ពលរដ្ឋ​​មាន​ទំនាស់​ដី​ធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ​​ជាង​ ១០០​នាក់​ តវ៉ា​​​មុខ​សាលា​ឃុំ​ទួលពង្រ ឱ្យ​អាជ្ញាធរ​​ជួយ​ដោះស្រាយ​​

ដោយ ថន ថារ៉ូ
2020-02-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​គ្នា​នៅ​សាលា​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ២០២០ ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី​របស់​ពួក​គាត់។ រូប៖ ពលរដ្ឋ
ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​គ្នា​នៅ​សាលា​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ២០២០ ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី​របស់​ពួក​គាត់។ រូប៖ ពលរដ្ឋ
Photo: RFA

ប្រជាពលរដ្ឋ​ជាង ១០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​ជាង ​៤០០​គ្រួសារ ដែល​មាន​ទំនាស់​ដី​ធ្លី​​ជា​មួយ​អ្នក​មាន​ឥទ្ធិពល​ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃ​ទី៥ ​កុម្ភៈ បាន​ប្រមូលផ្ដុំ​នៅ​មុខ​សាលា​ឃុំ​ទួលពង្រ​ តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​ទំនាស់​ដី​ធ្លី​របស់​ពួកគាត់​ឱ្យ​បាន​ឆាប់។

តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់​នៅ​ឃុំ​ទួល​ពង្រ លោក ហឿម សុវណ្ណរិទ្ធិ ថ្លែង​ថា មូលហេតុ​ដែល​ពួកគាត់​តវ៉ា ដោយសារ​អាជ្ញាធរ​សម្របសម្រួល​ឱ្យ​ពួក​គាត់​បែងចែក​ដី​ទំនាស់​របស់​ពួកគាត់​ជាង​ ៤០០​គ្រួសារ ​ដែល​មាន​ទំហំ​ប្រមាណ​ ១០០​ហិកតារ​ នៅ​តំបន់​ព្រំដែន​កម្ពុជា​ថៃ ក្នុង​ភូមិ​អូរ​អំពឹល ឃុំ​ទួលពង្រ ​ពាក់កណ្ដាល​ឱ្យ​ទៅ​ភាគី​ទំនាស់​ម្ខាង​ទៀត​ រួម​មាន​ឈ្មោះ សួន សុខុន និង​ និង​ឈ្មោះ​ ពុំ វុទ្ធី ជា​​អ្នក​មាន​លុយ​និង​មាន​អំណាច នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។ លោក​ថា ពួក​លោក​មិន​អាច​ចែក​ដី​​ទំនាស់​នោះ​តាម​ការ​ស្នើ​សុំ​របស់​លោក​មេ​ឃុំ​បាន​ទេ ពីព្រោះ​ពួកគាត់​បាន​កាត់​កាប់​និង​ដាំដុះ​នៅ​លើ​ដី​នោះ​ជាង​១០​ឆ្នាំ​ហើយ ពោល​គឺ​តាំង​នៅ​តំបន់​នោះ​ពុំ​មាន​ការ​អភិវឌ្ឍន៍៖ «ថ្ងៃ​នេះ​គេ​អត់​ទាន់​សម្រេច​យ៉ាង​ម៉េច​ទេ​ គេ​នឹង​យក​សំណុំ​រឿង​នេះ​ទៅ​ដោះស្រាយ​នៅ​ថ្នាក់​ខេត្ត​ទៀត ព្រោះ​ថា ​គេ​បាន​ទទួល​បន្ទុក​ពី​អាជ្ញាធរ​សង្កាត់​និមិត្ត​មក​​ គេ​អត់​បាន​ដឹង​រឿង​ ថា​ពួក​ខ្ញុំ​ឈ្លោះ​គ្នា​យ៉ាង​ម៉េច​។​គេ​ទទួល​បាន​តែ​ខាង​ប្រជាពលរដ្ឋ​ម្ខាង​ទៀត​មិន​ដឹង​យ៉ាង​ ប៉ុន្តែ​គាត់​ធ្វើ​ប្លង់​ដី​ឱ្យ​ពួក​ខ្ញុំ​អស់​ហើយ​ ។ខ្ញុំ​ចង់​ឱ្យ​អាជ្ញាធរ​ទទួល​ស្គាល់​ច្បាស់​លាស​ឯកសារ​គាត់​ធ្វើ​ឱ្យ​ខ្ញុំ​ដល់​ខេត្ត​អស់​ហើយ​ តែ​ឥឡូវ​គាត់​មក​សើរើ​សុំ​ចែក​ដី​ពាក់​កណ្ដាល​វិញ​​ខ្ញុំ​មិន​ព្រម​ទេ»

រីឯ​តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់​ទៀត​ លោក ណែវ សំណាង​ មាន​ប្រសាសន៍​ថា ដី​ទំនាស់​នោះ​ជា​ដី​លំនៅឋាន​ ដោយ​អ្នក​ខ្លះ​​បាន​កាន់​កាប់ដី​បណ្ដោយ ១២០ម៉ែត្រ​គុណ​នឹង ៣០ម៉ែត្រ និង​ខ្លះ​ទៀត​បណ្ដោយ ៦០ម៉ែត្រ​គុណ​នឹង ៣០ម៉ែត្រ​ក្នុង​មួយ​គ្រួសារ។ លោក​បន្ត​ថា ពួក​លោក​មិន​អាច​បែង​ចែក​ដី​នេះ​ទៅ​ឱ្យ​ភាគី​ទំនាស់​បាន​ទេ ព្រោះ​ពួកគាត់​ក្រីក្រ ហើយ​បាន​សង់​ផ្ទះ និង​បាន​ដាំ​ដើម​ចេក​ ដូង​ និង​ស្វាយ​នៅ​លើ​នោះ បាន​ហុច​ផល​បណ្ដើរៗ ហើយ៖ «សួរ​ថា ដី​បង​ឯង​មាន ៤ហិកតារ​ហើយ​គេ​សុំ​កន្លះ​ហិកតារ​តើ​បង​ឯង​ព្រម​អត់​? ប្រជាពលរដ្ឋ​គេ​មិន​អាច​ទៅ​និយាយ​បែប​នេះ​កើត​ទេ​ ព្រោះ​ដី​គេ​រស់​នៅ​មិន​មែន​ពីរ​បី​ថ្ងៃ​ហើយ​មិន​មែន​មក​សង់​ផ្ទះ​ពេល​យប់​ឯណា?​។ ពួក​នេះ​សុទ្ធតែ​ពួក​ដើរ​រំលោភ​ដី​ប្រជាពលរដ្ឋ​ដី​នៅ​ប៉ោយប៉ែត​ក៏​បាន​ពួក​នេះ​រំលោភ​ដែរ​ ដី​នៅ​ភូមិ​ព្រៃ​ព្រិច។ ខ្ញុំ​ស្នើ​ដល់​សម្ដេច​​ ហ៊ុន​ សែន​ ឱ្យ​ស្លាប់​ពួក​នេះ​សុទ្ធតែ​ពួក​បង្ក​បញ្ហា​ដល់​ប្រជាពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ មេ​ឃុំ​ទួលពង្រ លោក ទឹម ម៉ន ប្រាប់​អាស៊ី​សេរី​ថា ​​លោក​សម្របសម្រួល​ឱ្យ​ប្រជាពលរដ្ឋ​ជាង​ ៤០០​គ្រួសារ​នោះ​បែង​ចែក​ដី​ទំនាស់​ពាក់​កណ្ដាល​ក្នុង​មួយ​គ្រួសារ​​ឱ្យ​ភាគី​ទំនាស់​ម្ខាង​ទៀត ដើម្បី​បញ្ចប់​រឿង ព្រោះ​ដី​នេះ​​មាន​ទំនាស់​ជា​ច្រើន​ឆ្នាំ​ហើយ។ លោក​បន្ថែម​ថា មូលហេតុ​ដែល​ដោះស្រាយ​បែប​នេះ ដោយសារ​​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​កាន់​កាប់​ដី​របស់​ភាគី​ម្ខាង​ទៀត ដោយ​ខុស​ច្បាស់ ប៉ុន្តែ​​ដើម​បណ្ដឹង​សុខ​ចិត្ត​យល់​ព្រម​ចែក​ដី​ពាក់​កណ្ដាល​ជូន​ប្រជាពលរដ្ឋ ​ដើម្បី​កុំ​មាន​បញ្ហា​ទៅ​មុខ​ទៀត៖ «ប៉ុន្តែ​គោលនយោបាយ​របស់​យើង​សុទ្ធតែ​ដោះស្រាយ​ឱ្យ​ឈ្នះ​ទាំង​គ្នា​ទេ​ មិន​មែន​ឱ្យ​អ្នក​ណា​ម្ខាង​បាន​ទេ​។ រឿង​ហ្នឹង​មិន​មែន​នៅ​ខាង​ឃុំ​ខ្ញុំ​ទេ​ គឺ​តាំង​ពី​ក្នុង​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​ណោះ​ ព្រោះ​ពី​ដើម​ដី​ហ្នឹង​ស្ថិត​នៅ​ក្នុង​សង្កាត់​និមិត្ត​គ្រប់គ្រង​ ប៉ុន្តែ​ក្រោយ​មក​បាន​អាជ្ញាធរ​ខេត្ត​បាន​កាត់​ដី​នោះ​មក​ខាង​ស្រុក​ម៉ាឡៃ​វិញ»

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ភាគី​ទំនាស់​ម្ខាង​ទៀត​ គឺ​លោក សួន សុខុន និង​លោក ពុំ វុទ្ធី ដើម្បី​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៥ កុម្ភៈ។

មេ​ឃុំ​ទួល​ពង្រ លោក ទឹម ម៉ន អះអាង​ថា លោក សួន សុខុន និង​លោក ពុំ វុទ្ធី ​បាន​ទិញ​ដី​ទំនាស់​ពី​មន្ត្រី​ទាហាន​ផ្ដាច់​ខ្លួន​នៅ​តំបន់​នោះ ដោយ​មាន​ប័ណ្ណ​កាន់កាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយ​មាន​ជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ដី​ទំនាស់​នោះ មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​រស់​នៅ​ភូមិ​អូរ​អំពឹល​រាប់​សិប​ឆ្នាំ​មក​ហើយ និង​មាន​ពលរដ្ឋ​ខ្លះ​ឃុំ​ក្បែរ​ខាង ហើយ​ទៅ​ចាប់​ទំនាស់​សង់​ផ្ទះ​និង​ដាំដុះ​នៅ​លើ​ដី​នោះ​ជា​បន្តបន្ទាប់​មក។ លោក​បញ្ជាក់​ទៀត​ថា​ អាជ្ញាធរ​ត្រូវ​តែ​ដោះស្រាយ​ឱ្យ​បាន​សមរម្យ​ដែរ​ ព្រោះ​ពួកគាត់​​ក្រីក្រ និង​បាន​កាន់​កាប់​ដី​តាំង​តែ​តំបន់​នោះ​ពុំ​ទាន់​មាន​ការ​អភិវឌ្ឍ។ ម្យ៉ាង​ទៀត អាជ្ញាធរ​ក៏​មិន​បាន​ទប់​ស្កាត់​ពួកគាត់​ដែល​ចូល​កាន់​កាប់​ដី​ពី​ដំបូង​នោះ​ទេ៖ «ព្រោះ​ខ្លួន​ជា​អាជ្ញាធរ​អង្គុយ​កៅអី​រដ្ឋ​មាន​តួនាទី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​អីចឹង​ហើយ​។​ ព្រោះ​ទោះ​បី​ប្រជាពលរដ្ឋ​ខុស​ខូច​ប្រជាពលរដ្ឋ​ត្រូវ​ គឺ​បាតដៃ​ខ្នង​ដៃ​សុទ្ធតែ​ទាំង​អស់​ ព្រោះ​ជា​ប្រជាពលរដ្ឋ​ខ្លួន​ឯង​។ អីចឹង​អ្នក​ទទួល​សុខ​ត្រូវ​នៅ​កន្លែង​ហ្នឹង​គឺ​អាជ្ញាធរ​ឧទាហរណ៍​ថា​ប្រជាពលរដ្ឋ​ចូល​ទៅ​រស់​នៅ​លើ​ដី​គេ​ ប៉ុន្តែ​អាជ្ញាធរ​ខ្លួន​ឯង​ហ្នឹង​ជា​អ្នក​ទប់​ស្កាត់​អ្នក​បង្ការ​កុំ​ឱ្យ​បញ្ហា​ហ្នឹង​បង្កើត​នូវ​ករណី»

លោក​បន្ត​ថា នៅ​ខេត្ត​បន្ទាយមានជ័យ​មាន​ប្រជាពលរដ្ឋ​ទំនាស់​ដី​ធ្លី​ជាង ៣០០​ករណី​ហើយ ដែល​អាជ្ញាធរ​មិន​ទាន់​ដោះ​ស្រាយ​បាន​នៅ​ឡើយ។ លោក​ថា ភាគី​ទំនាស់​ភាគច្រើន​ជា​អ្នក​មាន​លុយ​និង​មាន​អំណាច ច្រើន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​យក​តាម​ការ​ដោះ​ស្រាយ​របស់​អាជ្ញាធរ​ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​គុក ដោយសារ​ពួក​គាត់​​មិន​ព្រម​ទទួល​យក​ដំណោះ​ស្រាយ​របស់​អាជ្ញាធរ។

តំណាង​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​ទួលពង្រ​អះអាង​ថា ពួក​គាត់​នឹង​លើក​គ្នា​តវ៉ា​ទៅ​សាលា​ស្រុក និង​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​បន្ត​ទៀត ក្នុង​ពេល​ឆាប់ៗ ដើម្បី​ទាមទារ​អាជ្ញាធរ​ដោះ​ស្រាយ​ដី​ជូន​ពួក​គាត់​ឱ្យ​បាន​សមរម្យ​ជាង​ពេល​បច្ចុប្បន្ន និង​ឱ្យ​ភាគី​ទំនាស់​ឈប់​ប្ដឹង​ផ្ដល់​ពួក​គាត់​បន្ត​ទៀត៕

 


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល