នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដក​ហូត​កម្មសិទ្ធិ​ដី​ដែល​ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង​តាម​ខេត្ត​ជាប់​សមុទ្រ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ សាទរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចេញ​បទបញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​កសិកម្ម ពិនិត្យ​ឈាន​ដល់​និរាករណ៍ ឬ​លុប​ប័ណ្ណ​កម្មសិទ្ធិ និង​ឯកសារ​បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី​ផ្សេង​ទៀត​ដែល​មាន​ការ​ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ចំនួន​៤។

លិខិត​ចុះ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៦ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ចុះ​ហត្ថលេខា និង​បោះ​ត្រា​រដ្ឋលេខាធិការ លោក ស៊ូ ភិរិន្ទ បាន​ជម្រាប​ជូន​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​ស្ដីពី​ស្ថានភាព​ព្រៃ​កោងកាង​នៅ​តាម​តំបន់​ឆ្នេរ​នៃ​ប្រទេស​កម្ពុជា។

យោង​តាម​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​លោក ជា សុផារ៉ា លើ​ករណី​របាយការណ៍​ស្ដីពី​ស្ថានភាព​ព្រៃ​កោងកាង​នៅ​តាម​តំបន់​ឆ្នេរ​នៃ​ប្រទេស​កម្ពុជា ដោយ​ផ្តល់​មតិ​សំខាន់​ទៅ​លើ​ចំណុច​ទី​២ គឺ​និរាករណ៍ ឬ​ដក​ហូត​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​អចលនវត្ថុ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដី​របស់​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញាធរ​ដែនដី​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ មាន​ខេត្ត​កំពត ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ដែល​មាន​ការ​ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង។

លិខិត​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​យោង​តាម​ចំណារ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ពេល​នេះ ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤។ ក្រុម​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ត្រូវ​កោះ​ហៅ​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ឯកជន ទៅ​លើ​ដី​ព្រៃ​កោងកាង​របស់​រដ្ឋ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

១០-កុម្ភៈ-២០១៦៖ ទីតាំង​ដី​ឆ្នេរ​សមុទ្រ ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បាន​គេ​ចាក់​ដី​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ និង​បំផ្លាញ​ដល់​ព្រៃ​កោងកាង​ជា​ជម្រក​មច្ឆា​សមុទ្រ។ RFA/Den Ayuthyea
១០-កុម្ភៈ-២០១៦៖ ទីតាំង​ដី​ឆ្នេរ​សមុទ្រ ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បាន​គេ​ចាក់​ដី​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ និង​បំផ្លាញ​ដល់​ព្រៃ​កោងកាង​ជា​ជម្រក​មច្ឆា​សមុទ្រ។ RFA/Den Ayuthyea (RFA/Den Ayuthyea)

ក្រុម​ប្រជាពលរដ្ឋ និង​ជា​អ្នក​នេសាទ​សមុទ្រ​មួយ​ចំនួន​នៅ​ឃុំ​បិតត្រាំង ឃុំ​រាម និង​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ថ្លែង​គាំទ្រ​ប្រមុខ​ដឹក​នាំ​ដែល​មាន​ចំណាត់ការ​ឈាន​ដល់​ដក​ហូត ឬ​និរាករណ៍​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដែល​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ បាន​ឃុបឃិត​ធ្វើ​ប្លង់​រំលោភ​យក​ដី​ព្រៃ​កោងកាង​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​នៅ​ពេល​នេះ៖ «បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ថ្ម​ធំ​នេះ ទឹក​លិច គាត់​អត់​មាន​អាជីវកម្ម​អី​ទេ។ អ៊ីចឹង​សូម​ជួយ​ដោះស្រាយ កុំ​យក​តំបន់​ព្រៃ​ទឹក​លិច​នេះ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន សូម​ទុក​ជា​សមូហភាព​សម្រាប់​ប្រជាជន​ទូទៅ»

ចំណែក​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ក៏​បង្ហាញ​ទស្សនៈ​គាំទ្រ​ចំពោះ​ចំណាត់ការ​ដ៏​មាន​ប្រយោជន៍​របស់​ប្រមុខ​ដឹក​នាំ ដែល​ជួយ​ការពារ និង​ទប់ស្កាត់​សកម្មភាព​រំលោភ​ដី​ព្រៃ​កោងកាង​រាប់​ពាន់​ហិកតារ ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ ឈាន​ដល់​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ពី​ឯកជន មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​អភិរក្ស​នៅ​ពេល​នេះ។ លោក​ចោទ​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ និង​អភិបាល​ខេត្ត​ប៉ុន្មាន​អាណត្តិ​កន្លង​មក​នេះ ថា​ជា​អ្នក​មាន​កំហុស​ឆ្គង​ធ្ងន់ធ្ងរ​ក្នុង​ការ​ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​លើ​ដី​ព្រៃ​កោងកាង ដី​តំបន់​ឆ្នេរ​សមុទ្រ និង​ដី​បឹង​អូរ​ធម្មជាតិ ដោយ​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធិ បាន​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល និង​ថ្នាក់​ដឹក​នាំ​ក្រសួង​រៀបចំ​ដែនដី ត្រូវ​កោះ​អញ្ជើញ​អ្នក​មាន​ឈ្មោះ​ជាប់​ពាក់ព័ន្ធ​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​នៅ​លើ​ដី​ចំណី​ព្រៃ​លិច​ទឹក ឬ​ដី​ព្រៃ​កោងកាង ដី​ចំណី​ឆ្នេរ​សមុទ្រ និង​ដី​បឹង​អូរ​ធម្មជាតិ​ជាដើម ឲ្យ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៖ «ខេត្ត​ព្រះសីហនុ យើង​នេះ ចំណុច​ដែល​កំពុង​គំរាមកំហែង​ និង​ឈាន​ដល់​បាត់បង់​ដោយសារ​ប្លង់​កម្មសិទ្ធិ​មួយ​ចំនួន​ហ្នឹង គឺ​មាន​ដូចជា​នៅ​បឹងកង្កែប មាន​រាប់​សិប​ប្លង់ ហើយ​នៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ មាន​ចាក់​ដី​លុប​ព្រៃ​កោងកាង​ដែរ នៅ​ឆ្នេរ​អូរត្រេះ ក៏​មាន​ដែរ។ ឃើញ​មាន​អាជ្ញាធរ​ចុះ​ពិនិត្យ​ដល់​ទីតាំង​មួយ​ចំនួន​ដែរ ប៉ុន្តែ​មិន​មាន​វិធានការ​ទប់ស្កាត់​ទេ ដោយ​ម្ចាស់​ដី​ទាំង​នោះ​បង្ហាញ​ប្លង់​កម្មសិទ្ធិ​ចេញ​ដោយ​មន្ត្រី​សុរិយោដី ឬ​ភូមិបាល​មួយ​ចំនួន​នៅ​ពេល​កន្លង​មក ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង​ជា​បន្ត​បន្ទាប់»

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ប្រកាស​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ចំណាត់ការ​របស់​ប្រមុខ​ដឹក​នាំ ដែល​ដាក់​ឲ្យ​រដ្ឋមន្ត្រី​ក្រោម​ឱវាទ​ពិនិត្យ​ទៅ​លើ​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​លើ​ដី​ព្រៃ​កោងកាង​នា​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ ដើម្បី​ឈាន​ដល់​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ទាំង​នោះ។

យ៉ាង​នេះ​ក្តី លោក សុខ សុខុម ថ្លែង​ថា នឹង​រង់ចាំ​មើល​សកម្មភាព​ចុះ​អនុវត្ត​ការងារ​នេះ​របស់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ថា​តើ​មាន​ប្រសិទ្ធភាព​ឈាន​ដល់​ដក​ហូត​ដី​ព្រៃ​លិច​ទឹក ឬ​ដី​ព្រៃ​កោងកាង ដែល​បុគ្គល​ឯកជន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​រំលោភ​យក​ដី​រដ្ឋ​កន្លង​មក​មាន​ប្រសិទ្ធភាព​ត្រឹម​កម្រិត​ណា?

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បង្ហាញ​ទស្សនៈ​ថា ដី​ព្រៃ​កោងកាង ឬ​ដី​ព្រៃ​លិច​ទឹក​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដែល​ត្រូវ​អាជ្ញាធរ​ជំនាញ​តាម​ខេត្ត​នីមួយៗ ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ឯកជន​កន្លង​មក ត្រូវ​តែ​រដ្ឋាភិបាល​រឹប​អូស​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​អភិរក្ស​ព្រៃ​កោងកាង​ទុក​សម្រាប់​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ និង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នា​ថ្ងៃ​អនាគត៖ «ក្នុង ​នាម​ខ្ញុំ​ជា​សង្គម​ស៊ីវិល ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព។ សូម​អំពាវនាវ​ដល់​ឯកឧត្ដម ជា សុផារ៉ា ជួយ​ពិនិត្យ​ឡើង​វិញ​នូវ​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​ត្រូវ​បាន​ចេញ​ប្លង់​ កម្មសិទ្ធិ​រួច​ហើយ​នោះ ត្រូវ​យក​ប័ណ្ណ​កម្មសិទ្ធិ​ទាំង​នោះ​មក​ពិនិត្យ ឬ​ជជែក​វែកញែក​ថា តើ​ត្រូវ​លុប​ប័ណ្ណ ឬ​និរាករណ៍​ប្លង់​កម្មសិទ្ធិ​ទាំង​នេះ​ចោល ដើម្បី​រក្សា​ដី​សាធារណៈ​របស់​រដ្ឋ ឬ​ក៏​ត្រូវ​រក្សាទុក​នាំ​ឲ្យ​បាត់បង់​ដី​សាធារណៈ​របស់​រដ្ឋ»

មន្ត្រី​សង្គម​ស៊ីវិល​បាន​អះអាង​ថា ខេត្ត​ព្រះសីហនុ គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ទាំង​៤ របស់​ប្រទេស​កម្ពុជា ដែល​ដី​ចំណី​ឆ្នេរ​សមុទ្រ ដី​ព្រៃ​កោងកាង ឬ​ដី​ព្រៃ​លិច​ទឹក និង​ដី​ចំណី​បឹង​អូរ​ធម្មជាតិ ជាដើម ត្រូវ​រង​ការ​រំលោភ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ពី​សំណាក់​ឯកជន ដោយ​មាន​ការ​ឃុបឃិត​ពី​ថ្នាក់​ដឹក​នាំ​ខេត្ត និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​នេះ​ក្នុង​ប៉ុន្មាន​អាណត្តិ​ដឹក​នាំ​កន្លង​មក ប៉ុន្តែ​ទើប​តែ​ក្នុង​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ នេះ​ទេ ដែល​ប្រមុខ​ដឹក​នាំ​មាន​ចំណាត់ការ​ក្តៅ ឬ​បទបញ្ជា​ឲ្យ​ពិនិត្យ និង​ឈាន​ដល់​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ទាំងឡាយ​ណា​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដី​ព្រៃ​កោងកាង ឬ​ដី​ព្រៃ​លិច​ទឹក​នៅ​តាម​ឆ្នេរ​សមុទ្រ​ខេត្ត​ទាំង​៤ នៅ​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។