ករណី​ក្រុមហ៊ុន​មិន​អនុវត្ត​តាម​កិច្ចសន្យា មិនមែន​មានតែ​បឹង​ជើងឯក​ទេ នៅ​តាម​ទីតាំង ដី​សម្បទាន​ផ្សេងទៀត ក៏​សម្បូរ​ក្រុមហ៊ុន​មិន​ព្រម​អនុវត្ត​តាម​កិច្ចសន្យា​ដែរ​។ សង្គម​ស៊ីវិល​រូប​នេះ លើកទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល អនុវត្ត​មោឃភាព​អាជ្ញាប័ណ្ណ ឱ្យ​បាន​គ្រប់​ក្រុមហ៊ុន​ណា ដែល​មិន​អនុវត្ត​តាម​កិច្ចសន្យា​អភិវឌ្ឍន៍​។ លោក វណ្ណ សូផាត ថា ប្រសិនបើ​បឹង​ជើងឯក ត្រូវ​លុប ដើម្បី​អភិវឌ្ឍន៍​មែន ផល​ប៉ះពាល់​ក៏​កើតឡើង​ច្រើន​ដែរ គឺ​មិន​ខុស​ពី​ការ​លុប​បឹងត្របែក បឹងទំពុន ឬ​បឹង​ពោងពាយ កន្លងមក​ទេ៖ «ប៉ុន្តែ​អ្វី​ដែល​ជា​ការ​បារម្ភ យើង​គិត​ថា តើ​ការ​ដក​មក​វិញ​ហ្នឹង វា​ពិតជា​ដោយសារតែ​ក្រុមហ៊ុន​ហ្នឹង​មិន​គោរព​តាម​កិច្ចសន្យា ឬមួយ​ដក​មក​ក្នុង​គោលបំណង​ផ្សេង​។ បើសិនជា ដី​ហ្នឹង​ត្រូវ​បាន​ដក​មកវិញ ហើយ​ទុកជា​សម្បត្តិ​រដ្ឋ ហើយ​បើសិនជា​មានការ​អភិវឌ្ឍ​អ្វី​បន្ត​ទៀត (​ត្រូវ) មានការ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ មានការ​ពិភាក្សា និង​ការ​លើកឡើង​ដើម្បី​ផ្ដល់​ព័ត៌មាន​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ហ្នឹង វា​ជា​ការ​មួយ​ដែល​ប្រសើរ ដែល​រាជរដ្ឋាភិបាល គួរតែ​មាន​បទពិសោធន៍​នេះ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ពលរដ្ឋ ដែល​នៅ​ជុំវិញ​បឹង»

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​តំបន់​បឹង​ជើងឯក ធ្លាប់​ឱ្យ​ដឹង​ថា ពួកគាត់​សប្បាយចិត្ត​ប្រសិនបើ​របប​ក្រុងភ្នំពេញ បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹង​ជើងឯក ព្រោះ​ការ​ទូទាត់​ប្រាក់​សំណង​ពី​ផល​ប៉ះពាល់​សមរម្យ​ឡើយ​។ កាលពី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា អ៊ឹង ប៊ុនហូវ អភិវឌ្ឍ​តំបន់​បឹង​ជើងឯក កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ទីស្ដីការគណៈរដ្ឋមន្ត្រី ណែនាំ​ក្រុមហ៊ុន​ថា ដើម្បី​បញ្ចៀស​ការ​តវ៉ា​ជា យថាហេតុ​ពី​អ្នកកាន់កាប់​ផ្ទៃ​បឹង​ខុសច្បាប់ ក្រុមហ៊ុន​ត្រូវ​ដោះស្រាយ​គោលនយោបាយ ផល​ប៉ះពាល់​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន ចន្លោះ​ពី​២០​ដុល្លារ ទៅ​៦០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា។

ទោះ​យ៉ាងណា ពលរដ្ឋ ដែល​កំពុង​រង់ចាំ​ដំណោះស្រាយ​ដីធ្លី នៅ​តំបន់​បឹង​ជើងឯក អ្នកស្រី ប៉ៅ ស្រី​ម៉ៅ ថា អ្នក​រស់នៅ​ម្ដុំ​ប្រឡាយ​លេខ​០៣ ក្នុង​សហគមន៍​តាតុក កំពុង​រង់ចាំ​ការវាស់វែង និង​ដោះស្រាយ​ដោយ​អន្ទះសា​។ ពលរដ្ឋ​រូប​នេះ ទទូច​ឱ្យ​មន្ត្រី ឆាប់​ចុះទៅ​វាស់​ព្រំ​ដី និង​ដោះស្រាយ​ឱ្យ​បាន​លឿន បើ​មិន​ដូច្នេះ​ទេ ពលរដ្ឋ​ក្នុង​សហគមន៍ នឹង​ឡើង​ទៅ​តវ៉ា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល