សហគមន៍​មាន​ទំនាស់​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ចិន យូញៀន នាំ​គ្នា​តវ៉ា​នៅ​សាលា​ខេត្ត​កោះកុង

ដោយ អូន ភាព
2020-02-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សហគមន៍​មាន​ទំនាស់​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ចិន យូញៀន ដែល​ប្រមូល​គ្នា​តវ៉ា​រក​ដំណោះ​ស្រាយ នៅ​សាលា​ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ២០២០។
សហគមន៍​មាន​ទំនាស់​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ចិន យូញៀន ដែល​ប្រមូល​គ្នា​តវ៉ា​រក​ដំណោះ​ស្រាយ នៅ​សាលា​ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

អ្នក​ស្រុក​គីរីសាគរ​ប្រមាណ ១រយ​នាក់ អស់​ជំនឿ​នឹង​អាជ្ញាធរ​ខេត្ត​កោះកុង ដែល​ឲ្យ​ពួក​គេ​បន្ត​រង់​ចាំ​ដំណោះ​ស្រាយ​ក្នុង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន។

ពលរដ្ឋ​ប្រមាណ ១រយ​នាក់​ តំណាង​ឲ្យ​ជាង ២០០គ្រួសារ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​យូញៀន (Union Development Group) នៅ​ស្រុក​គីរីសាគរ ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលា​ខេត្ត​កោះកុង ស្នើ​សុំ​អភិបាលខេត្ត​​ពន្លឿន​ដំណោះស្រាយ​ឲ្យ​ពួក​គេ។ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ យល់​ថា ​អាជ្ញាធរ និង​ភាគី​ក្រុមហ៊ុន គួរ​គិតគូរ​ផ្ដល់​ដំណោះស្រាយ​សមរម្យ​ណា​មួយ​ដែល​ពលរដ្ឋ​អាច​ទទួល​បាន ប្រសើរ​ជាង​ពន្យារ​ពេល​ហើយ​អូស​បន្លាយ​បញ្ហា​បន្ត​ទៅ​ទៀត។

តំណាង​ពលរដ្ឋ​១០​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​ បានចូល​ជួប​អភិបាល​ខេត្ត​កោះកុង​ អ្នកស្រី មិថុនា ភូថង តាម​លិខិត​កោះ​ហៅ​ពី​អាជ្ញាធរ​ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ចិន យូញៀន (Union)

ក្រោយ​បញ្ចប់​ជំនួប​នោះ តំណាង​សហគមន៍​ឃុំ​កោះស្ដេច ​លោកស្រី សាំង ពុយ ប្រាប់​អាស៊ី​សេរី​ថា លោកស្រី អស់​សង្ឃឹម​នឹង​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​ ដែល​មិន​អាច​ដោះស្រាយបញ្ហា​ដីធ្លី​រ៉ាំ​រ៉ៃ​ជាង ១០ឆ្នាំ​មក​នេះ ឲ្យ​ពលរដ្ឋ​បាន ហើយ​ឲ្យ​ពួក​គាត់​បន្ត​រង់​ចាំ​ការ​សម្រេច​ពី​អន្តរក្រសួង ដែល​មាន​ក្រសួង​បរិស្ថាន និង​ក្រសួង​រៀប​ចំ​ដែន​ដី ប្រជុំ​អំពី​រឿង​នេះ​ នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ។

លោកស្រី ថ្លែង​ថា ពួក​គាត់ សរុប ២៧គ្រួសារ​ចំណាយ​ពេល​រង់​ចាំ​ដំណោះស្រាយ​ពី​ជម្លោះដីធ្លី​មួយ​នេះ ជាង ១០ឆ្នាំ​មក​ហើយ ក៏​មិន​ដឹង​ថា​នៅ​ពេល​នឹង​អាច​ទទួល​ដំណោះ​ស្រាយ​ដែរ។

លោក​ស្រី​ លើក​ឡើង​ថា ពេល​ពលរដ្ឋ​ឡើង​ទៅ​រក​ដំណោះ​ស្រាយ​ពី​ក្រសួង​បរិស្ថាន និង​ក្រសួង​ដែន​ដី​ ក្រសួង​ទាំង​ពីរ​ តម្រូវ​ឲ្យ​ពលរដ្ឋ​ទៅ​រក​ដំណោះ​ស្រាយ​ពី​ខាង​ខេត្ត រីឯ​អាជ្ញាធរ​ខេត្ត​ បែរ​ជា​ថា​ត្រង់​រង់​ការ​សម្រេច​ពីរ​ក្រសួង​ទៅ​វិញ។

លោកស្រី បញ្ជាក់​ថា ដំណោះ​ស្រាយ​ដែល​សហគមន៍​ចង់​បាន គឺ​ការ​ផ្ដល់​សំណង​ទៅ​តាម​តម្លៃ​ទី​ផ្សារ​ឲ្យ​ពលរដ្ឋ​ បើ​ក្រុមហ៊ុន​ត្រូវ​ការ​ដីធ្លី​របស់​​ពលរដ្ឋ​ បើ​មិន​ដូច្នោះ​ទេ អាជ្ញាធរ​ត្រូវ​កាត់​ឆ្វៀល​ដី​ចេញ​តំបន់​ក្រុមហ៊ុន ​មក​ឲ្យ​ប្រជា​ពលរដ្ឋ​វិញ។ ពលរដ្ឋ​បដិសេធ​មិន​ទទួល​យក​ការ​ដោះដូរ​ដី​ទៅ​រស់​នៅ​ទី​តាំង​ថ្មី​ដែល​អាជ្ញាធរ​ផ្ដល់​ឲ្យ​នោះ​ទេ។

តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​ប្រមុខ​រដ្ឋាភិបាល គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​ឃុំ​កោះ​ស្ដេច ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​វេលា​ប្រកប​របរ​ចិញ្ចឹម​ជីវិត ហើយ​បញ្ឈប់​ការ​ចេញ​តវ៉ា​ត​ទៀត៖ « ខ្ញុំ​សំណូមពរ​សូម​ឲ្យ​ធ្វើការ​ឲ្យ​បាន​លឿន ដោះស្រាយ​ឲ្យ​បាន​ចប់ ឲ្យ​បាន​ច្បាស់​លាស់ ​ឲ្យ​ប្រជា​ពលរដ្ឋ​។ ពួក​យើង​រង​គ្រោះ​ជាង​១០​ឆ្នាំ ពួក​យើង​មិន​ចង់​ធ្វើ​អ៊ីចឹង​ទេ។ យើង​ចង់​មាន​ជីវិត​ មាន​ពេល​រក​ស៊ី​ដូច​គេ​ដូច​ឯង។ យើង​មាន​ការ​អន់​ចិត្ត​ខ្លាំង​ណាស់​ដែល​ថា ការ​ធ្វើ​ការ​របស់​គាត់​មាន​ពេល​យឺតយ៉ាវ។ ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ គាត់​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន យូញៀន​ដោះស្រាយ​ឲ្យ​បាន​បញ្ចប់​ទៅ។ ឆ្នាំ២០២០ ហើយ សូម​ឲ្យ​វា​ចប់​ឆ្នាំ ហ្នឹង​ទៅ​ កុំ​ឲ្យ​អូស​ពេល​វេលា​តទៅ​មុខ​ទៀត»

តំណាង​ពលរដ្ឋ​ម្នាក់​ទៀត​មក ពី​សហគមន៍​ព្រែក​ខ្សាច់ ​លោកស្រី ផា ភួង ថ្លែង​ថា ពលរដ្ឋ​ទាំង​អស់​១៨៤គ្រួសារ នៅ​តែ​ស្នើ​ដល់​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​ស្ថិត​នៅ​ក្នុង​ភូមិ​សំរោង​តាកែវ ឃុំ​ព្រែក​ខ្សាច់ ចេញ​ពី​តំបន់​របស់​ក្រុមហ៊ុន ពី​ព្រោះ​ពួក​គាត់​មិន​ចង់​ផ្លាស់​ប្ដូរ​ទៅ​នៅ​ទីតាំង​ថ្មី​នោះ​ទេ។

តំណាង​ពលរដ្ឋ​រូប​នេះ បញ្ជាក់​ថា បើ​មិន​មាន​ដំណោះស្រាយ​កាល​ឆ្វៀល​ដី​ឲ្យ​ពលរដ្ឋ​ទេ ពួក​គាត់​ប្ដេជ្ញា​បន្ត​ការ​តស៊ូ​រួម​គ្នា ដើម្បី​តតាំង​ជា​មួយ​ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ​ បើ​សិន​ជា​មាន​ការ​ដាក់​កម្លាំង​បង្ខំ​ឲ្យ​ពលរដ្ឋ​ចាកចេញ​ពី​ផ្ទះ​សម្បែង និង​ដី​ចម្ការ​របស់​ពួក​គាត់៖ «បើ​សិន​ជា​គេ​ដាក់​វិធានការ​មក​ថា​ ដាក់​អាអ៊ិច ដាក់​អាប៊ុល ឬមួយ​កម្លាំង​សន្តិសុខ​ ប៉េអឹម​អី​ មក​ប្រើ​អំពើ​ហិង្សា​ដាក់​ប្រជាពលរដ្ឋ​ពួក​យើង​ខ្ញុំ​ហ្នឹង ពួក​ខ្ញុំ​នឹង​ស៊ូ​ទៅ​វិញ​ហើយ​ ព្រោះអី​ពួក​ខ្ញុំ​បាន​ប្រើ​ធម៌​ត្រជាក់​មក​យូរ​ដែរ​ហើយ។ គាត់​ហាម​ គាត់​ថា កុំ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ហ្នឹង សូម​ឲ្យ​ស្ងប់​ស្ងាត់ មិន​ឲ្យ​តវ៉ា មិន​ឲ្យ​ចេញ​ដើរ​រញ៉េរញ៉ៃ​​។ គាត់​ប្រាប់​ឲ្យ​ពលរដ្ឋ​រង់​ចាំ​ និង​ស្ងប់​ស្ងាត់​ តែ​ខាង​ក្រុមហ៊ុន​ គាត់​អត់​បាន​ហាម​ទេ។ ខាង​ក្រុមហ៊ុន​ គាត់​អុកឡុក​មក​រហូត។ សូម្បី​តែ​អា​ឈើ​យក​ធ្វើ​ផ្ទះ ក៏​បរិស្ថាន​ឡប់​មើល​រាល់​ថ្ងៃ​ដែរ។ អ្នក​មាន​សមត្ថភាព​ គាត់​អាច​ធ្វើ​ផ្ទះ​ថ្ម​បាន ធ្វើ​អត់​បាន​ទេ ធ្វើ​បាន​ត្រឹម​ចាក់​គ្រឹះ​ សន្តិសុខ​ចិន និង​បរិស្ថាន​មក​ហាម​ឃាត់»

លោកស្រី ផា ភួង ឲ្យ​ដឹង​ថា ខាង​ក្រុមហ៊ុន​ចិន យូញៀន នៅ​តែ​បន្ត​ប្រើ​គ្រឿង​ចក្រ​ជា​ច្រើន​គ្រឿង ឈូស​បំផ្លាញ​ដី​ចម្ការ​របស់​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ផ្លូវ​ចេញ​ពី​ឃុំ​កោះស្ដេច​ទៅ​ឃុំ​ព្រែក​ខ្សាច់៖ «អ្នក​នៅ​ក្នុង​ភូមិ​ គាត់​ឡើង​ទៅ​ស៊ើប​ ឃើញ​អាអ៊ិក​ អាប៊ុល​វា​កំពុង​តែ​ឈូស។ របៀប​ថា​វា​ឈូស​ផ្លូវ​វាង​មិន​ហត់​ធ្វើ​ស្ពាន​ ដើម្បី​ឆ្លង​មក​ដល់​ភូមិ​របស់​ពួក​ខ្ញុំ​ហ្នឹង។ ពី​របី​ឆ្នាំ មុន​ហ្នឹង​ វា​បាន​ធ្វើ​ស្ពាន ហើយ​វា​ក៏​បាន​ចូល​មក​ដល់​ភូមិ​សំរោង​តាកែវ​ហ្នឹង មិន​ទាន់​ដល់​ភូមិ​ទេ លក្ខណៈ​ថា​ឆ្ងាយ​ពី​ភូមិ​ដែរ តែ​វា​បាន​ឈូស​ដំណាំ​ពលរដ្ឋ​អស់​៨​គ្រួសារ។ ពេល​កំពុង​តែ​ឈូស​ដំណាំ​ហ្នឹង ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ ប្រមូល​គ្នា​ទៅ តែ​មាន​អ្នក​ក្នុង​ភូមិ​ឲ្យ​ការណ៍​ ដល់ពេល​យើង​ទៅ​ដល់កន្លែង​ឈូស​ហ្នឹង»

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អភិបាល​ខេត្ត​កោះកុង​ អ្នកស្រី មិថុនា ភូថង និង​អភិបាល​រង​ខេត្ត​ទទួល​បន្ទុក​ដោះស្រាយ​ជម្លោះ​ដីធ្លី លោក សុខ សុធី មក​ដល់​ល្ងាច​ថ្ងៃ​ទី២៥ កុម្ភៈ បាន​នៅ​ឡើយ ដោយ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ ប្រចាំ​កោះកុង លោក ហួរ អ៊ីន ដែល​តាម​ដាន​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​មួយ​នេះ ថ្លែង​ថា បញ្ហា​ដែល​មិន​អាច​ដោះស្រាយ​បាន ហើយ​ចេះ​តែ​បន្ត​អូស​បន្លាយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ គឺ​ដោយ​សារ​ខាង​អាជ្ញាធរ​ខេត្ត​ និង​ក្រសួង​ពាក់​ព័ន្ធ ​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ ក្នុង​ការ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​មួយ​នេះ ក្រៅ​ពី​រុញ​ច្រាន​ដាក់​គ្នា​ទៅ​វិញ​មក។

លោក​សង្កេត​ឃើញ​ថា ​ក្រុមហ៊ុន​ចិន យូញៀន សហការ​ជាមួយ​អាជ្ញាធរ បាន​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ហើយ។ លោក​ បញ្ជាក់​ថា ដំណោះស្រាយ​ដែល​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​ពលរដ្ឋ​ភាគ​ច្រើន ​គឺ​ជា​ប្រាក់​សំណង​ ផ្ទះ​ និង​ដី​ចម្ការ​នៅ​ទី​តាំង​ថ្មី ចំណែក​ការ​កាត់​ឆ្វៀល​ដី​ឲ្យ​ពលរដ្ឋ​ គឺ​មិន​មាន​ទេ ។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ យល់​ថា ជាង​១០​ឆ្នាំ​មក​នេះ គឺ​សម​ល្មម​ដល់​ពេល​វេលា​ ដែល​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ​ក្រសួង​ដែនដី ក្រសួង​បរិស្ថាន​ រួម​ទាំង​ភាគី​ក្រុមហ៊ុន​ចិន ​គិត​ផ្ដល់​ដំណោះស្រាយ​ណាមួយ​ដែល​ពលរដ្ឋ​អាច​ទទួលយក​បាន៖ «ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដី​គាត់​ គឺ​ដីចម្ការ។ ដី​ចម្ការ​ដែល​គាត់​ប្រាប់​ ភាគ​ច្រើន​មាន​ដូង​ ផ្លែ​ឈើ​ផ្សេង​ៗ​ទៀត។ ហើយ​បើ​សិន​ដោះដូរ​ដី​ឲ្យ​គាត់​ទៅ​ទី​តាំង​ថ្មី​មួយ​ទៀត ចុះ​ទម្រាំ​គាត់​បង្កបង្កើន​ផល​បាន​ តើ​គាត់​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ឆ្នាំ​។ អ៊ីចឹង!​ ខាង​ក្រុមហ៊ុន​ គួរ​តែ​គិត​គូរ​ផ្ដល់​ជា​សំណង​ ឬ​ទូទាត់​ទៅ​តាម​តម្លៃ​ទីផ្សារ​នៃ​ដី​របស់​ពួក​គាត់​ទៅ។ វា​អាស្រ័យ​លើ​ប្រជា​ពលរដ្ឋ​និង​អាជ្ញាធរ​ដែរ តើ​ព្រមព្រៀង​គ្នា​យ៉ាង​ក្នុង​ករណី​ហ្នឹង»

ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បទុម​សាគរ​ ក្នុង​ខេត្ត​កោះកុង សរុប​ចំនួន​ជាង ៤ម៉ឺន​៥ពាន់​ហិកតារ (៤៥.១០០) ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ២០០៨ ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ជិត​៤​ពាន់​លាន​ដុល្លារ (,៨ពាន់​លាន​ដុល្លារ)

គម្រោង​អភិវឌ្ឍ​នេះ បាន​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង ១ពាន់​គ្រួសារ ត្រូវ​ចាក​ចេញ​ពី​លំនៅឋាន​របស់​ពួកគេ​ ប៉ុន្តែ​នៅ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​នៅ​ឡើយ​ គិត​មក​ដល់​ពេល​នេះ។

កាល​ពី​ឆ្នាំ២០១៨ កន្លងទៅ ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​​ដែល​មាន​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ទៅ​សាលា​ខេត្ត​កោះកុង ដោយ​បញ្ជា​ឲ្យ ក្រសួង​បរិស្ថាន​ត្រូវ​សិក្សា​ការ​កាត់​ឆ្វៀល​ដី​នៅ​ទីតាំង​ឃុំ​ព្រែក​ខ្សាច់​ ស្រុក​គិរី​សាគរ​ និង​ទីតាំង​កៀន​ទឹក​ ឃុំ​ថ្មស​ ស្រុក​បទុម​សាគរ​ ខេត្ត​កោះកុង​ ចេញ​ពី​តំបន់​វិនិយោគ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប ​(Union Development Group Co.,Ltd) ​សម្រាប់​ផ្ដល់​ជូន​ប្រជា​ពលរដ្ឋ​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ពាក់​ព័ន្ធ»

ក្នុង​លិខិត​នោះ ​លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ យូ​ញៀន ឌីវេឡុបមិន គ្រុប ​( Union Development Group Co.,Ltd) ត្រូវ​រក្សា​ទុក​ព្រៃ​កោង​កាង​ ព្រៃ​លិច​ទឹក​ តំបន់​ព្រៃ​ស្រោង​ តំបន់​ទី​ជម្រាល​ភ្នំ​ ជា​តំបន់​អភិរក្ស នៅ​ក្នុង​ប្លង់​មេ​ និង​កម្មវិធី​អភិវឌ្ឍន៍​របស់​ខ្លួន​ផង​ដែរ។ ក្រោយ​មក ក្រសួង​បរិស្ថាន​ក៏​បាន​និរាករណ៍​លិខិត​ដែល​ចេញ​ដោយ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​នោះ​ចោល​វិញ ដោយ​គ្មាន​បញ្ជាក់​ពី​មូល​ហេតុ​ច្បាស់លាស់​ណា​មួយ​ទេ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បកស្រាយ​ចំណុច​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភ័ក្ត្រា បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ ដោយ​សារ​លោក​មិន​លើក​ទូរស័ព្ទ។

ទោះ​បី​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​ឃ្លាំ​មើល​ផ្នែក​សិទ្ធិ​មនុស្ស ទទូចដល់​រដ្ឋាភិបាល ដោះ​ស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ពេល​វេលា​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​ចៀសវាង​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល