តុលាការ​​ពិចារណា​​​ដោះលែង​យុវជន​ជាប់​ចោទ​បទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ កំពុង​ពិចារណា​ដោះលែង​យុវជន ៤​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋាភិបាល បន្ទាប់​ពី​មេធាវី និង​គ្រួសារ​របស់​យុវជន​ទាំង​នោះ​បាន​ដាក់​លិខិត​សុំ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា។
ដោយ ទេព សុរ៉ាវី
2013.08.19
Share on WhatsApp
Share on WhatsApp
យុវជន ជាប់​ចោទ ៦១០ យុវជន​ម្នាក់​ក្នុង​ចំណោម​ ៤​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​ពី​បទ​​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋាភិបាល ដើរ​ចេញ​ពី​បន្ទប់​សវនាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៣។
RFA/Sochivy

ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ មាន​ប្រសាសន៍​ថា មេធាវី​ការពារ​ក្តី​ឲ្យ​យុវជន ៤​នាក់ រួម​នឹង​គ្រួសារ​របស់​ពួកគេ បាន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ដាក់​លិខិត​សុំ​ធានា​ឲ្យ​យុវជន​ទាំង​នោះ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ លោក​បញ្ជាក់​ថា លិខិត​សុំ​ធានា​នៅ​ក្រៅ​ឃុំ​នៅ​លើ​ដៃ​លោក សេង នាង ជា​ចៅក្រម​កាន់​រឿង​ក្តី​នេះ ហើយ​ចៅក្រម​កំពុង​ពិនិត្យ និង​ពិចារណា​ចំពោះ​សំណើ​របស់​ពួកគេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក សេង នាង ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់។

ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឃុំ​ខ្លួន​យុវជន ៤​នាក់ នៅ​ក្នុង​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ក្រោម​បទ​ចោទ​ថា បាន​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ យុវជន​ទាំង ៤​នាក់​នោះ មាន​ឈ្មោះ លោក ទត់ ចាន់បញ្ញា លោក ហ៊ើយ បូរិន កញ្ញា ឡុង លីផេង និង​កញ្ញា សុខ ដាលីន។

បងស្រី កញ្ញា សុខ ដាលីន គឺ​អ្នកស្រី អ៊ិន សុភាពរី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អ្នកស្រី​និង​មេធាវី​បាន​ធ្វើ​លិខិត​សុំ​ធានា​ប្អូន​ស្រី​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាល​ពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​សីហា។ អ្នកស្រី​សង្ឃឹម​ថា ចៅក្រម​នឹង​ដោះលែង​យុវជន​ទាំង ៤​នាក់ រួម​ទាំង​ប្អូន​គាត់​ផង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយសារ​តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ចៅក្រម​ហាក់​មាន​ឆន្ទៈ​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ។

អ្នកស្រី​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ទូរស័ព្ទ​ហៅ​អ្នកស្រី​និង​មេធាវី​យ៉ាង​ប្រញាប់​កាល​ពី​ព្រឹក​ថ្ងៃ​១៩ សីហា ឲ្យ​ទៅ​តុលាការ ដើម្បី​ដាក់​ពាក្យ​សុំ​ធានា​ប្អូន និង​យុវជន​ទាំង​នោះ​ឲ្យ​នៅ​ក្រៅ​ឃុំ ខណៈ​ដែល​គាត់​និង​មេធាវី​មិន​ទាន់​ទាំង​ត្រៀម​ខ្លួន​ស្រួល​បួល​ទៅ​ធានា​ពួកគេ។

ព័ត៌មាន​ពី​អង្គការ​សង្គម​ស៊ីវិល​ដែល​តាមដាន​ករណី​នេះ​ឲ្យ​ដឹង​ថា ដំបូង​ចៅក្រម​គ្រោង​នឹង​ដោះលែង​ពួក​គេ​ភ្លាមៗ បន្ទាប់​ពី​មាន​លិខិត​សុំ​ធានា​នៅ​ក្រៅ​ឃុំ​របស់​មេធាវី និង​គ្រួសារ​យុវជន​ទាំង​នោះ។ ប៉ុន្តែ​ដោយ​រៀបចំ​ឯកសារ​មិន​ទាន់​ទើប​សម្រេច​ពន្យារ​ការ​ដោះលែង​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា។

មាន​ការ​រិះគន់​ជា​ច្រើន​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ជា​ច្រើន​តាម​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក (Facebook) ចំពោះ​ការ​ចាប់​ខ្លួន​យុវជន​ទាំង​នោះ ដោយ​គ្រាន់​តែ​ពួក​គេ​មាន​បំណង​យក​ផ្កា​ទៅ​ចែក​ជូន​កងទ័ព​ក្នុង​ន័យ​សុំ​សន្តិភាព។

មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​យុវជន​ទាំង ៤​នាក់។

អ្នកស្រី ណាលី ពីឡូក (Naly Pilorge) នាយិកា​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ការ​ចាប់​ខ្លួន​យុវជ​នេះ កើត​ឡើង​ស្រប​ពេល​ដែល​យុវជន​ងើប​ឡើង​ចូល​រួម​ក្នុង​នយោបាយ និង​ក្នុង​ពេល​ដែល​មាន​របាយការណ៍​ពី​ការ​បង្កើន​កម្លាំង​យោធា​នៅ​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ។

លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​ចោទ​ជា​សំណួរ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដែរ ដោយ​ចោទ​សួរ​ថា តើ​មាន​មូលដ្ឋាន​អី​ដែល​គ្រាន់​តែ​ចែក​ផ្កា​ក្លាយ​ជា​ការ​ប៉ុនប៉ង​ញុះញង់​ឲ្យ​មាន​បទ​ឧក្រិដ្ឋ។ លោក​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​យុវជន​នេះ ជា​ការ​ប៉ុនប៉ង​យ៉ាង​ច្បាស់​មួយ​ដើម្បី​គំរាម​ដល់​យុវជន​កម្ពុជា  កុំ​ឲ្យ​ចូល​ធ្វើ​សកម្មភាព​ក្នុង​នយោបាយ។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​យុវជន​ទាំង​នោះ​ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ​ដែល​ធានា​ដោយ​ច្បាប់។ អង្គការ​នេះ​យល់​ឃើញ​ថា សកម្មភាព​របស់​យុវជន​យក​ផ្កា និង​ទឹក​សុទ្ធ​ចែក​ជូន​កងទ័ព ដែល​រាជរដ្ឋាភិបាល​ចល័ត​ចូល​ក្រុង ដោយ​ភ្ជាប់​នូវ​ពាក្យ​ថា ប៉ូលិស ប៉េអឹម ទាហាន និង​ប្រជាជន​ខ្មែរ ជា​គ្រួសារ​រួម​ឈាម​តែ​មួយ មិន​មែន​ជា​ការ​ញុះញង់​និង​ខុស​ច្បាប់​ទេ។

រី​ឯ​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា លោក សន ម៉ាគិនថូស (SEAN McIntosh) ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា បញ្ជាក់​ថា ខាង​ស្ថានទូត​សហរដ្ឋ​អាមេរិក ដឹង​អំពី​ការ​ចាប់​ខ្លួន​យុវជន​ទាំង ៤​នាក់​នោះ។ ស្ថានទូត​នឹង​តាមដាន​​ការវិវត្តន៍​នានា​លើ​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
បទសម្ភាសន៍​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ដែល​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក​
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
បទសម្ភាសន៍​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ដែល​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក​
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល