តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​៣​នាក់​ ស្នើសុំ​តុលាការ​ខេត្ត​កោះកុង​ពន្យារ ពេល​ចូល​បំភ្លឺ​រឿង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ដោយ​សារ​គ្មាន​មេធាវី

ដោយ ហេង រស្មី
2020-02-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​អ្នក​ភូមិ​មាន​បញ្ហា​ទំនាស់​ដីធ្លី​មក​ពី​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង អ្នកស្រី ផាវ ញ៉ឺង ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​តវ៉ា​រក​ដំណោះស្រាយ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១៧។
តំណាង​អ្នក​ភូមិ​មាន​បញ្ហា​ទំនាស់​ដីធ្លី​មក​ពី​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង អ្នកស្រី ផាវ ញ៉ឺង ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​តវ៉ា​រក​ដំណោះស្រាយ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១៧។
RFA/Sorn Chanratha

តំណាង​ពលរដ្ឋ​ ៣​នាក់​ នៅ​ស្រុក​ស្រែ​អំបិល នាំ​គ្នា​ដាក់​ពាក្យ​ស្នើ​សុំ​ពន្យារ​ពេល​ចូល​ខ្លួន​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​កោះកុង ក្រោយ​ពី​មាន​បណ្ដឹង​របស់​ពលរដ្ឋ​ម្នាក់​ ដែល​ប្ដឹង​ពួកគេ​ ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ដែល​ចោទ​ខ្លួន​ថា លួច​យក​ដី​រដ្ឋ​នៅ​សល់​ទៅ​លក់​ឲ្យ​អ្នក​មាន​អំណាច។ មន្ត្រី​ឃ្លាំ​មើល​ផ្នែក​សិទ្ធិមនុស្ស​ ស្នើ​ដល់​តុលាការ​ និង​អាជ្ញាធរ​រដ្ឋ​ ចុះ​ស៊ើប​អង្កេត​រឿង​នេះ ឲ្យ​ដឹង​ច្បាស់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ភាគី​មាន​ជម្លោះ​ក្នុង​វិវាទ​មួយ​នេះ។

តំណាង​ពលរដ្ឋ ១៧៥​គ្រួសារ​ នៅ​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង មាន​លោកស្រី ផាវ ញ៉ើង លោកស្រី សេង លីន និង​លោកស្រី ខន ផន ស្នើ​សុំ​តុលាការ​លើក​ពេល​ចូល​ខ្លួន​បំភ្លឺ​ ទាក់​ទង​នឹង​បណ្ដឹង​របស់​លោកស្រី ឆាយ វី ដែល​ប្ដឹង​ពួក​គេ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ​ក្រោយ​ពី​មាន​ពលរដ្ឋ​រាប់​រយ​នាក់​រួម​គ្នា​ចោទ​លោកស្រី​ថា យក​ដី​រដ្ឋ​ចំនួន​ ៤៤​ឡូត៍ ស្មើ​នឹង​ ១៣២​ហិកតារ លក់​ទៅ​ឲ្យ​ក្រុម​អ្នក​ឈ្មួញ​មាន​អំណាច។

លោកស្រី​ ផាវ ញ៉ើង ថ្លែង​ថា ការ​ដាក់​ពន្យារ​ពេល​ចូល​ខ្លួន​បំភ្លឺ គឺ​ដោយ​សារ​តែ​ពួកគាត់​ទើប​តែ​ទទួល​បាន​ដី​កា​តុលាការ​នៅ​កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មករា ហើយ​មិន​ទាន់​មាន​មេធាវី​ជួយ​ការពារ​ក្ដី​ក្នុង​រឿង​នេះ​នៅ​ឡើយ។ លោកស្រី ឲ្យ​ដឹង​ថា លោកស្រី​និង​តំណាង​ ២​នាក់​ទៀត បាន​ទៅ​រក​មេធាវី​ពី​អង្គការ​លីកាដូ និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា រួច​ហើយ​ ប៉ុន្តែ​គាត់​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។

ស្ត្រី​សកម្មជន​ដីធ្លី​រូប​នេះ បញ្ជាក់​ថា នឹង​ឡើង​ទៅ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្នុង​សំណុំរឿង​នេះ ពីព្រោះ​លោកស្រី​ទទួល​បាន​ស្នាម​មេដៃ​ពលរដ្ឋ​​រាប់​រយ​នាក់​ដែល​ចោទ​ លោកស្រី ឆាយ វី ថា​ពិត​មាន​បាន​លួច​លក់​ដី​រដ្ឋ​នៅ​សល់​ ទៅ​ឲ្យ​ក្រុម​ឈ្មួញ​មាន​លុយ​ប្រាកដ​មែន៖ «បាន​ទទួល​សំណង​ហើយ​ តាំង​ពី​ក្រុម​ណា​ក៏​ដោយ​ ខ្ញុំ​ឃើញ​ហេតុ​អ្វី​បាន​អ្នក​នោះ​លោភ​លន់​ចាប់​ដី​រដ្ឋ​ទៅ​លក់​អនាធិបតេយ្យ ហើយ​រដ្ឋ​មិន​ខ្វល់​សោះ​អ៊ីចឹង។ ពួក​ខ្ញុំ​ដាក់​ពាក្យ​ប្ដឹង​រក្សា​ការពារ​ដី​ហ្នឹង​ទេ ទុក​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ មិន​បាន​ជា​ខេត្ត​បណ្ដោយ​ឲ្យ​ ឆាយ វី​ ប្ដឹង​ពួក​ខ្ញុំ​វិញ។ ខ្ញុំ​អត់​ខ្លាច​ទេ ព្រោះ​អី​ខ្ញុំ​មាន​សាក្សី​ ខ្ញុំ​នឹង​ដាក់​ពាក្យ​បណ្ដឹង​ ឆាយ​ វី ពីព្រោះ​ពលរដ្ឋ​ជា​ច្រើន​មិន​គាំ​ទ្រ នៅ​ពេល​ដែល​ឃើញ​ ឆាយ វី អត់​ធ្វើ​អ្វី​ផង​ហើយ​ដើរ​ចាប់​ដី។ សូម្បី​តែ​កន្ទុយ​ដី​ប្រជា​ពលរដ្ឋ​ទទួល​បាន​៣ហិកតារ​ ក៏​ ឆាយ វី ទៅ​អះអាង​ថា ​មេឃុំ​ជី​ខ​លើ និង​ក្រសួង​ដែនដី​ឲ្យ​គាត់​ដែរ»

ព្រះរាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​កោះកុង លោក​ អ៊ុន សុវណ្ណធានី ចេញ​ដីកា​កោះ​ពលរដ្ឋ ៣នាក់ ចុះ​ថ្ងៃ​ទី១៥ ខែ​មករា បង្គាប់​ឲ្យ​ពលរដ្ឋ​ទាំង ៣នាក់ ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ពាក់ព័ន្ធ​នឹង​រឿង​បរិហារកេរ្តិ៍ ទៅ​លើ​ដើម​បណ្ដឹង​ ឈ្មោះ​លោកស្រី ឆាយ វី។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​លោកស្រី ឆាយ វី ដែល​ជា​អតីត​តំណាង​ពលរដ្ឋ និង​ជា​ដើម​បណ្ដឹង​ក្នុង​វិវាទ​នេះ បាន​ទេ​នៅ​ថ្ងៃ​ទី៤ កុម្ភៈ​ ដោយ​សារ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។ ប៉ុន្តែ​លោកស្រី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោកស្រី​មិន​លួច​ដី​រដ្ឋ​យក​ទៅ​លក់​ដូច​ការ​ចោទ​របស់​តំណាង​ពលរដ្ឋ​៣នាក់​នោះ​ទេ។ លោក​ក៏​ទាមទារ​ឲ្យ​ពួកគេ​បង្ហាញ​ភស្តុតាង​ឲ្យ​បាន​ច្បាស់​លាស់​ក្នុង​រឿង​នេះ។

កាល​ខែ​វិច្ឆិកា ឆ្នាំ២០១៩ ក្រុម​ប្រជា​ពលរដ្ឋ ១៧៥គ្រួសារ នៅ​ឃុំ​ជី​ខ​លើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ដោយ​ចោទ​ប្រកាន់​លោក​ស្រី ឆាយ វី អតីត​តំណាង​ពួក​គេ​ថា​បាន​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​លក់​ដី​សេស​សល់​បម្រុង​ទុក​របស់​សហគមន៍​ទៅ​ឲ្យ​ឈ្មួញ។

ពលរដ្ឋ​ចោទ​ថា ដី ៤៤ឡូតិ៍ ស្មើ​នឹង ១៣២ហិកតារ គឺ​ជា​ដី​បម្រុង​ទុក​របស់​សហគមន៍​សម្រាប់​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ ប៉ុន្តែ​ដី​នេះ​ត្រូវ​បាន​បុគ្គល​ឈ្មោះ ឆាយ វី ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​លួច​លក់​ទៅ​ឱ្យ​អ្នក​មាន​លុយ​មាន​អំណាច ក្រោយ​ពេល​ដែល​ក្រសួង​រៀប​ចំ​ដែន​ដី​សម្រេច​កាត់​ឆ្វៀល​ដី​មួយ​ចំនួន​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ស្ករ​អំពៅ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ប្រគល់​ទៅ​ឲ្យ​ពលរដ្ឋ​វិញ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំ​កោះកុង លោក ហួរ អ៊ីន ឲ្យ​ដឹង​ថា​ ចំពោះ​សំណើ​ពលរដ្ឋ​សុំ​មេធាវី​ជួយ​ការពារ​ក្ដី​ពួកគាត់ ខាង​អង្គការ​លីកាដូ សម្រេច​ផ្ដល់​ជូន​មេធាវី​ដល់​តំណាង​ពលរដ្ឋ ៣នាក់​ ហើយ​ ក្រោយ​ពី​ទទួល​សំណើ​សុំ​សេវា​ផ្នែក​ច្បាប់​ពី​ពួកគាត់​កាល​ពី​ថ្ងៃ​ទី៣ ខែ​កុម្ភៈ៖ «ក្នុង​ករណី​ហ្នឹង បើ​សិន​ជា​មាន​កា​លក់​ដី​សហគមន៍​មែន ហើយ​បើ​ក្រុម​អ្នក​ស្រី ផាវ ញ៉ើង ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ​ហ្នឹង ជា​ការ​ពិត​ អ៊ីចឹង​ខាង​តុលាការ​គួរ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់​ ព្រោះ​ទំហំ​ដី​ធំ​ណាស់​មិន​អាច​លាក់​ជិត​បាន​ទេ។ បើ​សិន​ជា​លក់​មែន អ្នក​ពាក់ព័ន្ធ​ក៏​មាន​ច្រើន​ទៀត។ អ៊ីចឹង! គួរ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់»

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ​ ស្នើ​ដល់​ស្ថាប័ន​តុលាការ​ខេត្ត​កោះកុង ចុះ​ស៊ើប​អង្កេត​វិវាទ​នេះ ឲ្យ​បាន​ម៉ត់​ចត់​ ដោយ​ឈរ​លើ​គោលការណ៍​ឯករាជ ដើម្បី​ផ្ដល់​ជូន​យុត្តិធម៌​​ដល់​ភាគី​គូ​ជម្លោះ ក្នុង​រឿង​ក្ដី​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល