មេធាវី​ថា នៅ​សល់​អ្នក​ជាប់​ឃុំ​ពាក់ព័ន្ធ​រឿង​នយោបាយ ៧​នាក់​ទៀត មិន​ទាន់​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

0:00 / 0:00

សកម្មជន​បក្ស​ប្រឆាំង​​ ចំនួន ៧នាក់ ដែល​រង​ការ​ចាប់​ខ្លួន ដោយ​សារ​ក្ដីក្ដាំ​នយោបាយ ​នៅ​​​ឆ្នាំ២០១៩ ក្នុង​អំឡុង​ពេល​យុទ្ធនាការ​វិល​ចូល​ស្រុក​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ នៅ​មិន​ទាន់​ទទួល​បាន​ការ​ដោះលែង​ទេ។ ​សាច់​ញាតិ​របស់​អ្នក​ជាប់​ឃុំ​ ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ ដោះ​លែង​​ក្រុម​គ្រួសារ​របស់​ខ្លួន​ ឲ្យ​មាន​សេរីភាព​វិញ។

មេធាវី​កាន់​ក្ដី​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង លោក សំ សុគង់ ឲ្យ​ដឹង​ថា សកម្មជន​បក្ស​ប្រឆាំង​ទាំង ៧នាក់​នោះ មាន ៤នាក់ ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ និង ៣នាក់​ទៀត នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ "ម១" ឬ​ពន្ធនាគារ​ព្រៃ​ស រាជធានី​ភ្នំពេញ។ លោក​ថា សកម្មជន​ទាំង ៧នាក់​នោះ ខ្លះ​បាន​ប្ដឹង​ឧទ្ធរណ៍ និង​ខ្លះ​ទៀត បាន​ប្ដឹង​ទៅ​តុលាការ​កំពូល តែ​មិន​ទទួល​បាន​ការ​សម្រប​សម្រួល​ឲ្យ​នៅ​ក្រៅ​ឃុំ​ នៅ​ឡើយ៖ « នៅ​សល់​ជិត ១០នាក់ ក្នុង​នោះ ខេត្ត​ពោធិ៍សាត់ នៅ​សល់ ៤នាក់ ដោះ​លែង​បាន ៣នាក់ ហើយ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅ ៣នាក់»

សកម្មជន​បក្ស​ប្រឆាំង ដែល​មិន​ទាន់​ទទួល​ការ​ដោះលែង​ទាំង​នោះ គឺ​មាន​លោក ប្រាក់ រិន លោក ណែម ណាត លោក ណយ ថាម និង​លោក មុំ ភី ជាប់​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់។ ពួក​គេ​រង​​ការ​ចោទ​ប្រកាន់​ថា ទន្ទ្រាន​​​ព្រៃ​របស់​រដ្ឋ​ខុស​ច្បាប់ ហើយ​សមត្ថកិច្ច​ខេត្ត​ពោធិ៍សាត់ បាន​ចាប់​ខ្លួន​ពួក​គេ​ នៅ​កៀក​ពេល​កំណត់ ដែល​លោក សម រង្ស៊ី ប្រកាស​ធ្វើ​មាតុភូមិ​និវត្ត​កាល​ពី​​ចុង​ឆ្នាំ២០១៩។

ចំណែក​​នៅ​មណ្ឌល​កែប្រែ "ម១" ឬ​ពន្ធនាគារ​ព្រៃ​ស​វិញ មាន​សកម្មជន ៣នាក់ កំពុង​ជាប់​ឃុំ គឺ​លោក ប៉ាន សុខ​សុវណ្ណនី លោក គុណ ម៉ាប់ និង​លោក ប៊ុន ថេត។ ពួក​គេ​រង​បទ​ចោទ​ថា ជេរ​ប្រមាថ និង​ញុះញង់​ឲ្យ​​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។ ចំណែក​លោក ម៉ៃ ហុងស្រៀង កំពុង​ជាប់​ឃុំ​ក្នុង​​ពន្ធនាគារ​ព្រៃ​ស នឹង​ត្រូវ​​ដោះលែង​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត ដោយសារ​សាលា​ឧទ្ធរណ៍​បាន​កាត់​បន្ថយ​​ទោស​ជាប់​ឃុំ​​របស់​លោក ឲ្យ​នៅ​កម្រិត ១ឆ្នាំ​គត់ គិត​ពី​ថ្ងៃ​ចាប់​ខ្លួន កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ២០១៩។

ក្រៅ​ពី​សកម្មជន​បក្ស​ប្រឆាំង​ទាំង ៧នាក់​ខាង​លើ​នេះ សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត ដែល​រង​ការ​ចាប់​ខ្លួន ដោយ​សារ​នយោបាយ​នៅ​ឆ្នាំ២០១៧ ឆ្នាំ២០១៨ និង​ដើម​ឆ្នាំ២០១៩ ក៏​មិន​ទាន់​ទទួល​បាន​ការ​ដោះលែង​ដែរ គឺ​មាន​ចៅ​សង្កាត់​ប៉ោយ​ប៉ែត​ជាប់​ឆ្នោត លោក ចៅ វាសនា ​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ព្រះសីហនុ លោកស្រី សំ សុខា និង​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ ជា​ដើម។

ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង កំពុង​ជាប់​ឃុំ នៅ​ពន្ធនាគារ​ព្រៃ​ស លោក ប៉ាន សុខ​សុ​វណ្ណ​នី គឺ លោកស្រី ស ខ្ចី ទាមទារ​ឲ្យ​តុលាការ​របប​ក្រុង​ភ្នំពេញ ដោះលែង​ស្វាមី​លោក​ស្រី ឲ្យ​បាន​ជួប​ជុំ​គ្នា​វិញ។ លោកស្រី​ថា របប​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​ស្វាមី​តាំង​ពី​លោកស្រី មាន​គភ៌​ក្នុង​ផ្ទៃ ៤ខែ។ បច្ចុប្បន្ន កូន​ប្រុស​តូច​របស់​លោក​ស្រី កើត​បាន​អាយុ​ជិត ១ខួប​ហើយ នៅ​មិន​ទាន់​បាន​ជួប​មុខ​ឪពុក​នៅ​ឡើយ​ទេ ខណៈ​លោកស្រី នឹង​កូន​តូច​​នេះ​ កំពុង​ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ៖« អ្វី​ដែល​ពួក​ខ្ញុំ​ធ្វើ អ្វី​ដែល​​ជា​គោលដៅ​របស់​ពួក​ខ្ញុំ​​មិន​កែប្រែ​ទេ ទោះ​បី​ជា​ត្រូវ​ជាប់​គុក ជាប់​ច្រវាក់​ក៏​ដោយ។ អ៊ីចឹង​ កុំ​មក​បំបាក់​ទឹក​ចិត្ត​ពួក​ខ្ញុំ ដោយ​វិធី​បែប​នេះ គឺ​ពួក​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ។ អ៊ីចឹង សុំ​ឲ្យ​ប្រមុខ​រដ្ឋ ក៏​ដូច​ជា​នាយក​រដ្ឋ​មន្ត្រី​ សូម​ឲ្យ​គិត​គូរ​ឡើងវិញ ហើយ​គួរ​តែ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់ ឲ្យ​ពួកគាត់​មាន​ឱកាស​មក​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ។ ជា​ពិសេស​កូន​ប្រុស​របស់​ខ្ញុំ ព្រាត់​ឪពុក តាំង​ពី​៤​ខែ​ជាង​នៅ​ក្នុង​ពោះ »

អំឡុង​ពេល​បង្ក្រាប​សកម្មជន​បក្ស​ប្រឆាំង ដើម្បី​ទប់ស្កាត់​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី របប​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ជិត ១០០​នាក់។ ក្រោយ​ពេល​រដ្ឋាភិបាល​ប្រកាស​ថា ផែន​ការ​លោក សម រង្ស៊ី បរាជ័យ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ដោះលែង​សកម្មជន​ទាំង​នោះ​វិញ​ជា​បន្តបន្ទាប់ បាន​ជាង ៧០នាក់​ហើយ។ ទោះ​យ៉ាង​ណា សកម្មជន​បក្ស​ប្រឆាំង​ ទាំង​ជាង ៧០នាក់ ដែល​ទទួល​បាន​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នោះ មិន​ទទួល​បាន​ការ​ទម្លាក់​បទ​ចោទ​ឡើយ។

អ្នក​នាំ​ពាក្យ​សមាគម អាដហុក លោក ស៊ឹង សែន​ករុណា ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង និង​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​បក្ស​ប្រឆាំង ដែល​រង​ការ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទាំង​អស់។ លោក​ថា រដ្ឋាភិបាល គួរ​ផ្ដល់​ឱកាស​ឲ្យ​សកម្មជន​ទាំង​នោះ ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ​ និង​បាន​រស់​នៅ​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​គេ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។