ក្រុមពលរដ្ឋរស់នៅបឹងតាមោក បន្តចេញតវ៉ាឱ្យអាជ្ញាធរបញ្ឈប់ការគំរាមកំហែង និងដោះស្រាយបញ្ហាដីធ្លី
2024.04.20

ក្រុមពលរដ្ឋរងគ្រោះជម្លោះដីធ្លីរស់នៅបឹងតាមោកប្រមាណ ៤០នាក់ បាននាំកូនចៅចេញប្រមូលផ្ដុំគ្នាតវ៉ាលើកបដាសាជាថ្មីតាមបណ្ដោយផ្លូវ១៥១ ក្នុងខណ្ឌព្រែកព្នៅនៅរសៀលថ្ងៃទី១៩ ខែមេសា ដើម្បីស្រែកទាមទារដល់អាជ្ញាធរ ឲ្យបញ្ឈប់ការគំរាមកំហែងប្រើអំពើហិង្សាលើពលរដ្ឋ និងអំពាវនាវដល់រដ្ឋាភិបាលងាកមកដោះស្រាយបញ្ហាដីធ្លីដោយសន្តិវិធី។
ការចេញតវ៉ាពលរដ្ឋជាថ្មីទៀតនេះ បន្ទាប់ក្រុមអាជ្ញាធរខណ្ឌព្រែកព្នៅកាលពីព្រឹកថ្ងៃទី១៩ ខែមេសា បាននាំគ្នាមកគំរាមកំហែងប្រជាសហគមន៍បឹងតាមោកឱ្យទទួលយកសំណងតាមគោលនយោបាយរដ្ឋាភិបាល តែពលរដ្ឋអះអាងថា គោលនយោបាយរបស់រដ្ឋាភិបាលរៀបចំដោះដូរដីឱ្យពលរដ្ឋនេះ មិនយុត្តិធម៌ និងផ្ដល់តម្លៃក្រោមទីផ្សារ។
ពលរដ្ឋរងគ្រោះនៅសហគមន៍បឹងតាមោក លោកស្រី សឿន ស្រីសុទ្ធ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ ខែមេសាថា ក្រុមពលរដ្ឋមិនទៅរស់នៅកន្លែងដែលរដ្ឋាភិបាលរៀបចំនោះទេ ព្រោះមិនអាចរកស៊ីចិញ្ចឹមជីវិតបាន និងជាតំបន់ដាច់ស្រយាល។ លោកស្រីបញ្ជាក់ថា មកទល់ពេលនេះ ក្រុមហ៊ុនឯកជនបានឈូសឆាយខាងក្រោយផ្ទះពលរដ្ឋ ដែលមិនព្រមទទួលសំណងជាបន្តបន្ទាប់ ដើម្បីសាងសង់ស្ពាន ដែលធ្វើឱ្យពលរដ្ឋព្រួយបារម្ភបាត់បង់ផ្ទះសម្បែង និងរងការចុះបង្ក្រាបដោយហិង្សារបស់អាជ្ញាធរ។
លោកស្រី សឿន ស្រីសុទ្ធ៖ «ពួកខ្ញុំជាប្រជាពលរដ្ឋទន់ខ្សោយ ពួកខ្ញុំមិនសូវចេះច្បាប់ដូចពួកគាត់។ ពួកគាត់ចេះច្បាប់តែគាត់បំពានច្បាប់។ ពួកខ្ញុំបាត់បង់ចំណូលពីផ្ទៃបឹងអស់ហើយខ្ញុំមានតែដីលំនៅឋានមួយហ្នឹងទេ ពួកខ្ញុំទាមទារសិទ្ធនេះ ព្រោះគិតថា ដីដែលពួកខ្ញុំរស់នៅនេះអាចលក់ដូរ បង្កើតអាជីវកម្មតាមមុខផ្ទះបាន ព្រោះដីដែលដូរនោះមិនអាចឱ្យខ្ញុំរកស៊ីបានទេ»។
នារយៈពេលចុងក្រោយនេះ កូនៗ របស់ប្រជាពលរដ្ឋបឹងតាមោកមួយចំនួនមិនបានទៅរៀនសូត្រជាប់លាប់ដូចមុនទេ ដោយសារតែពួកគេខ្លាចឪពុកម្ដាយត្រូវបានអាជ្ញាធរបង្ក្រាប និងប្រើអំពើហិង្សាពេលចេញតវ៉ារឿងដីធ្លី។
មកទល់ពេលនេះ មានពលរដ្ឋប្រមាណ ៣៥គ្រួសារ បានទទួលគោលនយោបាយរដ្ឋាភិបាលដោះដូរដីមានទំហំតូចៗ ក្នុងមួយគ្រួសារទទួលបានដីមួយឡូត៍ទំហំ ទទឹង ៤ម៉ែត្រកន្លះ បណ្ដោយ ១៨ម៉ែត្រ ផ្ទះមួយខ្នង និងលុយចំនួន ១ម៉ឺនដុល្លារ។ ដោយឡែក ពលរដ្ឋជាង ៧០គ្រួសារផ្សេងទៀត មិនទទួលយកដំណោះស្រាយ អះអាងថា ពួកគាត់រស់នៅអាស្រ័យផល លើអនុផលពីបឹងតាមោក និងយកអនុផលទាំងនោះ មកលក់នៅមុខផ្ទះ តាមបណ្ដោយផ្លូវលេខ ១៥១ នៅសង្កាត់សំរោងត្បូង ហើយបើផ្លាស់ទៅនៅកន្លែងថ្មី គឺពិបាកក្នុងការប្រកបរបររកស៊ីប្រចាំថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។