មន្ត្រីគណបក្សសង្គ្រោះជាតិ២នាក់ ដោយម្នាក់នៅខេត្តបាត់ដំបង គឺលោក សួន ចំរើន និងម្នាក់ទៀត នៅខេត្តកំពត គឺ លោក ដាង ចំរើន បានសិទ្ធិទៅរស់នៅប្រទេសទី៣ បន្ទាប់ពីភៀសខ្លួននយោបាយនៅទីក្រុងបាងកកប្រទេសថៃប្រមាណ ៥ខែ។
លោក សួន ចំរើន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១២ កុម្ភៈថា លោក និង លោក ដាង ចំរើន បានសិទ្ធិទៅតាំងទីលំនៅថ្មីនៅប្រទេសនូវែលហ្សេឡង់ (New Zealand) តាមរយៈអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកជនភៀសខ្លួន(UNHCR) ប្រចាំនៅប្រទេសថៃ។ លោកបន្តថា ពួកគេចាកចេញពីទីក្រុងបាងកកនៅ ម៉ោង៦រសៀលថ្ងៃទី១២ កុម្ភៈ នេះ៖ «គេបានផ្ដល់ឯកសារទៅតាមស្ថានទូត ហើយក្នុងនោះមានទូតនូវែលហ្សេឡង់ជ្រើសខ្ញុំទៅតាំងទីលំនៅថ្មីប្រទេសគេ ហើយការរៀបចំទៅប្រទេសទី៣នេះ គឺខាងរដ្ឋាភិបាលប្រទេសនូវែលហ្សេឡង់សហការជាមួយអង្គការ អាយ . អូ . អឹម (IOM) បានរៀបចំសម្រួលឱ្យខ្ញុំ និងមានការពិនិត្យសុខភាព ហើយចេញថ្ងៃនេះតាមយន្តហោះពីទីក្រុងបាងកក ទៅដល់ទីក្រុងអូកឡែន (Auckland) តែម្ដង»។
អ្នកទាំង២ ជាមនុស្សចំណោមសកម្មជនបក្សប្រឆាំង ១៧នាក់ ដែលរដ្ឋាភិបាលកម្ពុជាតាមចាប់ខ្លួន អំឡុងពេលយុទ្ធនាការបង្ក្រាបគណបក្សនេះកាលពីចុងឆ្នាំ២០១៩ ដោយចោទប្រកាន់រួមគំនិតក្បត់ជាតិ។
ថ្មីៗនេះលោក សួន ចំរើន ត្រូវជនមិនស្គាល់មុខប្រើដំបូងឆក់ ដើម្បីចាប់បង្ខំដាក់បញ្ជូនទៅមាតុភូមិវិញ ប៉ុន្តែពេលនោះលោកបានរើបម្រាស់រត់រួច។ មន្ត្រីបក្សប្រឆាំងរូបនេះ អះអាងថា នៅពេលទៅដល់ប្រទេសទី៣មួយរយៈពួកគេនឹងត្រឡប់ទៅចូលរួមអមដំណើរថ្នាក់ដឹកនាំគណបក្សនេះ វិលចូលស្រុកវិញនៅពេលខាងមុខ ដើម្បីទាមទារឱ្យរដ្ឋាភិបាលក្រុងភ្នំពេញស្ដារប្រជាធិបតេយ្យឡើងវិញ៕