អ្នក​បឹងកក់​តវ៉ា​ដុត​ក្រសួង​យុត្តិធម៌

វិវាទ​ដីធ្លី​របស់​អ្នក​បឹងកក់ ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) ដែល​កំពុង​តែ​វិនិយោគ​ក្នុង​ការ​សាងសង់​អគារ​នៅ​តំបន់​អភិវឌ្ឍន៍ កណ្ដាល​រាជធានី​ភ្នំពេញ​នេះ បាន​ឈាន​ដល់​ការ​ដុត​អគារ​ក្រសួង​យុត្តិធម៌​ដែល​ធ្វើ​ពី​ក្រដាស នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ដោយ​ក្រុម​អ្នក​បឹងកក់ សរសេរ​ស្លាក​ឈ្មោះ​ក្រសួង​នោះ​ថា «ក្រសួង​អយុត្តិធម៌»។

0:00 / 0:00

ការ​ដុត​អគារ​ដែល​ជា​និមិត្តរូប​នៃ​ក្រសួង​យុត្តិធម៌ ដោយ​ក្រុម​អ្នក​តវ៉ា​អំពី​បញ្ហា​ដីធ្លី​នេះ គឺ​ធ្វើ​ឡើង​នៅ​ខាង​មុខ​ក្រសួង​យុត្តិធម៌ តែ​ម្ដង បន្ទាប់​ពី​ពួក​គាត់​បាន​ចូល​យក​ញត្តិ​ទាមទារ​របស់​ពួក​គាត់​ទៅ​ដាក់​ជូន​ក្រសួង​នេះ ។

មុន​នឹង​ក្រុម​អ្នក​តវ៉ា​ដុត​អគារ​ក្រសួង​យុត្តិធម៌ ដែល​ធ្វើ​ពី​ក្រដាស រួម​នឹង​ប្រដាប់ប្រដារ​មួយ​ចំនួន​ទៀត ដូច​ជា រូប​សំណាក​ជញ្ជីង​ដែល​ម្ខាង​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​ម្ខាង​ទៀត​ជា​ក្រដាស​ប្រាក់​ដុល្លារ​សំណែន​មាន​ទម្ងន់​ជាង និង​បាន​បាច​លាជ បោក​ឆ្នាំង​ដី ព្រមទាំង​គ្រឿង​សំណែន​ទាំង​អស់​ចូល​ទៅ​ក្នុង​ភ្លើង អ្នក​បឹងកក់​ដោយ​មាន​ការ​ចូលរួម​ពី​សហគមន៍​ដែល​មាន​វិបត្តិ​ដីធ្លី​នៅ​ភ្នំពេញ មួយ​ចំនួន​ទៀត​ផង សរុប​ប្រមាណ ១០០​នាក់ បាន​អុជ​ធូប​បន់ស្រន់ និង​លែង​ចាប។

បំណង​របស់​ពួក​គាត់​គឺ​សូម​ឲ្យ​មាន​ការ​ដោះលែង លោកស្រី យ៉ោម បុប្ផា និង​សូម​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​អ្នក​ដែល​រងគ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ទាំង​អស់។

តំណាង​សហគមន៍​បឹងកក់ និង​ជា​ជ័យលាភី​ពាន​រង្វាន់​ស្ត្រី​ភាព​ជា​មេ​ដឹកនាំ​ពិភពលោក របស់​អង្គការ​វ៉ាយថល វ៉យស៍ (Vital Voices) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) អ្នកស្រី ទេព វន្នី បញ្ជាក់​ពី​អត្ថន័យ​នៃ​ការ​ដុត​រូប​តំណាង​ក្រសួង​យុត្តិធម៌៖ «ពួក​ខ្ញុំ​បូជា​ស្ថាប័ន​ក្រសួង​យុត្តិធម៌ ដែល​មិន​យុត្តិធម៌ ហើយ​និង​បូជា​ស្ថាប័ន​តុលាការ​ដែល​មិន​ឯករាជ្យ និង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ហ្នឹង ហើយ​និង​មន្ត្រី​ដែល​ពុក​រលួយ ក៏​ដូច​ជា​មន្ត្រី​ដែល​មិន​បាន​បំពេញ​នូវ​កាតព្វកិច្ច​ការងារ​តួ​នាទី​របស់​គាត់​បម្រើ​ប្រជាពលរដ្ឋ ជា​ពិសេស​មន្ត្រី​នៅ​ក្នុង​ស្ថាប័ន​ក្រសួង​យុត្តិធម៌​ផង​ដែរ ដែល​គាត់​មិន​បាន​បំពេញ​ទៅ​តាម​ការងារ​របស់​គាត់​ធ្វើ​ការ​ផ្ដល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ហ្នឹង សូម​ឲ្យ​វា​រលាយ​ទៅ​តាម​ការ​បូជា​ហ្នឹង​ទៅ​ទាំង​អស់ ហើយ​ត្រឡប់​មក​វិញ​នូវ​ស្ថាប័ន​ក្រសួង​យុត្តិធម៌ ដែល​មាន​យុត្តិធម៌​ពិត​ប្រាកដ និង​ត្រឡប់​មក​វិញ​នូវ​តុលាការ​ដែល​មាន​ឯករាជ្យ និង​យុត្តិធម៌​ពិតប្រាកដ និង​មន្ត្រី​ដែល​ល្អ​ធ្វើ​ការ​បម្រើ​រាស្ត្រ និង​មាន​ឆន្ទៈ​គោរព​ទៅ​តាម​កាតព្វកិច្ច​និង​តួនាទី​របស់​ខ្លួន ធ្វើ​ការ​បម្រើ​ឲ្យ​សម​ជា​មន្ត្រី​ដែល​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ចាប់​ពី​ពេល​នេះ​តទៅ...»

លោកស្រី យ៉ោម បុប្ផា ជា​តំណាង​សហគមន៍​បឹងកក់​មួយ​រូប។ លោកស្រី​បាន​ដឹកនាំ​ការ​តវ៉ា​យ៉ាង​សកម្ម​ទាមទារ​ឲ្យដោះលែង​តំណាង​អ្នក​បឹងកក់ ១៥​នាក់ ពី​ពន្ធនាគារ​ព្រៃស កាល​ពី​ពេល​កន្លង​ទៅ ហើយ​លោកស្រី​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធធនាគារ​ព្រៃស (ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២) ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​លោកស្រី យ៉ោម បុប្ផា គឺ​ជា​ការ​រៀបចំ​ទុកជា​មុន៖ «ដោយ​មិន​មាន​ភស្តុតាង​ណា​បញ្ជាក់​ថា អ្នកស្រី យ៉ោម បុប្ផា បាន​ប្រព្រឹត្តិ​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នេះ​ទេ»

អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​និង​ជំនួយ​ការ​ច្បាប់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក ណៃ វ៉ង់ដា ក៏​អះអាង​ថា មិន​មាន​ភស្តុតាង​ណា​មួយ​សម្រាប់​ដាក់​បន្ទុក​លើ​លោកស្រី យ៉ោម បុប្ផា ដែរ៖ «ហើយ​បើ​សិន​ជា​មាន​មែន រដ្ឋាភិបាល​គួរ​តែ​បង្ហាញ​ឲ្យ​ច្បាស់លាស់​នៅ​ក្នុង​សវនាការ​ទាំង​ប៉ុន្មាន​លើក​ហ្នឹង បាទ!»

បច្ចុប្បន្ន សំណុំ​រឿង​លោកស្រី យ៉ោម បុប្ផា កំពុង​ស្ថិត​នៅ​សាលាឧទ្ធរណ៍។ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ គឺ​លោក សំ ប្រជាមានិត ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។