ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​ជាង​៩៤%​យល់ព្រម​លក់​បន្ទប់​របស់​ខ្លួន​ឲ្យ​ក្រុមហ៊ុន​ជប៉ុន

ដោយ ប្រាជ្ញ ចេវ
2017-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា (រូប​អង្គុយ) ជាមួយ​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧។
កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា (រូប​អង្គុយ) ជាមួយ​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA/Brach Chev

ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង ឬ​ហៅ​ថា​អគារ​ស​ចំនួន ៤៦៥​គ្រួសារ ស្មើ​ជាង ៩៤​ភាគរយ យល់ព្រម​លក់​បន្ទប់​របស់​ខ្លួន​ឲ្យ​ទៅ​ក្រុមហ៊ុន​របស់​ជប៉ុន ក្រោយ​ពី​មាន​ការ​សម្របសម្រួល​ពី​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា។ ការ​បង្ហាញ​តួលេខ​របស់​ក្រសួង​ដែនដី ក្រោយ​កិច្ច​ប្រជុំ​បិទ​ទ្វារ​មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចូល​ស្តាប់​រវាង​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ជាមួយ​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា។

គម្រោង​អភិវឌ្ឍន៍​តំបន់​អគារ​ប៊ូឌីង​ដែល​មិន​មែន​ជា​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង កំពុង​បន្ត​ដំណើរ​ទៅ​មុខ។ រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា នៅ​តែ​ប្រកាន់​ជំហរ​ទិញ​បន្ទប់​ពលរដ្ឋ​ក្នុង​តម្លៃ ១.៤០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ដដែល ហើយ​ក៏​គ្មាន​ការ​សម្របសម្រួល​ណា​ទៀត​ដែរ ក្រៅ​ពី​ពន្យល់​ពលរដ្ឋ​ឲ្យ​យល់ព្រម​លក់​បន្ទប់​របស់​ខ្លួន ខណៈ​អគារ​នេះ​កាន់​តែ​មាន​សភាព​ទ្រុឌទ្រោម។

អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត ឲ្យ​អ្នក​កាសែត​ដឹង​ក្រោយ​ចប់​កិច្ច​ប្រជុំ​ថា ក្រុម​ពលរដ្ឋ​ចំនួន ២៧​គ្រួសារ​ដែល​មិន​ទាន់​យល់ព្រម​លក់​បន្ទប់ ព្រោះ​ពួក​គាត់​ទាមទារ​ថ្លៃ​ខ្ពស់។ លោក​ថា ក្រសួង​នៅ​តែ​រក្សា​ថ្លៃ​ទិញ​ក្នុង​តម្លៃ ១.៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ដដែល និង​គ្មាន​ការ​សម្របសម្រួល​ទៀត​ទេ ប៉ុន្តែ​ក្រសួង​ទុក​ពេល​ឲ្យ​ពលរដ្ឋ​ពិចារណា​បន្ត​ទៀត៖ «នេះ​ជា​ឱកាស​ល្អ ជា​ឱកាស​មាស ដែល​ប្អូន​ប្រជាពលរដ្ឋ​ទទួល​បាន​គម្រោង​នេះ​មាន​លក្ខណៈ​មាន​មនុស្សធម៌​នៅ​ក្នុង​ហ្នឹង»

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​ប្រកាស​ថា ក្រសួង​ទុក​រយៈពេល​មួយ​ខែ​សម្រាប់​ពលរដ្ឋ​ដែល​យល់ព្រម​លក់​បន្ទប់ ដើម្បី​រើ​អីវ៉ាន់​ចេញ​ពី​អគារ​ប៊ូឌីង ដែល​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា តទៅ។ ពេល​ពលរដ្ឋ​ចាកចេញ​ជា​ពេល​ក្រុមហ៊ុន​ប្រគល់​លុយ​ដល់​ពលរដ្ឋ ដែល​ជា​ការ​ផ្តល់​តាម​រយៈ​ការ​បើក​គណនី​នៅ​ធនាគារ។

ពលរដ្ឋ​ម្នាក់​ដែល​យល់ព្រម​លក់​បន្ទប់​របស់​ខ្លួន លោកស្រី ហាក ចាន់ថន ឲ្យ​ដឹង​ថា បន្ទប់​លោកស្រី​មាន​ផ្ទៃក្រឡា​ជាង ២១​ម៉ែត្រ​ការ៉េ លក់​បាន​ជាង ៣​ម៉ឺន​ដុល្លារ។ លោកស្រី​បន្ត​ថា ទោះ​តម្លៃ​នេះ​លោកស្រី​មិន​សូវ​ពេញ​ចិត្ត​ក្តី ក៏​ត្រូវ​បង្ខំ​ចិត្ត​លក់​ដែរ ព្រោះ​អ្នក​ផ្សេង​ទៀត​គេ​យល់ព្រម​លក់​ស្ទើរ​តែ​ទាំងអស់​ទៅ​ហើយ៖ «អ្នក​មុន​គេ​ព្រមព្រៀង​អស់​ហើយ នៅ​តែ​យើង​ទេ។ ចឹង​គេ​អត់​អាច​ដំឡើង​បាន​ទេ។ យើង​ថា​សុំ​គាត់ (លោក ជា សុផារ៉ា) ដំឡើង​ថ្លៃ តែ​មើល​ទៅ​មិន​បាន​ខ្ជិល​នៅ​ណាស់​ទៅ​ហើយ​ក្មួយ»

ដោយឡែក​ពលរដ្ឋ​ចំនួន ២៧​គ្រួសារ ឬ​ជាង ៦​ភាគរយ ដែល​មក​ទល់​ពេល​នេះ​មិន​ទាន់​យល់ព្រម​លក់​បន្ទប់​របស់​ពួក​គេ ភាគច្រើន​ជា​ពលរដ្ឋ​មាន​ផ្ទៃក្រឡា​បន្ទប់​តូច ជា​អ្នក​រស់នៅ​ជាន់​ផ្ទាល់​ដី និង​អ្នក​ផ្សេង​ទៀត​ចោទ​ប្រកាន់​ថា ក្រុម​វាស់វែង​របស់​ក្រសួង​មិន​វាស់​គ្រប់​ផ្ទៃ​បន្ទប់​ដែល​ពួក​គេ​មាន។

ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​ម្នាក់​ទៀត លោកស្រី ហេង ភារុណ ដែល​មិន​ទាន់​យល់ព្រម​លក់​បន្ទប់ ប្រាប់​អាស៊ីសេរី​ថា លោកស្រី​នៅ​តែ​បន្ត​តស៊ូ​មតិ​ដោយ​ហិង្សា ដើម្បី​ទាមទារ​ថ្លៃ​លក់​បន្ទប់​ខ្ពស់​ជាង​ការ​កំណត់​របស់​ក្រសួង៖ «ខ្ញុំ​សុំ​បើ​អ្នក​ណា​គេ​ផ្ដិត​មេដៃ​លក់​ហើយ ឲ្យ​គេ​ទៅ​ទៅ។ ចំពោះ​ខ្ញុំ​មិន​ទាន់​លក់ សុំ​នៅ​បន្ត​ទៀត ផ្ទះ​ខ្ញុំ​ផ្ទាល់​ដី ខ្ញុំ​ចង់​បាន​តម្លៃ​អន្តរជាតិ»

របាយការណ៍​របស់​ក្រសួង​ដែនដី​បង្ហាញ​ថា ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​មាន​ចំនួន ៤៩៣​គ្រួសារ។ អគារ​នេះ​មាន ៦​ប្លុក ពី​អា (A) ដល់​អែហ្វ (F)។ ក្រុមហ៊ុន​របស់​ជប៉ុន មួយ​ឈ្មោះ អារ៉ាកាវ៉ា (Arakawa) ទទួល​បាន​សិទ្ធិ​សាងសង់​អគារ​កម្ពស់ ២១​ជាន់ នៅ​ទីតាំង​អគារ​ប៊ូឌីង ដែល​ត្រូវ​ចំណាយ​ពេល​ប្រមាណ ៤​ឆ្នាំ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៨០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​អះអាង​ប្រាប់​ពលរដ្ឋ​ថា ការ​ផ្ដល់​តម្លៃ ១.៤០០​ដុល្លារ​ជា​តម្លៃ​ខ្ពស់ ដែល​ត្រូវ​កែប្រែ​លក្ខខណ្ឌ​ជាមួយ​ក្រុមហ៊ុន ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ជប៉ុន អាច​សាងសង់​សណ្ឋាគារ​ទំនើប​ពី ២១​ជាន់ ទៅ ៣០​ជាន់ ព្រោះ​ក្រុមហ៊ុន​ចំណាយ​លុយ​ទិញ​បន្ទប់​របស់​ពលរដ្ឋ​អស់​ច្រើន។

រដ្ឋមន្ត្រី​ក្រសួង​ដែនដី ដាក់​កំហិត​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​អគារ​ប៊ូឌីង​លក់​បន្ទប់​ក្នុង​តម្លៃ ១.៤០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា។ ក្រៅ​ពី​ការ​កំណត់​តម្លៃ​នេះ លោក ជា សុផារ៉ា ប្រកាស​ឧបត្ថម្ភ​ប្រាក់​ពលរដ្ឋ​នៅ​តាម​បន្ទប់​នីមួយៗ​ចំនួន ១០០​ដុល្លារ ជា​សោហ៊ុយ​សម្រាប់​រើ​អីវ៉ាន់​ចេញ។ ដោយឡែក​ក្រុម​ពលរដ្ឋ​ដែល​មិន​ទាន់​សម្រេច​ចិត្ត​លក់​បន្ទប់ ដោយ​ពួក​គេ​ទាមទារ​តម្លៃ​ជាង ២.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ស្នើ​ភាគី​ក្រសួង និង​ក្រុម​ពលរដ្ឋ​ដែល​មិន​ទាន់​យល់ព្រម​លក់​បន្ទប់ ត្រូវ​ជជែក​គ្នា​បន្ត​ទៀត​ដើម្បី​រក​ចំណុច​រួម​មួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល