អាជ្ញាធរ​ខណ្ឌ​ចំការមន​ប្រើ​ហិង្សា​លើ​ក្រុម​ស្ត្រី​មាន​ជម្លោះ​ដី​ខេត្ត​កោះកុង នៅ​មុខ​ស្ថានទូត​ចិន

ដោយ ថន ថារ៉ូ
2019-07-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ស្ត្រី ១៥​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​មាន​ជម្លោះដីធ្លី ៧៧​គ្រួសារ នៅ​ខេត្ត​កោះកុង ពេល​មក​បន្ត​ការ​តវ៉ា​រក​ដំណោះស្រាយ នៅមុខ​ស្ថានទូត​ចិន​ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។
ក្រុម​ស្ត្រី ១៥​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​មាន​ជម្លោះដីធ្លី ៧៧​គ្រួសារ នៅ​ខេត្ត​កោះកុង ពេល​មក​បន្ត​ការ​តវ៉ា​រក​ដំណោះស្រាយ នៅមុខ​ស្ថានទូត​ចិន​ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុកអ្នកស្រី ច្រាយ នីម

ក្រុម​ស្ត្រី ១៥​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​មាន​ជម្លោះដីធ្លី ៧៧​គ្រួសារ នៅ​ខេត្ត​កោះកុង រង​​អំពើ​ហិង្សា​ពី​​ក្រុម​សន្តិសុខ​ខណ្ឌ​ចំការមន ខណៈ​ពួកគាត់​បន្ត​ការ​តវ៉ា​រក​ដំណោះស្រាយ នៅមុខ​ស្ថានទូត​ចិន​។ សង្គម​ស៊ីវិល​យល់ថា ដំណោះ​ស្រាយ​​សម្រាប់​ពលរដ្ឋ​​មាន​វិវាទ​ដីធ្លី​ពិតជា​មាន ប្រសិនបើ​ក្រសួង​បរិស្ថាន និង​ក្រសួង​រៀបចំ​ដែនដី មាន​ឆន្ទៈ​រួមគ្នា​​ដោះ​ស្រាយ​​បញ្ចប់​​ករណី​​ដីធ្លី​​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ នៅ​ក្នុង​ខេត្ត​កោះកុង។

តំណាង​ពលរដ្ឋ​ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ឌិវេឡុបមិនធ៍ គ្រុប (Union Development Group Co.,Ltd) លោកស្រី សាំង ពុយ រៀបរាប់​ថា សន្តិសុខ​ខណ្ឌ​ចំការមន​ជាច្រើន​នាក់ មិន​ត្រឹមតែ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ដាក់​ពួកគាត់​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​រុញច្រាន ចាប់​សែង ពួកគាត់​ចេញ​ឱ្យ​ឆ្ងាយ​ពីមុខ​ស្ថានទូត​ចិន និង​បាន​ដក​ហូត​យក​ឧបករណ៍​ស្រែក​តវ៉ា កាន់​បដា ជា​ភាសា​ខ្មែរ ចិន និង​អង់គ្លេស​ទៀត​ផង។

លោកស្រី សាំង ពុយ ថ្លែង​ថា សកម្មភាព​ហិង្សា​ពី​អាជ្ញាធរ​ទៅលើ​ប្រជាពលរដ្ឋ​ ដែល​​ចេញ​​តវ៉ា​​ដោយ​​សន្តិវិធី នៅ​​ថ្ងៃ​​ទី​៩ កក្កដា ទំនង​​មាន​តែ​​នៅ​​កម្ពុជា​​ប៉ុណ្ណោះ ព្រោះ​ពួកគាត់​មិន​ដែល​ឃើញ​មាន​ការ​ប្រើ​អំពើ​ហិង្សា​បែបនេះ លើ​ពលរដ្ឋ​ខ្លួន​ឯង​​ដូច្នេះ​​​ឡើយ នៅ​ក្នុង​ប្រទេស​កាន់​ប្រជាធិបតេយ្យ​ដទៃ​ទៀត៖ «គេ​ដណ្ដើម​សារ មេក្រូ ហើយ​គេ​ទម្លាក់​ម្ដង​មួយៗ នៅ​ផ្លូវ​ខាង​នេះ​។ ហើយ​ខ្លះ​ទម្លាក់​ទៅ​អុក​គូទ​ទៅ​បាក់​ចង្កេះ ថ្លោះ​ចង្កេះ​។ អ៊ុំ​ម្នាក់ ទិត្យ តេន គាត់​របូត​សារុង​ពេញ​ផ្លូវថ្នល់ ហើយ​គួរ​ឱ្យ​ខ្មាស​កិត្តិយស​​របស់​គាត់ អត់​ផ្ដល់​កិត្តិយស​ឱ្យ​គាត់។ គាត់​សុំ​ស្លៀក​សារុង ក៏​មិន​ឱ្យ​គាត់​ស្លៀក​។ លើក​គាត់​មក​ទាំង​អត់​មាន​សារុង​ស្លៀក​អ៊ីចឹង។ ធ្វើ​ឱ្យ​ខ្មាស​គេ អត់​មាន​ទុក​មុខ​ទុក​កិត្តិយស​ជា​ស្ត្រី​ខ្មែរ​។ គេ​ធ្វើ​នៅ​តាម​ចិញ្ចើម​ផ្លូវថ្នល់​នៅមុខ​ស្ថានទូត​ចិន​។ ហើយ​​បង្ហាញ​ភាព​អាក្រក់​ហ្នឹង ឱ្យ​ជនបរទេស ជនជាតិ​ចិន ហ្នឹង​មើលងាយ»

តំណាង​ពលរដ្ឋ​រូប​នេះ ហៅ​ការ​ព្យាយាម​រារាំង​បិទបាំង​ពី​អាជ្ញាធរ មិន​ឱ្យ​ពួកគាត់​តវ៉ា​នេះ​ថា ជា​អំពើ​មិន​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​របស់​ខ្លួន បែរជា​ទៅ​ការពារ​ផលប្រយោជន៍​របស់​បរទេស​ទៅវិញ​៖ «មន្ត្រី​ស្ថានទូត​ ២​ថ្ងៃ​ហើយ គឺ​មាន​ចេញ​មក​ជួប ឬ​ក៏​ថា​អី ដោយសារ​ថា​ គាត់​មើល​ស្ថានភាព​នៅ​ខាងក្រៅ​តាម​កាមេរ៉ា ឃើញ​ថា​ខ្មែរ​យើង​ធ្វើបាប​គ្នាឯង​អ៊ីចឹង ហេតុអ្វី​បាន​គាត់​ត្រូវ​ចេញ​មក​ជួប​យើង​។ បើ​សិន​ខ្មែរ​យើង​ចេះ​ការពារ​ប្រជាពលរដ្ឋ គាត់​ត្រូវ​ពន្លឿន​ឱ្យ​ខាង​ស្ថានទូត​មក​ជួប​ប្រជាពលរដ្ឋ។ ហើយ​​អគ្គរដ្ឋទូត​ចិន​ក៏​អត់​ទទួលខុសត្រូវ​ដែល​ថា ត្រូវ​ចេញ​ទទួលខុសត្រូវ​កូនចៅ​របស់​គាត់​ដែរ​។ គឺ​គាត់​ចូល​មក​ក្នុង​ប្រទេស​ខ្មែរ តែ​មិន​គោរព​សិទ្ធិ​របស់​ប្រទេស​ខ្មែរ មិន​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរ​យើង»

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក ហួរ អ៊ីន និយាយ​ថា ការ​ប្រើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ទៅ​លើ​ពលរដ្ឋ ដូច្នេះ​រឹតតែ​បង្ក​ភាព​ឈឺចាប់​បន្ថែម​ទៅ​ឱ្យ​ពួកគាត់ ដែល​បាន​បាត់បង់​ដីធ្លី​ទៅ​ក្រុមហ៊ុន​ចិន​មួយ​សារ​រួច​ទៅ​ហើយ។

លោក ហួរ អ៊ីន បន្ត​ថា ស្ថានទូត​ចិន មិន​បាន​គោរព​ពាក្យសន្យា​របស់​ខ្លួន​ជាមួយ​ប្រជាពលរដ្ឋ ដែល​ធ្លាប់​និយាយ​ថា នឹង​ប្រាប់​ទៅ​ក្រុមហ៊ុន​ យូញៀន ឱ្យ​គិតគូរ​ពី​សំណង​ដល់​ប្រជាពលរដ្ឋ​។ លោក ហួរ អ៊ីន ឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ពលរដ្ឋ​ទាំង​នោះ​​នៅ​មិនទាន់​ទទួល​បាន​សំណង​ពី​ភាគី​ក្រុមហ៊ុន សូម្បីតែ​ ១​រយ​រៀល។ មន្ត្រី​ឃ្លាំ​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ យល់ថា មានតែ​ក្រសួង​ពីរ​ប៉ុណ្ណឹង ដែល​អាច​ដោះស្រាយ​បញ្ចប់​ជម្លោះ​ករណី​ដីធ្លី​មួយ​កន្លែង​នេះ គឺ​ក្រសួង​បរិស្ថាន និង​ក្រសួង​រៀបចំ​ដែនដី និង​នគរូបនីយកម្ម និង​សំណង់​៖ «ដំណោះស្រាយ​កន្លង​មក​នេះ គឺ​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​របស់​ក្រសួង​បរិស្ថាន​ហ្នឹង។ បើសិនជា​ចង់​ដោះ គឺ​អាច​សម្របសម្រួល​ដោះ​បាន​ទាំងអស់។ ហើយ​គាត់​បណ្ដោយ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​នៅតែ​រងគ្រោះ អ៊ីចឹង អត់​បង្ហាញ​ការទទួលខុសត្រូវ​បែប​ហ្នឹង គឺ​ឱ្យ​នៅ​មាន​ទំនាស់ ប្រជាពលរដ្ឋ​នៅតែ​ឡើង​មក​តវ៉ា​អ៊ីចឹង។ ហើយ​អ្វី​ដែល​សំខាន់​គឺ​ទៅលើ​រដ្ឋមន្ត្រី​ខាង​ក្រសួង​បរិស្ថាន​ទេ ដែល​ចង់​ដោះ​ឬ​មិន​ចង់​ដោះ​។ សូម​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស សូម​ជួយ​ធ្វើជា​សាក្សី ដើម្បី​មើល​ចំណាត់​ការ​របស់​ក្រសួង​បរិស្ថាន​ហ្នឹង មាន​ឆន្ទៈ​ដោះស្រាយ​ផលវិបាក​វេទនា​របស់​ប្រជាពលរដ្ឋ ឬ​អត់ ដែល​កើតឡើង​ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​របស់​រដ្ឋាភិបាល ហ្នឹង»

របប​ក្រុងភ្នំពេញ បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​ជាង ៤៥.១០០​​ហិកតារ ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន យូញៀន ឌិវេឡុបមិនធ៍ គ្រុប កាលពី​ឆ្នាំ​២០០៨ ដើម្បី​សាងសង់​ទីក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ .៨០០​​លាន​​ដុល្លារ។ គម្រោង​អភិវឌ្ឍ​នេះ បាន​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ ចាក​ចេញពី​លំនៅឋាន ប៉ុន្តែ​នៅ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត​នៅ​មិនទាន់​ទទួល​បាន​ដំណោះ​នៅ​ឡើយ​មក​ដល់​ពេល​នេះ​។

កាលពីដើម​ខែ​ឧសភា​កន្លង​ទៅ​នេះ សារព័ត៌មាន​អនឡាញ​ឈ្មោះ ​"War on the rocks” ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ចុះផ្សាយ​អត្ថបទ​ស៊ីជម្រៅ​មួយ​ទាក់ទង​នឹង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​ម៉ឺន​ហិកតារ​នេះ បង្ហាញ​ថា ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន​គ្រុប កំពុង​រូតរះ​សាងសង់​ព្រលាន​យន្តហោះ​នៅ​ក្នុង​ខេត្ត​កោះកុង​។ ទំហំ​ព្រលាន​យន្តហោះ​ដែល​កំពុង​សាងសង់​នៅ​ក្នុង​ខេត្ត​ជាប់​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​មួយ​នេះ គឺ​ស្រដៀង​គ្នា​នឹង​ព្រលាន​យន្តហោះ នៅ​លើ​កោះ ស្ពាត​លី (Spratly) ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ដែល​អាច​បើកផ្លូវ​ឱ្យ​យោធា​ចិន ប្រើប្រាស់​យន្តហោះ​ឈ្លប​យក​ការណ៍ យន្តហោះ​ចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក តាម​ផ្លូវ​អាកាស​បាន។

ចំណែក មជ្ឈមណ្ឌល​ដើម្បី​ការសិក្សា​ជាន់ខ្ពស់​ផ្នែក​ការពារ​ជាតិ [Center for Advanced Defense Studies] នៅ​សហរដ្ឋអាមេរិក អះអាង​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ខ្លួន​ថា ការអភិវឌ្ឍន៍​ខ្នាត​ធំ​របស់​ក្រុមហ៊ុន​ចិន​យូញៀន​នេះ គឺ​មាន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន ព្រោះ​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោងការ​យុទ្ធសាស្ត្រ សន្តិសុខ និង​ភូមិសាស្ត្រ​នយោបាយ​ចិន ដើម្បី​សម្រេច​ឱ្យ​បាន គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ក្នុង​របាយការណ៍​នេះ បញ្ជាក់​ថា ការ​វិនិយោគ​និង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ បង្ក​ឱ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ខេត្ត​កោះកុង ប្រទេស​កម្ពុជា។ ទោះជា​យ៉ាងណា របប​ក្រុងភ្នំពេញ​តែង​ច្រានចោល​សេចក្ដី​រាយការណ៍​ដែល​ថា កម្ពុជា​គ្រោង​នឹង​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​ចិន​នៅ​លើ​ទឹកដី​កម្ពុជា។

ក្រុម​ប្រជាពលរដ្ឋ​តំណាង​ឱ្យ​ ៧៧​គ្រួសារ ដែល​មិន​ទាន់​បាន​ទទួល​បាន​សំណង បញ្ជាក់​ថា ពួកគាត់​នឹង​បន្ត​ការ​តវ៉ា​នៅ​ស្ថានទូត​ចិន រហូត​មានការ​ឆ្លើយតប​ជា​វិជ្ជមាន​ណាមួយ ពី​មន្ត្រី​តំណាង​ស្ថានទូត ហើយ​នឹង​បន្ត​ទៅ​ក្រសួង​បរិស្ថាន ដើម្បី​រក​ដំណោះស្រាយ​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​យូញៀន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល