ជនជាតិ​ដើម​ភាគតិច​ព្នង​ជាង ១០០​គ្រួសារ​ផ្ដិត​មេដៃ​ស្នើ​ដក​ដំណែង​ចៅ​សង្កាត់​រង​ទី​១ ករណី​​រំលោភ​ដី និង​លំនៅឋាន​ពលរដ្ឋ

ដោយ សុ ជីវី
2020-02-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្មេងៗ លេង​ក្បែរ​ផ្ទះ នៅ​ភូមិ​ពូ​តាំង សង្កាត់​រមនា ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី ដែល​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ១០៨នាក់ ផ្ដិត​មេ​ដៃ​ប្ដឹង​ចៅ​សង្កាត់​រង​ទី១ រឿង​គំរាម​ឈូស​ឆាយ​ផ្ទះ​ពួក​គេ។
ក្មេងៗ លេង​ក្បែរ​ផ្ទះ នៅ​ភូមិ​ពូ​តាំង សង្កាត់​រមនា ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី ដែល​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ១០៨នាក់ ផ្ដិត​មេ​ដៃ​ប្ដឹង​ចៅ​សង្កាត់​រង​ទី១ រឿង​គំរាម​ឈូស​ឆាយ​ផ្ទះ​ពួក​គេ។
រូប៖ សមាគម អាដហុក ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ២០២០

ជនជាតិ​ដើម​ភាគតិច​ព្នង​ជាង ១​រយ​គ្រួសារ (១០៨) ​រស់នៅ​ខេត្ត​មណ្ឌលគិរី បាន​នាំគ្នា​ផ្ដិត​មេដៃ​ដាក់​ញត្តិ ស្នើ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ដក​ដំណែង​ចៅ​សង្កាត់​រង​ទី​១ នៃ​សង្កាត់​រមនា គឺ​លោក ក្រើន ស្រើល ចេញពី​ដំណែង​។ អ្នកភូមិ​ចោទ​ថា អាជ្ញាធរ​សង្កាត់​រូប​នេះ បាន​ប្រើ​អំណាច​បណ្ដេញ​ពលរដ្ឋ ៣​គ្រួសារ ចេញពី​លំនៅឋាន និង​បាន​រំលោភ​យក​ដី​ចម្ការ​របស់​អ្នកភូមិ​ជា​ច្រើន​ហិកតារ។

ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង (ពូនង​) ១០៨​គ្រួសារ រស់នៅ​ភូមិ​ពូ​តាំង សង្កាត់​រមនា ក្រុង​សែនមនោរម្យ ប្តឹង​ចោទ​ចៅ​សង្កាត់រង​ទី​១ ​នៃ​សង្កាត់​រមនា លោក ក្រើន ស្រើល ថា បាន​ប្រើ​អំណាច​រំលោភ​យក​ដី​ចម្ការ​អ្នកភូមិ​ជាច្រើន​ហិកតារ និង​បាន​គំរាម​ពលរដ្ឋ​ ៣​គ្រួសារ​ឱ្យ​ចេញ​ពី​លំនៅឋាន ដើម្បី​យក​ដី​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

តំណាង​ពលរដ្ឋ លោក ជ្រឿយ ព្យូយ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៤ កុម្ភៈ​ថា ចៅ​សង្កាត់​​រង​ទី​១ លោក ក្រើន ស្រើល បាន​គំរាម​គ្រួសារ​របស់​លោក និង​ពលរដ្ឋ​២ ​គ្រួសារ​ទៀត ឱ្យ​រុះរើ​ផ្ទះ​ចេញ​ជាបន្ទាន់ ដើម្បី​ខ្លួន​យក​ដី​ធ្វើជា​កម្មសិទ្ធិឯកជន​។ តំណាង​ពលរដ្ឋ លោក ជ្រឿយ ព្យូយ ចាត់​ទុក​ទង្វើ​នេះ ជា​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ខុសច្បាប់ ខណៈ​អ្នកភូមិ​បាន​មក​តាំងទី​លំនៅ​ក្នុង​តំបន់​នេះ ជិត ៤០ឆ្នាំ​មក​ហើយ​។ លើស​ពី​នេះ​លោក​ថា អាជ្ញាធរ​ឃុំ​រូប​នេះ កន្លង​ទៅ​បាន​រំលោភ​ដី​ផ្នូរ​កប់​សព​របស់​អ្នកភូមិ ៤​គ្រួសារ​ទៀត ដើម្បី​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​៖ «មួយ​ឈ្មោះ​វា ញើម ចែស គាត់​ឱ្យ​រុះ​រើស​ចេញ​ផ្ទះ ហើយ​ទី​២​ ទៀត ផ្ទះ​ខ្ញុំ​ផ្ទាល់ខ្លួន​តែម្ដង​។ ខ្ញុំ​ហ្នឹង​ចំ​ក្បាល​ផ្ទះ​ហ្មង គាត់​ឱ្យ​រុះរើ បើ​មិន​រុះរើ​ទេ គាត់​យក​អាអិច កាយ​បោះចោល​។ គាត់​យក​ដី​ហ្នឹង ធ្វើជា​កម្មសិទ្ធិ​របស់​គាត់​។ ខ្ញុំ​ដេក​មិន​លក់​ទេ ហើយ​ហូបបាយ​អត់​ចូល​ទេ​ប៉ុន្មាន​ថ្ងៃ​ហ្នឹង ខ្លួន​ស្គម​គាត​ធ្វើ​បាប​អ៊ីចឹង ព្រោះ​អី​ខ្ញុំ​ត្រូវតែ​រក​ផ្លូវច្បាប់​ឱ្យ​គេ​ជួយ​ដោះស្រាយ​រឿង​ខ្ញុំ​។ ខ្ញុំ​កើតទុក្ខ​មិន​សុខចិត្ត​ទេ បើ​គេ​មិន​ដោះស្រាយ​កន្លែង​ខ្ញុំ​ទេ ខ្ញុំ​ក៏​ងាប់​កន្លែង​ផ្ទះ​ហ្នឹង​ល្អ​ជាង»

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ភូមិ​ពូតាំង លោកស្រី កើត ផិត ថ្លែង​ថា ចៅ​សង្កាត់​រង​រូប​នេះ បាន​រំលោភ​យក​ដីចម្ការ​របស់​លោក​ស្រី​ជាង ២​ហិកតារ និង​បាន​រំលោភ​យក​ដីចម្ការ​អ្នកភូមិ​ផ្សេងទៀត ជា​ច្រើន​​គ្រួសារ ធ្វើ​ឱ្យ​ពួកគេ​កើតទុក្ខ​មិន​សុខចិត្ត។ លោកស្រី​ថា អាជ្ញាធរ​រូប​នេះ បាន​គំរាម​ប្ដឹង​លោកស្រី​ទៅ​តុលាការ ដោយ​ទាមទារ​សំណង ៤​ពាន់​ដុល្លារ ក្នុង​ករណី​ចោទ​ថា គ្រួសារ​លោកស្រី​ធ្វើ​ឱ្យ​ឆេះ​ដើម​ស្វាយ​របស់​គាត់ ប៉ុន្តែ​លោកស្រី​បដិសេធ​ថា មិន​បាន​ប្រព្រឹត្ត​ដូច្នេះ​ទេ​។ លោកស្រី​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ រក​យុត្តិធម៌​រឿង​នេះ ៖ «ដី​អ៊ំៗ ខ្ញុំ​គាត់​យក​ដែល ហើយ​ដី​ចម្ការ​ខ្ញុំ​គាត់​យក​ដី ចម្ការ​អ៊ុំ​ខ្ញុំ​គាត់​យក​ដែរ ឬ អា ក្រើន ស្រើល​ ហ្នឹង​យក​។ យើង​ប្រកែក​ជាមួយ​គាត់​មិន​ឈ្នះ​គាត់​ទេ​ថា ឃើញ​ពួក​ខ្ញុំ​ក្រ​អ៊ីចឹង​ អត់​មាន​សិទ្ធិ​ទេ។ គាត់​ទេ​មាន​សិទ្ធិ​គាត់​ទេ​មាន​អំណាច»

ឆ្លើយតប​រឿង​នេះ ចៅ​សង្កាត់រង​ទី​១ នៃ​សង្កាត់​រមនា លោក ក្រើន ស្រើល បដិសេធ​ថា លោក​មិនបាន​បណ្ដេញ​ពលរដ្ឋ ៣​គ្រួសារ​ចេញ​ពី​ផ្ទះ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នោះ​ទេ ហើយក៏​មិនបាន​រំលោភ​យក​ដីចម្ការ​របស់​ពលរដ្ឋ​ណា​ម្នាក់​ដែរ​។ លោក​ចោទ​តប​វិញ​ថា មានតែ​ពលរដ្ឋ​ទេ ដែល​រំលោភ​យក​ដីចម្ការ​របស់​លោក​អាស្រ័យ​ផល​៖ «អត់​មាន​ទេ ដី​នៅ​ភូមិ​ហ្នឹង​ដី​ខ្ញុំ​ហើយ​គាត់​ទន្ទ្រាន​មក ចូល​លូតហ្នឹង ឥឡូវ​ខ្ញុំ​ឆ្វៀល​ចេញទៅ ហើយ​អា​លើ​យក​មក​ត្រង់ អា​លើ​លូត​ក៏​លូត​ទៅ ១​ម៉ែត្រ ទៅ ២ ម៉ែត្រ អត់​ខ្វល់​ទេ ខ្ញុំ​ឆ្វៀល​ចេញទៅ​អា​ដី​ហ្នឹង​ ហើយ​ដី​ហ្នឹង ដី​ពួក​ខ្ញុំ​ទេ ក្រុម​គ្រួសារ​ខ្ញុំ​ទេ​ដី​ហ្នឹង គាត់​នៅ​ត្រើយម្ខាង ដល់​ក្រោយ​មក​គាត់​មក​កាប់​ទន្ទ្រាន​កន្ទុយ​ដី​យើង»

ចំណែកចៅ​សង្កាត់​រមនា លោក ភ្យី ងុក ថ្លែង​ថា លោក​បាន​បញ្ជា​ឱ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ចុះ​ស្រាវជ្រាវ​រឿង​នេះ​ហើយ ដើម្បី​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ។ ចំពោះ​សំណួរ​ថា ចៅ​សង្កាត់​រង​ទី​១ បាន​គំរាម​បណ្ដេញ​ពលរដ្ឋ​៣​គ្រួសារ​ចេញ​ពី​ផ្ទះ ដើម្បី​យក​ដី​គ្រប់គ្រង​ជា​កម្មសិទ្ធិ តើ​អាជ្ញាធរ​សង្កាត់​យល់​យ៉ាង​ណា​? ចៅសង្កាត់​រូប​នេះ​ឆ្លើយ​ថា លោក​នៅ​មិនទាន់​ទទួល​ព័ត៌មាន​នេះ​ទេ ហើយ​លោក​នឹង​ពិនិត្យ​រឿង​នេះ៖ «ខ្ញុំ​ឱ្យ​ក្រុម​ការងារ​ចុះ​សម្របសម្រួល​។ ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ចុះ​សម្របសម្រួល​ពាក់ព័ន្ធ​នឹង​ដីចម្ការ​អី​ទេ​។ ឈូស​ផ្ទះសម្បែង​អត់​មាន​ទេ បើ​ដីចម្ការ ពាក់ព័ន្ធ​នឹង​គោក្របី​មាន ធ្លាប់​មាន​អ៊ីចឹង»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី និយាយ​ថា សមាគម​អាដហុក​បាន​ទទួល​ពាក្យ​បណ្ដឹង​នេះ​រួចហើយ និង​កំពុង​ស៊ើបអង្កេត​ករណី​នេះ​។ លោក​ថា ការ​ផ្តិត​មេដៃ​ដាក់​ញត្តិ​ទាមទារ​ដំណោះស្រាយ គឺជា​សិទ្ធិ​ពលរដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ ហើយ​អាជ្ញាធរ​ខេត្ត និង​ក្រសួង​មហាផ្ទៃ​គួរតែ​ចុះ​ស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ​៖ «ហើយ​ការងារ​ដែល​ពលរដ្ឋ​គាត់​ប្ដឹងផ្ដល់​នឹង​ការ​សុំ​ដី​ហ្នឹង គួរតែ​អាជ្ញាធរ​ថ្នាក់​ខេត្ត ថ្នាក់​ក្រុង ក៏ដូចជា​ក្រសួងមហាផ្ទៃ គួរតែ​ចុះ​ស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ និង​រក​ឱ្យ​ឃើញ​ថា តើ​ដូច​ពិត​ដែល​ពលរដ្ឋ​បាន​លើកឡើង​ដែល​ទេ។ ប្រសិនបើ​រក​ឃើញ​ពិត គួរតែ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​ករណី​រំលោភ​ហ្នឹង​ទៅ»

មន្ត្រី​សង្គម​ស៊ីវិល​បន្ថែម​ថា ប្រសិនបើ​អាជ្ញាធរ​សង្កាត់ ប្រើ​អំណាច​រំលោភ​យក​ដី និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​មែន គឺជា​ទង្វើ​ល្មើសច្បាប់ ដែល​អាជ្ញាធរ​ខេត្ត និង​ក្រសួងមហាផ្ទៃ​ត្រូវ​ចាត់​វិធាន​រដ្ឋបាល និង​ផ្លូវច្បាប់​ជាបន្ទាន់ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​ក្រីក្រ៕

 

(ភូមិ​ពូ​តាំង សង្កាត់​រមនា ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី ដែល​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ១០៨នាក់ ផ្ដិត​មេ​ដៃ​ប្ដឹង​ចៅ​សង្កាត់​រង​ទី១ រឿង​គំរាម​ឈូស​ឆាយ​ផ្ទះ​ពួក​គេ។ រូប៖ សមាគម អាដហុក ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ២០២០)

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល