អង្គការ​​សង្គម​​ស៊ីវិល​៥​​ស្ថាប័ន​​ចុះ​អង្កេត​​តំបន់​​សន្លុង​​ស្លដែក​​ដែល​​ជន​ជាតិ​​ដើម​​កួយ​​ខេត្តព្រះវិហារ​ថា ​ក្រុមហ៊ុន​ទ្រី​ភាពបាន​​ឈូស​កម្ទេច​​

ដោយ ទីន ហ្សាការីយ៉ា
2021-06-02
Share
អង្គការ​​សង្គម​​ស៊ីវិល​៥​​ស្ថាប័ន​​ចុះ​អង្កេត​​តំបន់​​សន្លុង​​ស្លដែក​​ដែល​​ជន​ជាតិ​​ដើម​​កួយ​​ខេត្តព្រះវិហារ​ថា ​ក្រុមហ៊ុន​ទ្រី​ភាពបាន​​ឈូស​កម្ទេច​​ គ្រឿងចក្ររបស់ក្រុមហ៊ុនទ្រីភាពបានឈូសឆាយតំបន់ប្រវត្តិសាស្ត្រសន្លុងស្លដែករបស់ជនជាតិភាគតិចកួយ ​មាន​ផ្ទៃ​ដី​ជាង ​៥ ​ហិកតារ  ឋិត​ក្នុង​ភូមិ​អូរ​ពោរ ឃុំ​រមណីយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ។
រូប៖ គេ​ផ្ដល់​ឱ្យ

ក្រុម​អង្គការ​​សង្គមស៊ីវិលដែល​ធ្វើ​ការ​ពាក់ព័ន្ធ​លើក​កម្ពស់​​សិទ្ធិ​ជន​ជាតិ​ដើម​​ភាគ​​តិច​ និង​​សិទ្ធិ​មនុស្ស ​បាន​ចុះ​ស៊ើប​អង្កេត​​រយៈ​ពេល​​ពេញ​​មួយថ្ងៃ​នៅ​ថ្ងៃ​ទី១ ​ខែមិថុនា នៅ​តំបន់​​សន្លុង​​ស្លដែក​​ឬ​​ហៅ​ម្យ៉ាង​ទៀត​​ថា ​ចង្ក្រាន​ផលិត​ដែក​​ដែល​ជា​​តំបន់​​ប្រវត្តិសាស្ត្រ​ និង​ជា​ទី​កន្លែង​គោរព​បូជា​របស់​ជន​ជាតិ​ភាគ​តិច​កួយ ឋិត​ក្នុង​​ឃុំ​រមណីយ ​ស្រុក​រវៀង ​ខេត្តព្រះវិហារ ដែល​កំពុង​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​មេការ​ក្រុមហ៊ុន​ទ្រី​ភាព​។ ក្រុម​អង្គការ​ទាំង​នោះ​រួម​មាន​ អង្គការ​ពន្លក​ខ្មែរ ​សមាគម​អាដហុក​ និង​អង្គការ​លើក​ស្ទួយ​វប្បធម៌​កួយ ​(CIYA)​ ជាដើម​។

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ ​ដែល​ចុះ​អង្កេត​រឿង​នេះលោក​ ប៉ឹក សោភ័ណ​  រក​ឃើញ​ថា ​ពិត​ជា​មាន​ការ​ឈូស​ឆាយ​តំបន់​ប្រវត្តិសាស្ត្រ​ជន​ជាតិ​ដើម​កួយ ​បង្ក​ឱ្យ​បាត់បង់​ព្រៃ​អាស្រ័យ​ផល ​ច្បារ​ដំណាំ ​ព្រៃសមូហភាព ​និង​ដី​ព្រៃ​ពនេចរ​ជាដើម​ សរុប​ប្រមាណ​ជិត​ ៨​ រយ​ហិកតារ​ (៨០០)​។ ​លោក​ថា ​សកម្មភាព​ឈូស​ឆាយ​នោះ​ ធ្វើ​​ឱ្យ​ប៉ះពាល់​ជីវភាព​ជន​ជាតិ​កួយ​ធ្ងន់ធ្ងរ​ ដែល​ក្នុង​នោះ ​មាន​ពលរដ្ឋ ​១៧ ​គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ​។ ​លោក​បន្ថែម​ថា ​ក្នុង​ពេល​ពលរដ្ឋ​ដង្ហោយ​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​  មេការ​ក្រុមហ៊ុន ​នៅតែ​បន្ត​សកម្មភាព​ឈូស​ឆាយ​ដោយ​គ្មាន​ការ​ទប់ស្កាត់​ឡើយ​៖ «ពិត​ជា​មានការ​ឈូស​ឆាយ​រំលោភ​យក​តំបន់​ស្លដែក​ហ្នឹង​ពិត​មែន​។ ​មែនទែន​អាជ្ញាធរ​លោក​គួរ​តែ​មាន​វិធានការ​ចាត់ការ​ឱ្យ​ទាន់​ពេល​វេលា​។ ​នៅតែ​បន្ត​ឈូស​ឆាយ​ដដែល​ ខណៈ​ពេល​ដែល​ពលរដ្ឋ​កំពុង​តែ​ស្នើ​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ ហើយ​បើ​គិត​តាម​ផ្លូវច្បាប់ ​ផ្លូវ​តុលាការ​វិញ ​តុលាការ​គួរតែ​បញ្ឈប់​ ឬ​អាច​ចោទ​ជា​បទល្មើស​ជាក់ស្តែង​ »

Landpispute_in_Kompongtom_khuy_01.jpg
រូប​នេះ​ ជា​បំពង់បង្ហូរដែក ឬ​ជនជាតិ​ដើម​កួយ ហៅ​ថា បំពង់តាឡែក ដែល​មាន​សល់​នៅ​កន្លែង​ជនជាតិ​ដើម​ភាគ​តិច​កួយ​យក​ថ្មស្ល​ឱ្យ​ក្លាយ​ជា​ដែក កាល​ពី​សម័យ​ដើម នៅ​តំបន់​សន្លុង ឃុំរមណីយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ ថត​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ២០២១។ (រូប៖ ជនជាតិ​ដើម​ភាគ​តិច​កួយ​ផ្ដល់​ឱ្យ)

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុកខេត្តព្រះវិហារ​ដែល​ចុះ​អង្កេត​ករណីនេះ​ដែរ​ គឺ​លោក ​ឡោ ចាន់ ​មាន​ប្រសាសន៍​ថា ក្នុង​ពេល​ចុះ​អង្កេត​ពួក​លោក​ប្រទះ​ឃើញ​ សំណល់​ដែក​បុរាណ ​និង​ដើម​ឈើ​ធំៗ ​ត្រូវ​គេ​ឈូស​ឆាយ​កម្ទេច​ ដើម្បី​យក​ដី​ធ្វើ​កសិកម្ម​។ ​លោក​ថា ​ក្រុម​ពលរដ្ឋ​អះអាង​ថា​ មេការ​ក្រុមហ៊ុនទ្រីភាព​ នៅតែ​បន្ត​ឈូស​ឆាយ​កម្ទេចតំបន់​ប្រវត្តិសាស្ត្រ​កួយ  បើ​ទោះ​បី​ជា​អ្នកភូមិ​បាន​ស្រែក​តវ៉ា​ក្តី​ ក៏​ក្រុមហ៊ុន​នៅ​តែ​បំពាន​។​ រីឯ​អាជ្ញាធរ​វិញ​ ពុំ​ឃើញ​ជួយ​ដោះស្រាយ​ក្តី​កង្វល់​របស់​ពលរដ្ឋ​នោះ​ទេ​។  លោក​បន្ថែម​ថា ​គោល​បំណង​នៃ​ការ​ចុះ​ស៊ើប​អង្កេត​នេះ ​ដើម្បី​រក​ភស្តុតាង​រួច​ ធ្វើ​របាយការណ៍ស្នើ​ឱ្យ​អាជ្ញាធរ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ដោះស្រាយ​រឿង​នេះ​ ដោយ​យុត្តិធម៌ ​និង​តម្លាភាព៖ «ក្រុមហ៊ុន​ក៏​ដោយ ​ឈ្មួញ​ក៏​ដោយ​ ធ្វើការ​ឈូសឆាយ ​បើ​យើង​និយាយ​ផ្លូវ​ច្បាប់ ​គឺ​ខុស​ទាំងស្រុង​ហើយ​។ ឧទាហរណ៍​មាន​ច្បាប់​ក៏​ដោយ ​ក៏​ច្បាប់​ហ្នឹង​ក៏​គោរព​ប្រពៃណី​ខាង​ជន​ជាតិ​ដើម​ភាគ​តិច​ មិន​អាច​ទៅ​រំលោភ​ប្រពៃណី​ជន​ជាតិ​ដើម​ភាគ​តិច​ទេ »។

អា​ស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​ព្រះវិហារលោក ប្រាក់ សុវណ្ណ និងអ្នកនាំពាក្យ​សាលា​ខេត្ត​នេះលោក យ៉ុង គឹម​ហឿង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១ ខែមិថុនា​។ ចំណែកអភិបាល​ស្រុក​រវៀងលោក ហោ ប៊ុន​ហួរ និង​មេ​ការក្រុម​ហ៊ុន ​ទ្រីភាព ឈ្មោះ សែ លីណា ហៅ តយ ក៏​អា​ស៊ី​សេរី​មិន​អាច​ទាក់​ទង​បាន​​ដែរ នៅ​ថ្ងៃ​ដ​ដែល​នេះ ដោយ​ទូរស័ព្ទ​ចូលពុំ​មាន​អ្នក​ទទួល។

អ្នក​ភូមិ​អះអាង​ថា  កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ​អាជ្ញាធរ​ឃុំ/ស្រុក មន្ត្រី​បរិស្ថាន ​និង​ អាជ្ញាធរ​ពាក់ព័ន្ធ​ បាន​ចុះ​ពិនិត្យ​តំបន់​សន្លុង​ស្លដែក ប៉ុន្តែ​មិន​បាន​ហាម​ និង​​​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ទ្រី​ភាព​នោះ​ទេ​។ ​អ្នកភូមិ​ថា ​បើ​ទោះ​បី​ជាអ្នកភូមិ​តវ៉ា ​ប្តឹង​ និង​ស្វែង​រក​កិច្ច​អន្តរាគមន៍​បែប​ណា​ក្តី ​ក៏​មេការ​ក្រុមហ៊ុន​នៅ​តែ​ផ្គើន ​និង​ឈូស​ឆាយ​ព្រៃ​អាស្រ័យ​ផល​ ព្រៃ​សមូហភាព ​និង​ ស្រែ​ចម្ការ​ច្បារ​ដំណាំ​របស់​អ្នកស្រុក​អស់​ជា​បន្ត​បន្ទាប់​។

Landpispute_in_Kompongtom_khuy_02.jpg
គ្រឿងចក្ររបស់ក្រុមហ៊ុនទ្រីភាពដែលបានឈូសឆាយនៅ​តំបន់​សន្លុងស្លដែក ឃុំរមណីយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ២០២១។ (រូប៖ ជនជាតិ​ដើម​ភាគ​តិច​កួយ​ផ្ដល់​ឱ្យ)

តំបន់​សន្លុង​ស្ល​ដែក​មាន​ផ្ទៃ​ដី​ជាង ​៥ ​ហិកតារ  ឋិត​ក្នុង​ភូមិ​អូរ​ពោរ ឃុំ​រមណីយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ ដែល​ជា​កន្លែង​អភិរក្ស​វប្បធម៌​យ៉ាង​សំខាន់​របស់​ជនជាតិ​ដើម​ភាគ​តិច​កួយ ត្រូវ​បាន​មេការ​ក្រុម​ហ៊ុន​ទ្រី​ភាព ( ​TRY​ ​P​HEAP​ ​IMPORT​ ​EXPORT​ ​CO​., ​L​T​D​. ) ​ប្រើ​គ្រឿង​ចក្រឈូស​បំផ្លាញ​ចោល​ទាំង​ស្រុង ​ កាលពីខែឧសភា​កន្លង​ទៅ។ ជន​ជាតិ​ដើម​កួយ​រស់​នៅ​ភូមិតា​ឡែក ខេត្ត​កំពង់ធំ ជាប់​ព្រំ​ដែន​ខេត្ត​ព្រះវិហារ​ បាន​ស្រែក​ទ្រហោយំ​ស្តាយ​ស្រណោះ​កន្លែង​ផលិត​ដែក​ ដែល​បុព្វបុរស​កួយ​​បន្សល់​ទុក​។

តំបន់​សន្លុង​ស្ល​ដែក ឬ​ហៅ​ម្យ៉ាង​ទៀត​ថា សន្លុង​ត្នោត​ ជា​កន្លែង​គោរព​បូជា​យ៉ាង​សំខាន់របស់​អ្នក​ស្រុក​តាំង​ពី​​ដើម​មក។ លើស​ពី​នេះតំបន់​នោះ មាន​ទឹក​ផុស​ខួប​ប្រាំង និង​វស្សា អំណោយ​ផល​គាប់​ប្រសើរ​ឱ្យ​អ្នក​ស្រុក ធ្វើ​ស្រែ​ចម្ការ​គ្រប់​រដូវ​បាន។ ទន្ទឹម​នឹង​នេះ មាន​ស្រះ​ទឹក​បុរាណ ដែល​ដូន​តា​កួយ​កសាង ដើម្បី​ចម្រាញ់​ថ្ម​​ឱ្យ​ក្លាយ​​ជា​​ដែក អម​ដោយ​ចង្ក្រាន និង​បំពង់​បង្ហូរ​ដែក​ជា​ដើម។ ជនជាតិដើមកួយថា សំណល់​វប្បធម៌​​​ទាំង​នេះ ត្រូវ​បាន​គេ​ឈូស​កម្ទេច​ចោលទាំង​ស្រុង។ បន្ថែមពីនេះ តំបន់​នោះ​មាន​ដើម​ឈើ​ធំៗ ទួល​បុរាណ ​សត្វ​ព្រៃ​ វល្លិ៍​ និង​កន្លែង​ឃ្វាល​គោ​ក្របី ដែល​អ្នក​​ស្រុក​ចាត់​ទុក​ថា​ ​ របស់ជនជាតិកួយ ត្រូវ​បាន​បាត់​បង់​ទាំង​ស្រុង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល