ពលរដ្ឋ​នៅ​ស្រុក​តំបែរ​ ធ្វើ​យុទ្ធនាការ​ទាម​ទារ​​តុលាការ​ខេត្ត​ត្បូង​ឃ្មុំ ដោះលែង​តំណាង​ពួក​គេ​ឲ្យ​មាន​សេរីភាព

ដោយ ខែ សុណង
2020-02-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ភូមិ​នៅ​ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ លើក​បដា និង​រូប​ថត​លោក សែម សាង ធ្វើ​យុទ្ធនាការ​ទាមទារ​​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក សែម សាង ពី​ការ​ឃុំឃាំង។
អ្នក​ភូមិ​នៅ​ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ លើក​បដា និង​រូប​ថត​លោក សែម សាង ធ្វើ​យុទ្ធនាការ​ទាមទារ​​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក សែម សាង ពី​ការ​ឃុំឃាំង។
រូប៖ ពលរដ្ឋ

ប្រជា​ពលរដ្ឋ​ប្រមាណ ៣០នាក់ នៅ​ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ ធ្វើ​យុទ្ធនាការ​លើក​បដា​ និង​រូប​ថត​លោក សែម សាង ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​តំណាង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ។ ការ​ជួប​ជុំ​គ្នា​ធ្វើ​នៅ​ដី​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​​ចិន​ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment)

អ្នក​ភូមិ​ស្រែ​ប្រាំង​ លោក សែម ចំណាន ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ​ថា នេះ​ជា​លើក​ទី៤ ហើយ ដែល​អ្នក​ភូមិ​រួម​គ្នា ទាមទារ​ឲ្យ​សាលា​ដំបូង​ខេត្ត​ត្បូង​ឃ្មុំ ដោះលែង​លោក សែម សាង មក​វិញ ព្រោះ​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​លើ​តំណាង​ពួក​គាត់ គឺ​ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​ឡើយ។

ភរិយា​លោក សែម សាង គឺ​លោកស្រី ឈឿន ស្រីសុខ ដែល​មាន​ផ្ទៃ​ពោះ ៦ខែ ស្នើ​ដល់​តុលាការ​ជួយ​ពន្លឿន​នីតិវិធី​ ដោះលែង​ប្ដី​លោកស្រី ឲ្យ​បាន​ជួបជុំ​គ្រួសារ​វិញ ព្រោះ​ពេល​នេះ​គ្រួសារ​កំពុង​ជួប​បញ្ហា​ជីវភាព​ខ្លាំង។

លោក សែម សាង ត្រូវ​បាន​អាជ្ញាធរ​ស្រុក​តំបែរ ស្ទាក់​ចាប់​​នៅ​ភូមិ​ស្រែ​ប្រាំង ហើយ​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ២០១៩ បន្ទាប់​ពី​លោក​ត្រឡប់​មកពី​ចូល​រួម​សិក្ខា​សាលា​ចិញ្ចឹម​មាន់ និង​ផលិត​ទឹក​សុទ្ធ នៅ​ខេត្ត​កំពង់​ឆ្នាំង។ លោក​រង​ការ​ចោទ​ប្រកាន់​ទាក់​ទង​នឹង​បទ​ចោទ​ថា "កំហែង​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ ដោយ​សារ​ការ​ប្រើ​ប្រាស់​អាវុធ" ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ស្រែ​ប្រាំង ឃុំ​ត្រពាំង​ព្រីង កាល​ពី​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ ឆ្នាំ២០១៦។

អ្នក​ភូមិ​ស្រែ​ប្រាំង​បញ្ជាក់​ថា ពួកគេ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​នេះ បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក រហូត​ដល់​តុលាការ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ហើយ​ដោះលែង​លោក សែម សាង ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ពលរដ្ឋ​ ក៏​ស្នើ​ដល់​តុលាការ​ និង​អាជ្ញាធរ និង​ក្រុមហ៊ុន បញ្ឈប់​ការ​ចោទ​ប្រកាន់ ​លាប​ពណ៌​លើ​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល