តំណាងសហគមន៍ ៤រូប ក្នុងចំណោមពលរដ្ឋជាង ១រយគ្រួសារ រស់នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានផ្តិតមេដៃប្ដឹងមេភូមិ និងមេឃុំពាក់ព័ន្ធករណីឃុបឃិតលក់សហគមន៍ជាង ៥រយហិកតារ (៥០៣) ឱ្យឈ្មួញ។
តំណាងសហគមន៍ភូមិពូត្រែង ៤រូប បានប្តឹងមេភូមិលោក ប្លង់ សេង និងមេឃុំដាក់ដាំ លោក ចាស់ ណា ពាក់ព័ន្ធឃុបឃិត និងចេញលិខិតពាក្យស្នើសុំកាន់កាប់ដីធ្លី ឱ្យឈ្មួញក្នុងទំហំដីជាង ៥រយហិកតារ (៥០៣) ត្រួតស៊ីគ្នា នឹងដីសហគមន៍ច្បារតាប់ កេះកាប់ចុងលុង (ឈ្មោះជនជាតិព្នង) ដែលអ្នកភូមិត្រៀមចុះបញ្ជីប្រើប្រាស់សមូហភាពសហគមន៍។
តំណាងពលរដ្ឋ លោក តើយ ច្រើន ឱ្យដឹងនៅថ្ងៃទី២១ ឧសភា ថា ពាក្យបណ្តឹងនេះពួកគេបានដាក់ជូនរដ្ឋបាលខេត្តមណ្ឌលគិរី ខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ទីរសុរិយោដីរួចហើយ កាលពីដើមខែឧសភា បំណងឱ្យស៊ើបអង្កេតមេភូមិ និងមេឃុំ ដែលឃុបឃិតគ្នាលក់ដីព្រៃរបស់រដ្ឋខុសច្បាប់។ លោកថា មកទល់ពេលនេះអាជ្ញាធរខេត្ត និងមន្ត្រីជំនាញនៅមិនទាន់ចុះស៊ើបអង្កេតពាក្យបណ្តឹងរបស់ពួកគេនៅឡើយទេ៖ «ពលរដ្ឋមួយចំនួនគាត់ជំទាស់ មិនឱ្យភូមិឃុំលក់ដីព្រៃសហគមន៍ទេព្រោះតំបន់កន្លែងហ្នឹង តំបន់ប្រពៃណីចម្ការវិលជុំ។ ពួកខ្ញុំមើលឃើញថា ពលរដ្ឋមួយចំនួនធំ បារម្ភថា ប្រសិនជាមេភូមិ និងមេឃុំគាត់ចេះតែចេញប្លង់អីចឹង ព្រួយថា អស់ព្រៃ និងតំបន់កន្លែងអាស្រ័យផលអនុផល»។
សេចក្ដីរាយការណ៍ពីសហគមន៍ភូមិពូត្រែង ឱ្យដឹងថា ពួកគេបានឃើញឯកសារមួយចំនួន ដែលចុះហត្ថលេខាដោយមេភូមិពូត្រែង លោក ប្លង់ សេង និងមេឃុំដាក់ដាំ លោក ចាស់ ណា ដែលបញ្ជាក់ពីទំហំផ្ទៃដីចំនួន ៥០៣ហិកតារ ទៅឱ្យឈ្មោះ ចឆ ស្វង់ និងឈ្មោះ ឆ្វល ច្រិះ។ អ្នកភូមិថា ក្រោយពីអាជ្ញាធរមូលដ្ឋានលក់ដីព្រៃសហគមន៍ ពួកគេប្រទះឃើញ គ្រឿងចក្រមួយគ្រឿង កាយក្រវាត់ព្រុំដី។ លើសពីនេះ រូបភាពនៃការរំលោភដីព្រៃទាំងនេះ អាជ្ញាធរមូលដ្ឋាន បានយកពលរដ្ឋមួយចំនួនជាខែល ដោយអះអាងថា ដីព្រៃដែលពួកគេរំលោភយក ជាប្រភេទដីចម្ការ របស់អ្នកស្រុក ត្រួតស៊ីគ្នាលើដី ព្រៃសហគមន៍ មានទំហំ ២ពាន់ហិកតារ (២០០០)។
ឆ្លើយតបរឿងនេះ មេឃុំដាក់ដាំ លោក ចាស់ ណា បដិសេធថា ការលើកឡើងរបស់តំណាងសហគមន៍គឺជារឿងមិនពិត។ លោកទទួលស្គាល់ថា មានការលក់ដូរដីមួយចំនួន ក៏ប៉ុន្តែដីទាំងនោះ ជាដីចម្ការកេរដូនតារបស់អ្នកភូមិ ពុំមែនជាដីព្រៃសហគមន៍នោះទេ។ លើសពីនេះ អាជ្ញាធរមូលដ្ឋានបានកោះហៅភាគីពាក់ព័ន្ធមកសម្របសម្រួលបញ្ហានេះ ពីរដងហើយ តែតំណាងសហគមន៍បានបដិសេធ៖ «ពលរដ្ឋទេពាក់ព័ន្ធតែខ្លួនឯងទេ ចុងក្រោយមកចោទលើអាជ្ញាធរ ដោយសារអាជ្ញាធរគ្រប់គ្រងលើពលរដ្ឋ ដើម្បីកុំឱ្យបញ្ហាអីចឹង ដល់ពេលត្រឡប់ទៅវិញមកចោទអាជ្ញាធរវិញ»។
ចំណែកមេភូមិពូត្រែង លោក ប្លង់ សេង ប្រាប់អាស៊ីសេរីកាលពីចុងខែមេសាថា អាជ្ញាធរមូលដ្ឋាន បានចុះហត្ថលេខា អនុញ្ញាតឱ្យពលរដ្ឋលក់ដីព្រៃទំហំ ១៣០ហិកតារ ក៏ប៉ុន្តែដីទាំងនោះ ជាដីចម្ការអ្នកស្រុក បានអាស្រ័យផលតាំងពីទសវត្សរ៍ទី៨០។ លោកបញ្ជាក់ថា ពលរដ្ឋជាង ១០០គ្រួសារ បានសម្រេចលក់ដីទាំងនោះ ពុំមែនអាជ្ញាធរភូមិ-ឃុំនោះទេ៖ «ដីលក់ហ្នឹងមិនមែនជាសមូហភាពទេ តែដីចម្ការចាស់គេយូរហើយ គេចោល ៤ទៅ ៥ឆ្នាំ។ គេមិនអាចចុះបញ្ជីសមូហភាព ខ្ញុំដឹងទាំងអស់ ព្រំប្រទល់ជាមួយសហគមន៍។ គេលក់ហ្នឹងមិនមែនកន្លែងសហគមន៍ទេ លក់កន្លែងចម្ការចាស់គេហ្នឹង»។
សហគមន៍ការពារព្រៃឈើស្រុកអូររាំង លោក បូរ៉េត កាំពី សង្កេតឃើញថា មកទល់ពេលនេះ ដីព្រៃសហគមន៍មានផ្ទៃដីជាង ២ពាន់ហិកតារ នៅសល់ដើមឈើធំៗមួយចំនួន ដូចជាដើមរាំង ដើមត្បែង និងគគីរជាដើម ហើយមានផ្នែកខ្លះទៀត មានដើមឈើតូចៗគ្មានតម្លៃលើទីផ្សារ អាចប្រើប្រាស់បាន ក៏ប៉ុន្តែអ្នកភូមិចង់រក្សាព្រៃនេះទុក សម្រាប់រកឃ្មុំ ថ្នាំបុរាណ ឃ្វាលគោ និង គោរពបូជាលក្ខណៈប្រពៃណីជនជាតិដើមភាគតិច។ លោកចាត់ទុកការលក់ដីព្រៃសហគមន៍នេះជាង ៥យហិកតារ បីដូចជាបំផ្លាញបំណងរួម របស់សហគមន៍ និងបំផ្លាញទីកន្លែងអាស្រ័យផលបន្សល់ចុងក្រោយរបស់ជនជាតិដើមភាគតិចព្នង៖ «អ្នកខូចនៅតែខូច អ្នកអត់នៅតែអត់ភាគច្រើនគឺ មេភូមិគឺអ្នកដើរបញ្ចុះបញ្ចូលប្រជាជន ហើយមុនកើតហេតុថា មេភូមិគាត់បោកពលរដ្ឋ គាត់ដើរប្រមូលអត្តសញ្ញាណប័ណ្ណ អ្នកភូមិមេភូមិគាត់ប្រមូលគាត់ឱ្យ។ អ្នកភូមិមានដឹងថា គេប្រមូលលក់ដីអីណា បែរជាលក់ដីទៅវិញ»។
អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុក សេរ៉ា មានប្រសាសន៍ថា អាជ្ញាធរខេត្តនៅពុំទាន់ទទួលពាក្យបណ្ដឹងនេះនៅឡើយទេ។ លោកជំរុញឱ្យពលរដ្ឋប្ដឹងករណីនេះតាមឋានានុក្រម រដ្ឋបាលពោលគឺ ចាប់ពីអាជ្ញាធរថ្នាក់ឃុំ/ស្រុក និងស្ថាប័នពាក់ព័ន្ធ ជាមុនសិន មុននឹងដាក់ពាក្យប្ដឹងឱ្យអាជ្ញាធរខេត្តអន្តរាគមន៍។ រីឯមន្ទីរជំនាញក៏មិនទាន់ រាយការណ៍ករណីនេះ មកអាជ្ញាធរខេត្តដែរ៖ «ខេត្តក៏កំពុងចាំមើលដែរថា តើមន្ទីរណារាយការណ៍មកហ្នឹង ហេតុផលយ៉ាងម៉េច ? អាជ្ញាធរស្រុកគាត់ដាក់ទៅអាជ្ញាធរស្រុកផង។ អាជ្ញាធរស្រុកមានមូលដ្ឋាននៅកៀក គេមានជំនាញរបស់គេ។ វាមានឋានានុក្រម របស់គេ មិនអីទេគាត់ប្តឹងទៅណាក៏បាន តែខេត្តអត់ទាន់ដឹងទេ គាត់ដាក់ទៅមន្ទីរជំនាញ អីចឹងចាំមន្ទីរជំនាញគេឆ្លើយសិន»។
មន្ត្រីសម្របសម្រួលសមាគមហុក (Adhoc) ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី ពន្យល់ថា ពលរដ្ឋមានសិទ្ធិប្ដឹងទាមទារដីរបស់រដ្ឋ ដែលរងការរំលោភបំពានដោយខុសច្បាប់។ រីឯ អាជ្ញាធរខេត្ត និងអាជ្ញាធរពាក់ព័ន្ធ គួរចាត់វិធានការដោះស្រាយជាបន្ទាន់។ លោកស្នើឱ្យអាជ្ញាធរជាតិពន្លឿនទប់ស្កាត់ការចេញលិខិត ពាក្យស្នើសុំកាន់កាប់ដីធ្លី នៅខេត្តមណ្ឌលគិរី ព្រោះបច្ចុប្បន្នអាជ្ញាធរមូលដ្ឋានខ្លះ បានឆ្លៀតឱកាសចុះហត្ថលេខាឃុបឃិតជាមួយឈ្មួញ ធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លី រំលោភដីរបស់រដ្ឋដោយខុសច្បាប់ ស្របពេលដែលសន្ទុះដីកំពុងឡើងថ្លៃ៖ «អាជ្ញាធរថ្នាក់លើគួរតែចាត់វិធានការជាបន្ទាន់ករណីនេះ បើសិនជាបណ្ដោយឱ្យមានការចេញលិខិតបញ្ជាក់ លើពាក្យកាន់កាប់ប្រើប្រាស់ដីធ្លី ហេតុមួយធ្វើឱ្យជនមានឱកាស មានឱកាសច្រើនទទួលបានដីខុសច្បាប់»។
ថ្មីៗនេះ ក្រសួងបរិស្ថាន បានចេញគោលការណ៍ណែនាំ ហាមមិនឱ្យអាជ្ញាធរមូលដ្ឋានចេញលិខិតពាក្យស្នើសុំកាន់កាប់ដីធ្លី លើដីព្រៃសាធារណៈរបស់រដ្ឋ និងព្រៃការពារធម្មជាតិគ្រប់ប្រភេទ។ ក្រសួងចាត់ទុកថា ការកាប់កាប់ដីព្រៃរបស់រដ្ឋ និងឈូសឆាយព្រៃអភិរក្ស គឺជាទង្វើខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
