ពលរដ្ឋនៅខេត្តស្វាយរៀងប្រមូលផ្ដុំគ្នាទាមទារឲ្យអាជ្ញាធរបញ្ឈប់ក្រុមហ៊ុនលុបស្រះទឹកសាធារណៈ
2023.06.05

តំណាងពលរដ្ឋនៅស្រុកស្វាយទាប ខេត្តស្វាយរៀង ប្រមាណ៣០នាក់ ប្រមូលផ្ដុំគ្នាតវ៉ាឲ្យអាជ្ញាធរបញ្ឈប់ក្រុមហ៊ុន អេស ប៊ី ប៊ី ភី គ្រុប(SBBP Group) ចាក់ដីលុបស្រះទឹកសាធារណៈ ដែលពួកគាត់ប្រើប្រាស់ប្រចាំថ្ងៃ។
តំណាងពលរដ្ឋឃុំព្រែកតាអី លោក សួន វត្ថា សោកស្ដាយចំពោះអាជ្ញាធរឃុំព្រែកតាអី ដែលមិនចូលរួមស្ដាប់ការបំភ្លឺពីសាក្សី ដែលដឹងពីសាវតារដីពិតប្រាកដ។ លោកបន្តថា ស្អែកនេះ តំណាងពលរដ្ឋឃុំព្រែកតាអី នឹងទៅសាលាឃុំដើម្បីស្នើឲ្យអាជ្ញាធរចុះវាស់វែង និងអនុញ្ញាតឲ្យពលរដ្ឋបោះបង្គោលព្រំស្រះទឹកនោះ។ តំណាងពលរដ្ឋរូបនេះ ថា បើអាជ្ញាធរមូលដ្ឋានមិនដោះស្រាយបញ្ហានេះទេ ពលរដ្ឋក្នុងឃុំនឹងប្រមូលស្នាមមេដៃដើម្បីប្ដឹងទៅតុលាការដើម្បីរក្សាស្រះទឹកនេះ ជាសម្បត្តិសាធារណៈ។
លោក សួន វត្ថា៖ «សុំទៅអាជ្ញាធរដែនដីបើសិនជាការ អ្វីដែលអាជ្ញាធរដែនដីថា អតីតមេឃុំមុនបានលក់នោះ ឥឡូវសាក្សីបានឆ្លើយបំភ្លឺហើយថា គាត់មិនបានលក់ទេ ដូច្នេះស្នើសុំឲ្យអាជ្ញាធរដែនដីនៅក្នុងឃុំព្រែកតាអីនឹង គាត់ចុះវាស់វែងដើម្បីឲ្យពលរដ្ឋបោះបង្គោលទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ»។
កន្លងមកអាជ្ញាធរមូលដ្ឋាន បានអះអាងថា ស្រះទឹក ដែលពលរដ្ឋកំពុងតវ៉ានេះ គឺមេឃុំព្រែកតាអីពីមុន ដែលបានស្លាប់ទៅគឺលោក ឈុន គឹមលន់ បានលក់ឲ្យទៅក្រុមហ៊ុន អេស ប៊ី ប៊ី ភី តាំងតែពីឆ្នាំ២០០៨មកម្ល៉េះ។ ក៏ប៉ុន្តែសាក្សី ដែលដឹងពីសាវតារដីស្រះនោះ បញ្ជាក់ថា ដីដែលមេឃុំពីមុន ដែលបានលក់ឲ្យទៅក្រុមហ៊ុន គឺស្ថិតនៅឆ្ងាយពីស្រះទឹកនោះយ៉ាងតិច ២០០ម៉ែត្រ។
ស្រះទឹកនេះមានទំហំ ៣ហិកតារ ដែលស្ថិតនៅភូមិត្រពាំងតាអី ឃុំព្រែកតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។ កាលពីថ្ងៃទី២១ ឧសភាថ្មីៗនេះ ពលរដ្ឋប្រមាណ៥០នាក់ រស់នៅក្នុងភូមិត្រពាំងតាអី បានប្រមូលផ្ដុំគ្នាទាមទារឲ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពឈូសឆាយដីលុបស្រះទឹកនេះម្ដងរួចមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។