ក្រសួង​​ការពារជាតិ​​គ្រោង​រៀបចំ​​តំបន់​​អភិវឌ្ឍន៍​​លើដី​​ជាង​ ១ ​ពាន់​ហិកតា​​នៅ​​មាត់​សមុទ្រ ខេត្តកោះកុង​

ដោយ អាស៊ីសេរី
2021-07-07
Share
ក្រសួង​​ការពារជាតិ​​គ្រោង​រៀបចំ​​តំបន់​​អភិវឌ្ឍន៍​​លើដី​​ជាង​ ១ ​ពាន់​ហិកតា​​នៅ​​មាត់​សមុទ្រ ខេត្តកោះកុង​ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។
រូប៖ ហ្វេសប៊ុក General TEA Banh

រដ្ឋបាល​ខេត្ដ​កោះកុង​ បាន​សម្រេច​ផ្ដល់​ដី​ជាង​ ១ ​ពាន់​ហិកតា (១.១០២) តាម​ការស្នើសុំ​ពី​ក្រសួង​ការពារ​ជាតិ​ ដែលអះអាងថា យកទៅ​អភិវឌ្ឍន៍​នៅតំបន់ឃុំ​ជ្រោយប្រស់​ ក្នុង​ស្រុក​កោះកុង​។

រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិលោក ទៀ បាញ់ ​មានប្រសាសន៍ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា គម្រោង​អភិវឌ្ឍ​នេះ​ គ្រោង​ធ្វើ​នៅ​តំបន់​ឃុំ​ជ្រោយប្រស់ និង​តំបន់​មួយចំនួន​ទៀត​ នៅ​ក្នុង​ស្រុក​កោះកុង ដោយ​រៀបចំ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​ នៅ​តាម​បណ្ដោយ​មាត់សមុទ្រ​ចាប់ពី​តំបន់​តារាសាគរ រហូត​ដល់​ទីរួមខេត្ដ​កោះកុង​។

លោក ទៀ បាញ់ មិនទាន់​បង្ហាញ​ពី​ពេលវេលា​ដែលត្រូវចាប់ផ្ដើម​អភិវឌ្ឍ​ នៅតំបន់​នេះ​នៅឡើយទេ ហើយថា បច្ចុប្បន្ន​ក្រុម​ការងារ​កំពុង​ជជែក ពិភាក្សាគ្នា​លម្អិត​ លើ​គម្រោងអភិវឌ្ឍនេះ​។

អាស៊ីសេរី​មិនអាចទាក់ទង លោក ទៀ បាញ់ ដើម្បីសាកសួរបន្ថែម អំពីគម្រោងនេះ ថាតើនឹងយកប្រាក់ពីណាមក ត្រូវចំណាយប្រាក់ប៉ុន្មាន ហើយមានជាប់ពាក់ព័ន្ធនឹងជំនួយរបស់រដ្ឋាភិបាលចិន ឬក្រុមហ៊ុនឯកជនរបស់ចិន ដែរឬទេ កាលពីថ្ងៃទី ៦ ខែកក្កដា ដោយទូរស័ព្ទហៅចូលជាច្រើនដង គ្មានអ្នកទទួល។

ចំណែក អភិបាលរងនិង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កោះកុង​ លោក សុខ សុទ្ធី ​ ក៏អាស៊ីសេរី មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។ ក៏ប៉ុន្តែលោកបានប្រាប់កាសែតក្នុងស្រុកថា រដ្ឋបាល​ខេត្ត​ ​បានយល់ព្រម​ផ្ដល់​ដី​បម្រុងរបស់ខេត្តជាង​ ១ ​ពាន់​ហិកតា​នេះហើយ តាម​ការស្នើសុំ​របស់​ក្រសួង​ការពារជាតិ ​កាលពី​២ ​ខែ​មុន​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល