អ្នក​កោះកុង​ជាង ១រយ​គ្រួសារ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន នាំ​គ្នា​រក​ដំណោះ​ស្រាយ​ពី​ក្រសួង​ដែនដី

ដោយ មាន ឫទ្ធិ
2020-01-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ពលរដ្ឋ​ប្រមាណ​៦០​នាក់​តំណាង​ឲ្យ​១២៨​គ្រួសារ មក​ពី​ឃុំ​តា​នួន​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង នាំ​គ្នា​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី​សារ​ជា​ថ្មី​នៅ​ក្រសួង​ដែនដី ក្នុង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ដែល​រំលោភ​យក​ដីធ្លី​និង​មិន​ផ្ដល់​សំណង​ឲ្យ​ពលរដ្ឋ​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ។ ការ​ឡើង​មក​រក​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់​ជាតិ​ច្រើន​លើក​ច្រើន​សា​នេះ ដោយ​សារ​តែ​អាជ្ញាធរ​ខេត្ត​បាន​ត្រឹម​សន្យា​តែ​មិន​ចុះ​ដោះ​ស្រាយ​ឲ្យ​ពលរដ្ឋ ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​រក​លិខិត​ស្នាម​បញ្ជាក់​ចេញ​ពី​ក្រសួង​ដែនដី ទើប​អាជ្ញាធរ​ចុះ​ដោះស្រាយ​ឲ្យ។

ក្រោយ​ពី​ចូល​ជួប​មន្ត្រី​ក្រសួង​ដែនដី​នៅ​រសៀល​ថ្ងៃ​ទី៩ ខែ​មករា តំណាង​ពលរដ្ឋ លោក ម៉ូវ ស៊ីដាន ប្រាប់​អាស៊ី​សេរី​ថា ក្រសួង​ដែនដី​ចេញ​លិខិត​មួយ​ដោយ​មាន​បោះ​ត្រា​ភ្ជាប់​ជាមួយ​សំណើ​របស់​ពលរដ្ឋ ដើម្បី​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​កោះកុង​ស្នើ​ឲ្យ​ពន្លឿន​​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ពលរដ្ឋ​ប្រមាណ​១២៨​គ្រួសារ មក​ពី​ឃុំ​តា​នួន​ស្រុក​បុទុមសាគរ ​ខេត្ត​កោះកុង ។

លោក ម៉ូវ ស៊ីដាន ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​អ្នក​ភូមិ​សម្រេច​នាំ​គ្នា​ឡើង​មក​រក​ដំណោះស្រាយ​នៅ​រាជធានី​ភ្នំពេញ​នៅ​ពេល​នេះ គឺ​ដោយសារ​អភិបាល​រង​ខេត្ត​កោះកុង​លោក សុខ សុធី មិន​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ដែល​ថា​ចុះ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​នៅ​ដើមខែ​មករា​នេះ ប៉ុន្តែ​រហូត​មក​ដល់​ពល​នេះ លោក​ សុខ សុធី ព្យាយាម​មិន​ជួប​ពលរដ្ឋ​និយាយ​អំពី​រឿង​នេះ​ឡើយ។

តំណាង​ពលរដ្ឋ​រូប​នេះ បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា អ្នក​ភូមិ​ជាង​១រយ​គ្រួសារ នឹង​ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលា​ខេត្ត​កោះកុង ដើម្បី​ដាក់​ចំណារ​របស់​ក្រសួង​ដែនដី​ជូន​អភិបាល​ខេត្ត​ឱ្យ​ចុះ​ដោះ​ស្រាយ​បញ្ហា​ឲ្យ​ពួក​គាត់​ឲ្យ​បាន​ឆាប់៖ «ពួក​ខ្ញុំ​ទាមទារ ១គ្រួសារ ៣ហិកតារ និង​សំណង​ខូច​ខាត ៥ពាន់​ដុល្លារ។ គាត់​បោះ​ត្រា​ឲ្យ​ខ្ញុំ​ទៅ​ជួប​ចរចា​នៅ​ថ្នាក់​ខេត្ត​ចុះ។ គេ​ថា​ឲ្យ​ខ្ញុំ​ កុំ​ទាមទារ​ខ្លាំង​ពេក​ដូច​ថា​ខាង​ខេត្ត​ឲ្យ​យើង​ចុះ​បន្តិច​ កុំ​ឡើង​ខ្លាំង​ពេក រក​ដី​ដោះ​អត់​បាន​ទេ។ មុន​ទៅ​ថ្នាក់​ខេត្ត​ មេ​តំណាង​ពិគ្រោះ​ជាមួយ​ប្រជាពលរដ្ឋ​ ដូច​ថា​ ១​គ្រួសារ​ទទួល​បាន​ ១ហិកតារ​អ៊ីចឹង ពួក​ខ្ញុំ​អត់​ព្រម​ទេ ទាល់​តែ ១គ្រួសារ​បាន ២ហិកតារ និង​ថវិកា​ធ្លាក់​មក​នៅ ៣ពាន់​ដុល្លារ ទើប​ពួក​ខ្ញុំ​ព្រម​ទទួល»

អ្នក​កោះកុង​ថា បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​មាន​ជីវភាព​កាន់​តែ​ក្រីក្រ​ទៅៗ ដោយ​សារ​គ្មាន​ដី​ធ្វើ​ស្រែចម្ការ ក្មេងៗ បាត់​បង់​ការសិក្សា និង​អ្នក​ភូមិ​មួយ​ចំនួន ត្រូវ​ចាក​ចោល​ផ្ទះ​សម្បែង​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ។ ចំណែក​ដីធ្លី​ដែល​អាជ្ញាធរ​កាត់​ឲ្យ​នៅ​ទី​តាំង​ថ្មី​​ជាប់​ជើង​ភ្នំ​វិញ លោក​ថា ភាគ​ច្រើន​ជា​ដី​សំបូរ​ថ្ម និង​ខ្សាច់​ច្រើន មិន​អំណោយ​ផល​ដល់​ការ​ប្រកប​របរ​កសិកម្ម​បាន​នោះ​ទេ។

អាស៊ី​សេរី​មិន​អាច​ស្វែង​រក​ការ​បញ្ជាក់​បន្ថែម​លើ​រឿង​ពី​រដ្ឋលេខាធិការ​ក្រសួង​ដែនដី លោក ទេព ធន និង​អភិបាល​រង​ខេត្ត​កោះកុង​លោក សុខ​ សុធី បាន​នៅ​ឡើយ​ទេ ដោយ​សារ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

ចំណែក​អភិបាលខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ធ្លាប់​ប្រាប់​​អាស៊ី​សេរី​ថា អាជ្ញាធរ​នៅ​តែ​ប្រកាន់​គោល​ការណ៍​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ជានិច្ច។ អ្នកស្រី​ថា ​មន្ត្រី​ជំនាញ​​បាន​វាស់វែង​ដី​មាន​វិវាទ​នោះ​រួចហើយ ហើយ​បន្ត​អនុវត្ត​នីតិវិធី​ស្នើសុំ​បន្ថែម​ទៀត ក៏​ប៉ុន្តែ​ទីតាំង​ដី​មួយ​ចំនួន​មាន​ព្រៃ​ច្រើន និង​កំពុង​​ដោះស្រាយ​ជា​បណ្ដើរៗ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត សង្កេត​ឃើញ​ថា អាជ្ញាធរ​បាន​ដោះស្រាយ​ក្នុង​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​កោះកុង បាន​ជា​ច្រើន​គ្រួសារ​មក​ហើយ។ ហេតុ​នេះ លោក​យល់​ថា ក្រសួង​ដែនដី និង​រដ្ឋបាល​ខេត្ត​កោះកុង គួរ​បន្ត​ប្រើ​យន្តការ​កន្លង​មក ដើម្បី​ដោះ​ស្រាយ​បញ្ចប់​ជូន​ប្រជា​ពលរដ្ឋ​ដែល​នៅ​សេសសល់៖ «ការ​ដោះស្រាយ​គួរ​តែ​ប្រញាប់​ប្រញាល់​ទៅ កុំ​ទុក​ឲ្យ​អូស​បន្លាយ​ត​ទៅទៀត​ណា៎ នោះ​វា​ប៉ះពាល់​ច្រើន។ ទី១ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ មិន​មាន​ពេល​ប្រកប​របរ​ចិញ្ចឹម​ជីវិត​គ្រប់​គ្រាន់​ ដោយ​សារ​តែ​ឡើង​មក​ទាមទារ​តវ៉ា។ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគាត់។ ហើយ​ទី២ ក៏​គេ​នៅ​តែ​មើល​ឃើញ​បន្ត​ថា ករណី​ទំនាស់​ដីធ្លី នៅ​តែ​កើត​បន្ត បើ​ទោះ​បី​ជា​កើត​យូរ​ហើយ​ វា​នៅ​អូស​បន្លាយ ដោយសារ​ការ​ដោះស្រាយ​មិន​ចប់​នេះ​ វា​ក៏​ជា​ប៉ះពាល់​ទៅ​ដល់​អាជ្ញាធរ​និង​ក្រសួង ដែល​ពាក់​ព័ន្ធ​ហ្នឹង​ដែរ»

កាល​ពី​ឆ្នាំ​២០០៨ ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​ជាង ៤ម៉ឺន ៥ពាន់​ហិកតារ (៤៥.១០០) ពី​របប​ក្រុង​ភ្នំពេញ ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ ក្នុង​រយៈ​ពេល ៥០ឆ្នាំ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ជិត ៤ពាន់​លាន​ដុល្លារ (,៨ពាន់​លាន​ដុល្លារ)។ គម្រោង​ទីក្រុង​ទេសចរណ៍​ដ៏​ធំ​សម្បើម​មួយ​នេះ​កំពុង​សាងសង់​នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បទុម​សាគរ​ក្នុង​ខេត្ត​កោះកុង រួម​មាន​កន្លែង​កម្សាន្ត​សម្រាប់​ភ្ញៀវ​ទេសចរ​វាល​យន្តហោះ ទីលាន​វាយ​កូន​ហ្គោល និង​កំពង់ផែ​ជាដើម។

គម្រោង​អភិវឌ្ឍ​នេះ បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​ជាង ១ពាន់​គ្រួសារ​ចាក​ចេញ​ពី​លំនៅឋាន ប៉ុន្តែ​នៅ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​​នៅ​ឡើយ​មក​ដល់​ពេល​នេះ។

ពលរដ្ឋ​អះអាង​ថា​ក្រុមហ៊ុន​ចិន យូញៀន​ បាន​ធ្វើ​សកម្មភាព​ជា​ច្រើន ដើម្បី​បណ្ដេញ​ប្រជា​ពលរដ្ឋ​ចេញពី​លំនៅឋាន ក្នុង​ភូមិ​ក្បែរ​មាត់​សមុទ្រ ដោយ​ឲ្យ​សំណង​មិន​សមរម្យ​ទៅ​ពលរដ្ឋ។ សកម្មភាព​ទាំង​នោះ មាន​ដុត​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផល​ដំណាំ​របស់​ពួកគាត់​អស់​ជា​ច្រើន​ហិកតារ។

បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​យូញៀន កំពុង​ពន្លឿន​ការ​សាងសង់​វាល​យន្តហោះ ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​ខណៈ​សហរដ្ឋ​អាមេរិក​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ថា ការ​សាងសង់​នេះ អាច​ជា​ការ​ដាក់​មូលដ្ឋាន​ទ័ព​អាកាស​របស់​ប្រទេស​ចិន​ក្នុង​ទឹក​ដី​កម្ពុជា ដើម្បី​វាតទី​ក្នុង​តំបន់​អាស៊ី​ទាំង​មូល។

អ្នក​ស្រុក​បទុម​សាគរ បញ្ជាក់​ថា ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​កោះកុង​នៅ​តែ​មិន​ព្រម​ដោះ​ស្រាយ​បញ្ហា​​ដល់​ពលរដ្ឋ​តាម​ចំណារ​របស់​ក្រសួង​ដែនដី​ទេ ពួក​គាត់​នឹង​នាំ​គ្នា​ឡើង​ទៅ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​កោះកុង ហើយ​បន្ត​ទៅ​ក្រសួង​ដែន​ដី​នៅ​រាជធានី​ភ្នំពេញ សារ​ជា​ថ្មី​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល