ពលរដ្ឋ​ខេត្ត​កោះកុង​ជាង ១០០​នាក់ នាំ​គ្នា​គាំទ្រ​តំណាង​ពលរដ្ឋ​ចូល​តុលាការ​កំពូល និង​បន្ត​រក​ដំណោះ​ស្រាយ​ពី​ក្រសួង​រៀបចំ​ដែនដី

ដោយ ជាតិ ចំណាន
2020-02-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​សហគមន៍​អ្នកស្រី ដេត ហ៊ូ សន្លប់​ជា​ច្រើន​ម៉ោង ក្រោយ​ពេល​រង​អំពើ​ហិង្សា​ពី​កង​កម្លាំង​ខណ្ឌ​ចំការ​មន នៅ​រសៀល​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២០។
តំណាង​សហគមន៍​អ្នកស្រី ដេត ហ៊ូ សន្លប់​ជា​ច្រើន​ម៉ោង ក្រោយ​ពេល​រង​អំពើ​ហិង្សា​ពី​កង​កម្លាំង​ខណ្ឌ​ចំការ​មន នៅ​រសៀល​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

ប្រជា​ពលរដ្ឋ​ប្រមាណ​ ១០០​នាក់ ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​តុលាការ​កំពូល ដើម្បី​គាំទ្រ​ពលរដ្ឋ​៥​នាក់​ ចូល​សវនាការ​ រឿង​សុំ​មោឃភាព​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ ហេង ហ៊ុយ អភិវឌ្ឍន៍​ របស់​ឧកញ៉ា​ ហេង ហ៊ុយ ។បន្ទាប់​ពី​នោះ ពួកគេ​បន្ត​ទៅ​រក​ដំណោះស្រាយ​ដីធ្លី​ជា​ថ្មី​ពី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​រៀប​ចំ​ដែនដី។

តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​ លើ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​៥​គ្រួសារ ជាមួយ​នឹង​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ក្រោយពី​ពលរដ្ឋ​ប្ដឹង​សុំ​មោឃ​ភាព​ចោល​កិច្ច​ព្រមព្រៀង​ដីធ្លី ជាមួយ​ឧកញ៉ា ហេង ហ៊ុយ កាល​ពី​ឆ្នាំ២០១០ ដោយ​សារ​កាល​នោះ ខាង​ក្រុមហ៊ុន​បង្ខំ​ឲ្យ​ពលរដ្ឋ​ទទួល​យក​ដី​ទទឹង ៣០​ម៉ែត្រ បណ្ដោយ ១៥០​ម៉ែត្រ ហើយ​គ្មាន​ទទួល​ស្គាល់​ពី​អាជ្ញាធរ។

តំណាង​ពលរដ្ឋ​នៅ​ឃុំ​ជី​ខ​ក្រោម លោកស្រី ផាវ ញ៉ើង ឲ្យ​ដឹង​ថា នៅ​ក្នុង​បន្ទប់​សវនាការ​ថ្ងៃ​ទី​១៤ កុម្ភៈ ឃើញ​មាន​​មេធាវី​តំណាង​ឲ្យ​លោក ហេង ហ៊ុយ ដែល​នៅ​តតាំង​ក្ដី​ជាមួយ​ពលរដ្ឋ តែ​គ្មាន​វត្តមាន​លោក ហេង ហ៊ុយ នោះ​ទេ។

លោកស្រី​លើក​ឡើង​ថា ខាង​មេធាវី​តំណាង​ឲ្យ​លោក ហេង ហ៊ុយ នៅ​តែ​ចង់​ឲ្យ​ពលរដ្ឋ​ទទួល​កិច្ច​ព្រមព្រៀង​នោះ​ដែរ ប៉ុន្តែ​ពលរដ្ឋ​មិន​ព្រម ព្រោះ​ក្នុង​កិច្ច​ព្រមព្រៀង​ដាក់​ឈ្មោះ​ភូមិ​ខុស ដោយ​ដូរ​ពី​ភូមិ​ព្រែក​ជីក​ ទៅ​ដាក់​ភូមិ​ឈូក​វិញ ។

លោកស្រី​បញ្ជាក់​ថា ពួក​គាត់​ចង់​ឲ្យ​ភាគី​ក្រុមហ៊ុន​គោរព​តាម​ដំណោះ​ស្រាយ​របស់​ក្រសួង​ដែនដី បាន​ចុះ​ដោះ​ស្រាយ​កាល​ពី​ឆ្នាំ២០១៧ នឹង​ស្នើ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ។ តំណាង​ពលរដ្ឋ​រូប​នេះ​សង្ឃឹម​ថា តុលាការ​កំពូល​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពួក​គាត់​ជា​ពលរដ្ឋ​ក្រីក្រ​ ក្នុង​សំណុំ​រឿង​មួយ​នេះ៖ «ខ្ញុំ​សូម​មោឃភាព​លើ​កិច្ច​ព្រមព្រៀង​ឆ្នាំ២០១០ ចំនួន ៥នាក់ ហើយ​ស្នើ​ឲ្យ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី តាម​លក្ខខ័ណ្ឌ ព្រមព្រៀង​គ្នា​នៅ​ថ្ងៃ​ទី​៨ ខែ​១០ ឆ្នាំ​២០១៧ ដាក់​ថា​ភូមិ​ព្រែក​ជីក​ បាន​ពួក​ខ្ញុំ បើ​អត់​ ខ្ញុំ​យក​ដី​ខ្ញុំ​ទាំងអស់​វិញ​ហើយ»

អាស៊ី​សេរី​មិន​អាច​​ទាក់​ទង​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​លោក ហេង ហ៊ុយ នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ បាន​ទេ។

ក្រោយ​ពី​តុលាការ​កំពូល​បិទ​បញ្ចប់​សវនាការ​ ពលរដ្ឋ​ជាង ១០០​នាក់ ដែល​មកពី​ឃុំ​ជី​ខ​លើ ស្រុក​ស្រែ​អំបិល ហើយ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ ដែរ​នោះ នាំ​គ្នា​ទៅ​កិច្ច​អន្តរាគមន៍​ដំណោះ​ស្រាយ​ដី​ធ្លី​ពី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​រៀប​ចំ​ដែនដី។

តំណាង​ពលរដ្ឋ​ជិត ២០០​រយ​គ្រួសារ​នៅ​ឃុំ​ជី​ខ​លើ លោកស្រី ដេត ហ៊ូ ថ្លែង​ថា អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ ដែល​ខាង​អាជ្ញាធរ​ខេត្ត​កោះកុង និង​ក្រសួង​ រុញ​បញ្ហា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​មិន​គិត​គូរ​ផ្ដល់​ដំណោះ​ស្រាយ​សមរម្យ​ដល់​ពួកគាត់​នៅ​ឡើយ​ទេ។

លោកស្រី​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី១៤ កុម្ភៈ ឃើញ​មាន​មន្ត្រី​តំណាង​ក្រសួង​ដែនដី គឺ​លោក សុខ យស ចេញ​មក​ជួប​ពលរដ្ឋ​ហើយ ស្រង់​ឈ្មោះ​ពួក​គាត់ ប៉ុន្តែ​មិន​បាន​ហៅ​តំណាង​ពលរដ្ឋ​ចូល​ទៅ​ជួប​ពិភាក្សា​អំពី​ដំណោះ​ស្រាយ​លើ​វិវាទ​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ នោះ​ទេ។

លោកស្រី​ស្នើ​ដល់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​រដ្ឋមន្ត្រី​លោក ជា សុផារ៉ា ពន្លឿន​ដំណោះ​ស្រាយ​វិវាទ​ដីធ្លី​ឲ្យ​ពលរដ្ឋ ព្រោះ​ពួកគាត់​ត្រូវ​ការ​ដី​ធ្លី ដើម្បី​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​គ្រួសារ៖ «ខ្ញុំ​ចង់​សំណូមពរ​ឲ្យ​សម្ដេច​ឲ្យ​គាត់​មើល​កូនចៅ​ដែល​រស់​នៅ គ្មាន​ដី​គ្មាន​ផ្ទះ​សម្បែង។ ខ្ញុំ​ចង់​និយាយ​ថា​ពួក​យើង​អត់​មាន​ដី អត់​មាន​ដី​អាស្រ័យ អត់​មាន​ដី​រស់​នៅ​ទៀត​ទេ ពួក​យើង​ចំណាក​ស្រុក ពួក​យើង​អត់​មាន​ដី​ធ្វើ​ស្រែ​ចម្ការ ពេល​រាល់​ថ្ងៃ​នេះ។ សូម​ឲ្យ​ឯក​ឧត្ដម​ សម្ដេច​ជួយ​ដោះស្រាយ​ឲ្យ​កូន​ចៅ​ឆាប់ៗ មក។ កុំ​ឈរ​មើល​លើ​គំនរ​ទឹក​ភ្នែក​ប្រជាពលរដ្ឋ​ខ្លាំង​ពេក។ អាណិត​ប្រជា​ពលរដ្ឋ​ផង រូប​ខ្ញុំ​ផ្ទាល់​ហើយ​សុទ្ធតែ​ស្រីៗ រង​ទុក្ខ​វេទនា​គ្រប់គ្រាន់​ហើយ»

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ដែនដី លោក សេង ឡូត និង​រដ្ឋលេខាធិការ​ទទួល​បន្ទុក​ដោះ​ស្រាយ​វិវាទ​ដីធ្លី លោក ទេព ធន បាន​ទេ ដោយ​សារ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក ហួរ អ៊ីន យល់​ថា ប្រសិន​បើ​ ក្រសួង​ដែនដី និង​អាជ្ញាធរ​ខេត្ត​កោះកុង មាន​ឆន្ទៈ​រួម​គ្នា ​គិត​គូរ​ពី​ទុក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ​មែន ​ដំណោះ​ស្រាយ​ប្រាកដ​ជា​មាន។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ស្នើ​ដល់​ក្រសួង​ដែនដី​ពិនិត្យ​មើល​ និង​ដោះស្រាយ​ករណី​ដីធ្លី​នេះ ឡើង​វិញ ដើម្បី​បញ្ឈប់​ការ​តវ៉ា​របស់​ពលរដ្ឋ​ ហើយ​ផ្ដល់​​ឱកាស​ឲ្យ​ពួកគាត់​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដូច​ពលរដ្ឋ​ផ្សេង​ទៀត៖ «ខ្ញុំ​គិត​ថា​ក្រុម ១៩៧ ហ្នឹង គួរ​តែ​ធ្វើ​ការ​ ចាត់​ក្រុម​ការងារ​ណាមួយ​ ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់​សិន​ទៅ​ កុំ​ប្រញាប់​បដិសេធ​ពួកគាត់​ពេក។ បើ​សិន​ជា​ពួកគាត់​ជា​ប្រជា​ពលរដ្ឋ​ខ្វះខាត​ដី​ទេ ក៏​ត្រូវ​មាន​វិធានការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពួកគាត់​ដែរ ព្រោះ​កាល​កន្លង​មក​ រដ្ឋាភិបាល​បាន​ផ្ដល់​ដី​ច្រើន​ណាស់​ រាប់​ម៉ឺន​ហិកតារ​ ឲ្យ​ក្រុមហ៊ុន​ឯកជន។ ចុះ​ហេតុ​អី​រដ្ឋាភិបាល​មិន​អាច​ផ្ដល់​ដី​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្រីក្រ​បាន»

កាលពី​ថ្ងៃ​ទី១ កក្កដា ឆ្នាំ២០១៩ ក្រសួង​រៀបចំ​ដែនដី អះអាង​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា ពលរដ្ឋ​ទាំង ១៩៧​គ្រួសារ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដី​សម្បទាន​ដាំ​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំ​ចេញ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កោះកុង​ទេ។

ក្រសួង​បញ្ជាក់​ថា មាន​ពលរដ្ឋ​តែ ៩៨៧​គ្រួសារ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ នៅ​ក្នុង​ខេត្ត​កោះកុង ហើយ​ថា ពួកគេ​ទទួល​បាន​ដំណោះស្រាយ​អស់ហើយ។ ក្រសួង​រៀបចំ​ដែនដី ក៏​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ក្រុម​ប្រជាពលរដ្ឋ​ជិត ២០០​គ្រួសារ ប្រសិនបើ​ប្រមូល​ផ្ដុំ​គ្នា តវ៉ា​រក​ដំណោះ​ស្រាយ​នៅ​មុខ​ក្រសួង​ជា​ថ្មី​ទៀត។

ចំណែក​រដ្ឋបាល​ខេត្ត​កោះកុង ក៏​បាន​បដិសេធ​សំណើ​ពលរដ្ឋ​ដែល​សុំ​កាត់​ឆ្វៀល​ដី​ទំហំ ៤២១​ហិកតារ ចេញពី​គម្រោង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឈ័រ (Heng Huy Agriculture Group) ស្ថិត​នៅ​ក្នុង​ឃុំ​ជី​ខ​លើ ស្រុក​ស្រែ​អំបិល។

អាជ្ញាធរ​ខេត្ត​កោះកុង អះអាង​ថា ទីតាំង​ដែល​ពលរដ្ឋ​ស្នើសុំ​កាត់​ឆ្វៀល​នោះ គឺ​ស្ថិត​លើ​ដី​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​រួចហើយ របស់​ក្រុមហ៊ុន ហេង ហ៊ុយ។ អាជ្ញាធរ​បញ្ជាក់​ថា ការ​ដោះស្រាយ​គឺ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ។

ក្នុង​វិវាទ​ដីធ្លី​នេះ មាន​តំណាង​ប្រជា​ពលរដ្ឋ ១០នាក់ មាន​ស្រី ៥នាក់ និង​ប្រុស ៥នាក់ ជាប់​បណ្ដឹង​របស់​ឧកញ៉ា ហេង ហ៊ុយ នៅ​តុលាការ​ខេត្ត​កោះកុង ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​បទ​បរិហារ​បង្កាច់​កេរ្តិ៍​ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍។

អង្គការ​ស៊ីវិល​ដែល​តាម​ជម្លោះដីធ្លី​នេះ ឆ្ងល់​ជា​ខ្លាំង អំពី​ការ​វិវត្ត​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​ផ្ដល់​ឱ្យ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ទំហំ​ជាង ៤ពាន់​ហិកតារ​ ដើម្បី​វិនិយោគ​ដំណាំ​ស្ករ​អំពៅ កាលពី​ឆ្នាំ២០០៧ ក្លាយ​ទៅ​ជា​ដី​មាន​ប្លង់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន នៅ​ឆ្នាំ២០១៩។

ទោះបីជា​យ៉ាងណាក្ដី អង្គការ​សង្គម​ស៊ីវិល នៅតែ​ស្នើ​ដោយ​ទទូច​ដល់​ក្រសួង​រៀបចំ​ដែនដី និង​អាជ្ញាធរ​ខេត្ត​កោះកុង ថា គួរ​រិះរក​ដំណោះស្រាយ​សមស្រប​ណាមួយ ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ស្រែ​​អំបិល ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ យុត្តិធម៌ និង​មនុស្សធម៌ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

នៅ​ក្នុង​ពេល​តវ៉ា​រក​ដំណោះ​ស្រាយ​ដីធ្លី​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី កាល​ពី​រសៀល​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ​ ក្រុម​សន្តិសុខ​ខណ្ឌ​ចម្ការ​មន​ជាច្រើន​នាក់ ប្រើ​ហិង្សា រុញ​ច្រាន និង​ទាត់​ធាក់​មក​លើ​ពលរដ្ឋ​ខេត្ត​កោះកុង ធ្វើ​ឲ្យ​តំណាង​ពលរដ្ឋ​ម្នាក់ គឺ​លោក​ស្រី ដេត ហូ ដួល​សន្លប់​ជា​ច្រើន​ម៉ោង និង​ស្ត្រី​ជា​ច្រើន​នាក់​ទៀត​ថ្លោះ​ដៃ ដោយ​សារ​សន្តិសុខ​ចាប់​អូស​ទាញ​ពួក​គាត់​ចេញ​ពី​មុខ​ក្រសួង។ អ្នក​កោះកុង​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​វិញ ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នោះ។

លោកស្រី ​ដេត ហ៊ូ ប្រាប់​អាស៊ី​សេរី​ថា ពួក​គាត់​ជា​ពលរដ្ឋ​ក្រីក្រ​បាត់​បង់​ដីស្រែ​ចម្ការ​ជាង ១០ឆ្នាំ​ដោយ​ឧកញ៉ា ហេង ហ៊ុយ រំលោភ​យក​ហើយ ថែម​ទាំង​រង​ការ​វាយ​ធ្វើ​បាប​ពី​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ថែម​ទៀត នៅ​ពេល​ឡើង​មក​រក​ដំណោះ​ស្រាយ​ពី​ក្រសួង​ដែនដី​ម្ដងៗ។

លោកស្រី​ចាត់​ទុក​ការ​ប្រើ​ហិង្សា​ដាក់​ពួក​គាត់​នេះ​ថា ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​ការ​មិន​ព្រម​អើពើ​ដោះ​ស្រាយ​ពី​ខាង​ក្រសួង គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ជិត ២០០​គ្រួសារ​ នៅ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង៖ «អ៊ីចឹង! ខ្ញុំ​ទៅ​ព្យាបាល​ខ្លួន​ ដល់​ពេល​ខ្ញុំ​ជា ហើយ​បង​ប្អូន​យើង​កម្លាំង​រក​លុយ​បាន​ហើយ ពួក​យើង​នឹង​ត្រឡប់​ទាមទារ​សារ​ជាថ្មី​ទៀត។ ពួក​យើង​មិន​ខ្លាច​ងាប់​ទេ ព្រោះ​អស់​ដី​ធ្លី​រលីង​ហើយ។ យើង​តស៊ូ​ដល់​ទី​បញ្ចប់។ បើ​ក្រសួង​ដែនដី និង​សម្ដេច​មិន​ដោះស្រាយ​ឲ្យ​ពួក​យើង យើង​សុខចិត្ត​ដូរ​ងាប់​ ប្ដូរ​ជីវិត»

គិត​មក​ដល់​ពេល​នេះ អ្នក​ស្រុក​ស្រែ​អំបិល​ខេត្ត​កោះកុង​ ចេញ​តវ៉ា​រក​ដំណោះ​ស្រាយ​ពី​ក្រសួង​ដែនដី​អស់​ជាង ៨ខែ​មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​ដំណោះ​ស្រាយ​ពី​ក្រសួង​ឡើយ ក្រៅ​តែ​ពី​ការ​សន្យា​ហើយ​នឹង​ការ​ប្រើ​ហិង្សា​ដាក់​ពួក​គាត់។ អ្នក​ស្រុក​ស្រែ​អំបិល​ នៅ​តែ​រក្សា​ជំហរ​ទាមទារ​រក​ដំណោះ​ស្រាយ​រឿង​ដីធ្លី​តទៅ​ទៀត បើ​ទោះ​ជា​ត្រូវ​រង​ការ​ធ្វើ​បាប​ពីសំណាក់​អាជ្ញាធរ​ទៀត​ក៏​ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល