តុលាការ​ភ្នំពេញ​គ្រោង​ជំនុំជម្រះ​ក្ដី​តំណាង​សហគមន៍​ដីធ្លី​ឡ​ពាង ពី​បទ​ញុះញង់ កាល​ពី​ ១០​ឆ្នាំមុន

ដោយ វ៉ែន សុមេធ
2020-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ភូមិ​ឡពាង និង​អ្នក​ភូមិ​បឹងកក់ នា​ខេត្ត​កំពង់ឆ្នាំង ដើរ​តវ៉ា​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះ​មក​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៤។
អ្នក​ភូមិ​ឡពាង និង​អ្នក​ភូមិ​បឹងកក់ នា​ខេត្ត​កំពង់ឆ្នាំង ដើរ​តវ៉ា​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះ​មក​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៤។
RFA

សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​សកម្មជន​ដីធ្លី​ម្នាក់​នៅ​ភូមិ​ឡ​ពាង ខេត្ត​កំពង់ឆ្នាំង និង​មេធាវី​ការពារ​ក្ដី​ឱ្យ​ចូលរួម​សវនាការ​នៅ​ដើមខែ​កុម្ភៈ ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ តាម​បណ្ដឹង​របស់​ក្រុមហ៊ុន ​ខេ.ឌី.ស៊ី (KDC) កាល​ជាង​ពី ​១០​ឆ្នាំមុន​។ តំណាង​សហគមន៍​ឡ​ពាង​ថា ចំណាត់ការ​របស់​តុលាការ​ដែល​គាស់កកាយ​យក​រឿង​កន្លង​ផុត​ទៅជា​ច្រើន​ឆ្នាំ មក​​បើក​សវនាការ​​នៅ​​ពេល​​នេះ គឺ​ធ្វើ​ឡើង​តាម​អ្នក​មាន​អំណាច ដើម្បី​ដាក់​គំនាប​ពួកគាត់ ដែល​ជា​ពលរដ្ឋ​ក្រីក្រ ឱ្យ​ឈប់​ចេញ​តវ៉ា​រឿង​ដីធ្លី​តទៅ​ទៀត។

តំណាង​សហគមន៍​ឡ​ពាង លោកស្រី អ៊ុំ សុភី ថ្លែង​ថា នេះ​ជា​រឿង​អយុត្តិធម៌ ដែល​ស្ថាប័ន​តុលាការ​មិន​ចុះ​ស្វែងរក​ការពិត ហើយ​បែរ​ជា​យក​រឿង​ចាស់​ដែល​កន្លង​ផុត​ទៅ ១២​ឆ្នាំ​ទៅ​ហើយ​នោះ មក​ចោទ​ប្រកាន់ និង​ជំនុំជម្រះ​លោកស្រី​នៅ​ពេល​នេះ​។ លោកស្រី​បន្ត​ថា គ្មាន​អ្នកណា​ទៅ​ញុះញង់​អ្នកភូមិ​ឡើយ គឺ​ពលរដ្ឋ​រួមគ្នា​តវ៉ា​ទាមទារ​សំណង​ទាំងអស់​គ្នា ក្រោយពី​ពួកគាត់​បាត់​បង​ដីស្រែ និង​ផ្ទះសម្បែង ដោយសារ​ការរំលោភ​យ​ក​ពី​សំណាក់​ក្រុមហ៊ុន​ ខេ.ឌី.ស៊ី។

អតីត​គ្រូបង្រៀន​រូប​នេះ បញ្ជាក់​ថា លោកស្រី​នឹង​ចូលរួម​សវនាការ​តាម​កោះហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ៖ «រឿង​នេះ​ជា​អយុត្តិធម៌​ណាស់​សម្រាប់​ពួក​ខ្ញុំ ហើយ​សូម្បីតែ​ការងារ​របស់ខ្ញុំ​ក៏​ត្រូវ​បាត់​បង់​រឿង​ដីធ្លី​ហ្នឹង​ដែរ​។ ហេតុអ្វី​ក៏​លោក​តុលាការ​អត់​មើល​ឃើញ ពី​ទុក្ខ​លំបាក​របស់​ពួក​ខ្ញុំ​អ៊ីចឹង​? វា​អយុត្តិធម៌​ពេក​សម្រាប់​ពួក​ខ្ញុំ​។ តាំងពី​ខ្ញុំ​មាន​ការ​ធ្វើ​រហូតដល់​ខ្ញុំ​មិន​មាន​ការងារ​ធ្វើ​។ តើ​លោក​តុលាការ​មាន​ដែល​យល់​ពី​អារម្មណ៍​របស់​ពួក​ខ្ញុំ​ទេ​? ពួក​ខ្ញុំ​ការពារ​តែ​ដី​របស់​ពួក​ខ្ញុំ​ទេ​។ ខ្ញុំ​អត់​មាន​ទៅ​ទាមទារ​រំលោភ​យក​ដី​របស់​ក្រុមហ៊ុន​ទេ​។ ក្រុមហ៊ុន​អាក្រក់ ក្រុមហ៊ុន​ធ្វើបាប​ពួក​ខ្ញុំ បែរ​តុលាការ​មិន​ចាត់ការ​ទៅវិញ​។ ឈូស​ឆាយ​ផ្ទះ​របស់​ពួក​ខ្ញុំ​អស់ ១៤​ខ្នង​ផ្ទះ តាំង​៩​មករា ២០០៨ មកដល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​នេះ សូម្បីតែ​១០០​រៀល​លុយ​ខ្មែរ ក៏​អត់​ឱ្យ​ដែរ ថ្លៃ​ឈូស​ឆាយ​ផ្ទះសម្បែង​របស់​ពួក​ខ្ញុំ»

សកម្មភាព​ដើរ​តវ៉ា​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ របស់​អ្នក​ភូមិ​ឡពាង និង​ភូមិ​បឹងកក់។
សកម្មភាព​ដើរ​តវ៉ា​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ របស់​អ្នក​ភូមិ​ឡពាង និង​ភូមិ​បឹងកក់។ Photo: RFA

អ្នកភូមិ​ឡ​ពាង​ម្នាក់ ដែល​បាត់បង់​ដីធ្លី​ដោយសារតែ​ក្រុមហ៊ុន ខេ.ឌី.ស៊ី រំលោភ​យក គឺ​លោកស្រី កែវ វណ្ណៈ យល់​ថា ការ​សើរើ​សំណុំ​រឿង​នេះ​ឡើងវិញ ប្រហែលជា​មកពី​លោកស្រី អ៊ុំ សុភី ចេញ​មុខ​​​ការពារ​ដី​បឹង​ធម្មជាតិ ក្រោយ​ពី​ឃើញ​មាន​មនុស្ស​មួយ​ក្រុម​ចុះ​វាស់វែង​ដី​បឹង បម្រុង​យក​ទៅ​ធ្វើ​អាជីវកម្ម​។ លោកស្រី ស្នើ​ដល់​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​តំណាង​ពលរដ្ឋ​រូប​នេះ៖ «គ្រាន់តែ​ចាប់​វាស់​ប៉ុណ្ណឹង​ហើយ នាំគ្នា​តវ៉ា​ស្រាប់តែ​ឥឡូវ​មក​ចេញ​យក​រឿង​២០០៨​ហ្នឹង​ មក​កាត់ក្ដី​គាត់​វិញ វា​អត់​សម វា​អត់​ត្រូវ​រឿង​។ អ៊ីចឹង​ បាន​ថា​អ្នកណា​មួយ​ចង់​លួច​ធ្វើបាប​អ្នកគ្រូ សុ​ភី ហ្នឹង​ហើយ ព្រោះ​គាត់​ការពារ​បឹង​ទាំង​អស់ហ្នឹង​។ ប្រជាពលរដ្ឋ​ពឹង​គាត់​ហ្នឹងហើយ គាត់​ជា​អ្នកចេះដឹង​មួយ​។ អ៊ីចឹង​! គេ​ចង់​បំបាក់​គាត់​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ពឹង​គាត់​បាន​។ គេ​ចង់​បំបាក់​គាត់​តែម្ដង​។ សូម​តុលាការ​រក​យុត្តិធម៌​ឱ្យ​ពួក​ខ្ញុំ​ឱ្យ​ត្រឹមត្រូវ»

ប្រតិកម្ម​របស់​តំណាង និង​ពលរដ្ឋ​សហគមន៍​ឡ​ពាង​នេះ ធ្វើឡើង​បន្ទាប់ពី​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឆាយ ហុង បាន​សម្រេច​កោះហៅ លោក សំ សុ​គង់ ដែលជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​តំណាង​ពលរដ្ឋ​ឡ​ពាង គឺ​លោកស្រី អ៊ុំ សុ​ភី ឱ្យ​ចូល​សវនាការ​ជំនុំជម្រះ​ក្ដី ពាក់ព័ន្ធ​នឹង​សំណុំរឿង ​«​ញុះញង់​» កាល​ឆ្នាំ​២០០៨ នៅ​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ សប្តាហ៍​ក្រោយនេះ​។

មេធាវី សំ សុគង់ ប្រាប់​អាស៊ីសេរី​ថា កាលពី​ជាង ​១០​ឆ្នាំមុន លោក​ធ្លាប់​បាន​ធ្វើជា​មេធាវី​ឱ្យ​អង្គការ​អ្នកច្បាប់​កម្ពុជា ហើយ​បាន​ការពារ​ផ្នែក​ច្បាប់​ដល់​តំណាង​សហគមន៍​ដីធ្លី លោកស្រី អ៊ុំ សុភី ក្នុង​វិវាទ​ដីធ្លី​មួយ រវាង​អ្នកភូមិ​ឡ​ពាង ជាមួយ​នឹង​ប្រធាន​ក្រុមហ៊ុន ​ខេ​.​ឌី​.​ស៊ី គឺ​អ្នកស្រី ជា ខេង ដែល​ត្រូវជា​ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​។ លោក​ថា សំណុំ​រឿង​នេះ​សាលា​ដំបូង​​ខេត្ត​កំពង់ឆ្នាំង​បាន​បើក​ការ​ជំនុំជម្រះ​បានតែ​ម្ដង​ទេ រួច​ក៏​ផ្ទេរសិទ្ធិ​នៃ​ការ​កាត់ក្ដី​បន្ត​ទៅ​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ។

សកម្មភាព​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​នៅ​ចំណុច​ភូមិ​អូររូង នៃ​ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង ទៅ​លើ​អ្នក​ភូមិ​ឡពាង កាល​ពី​ថ្ងៃ​ទី​១២ សីហា ២០១៤។ RFA/Chin Chetha
សកម្មភាព​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​នៅ​ចំណុច​ភូមិ​អូររូង នៃ​ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង ទៅ​លើ​អ្នក​ភូមិ​ឡពាង កាល​ពី​ថ្ងៃ​ទី​១២ សីហា ២០១៤។ RFA/Chin Chetha

ទោះជា​យ៉ាងណា លោក​បញ្ជាក់​ថា បច្ចុប្បន្ន​លោក​លែង​កាន់​ក្តី​នេះ​ទៀត​ហើយ ដោយសារ​អង្គការ​អ្នកច្បាប់​កម្ពុជា​នោះ​បាន​បិទ​ទៅ​ហើយ ក៏ប៉ុន្តែ​លោក​ថា លោក​នឹង​ពិភាក្សា​ជាមួយ​លោកស្រី អ៊ុំ សភី ប្រសិនបើ​តំណាង​ពលរដ្ឋ​រូប​នេះ​ចង់​ឱ្យ​លោក​ជួយ​ការពារ​ក្តី​នេះ​បន្ត​ទៅ​ទៀត៖ «ប្រសិនបើ​គាត់​ជួប​ខ្ញុំ​ហើយ​ចង់​ឱ្យ​ខ្ញុំ​បន្ត​ទៀត នោះ​ខ្ញុំ​នឹង​ពិចារណា​ការពារ​ក្ដី​ឱ្យ​គាត់​។ តែ​បើ​គាត់​ថា​គាត់​ចង់​ដូរ​មេធាវី ឬ​ចង់​រក​មេធាវី​ណា​ផ្សេង​នោះ​អាស្រ័យ​លើ​ឆន្ទៈ​របស់​គាត់»

ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី របស់​អ្នកស្រី ជា ខេង ជាមួយ​ពលរដ្ឋ​នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​១៣​ឆ្នាំ​មក​ហើយ​។ ភាគី​ក្រុមហ៊ុន បាន​ប្រើ​គ្រប់​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា គឺ​ប្រើ​ទាំង​ទិដ្ឋភាព​ច្បាប់ ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ពេលខ្លះ​មាន​ប្រើ​អំពើ​ហិង្សា​ផង​ក៏​មាន​។ កាលពី​ឆ្នាំ​២០១៣ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ផ្ដល់​ដី​សម្បទាន​នៅ​តំបន់​មាន​ជម្លោះ​នេះ ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ថែមទៀត ខណៈ​ពលរដ្ឋ​ឃុំ​តាជេស នៅ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​នៅឡើយ។

អ្នកភូមិ​ឡ​ពាង​ឱ្យ​ដឹង​ថា ពួកគាត់​នឹង​នាំគ្នា​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​សវនាការ​កាត់​ក្តី​តំណាង​របស់​ពួកគាត់ នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ​ខាងមុខនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល