ពលរដ្ឋ​នៅ​ឃុំ​ត្រពាំង​ព្រីង ខេត្ត​ត្បូង​ឃ្មុំ ប្ដូរ​វេន​គ្នា​យាម​ដី​ចម្ការ​ទាំង​យប់​ទាំង​ថ្ងៃ ក្រោយ​ពី​មាន​សកម្មភាព​រំលោភ​យក​ដី​ពី​ក្រុមហ៊ុន​ចិន

ដោយ អូន ភាព
2020-02-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​សហគមន៍​ស្រែ​ប្រាំង ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ កំពុង​តវ៉ា​ជាមួយ​អាជ្ញាធរ​ស្រុក រឿង​ក្រុមហ៊ុន ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ចម្ការ​ស្រែ​របស់​ពួក​គាត់ នៅ​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ ឆ្នាំ២០២០។
ពលរដ្ឋ​សហគមន៍​ស្រែ​ប្រាំង ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ កំពុង​តវ៉ា​ជាមួយ​អាជ្ញាធរ​ស្រុក រឿង​ក្រុមហ៊ុន ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ចម្ការ​ស្រែ​របស់​ពួក​គាត់ នៅ​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ ចិន នៅ​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ ​ដាក់​វេន​គ្នា យាម​ដី​ស្រែ​ចម្ការ​របស់​ពួកគេ​ទាំង​យប់​ទាំង​ថ្ងៃ ដោយសារ​តែ​ក្រុមហ៊ុន បន្ត​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​លើ​ដី​អ្នក​ភូមិ​អស់​ជា​ច្រើន​ហិកតារ។ អ្នក​ឃ្លាំ​មើល​ផ្នែក​សិទ្ធិមនុស្ស​ ស្នើ​ដល់​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ​ចាត់​គណៈកម្មការ​ឯក​រាជ​មួយ ចុះ​ស៊ើប​អង្កេត និង​ដោះស្រាយ​វិវាទ​នេះ ដោយ​តម្លាភាព​ និង​យុត្តិធម៌។

អ្នក​ភូមិ​ស្រែប្រាំង និង​អ្នក​ភូមិ​បុស្ប​ស្នោ ប្រមាណ​ពី ៤០នាក់​ទៅ ៥០នាក់ ប្ដូរ​វេន​គ្នា ​ការពារ​ដី​ចម្ការ​របស់​ពួកគេ រហូត​មក​ដល់​ពេល​នេះ ​ជាង​១០ថ្ងៃ​មក​ហើយ ចាប់តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ក្រោយ​ពី ក្រុមហ៊ុន​ចិន ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ធ្វើ​សកម្មភាព​ ឈូស​បំផ្លាញ​ដី​ដំណាំ​ដំឡូង​មី ​និង​ស្វាយ​ចន្ទី​របស់​ពលរដ្ឋ​ អស់​ជាច្រើន​ហិកតារ ដើម្បី​បើក​ផ្លូវ។

តំណាង​ពលរដ្ឋ​ លោក សែន ចំណាន ឲ្យ​ដឹង​ថា អ្នក​ភូមិ​ជា​ច្រើន​នាក់ នាំ​គ្នា​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ស្រុក​តំបែរ ជា​ច្រើន​ដង ប៉ុន្តែ​មិន​ទទួល​ការ​ចេញ​មុខ​ដោះស្រាយ​ក្នុង​រឿង​នេះ​ទេ។ លោក បន្ត​ថា អភិបាល​រង​ស្រុក​តំបែរ លោក រ៉េត បូរ៉ាន់ ដែល​ជួប​ពលរដ្ឋ អះអាង​ថា ​ដី​នោះ​ជា​ដី​របស់​ក្រុមហ៊ុន​ ហើយ​គំរាម​ចាប់​ខ្លួន​ពលរដ្ឋ​ដាក់​គុក​ថែម​ទៀត បើ​ពលរដ្ឋ​មិន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​។

តំណាង​ពលរដ្ឋ​រូប​នេះ យល់​ថា​ទង្វើ​របស់​មន្ត្រី​ថ្នាក់​ស្រុក​ ដែល​អើពើ​ដោះស្រាយ​បញ្ហា​ឲ្យ​ពលរដ្ឋ​នៅ​ពេល​នេះ គឺ​ធ្វើ​ផ្ទុយ​ពី​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​តម្រូវ​ឲ្យ​មន្ត្រី​​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់ យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ។

លោក​ ស្នើ​ដល់​រដ្ឋាភិបាល​ជាពិសេស​ក្រសួង​ពាក់ព័ន្ធ​ចុះ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ចិន នៅ​​ឃុំ​ត្រពាំង​ព្រីង ដោយ​ផ្ទាល់ ប្រសើរ​ជាង​ចាំ​ទទួល​យក​របាយការណ៍​ពី​ថ្នាក់​ក្រោម ហើយ​បដិសេធ​ចោល​សំណើ​ពលរដ្ឋ៖ «អ៊ីចឹង!​សូម​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចុះ​ទៅ​អនុវត្ត​ បាន​ន័យ​ថា​ចុះ​ទៅ​ធ្វើ​សកម្មភាព​ ឬ​បង្កើត​គណៈកម្មការ​ចុះ​ស្វែង​រក​ការពិត ឲ្យ​ច្បាស់​លាស់ ហើយ​ដោះស្រាយ​ដោយ​សន្តិវិធី និង​យុត្តិធម៌ ដែល​ប្រជាពលរដ្ឋ​ទទួល​យក​បាន។ សម្ដេច ស ខេង លើកឡើង​ថា​ គ្មាន​នរណា​មាន​សិទ្ធិ​កាត់​ដៃ​ឲ្យ​អ្នក​ណា​នោះ​ទេ។ លោក​ថា អាជ្ញាធរ​គ្មាន​សិទ្ធិ​រារាំង ត្រូវ​តែ​ប្រជាពលរដ្ឋ​ ប៉ុន្តែ​ប្រសាសន៍​របស់​គាត់​ ហាក់​គ្មាន​ឥទ្ធិពល​លើ​មន្ត្រី​ក្រោម​ឱវាទ​សោះ​ឡើយ។ ដូច​ខាង​អភិបាល​ស្រុក​ជា​ដើម​ មិន​ដែល​យក​អនុសាសន៍​គាត់​ទៅ​អនុវត្ត​ មាន​តែ​រារាំង ចាប់​តែ​ចាប់ និង​គំរាម​ថែម»

ពលរដ្ឋ​ ឲ្យ​ដឹង​ថា ដី​ទំហំ​ជាង ៤រយ​ហិកតារ (៤២១,៧០) ដែល​​ក្រុមហ៊ុន​ចិន ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ទទួល​បាន​សិទ្ធិ​ផ្ទេរ​ពី​ក្រុមហ៊ុន​ សាម លីង គឺ​ជា​ដី​ព្រៃ​សម្បទាន ប៉ុន្តែ​ក្រុមហ៊ុន បែរ​ជា​មក​រំលោភ​យក​ដី​ព្រៃ​រនាម​លិច​ទឹក​ និង​ដី​ចម្ការ​របស់​អ្នក​ភូមិ​ទៅវិញ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អភិបាល​ស្រុក​តំបែរ លោក សុខ សារិទ្ធ និង​អភិបាល​ស្រុក​រង លោក រ៉េត បូរ៉ាន់ នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​បាន​នៅ​ឡើយ​ ដោយ​សារ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។ អាស៊ី​សេរី ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក​ ជាម ច័ន្ទសោភ័ណ្ឌ ដែល​​ជា​កូនប្រុស​លោក ជាម យៀប សមាជិក​រដ្ឋសភា​បក្ស​កាន់​អំណាច​ បាន​ដែរ ដោយសារ​​​គ្មាន​អ្នក​លើ​ក​ទូរស័ព្ទ។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ ប្រចាំ​ខេត្ត​ត្បូង​ឃ្មុំ​ លោក ឡេង សេនហាន មានប្រសាសន៍ថា ​ការ​គំរាម​កំហែង​ពលរដ្ឋ​ ពី​សំណាក់​អាជ្ញាធរ​បែប​នេះ មិន​មែន​ជា​ដំណោះស្រាយ​នោះ​ទេ។ លោក​យល់​ថា អាជ្ញាធរ​ថ្នាក់​ស្រុក​និង​ខេត្ត​ ហើយ​និង​ក្រសួង​រៀប​ចំ​ដែនដី​ គួរ​រួម​គ្នា​ចុះ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​វិវាទ​នេះ ហើយ​ដោះស្រាយ​ជូន​ពលរដ្ឋ​ដោយ​សន្តិវិធី តម្លាភាព និង​យុត្តិធម៌ ដើម្បី​បញ្ចប់​ជម្លោះ​នេះ៖ «បើ​ប្រជា​ពលរដ្ឋ​គាត់​ទាមទារ​អ៊ីចឹង យើង​ទៅ​សួរ​ទៅ​នាំ​ប្រជាពលរដ្ឋ​មើល៍​តើ​ពលរដ្ឋ​គាត់​មាន​អំណះអំណាង​អ្វី​ខ្លះ​ដែល​គាត់​អះអាង​ថា​ជា​ដី​របស់​សហគមន៍ ហើយ​ក្រុមហ៊ុន​មាន​អ្វី​ខ្លះ​ដែល​ជា​ដី​របស់​ក្រុមហ៊ុន ហើយ​ពី​ចំណុច​ណា​ដល់​ត្រឹម​ណា​​ យើង​បង្ហាញ​ពួកគាត់​ឲ្យ​អស់​ចិន បើ​គាត់​អស់​ចិត្ត​ គាត់​លែង​តវ៉ា​ហើយ។ វា​ធម្មតា​ទេ យើង​នៅ​សុខៗ គេ​មក​យក​ដី​យើង អ្នក​ណា​មិន​ឈឺ​ចាប់​បាទ។ អ៊ីចឹង​ យើង​ទៅ​រក​ចម្ងល់​ហ្នឹង​ទាំង​អស់​គ្នា​ទៅ​ វិធី​ដោះស្រាយ​យើង​ជឿ​ថា​មាន ប៉ុន្តែ​ស្នើ​ឲ្យ​ដោះស្រាយ​ដោយ​សន្តិវិធី​ទៅ»

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៩ ក្រសួង​ដែនដី សម្រេច​ច្រាល​ចោល​សំណើ​ពលរដ្ឋ​ម្ដង​រួច​មក​ហើយ​ ដែល​ស្នើ​សុំ​ទាមទារ​ដី​ព្រៃ​សហគមន៍ យក​មក​កាន់​កាប់​វិញ​ ដែល​ស្ថិត​នៅ​​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ។ ក្រសួង​អះអាង ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ព្រមព្រៀង​គ្នា​លក់​ដី​ឱ្យ​ទៅ​ក្រុមហ៊ុន ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) តាំង​ពី​ឆ្នាំ២០១១ មក ហើយ​ក្រុមហ៊ុន​ក៏​បាន​ចុះ​បញ្ជី​រួចរាល់​ដែរ។

ពលរដ្ឋ​បដិសេធ​ការ​លើក​ឡើង​នេះ។ ពួក​គាត់​ស្នើ​ឲ្យ​ក្រសួង​ដែន​ដី ចុះ​ស៊ើបអង្កេត​ករណី​នេះ ឲ្យបាន​ច្បាស់លាស់ ​ដោយ​មិន​គួរ​ផ្អែក​តែ​លើ​របាយការណ៍​ថ្នាក់​ឃុំ ស្រុក និង​ខេត្ត​នោះ​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង ប្រកាន់​ជំហរ​ថា ពួក​គេ​នៅ​តែ​រួម​កម្លាំង​គ្នា​ការពារ​ដីធ្លី ដោយ​ខ្លួន​ឯង ហើយ​មិន​ឲ្យ​ក្រុមហ៊ុន​ចិន​បន្ត​រំលោភ​បំពាន​បាន​ឡើយ ប្រសិន​បើ​អាជ្ញាធរ​ថ្នាក់​ស្រុក​និង​ខេត្ត​ មិន​ព្រម​ចុះ​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល