ពលរដ្ឋ​ខេត្តកំពតជាង ២០គ្រួសារ​ចោទ​អ្នក​មាន​អំណាច​ម្នាក់​ថា រំលោភ​យក​ដី រួច​ប្ដឹង​ពលរដ្ឋ​​ឱ្យ​ជាប់​គុកជា​ច្រើន​នាក់

ដោយ មាន ឫទ្ធិ
2022.09.08
Share on WhatsApp
Share on WhatsApp

ពលរដ្ឋ​ចំនួន ២៦គ្រួសារ​នៅ​ខេត្តកែប ដែល​មាន​ដី​ចម្ការ​នៅ​ខេត្តកំពត ចោទ​ប្រកាន់​អ្នក​មាន​អំណាច​ម្នាក់ រំលោភ​យក​ដី​របស់​ពួក​គាត់​ជិត ៦០ហិកតារ ហើយ​ប្ដឹង​ពលរដ្ឋ​ដាក់​គុក​ជាបន្តបន្ទាប់ ដើម្បី​គំរាម​បំបាក់​ស្មារតី​មិន​ឱ្យ​តវ៉ា។ អ្នកភូមិ​ថា មក​ទល់​ពេល​នេះ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ៥នាក់ទៀត ត្រូវ​នគរបាល​ចាប់​ខ្លួន និង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ជា​ថ្មី​ទៀត។

ប្រជាពលរដ្ឋ​ទាំង​នោះ រស់នៅ​ភូមិ​អន្លង់​ស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប កំពុង​ស្វែងរក​យុត្តិធម៌ ករណី​អ្នក​មាន​អំណាច​ម្នាក់ គឺ​អ្នកស្រី ហៀវ លុន បាន​រំលោភ​យក​ដី​របស់​ពួក​គាត់​អស់ ៥៦ហិកតារ ដើម្បី​គ្រប់គ្រង​ជា​ទ្រព្យ​បុគ្គល។

អ្នក​ភូមិ​ថា ដី​មាន​ជម្លោះ​នោះ ឋិត​ក្នុង​ភូមិ​ត្រពាំង​ព្រីង​ខាង​ជើង ឃុំ​ត្រពាំងព្រីង ស្រុក​ទឹកឈូ ខេត្តកំពត ដែល​ពលរដ្ឋ ២៦គ្រួសារ បាន​កាន់កាប់​តាំង​ពី​ឆ្នាំ១៩៩៦ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ភូមិ/ឃុំ។

តំណាង​ពលរដ្ឋ លោកស្រី ញឹក សារ៉េន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៧ កញ្ញា​ថា អ្នក​មាន​អំណាច​ម្នាក់ គឺ​អ្នកស្រី ហៀវ លុន ដែល​អ្នក​ភូមិ​មិន​ស្គាល់​ថា មាន​តួនាទី​អ្វី​នោះ​ទេ បាន​រំលោភ​យក​ដី​របស់​ពួក​គាត់​អស់​រាប់​សិប​ហិកតារ តាំង​ពី​ឆ្នាំ២០១៥ ធ្វើ​ឱ្យ​ពួក​គាត់​ជួប​ការ​លំបាក​ច្រើន​ផ្នែក​ជីវភាព និង ខ្វះ​ដី​បង្កបង្កើន​ផល។ លើស​ពី​នេះ អ្នក​ភូមិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ជា​ច្រើន​ស្ថាប័ន​រហូត​ដល់​ស្ថាប័ន​កំពូល​ថ្នាក់​ជាតិ ដើម្បី​រក​យុត្តិធម៌​ករណី​នេះ តែ​គ្មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។ រីឯ​ពលរដ្ឋ ៣នាក់ ដែល​ងើប​តវ៉ា​ទាមទារ​យុត្តិធម៌ ត្រូវ​បាន​តុលាការ​ចាប់​ដាក់​គុក​ជាង ១០ខែមក​ហើយ កាល​ពី​ឆ្នាំ២០២១។

លោកស្រី​ថា ថ្មីៗ នេះ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ៥នាក់​ទៀត ត្រូវ​នគរបាល​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ នៅ​ថ្ងៃ​ទី៧ កញ្ញា ក្នុង​រឿង​ជម្លោះ​ដីធ្លី​នេះ។ លោកស្រី​អះអាង​ថា ដើម​បណ្ដឹង​ក្នុង​សំណុំរឿង​នេះ គឺ​អ្នកស្រី ហៀវ លុន ដែល​អ្នក​ភូមិ​តែង​ហៅ​ថា លោក​ជំទាវ៖ «អយុត្តិធម៌​ពេក​ហើយ ដី​របស់​យើង​សោះ គេ​ធ្វើ​តាំង​ពី​មុន​មក នៅតែ​គេ​មក​បំពាន គេ​ចាប់​យើង​ដាក់​គុក ពីរ​ទៅ​បី​ដង​ហើយ ចាប់​គ្នា​ទើប​ចេញ​បាន​ប៉ុន្មាន​ខែ ឥឡូវ​ចាប់​ទៀត​ហើយ។

ស្ត្រី​ដដែល​បន្ថែម​ថា ប្តី​របស់​លោកស្រី ឈ្មោះ ឃុន ឃាន ទើប​តែ​ចេញ​ពី​ពន្ធនាគារ កាល​ពី​ចុង​ឆ្នាំ២០២១ ក៏ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​ថ្មី​ទៀត កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ ក្នុង​សំណុំរឿង​ដដែល​នេះ។ មក​ទល់​ពេល​នេះ សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តកំពត បាន​បញ្ជូន​ពលរដ្ឋ ៥នាក់ រួម​ទាំង​ប្តី របស់​លោកស្រី ទៅ​សាកសួរ​ទៅ​តុលាការ។ លោកស្រី​អះអាង​ថា ពលរដ្ឋ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​មិន​បាន​ប្រព្រឹត្ត​កំហុស ដូច​ការ​ចោទ​ប្រកាន់​ទេ ដោយ​ពួក​គាត់​គ្រាន់តែ​ប្រើ​សិទ្ធិ​តវ៉ា​ទាមទារ​ដីធ្លី​បង្ក​បង្កើន​ផល​របស់​ខ្លួន​ប៉ុណ្ណោះ។

ឆ្លើយតប​រឿង​នេះ ស្នងការ​នគរបាល​ខេត្តកំពត លោក ម៉ៅ ច័ន្ទធុរិទ្ធ ប្រាប់​វិទ្យុ​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា នគរបាល​បាន​បញ្ជូន​ពលរដ្ឋ​ទាំង ៥នាក់​នោះ ទៅ​តុលាការ​រួច​ហើយ ដោយ​ចោទ​ពី​បទរំលោភ​កាន់កាប់​អចលនទ្រព្យ​ដោយ​ស្រប​ច្បាប់។ លោក​បដិសេធ​មិន​ឆ្លើយ​សំណួរ​ផ្សេង ដោយ​រឿង​នេះកំពុង​ឋិត​ក្នុង​ដៃ​តុលាការ៖ «គាត់​ទៅ​រំលោភ​អ្នក​កាន់កាប់ អចលវត្ថុ​ដោយ​ស្រប​ច្បាប់ យើង​បញ្ជូន​ទៅ​តុលាការ។ អ្នក​ផ្សេង​ទៀត​កំពុង​គេច​ខ្លួន យើង​កសាង​សំណុំរឿង ដើម្បី​ចាប់​ខ្លួន​បន្ត​ទៀត»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​អ្នកស្រី ហៀវ លុន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៧ កញ្ញា។ ចំណែក​អ្នក​នាំ​ពាក្យ​អយ្យការ អម​សាលា​ដំបូង​ខេត្តកំពត លោក ខាន់ សុផល ក៏​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យុន ផល្លី សង្កេត​ឃើញ​ថា មក​ទល់​ពេល​នេះ សំណុំរឿង​ដីធ្លី កំពុង​ឋិត​ក្នុង​ការ​ស៊ើបអង្កេតរបស់​តុលាការ​កំពូល ដោយ​មិន​ទាន់​ឱ្យ​ភាគី​ណា​មួយ អាស្រ័យផល និង​កាន់កាប់​ដី​មាន​ជម្លោះ​នេះ​ទេ។

លោក​បញ្ជាក់​ថា ដី​មាន​ជម្លោះ​នោះ ត្រូវ​បាន​តុលាការ​ចេញ​ដីកា រក្សា​ការពារ មិន​ឱ្យ​ភាគី​ណា​មួយ កាន់កាប់​បាន​ឡើយ ដោយ​ត្រូវ​រង់ចាំ​សេចក្ដី​សម្រេច​ស្ថាពរ​ពី​តុលាការ​កំពូល​សិន៖ «មិន​អាច​ទៅ​ធ្វើការ​សាងសង់ ឬ​ទៅ​បង្ក​បង្កើន​ផល លើ​ដី​ហាមឃាត់​នោះ​បាន​ទេ បើ​យើង​ទៅ​ធ្វើ​អ៊ីចឹង​ហើយ គឺ​បំពាន​ដីកា រក្សា​ការពារ​របស់​តុលាការ​ហើយ។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បន្ថែម​ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ទាំង​នេះ ដោយសារ​ពួក​គាត់​ទៅ​កាន់កាប់ និង​អាស្រ័យផល លើ​ដី​មាន​ជម្លោះ ដែល​តុលាការ​ចេញ​ដីកា​រក្សា​ការពារ។

តែ​យ៉ាង​ណា​ក៏​ដោយ លោក​ថា យន្តការ​អប់​រំណែនាំ​ពលរដ្ឋ ឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់ ប្រសើរ​ការ​ចាប់​ពួក​គាត់​ដាក់​គុក នាំ​ឱ្យ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ ដែល​ទាមទារ​ដីធ្លី​អាស្រ័យ​ផល។

អ្នកភូមិ​ថា គិត​ត្រឹម​រសៀល ថ្ងៃ​ទី៧ កញ្ញា តុលាការ​មិន​ទាន់​ដោះ​លែង​ពលរដ្ឋ​ទាំង ៥នាក់​នោះ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ប្ដី​ស្ត្រី​រងគ្រោះ​ដោយ​គ្រូ​ពេទ្យវះកាត់​ដាច់​ពោះវៀន​សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​បង្ក​បញ្ហា​នោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។