ជំទប់​ទី​២​ឃុំ​ចំនួន​៧​នៅ​ខេត្ត​កំពត​មិន​ព្រម​ឲ្យ​បន្ទប់​ទៅ​មេ​ឃុំ​ជាប់​ឆ្នោត​ធ្វើ​ការ

ដោយ វ៉ាន វណ្ណដេត
2017.07.11
Share on WhatsApp
Share on WhatsApp
ខេត្ត​កំពត ២០១៦ ៨៥៥ ខេត្ត​កំពត។ RFA/Rann Samnang
Photo: RFA

មេ​ឃុំ​ទើប​ទទួល​តំណែង​ថ្មី​ទាំង ៧​ឃុំ នៃ​ស្រុក​ជុំគីរី ខេត្ត​កំពត ចោទ​ជំទប់​ទី​២ របស់​ខ្លួន​ថា មិន​ព្រម​ឲ្យ​បន្ទប់​ធ្វើ​ការ​ទៅ​មេ​ឃុំ​ឈ្នះ​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្រកាស​សុពលភាព​រួច​រាល់​ហើយ​នោះ​ទេ។ មេ​ឃុំ​ទាំង ៧​រូប នៃ​ស្រុក​ជុំគីរី បញ្ជាក់​ថា ការងារ​លិខិត​ស្នាម​របស់​ពលរដ្ឋ​អាច​នឹង​ត្រូវ​យឺតយ៉ាវ ដោយសារ​តែ​លិខិត​ស្នាម​ចាស់​នៅ​ក្នុង​បន្ទប់​ជំទប់​ទី​២ និង​ជា​អតីត​មេ​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​កាន់កាប់ ហើយ​មេ​ឃុំ​ជាប់​ឆ្នោត​ថ្មី​គ្មាន​បន្ទប់​ធ្វើ​ការ ត្រូវ​ធ្វើ​ការ​លើ​តុ​វែង​សាធារណៈ​ក្នុង​សាលាឃុំ ឬ​ក្រោម​ដើម​ឈើ​ក្នុង​បរិវេណ​សាលាឃុំ។

​មេឃុំ​ជាប់ឆ្នោត​ទាំង ៧​ឃុំ ដែល​បាន​ប្រកាស​សុពលភាព​តាំង​ពី​ថ្ងៃ​ទី​៧ កក្កដា ប្រាប់​ថា មក​ដល់​ថ្ងៃ​ទី​១១ ខែ​កក្កដា ពួក​លោក​​នៅ​តែ​គ្មាន​បន្ទប់​ធ្វើ​ការងារ​នៅ​ឡើយ​ទេ ដោយសារ​អ្នក​ចាញ់​ឆ្នោត​បាន​យក​ផ្លាក​ជំទប់​ទី​២ ទៅ​បិទ​នៅ​លើ​ខ្លោងទ្វារ​បន្ទប់​របស់​មេឃុំ​ធ្វើការ​កាល​ពី​មុន ហើយ​ប្រាប់​មេ​ឃុំ​ថ្មី​ទើប​ជាប់​ឆ្នោត ឲ្យ​ទៅ​រក​បន្ទប់​ធ្វើ​ការ​ដោយ​ខ្លួន​ឯង។

មេ​ឃុំ​ត្រពាំងរាំង លោក ហុយ ខេង ប្រាប់​ថា តំណាង​ក្រសួង​មហាផ្ទៃ នៅ​ថ្នាក់​ស្រុក​បាន​ទៅ​ប្រកាស​សុពលភាព​ឲ្យ​លោក​ទាំង​ភាព​សោះ​កក្រោះ។ បន្ទាប់​មក​លោក​បាន​ចូល​ធ្វើ​ការ​ក្នុងនាម​ជា​មេ​ឃុំ​ត្រពាំងរាំង កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ប៉ុន្តែ​ជំទប់​ទី​២ លោក សួរ អ៊ួច មិន​ព្រម​ប្រគល់​បន្ទប់​មេ​ឃុំ​ឲ្យ​លោក​ទេ ដោយ​ប្រាប់​ថា បន្ទប់​នោះ​ជា​បន្ទប់​របស់​លោក ហើយ​ឲ្យ​លោក​ទៅ​រក​បន្ទប់​ផ្សេង៖ «ខ្ញុំ​ថា ឥឡូវ​នេះ​ខ្ញុំ​សុខចិត្ត​ធ្វើការ​នៅ​កណ្ដាលវាល បើ​លោក​ឯង (សួរ អ៊ួច) មិន​ឲ្យ ក៏​ខ្ញុំ​អត់​ចូល​ដែរ។ ខ្ញុំ​ធ្វើ​ការ​នៅ​ក្រោម​ដើម​ឈើ​ក៏​ធ្វើ​ដែរ ហើយ​ប្រជាពលរដ្ឋ​មក​ធ្វើ​អ្វីៗ ចុះ​ហត្ថលេខា​អី​ផ្សេងៗ ខ្ញុំ​នឹង​ធ្វើ​ជូន​គាត់ ហើយ​ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​អត់​ទាន់​មាន​កន្លែង​ធ្វើ​ការ​ទេ គឺ​ខ្ញុំ​ធ្វើ​នៅ​ក្រោម​ម្លប់​ឈើ ឬ​ក៏​ក្រោយ​សាលាឃុំ នៅ​ជាយ​អ៊ីចឹង​ទៅ»

លោក ហុយ ខេង ប្រាប់​ថា លោក​នៅ​តែ​ទាមទារ​បន្ទប់​មេឃុំ​ដើម្បី​ចូល​ធ្វើ​ការ​វិញ ព្រោះ​តាម​បែបបទ​រដ្ឋបាល មេ​ឃុំ​មាន​បន្ទប់​ធ្វើ​ការ​មួយ​ក្នុង​សាលាឃុំ ហើយ​ជំទប់​ឃុំ​ត្រូវ​ធ្វើការ​នៅ​ក្នុង​បន្ទប់​ក្រុមប្រឹក្សា​ឃុំ។ លោក​ប្រាប់​ថា សាលាឃុំ​មាន​តែ ៤​បន្ទប់ គឺ​សម្រាប់​មេ​ឃុំ ១​បន្ទប់ ក្រុមប្រឹក្សា ១ សម្រាប់​គណនេយ្យករ ១ និង​សម្រាប់​ស្មៀនឃុំ​១ បើ​ជំទប់​ទី​២ ទាមទារ​បន្ទប់​ធ្វើ​ការ​មួយ​ដែរ លុះត្រាតែ​ជំទប់​ទី​១ ក៏​ត្រូវ​មាន​មួយ​បន្ទប់​ដែរ។

ជំទប់​ទី​២ ឃុំ​ត្រពាំងរាំង លោក សួរ អ៊ួច បំភ្លឺ​យ៉ាង​ខ្លី​មុន​ចុច​បិទ​ទូរស័ព្ទ​ថា បន្ទប់​ផ្សេង​មាន​ក្រៅ​ពី​បន្ទប់​របស់​លោក៖ «បន្ទប់​មាន​ធ្វើ​ការ​ធ្វើ​ទៅ ហើយ​ចេះ​តែ​និយាយ​អ៊ីចឹង បន្ទប់​ផ្សេង​មាន បន្ទប់​ខ្ញុំ​នៅ​ខាង​កើត ហើយ​ខ្ញុំ​ចាំបាច់​នេះ (ដូរ​បន្ទប់) ​ធ្វើ​អី បើ​ការងារ​ខ្ញុំ​នៅ​នេះ​ហ្នឹង។ បាន​ហើយ​ខ្ញុំ​ជាប់​ការងារ!»

ស្រុក​ជុំគីរី នៃ​ខេត្ត​កំពត មាន​ឃុំ​ចំនួន​៧ គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈ្នះ​តំណែង​ជា​មេឃុំ និង​ជំទប់​ទី​១ ទាំង ៧​ឃុំ ខណៈ​ទំ​ជប់​ទី​២ គ្រប់​ឃុំ បាន​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​ជុំគីរី លោក ស៊ិន វណ្ណា ប្រាប់​ថា មេ​ឃុំ​ទាំង​៧ មិន​ត្រឹមតែ​គ្មាន​បន្ទប់​ធ្វើការ​ទេ ថែម​ទាំង​ពិបាក​ធ្វើការ​ជាមួយ​ស្មៀន ដោយសារ​តែ​ស្មៀន​អ្នក​កាន់​ត្រា​សាលាឃុំ មិន​សូវ​នៅ​កន្លែង ឬ​ដើរ​ចោល​កន្លែង​ធ្វើ​ការ។ បញ្ជី​លិខិត​ស្នាម​ទាំង​ប៉ុន្មាន លោក​ថា នៅ​ក្នុង​បន្ទប់​​មេ​ឃុំ​ដែល​ជំទប់​ទី​២ អតីត​ជា​មេឃុំ​ចាញ់​ឆ្នោត​កំពុង​កាន់កាប់ ពិបាក​ក្នុង​ការ​សម្រួល​ឯកសារ​ឲ្យ​ពលរដ្ឋ​ខ្លាំង​ណាស់។

លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ពិនិត្យ​ឡើង​វិញ ករណី​មេឃុំ​គ្មាន​បន្ទប់​ធ្វើ​ការ​ក្នុង​សាលាឃុំ​នេះ ខណៈ​ដែល​អាជ្ញាធរ​ថ្នាក់​ស្រុក​ប្រាប់​លោក​ថា ករណី​នេះ​ជា​រឿង​តូចតាច​តែប៉ុណ្ណោះ៖ «ឯកសារ បញ្ជី ភាគច្រើន​នៅ​កន្លែង​មេ​ឃុំ​គេ​ហ្នឹង (បន្ទប់​ដែល​ជំទប់​ទី​២ កំពុង​កាន់កាប់)។ យើង​ចង់បាន​ឯកសារ​ពលរដ្ឋ ឬ​គាត់​ទៅ​រក​ឯកសារ បញ្ជី​អត្រានុកូលដ្ឋាន បញ្ជាក់​កំណើត សំបុត្រ​កំណើត ពិបាក ទាំង ៧​ឃុំ​ដូច​គ្នា»

​ករណី​ជំទប់​ឃុំ​មិន​ព្រម​ប្រគល់​បន្ទប់​ធ្វើ​ការ​ឲ្យ​ទៅ​មេ​ឃុំ​ទើប​ជាប់ឆ្នោត​មក​ពី​គណបក្ស​ប្រឆាំង​នៅ​អាណត្តិ​នេះ មិន​មែន​ទើបតែ​កើត​មាន​នៅ​ក្នុង​ស្រុក​ជុំគីរី ខេត្ត​កំពត នោះ​ទេ នៅ​ឯ​ខេត្ត​ព្រះសីហនុ ក្នុង​សង្កាត់​លេខ​១ ក៏​មាន​ករណី​ចៅសង្កាត់​ចាញ់​ឆ្នោត​មិន​ព្រម​ប្រគល់​សោ​បន្ទប់​ឲ្យ​ចៅ​សង្កាត់​ថ្មី​ដែរ។

​ពលរដ្ឋ​នៅ​ខេត្ត​កំពត ក៏​មិន​ខុស​ពី​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ដែរ ដោយ​អ្នក​ខ្លះ​បាន​ពេបជ្រាយ និង​រិះគន់​ទង្វើ​របស់​ជំទប់​ទី​២ គណបក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​ជុំគីរី ថា​ស្ដាយស្រណោះ​បន្ទប់​ធ្វើ​ការ​ងារ​ជា​រឿង​អាម៉ាស់​បំផុត។ អ្នក​ខ្លះ​ទៀត​ក៏​បាន​រិះគន់​ថា ពេល​ពលរដ្ឋ​ស្រលាញ់​គាំទ្រ​មិន​ខំប្រឹង​ធ្វើការ តែ​ដល់​ពេល​ចាញ់​ឆ្នោត​ខំ​ស្រវា​ក្ដោបក្ដាប់​បន្ទប់​ធ្វើ​ការ។

មន្ត្រី​ផ្នែក​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា យល់​ថា បើ​ទោះ​ជា​គ្មាន​ច្បាប់​ចែង​ច្បាស់​ថា មេ​ឃុំ​ត្រូវ​អង្គុយ​នៅ​បន្ទប់​ណា ប៉ុន្តែ​ក្រសួង​មហាផ្ទៃ គួរ​តែ​មាន​បទបញ្ជា ឬ​ចេញ​សេចក្ដី​ណែនាំ​ដើម្បី​កុំ​បណ្ដោយ​ឲ្យ​មាន​ការ​ដណ្ដើម​បន្ទប់​គ្នា​ធ្វើការ​យ៉ាង​ដូច្នេះ។ លោក យឿង សុធារ៉ា យល់​ថា គឺ​មេ​ឃុំ​ទេ​ដែល​ត្រូវ​ជា​អ្នក​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទៅ​អង្គុយ​នៅ​បន្ទប់​ណា​មួយ ហើយ​រាល់​ការ​ចាត់ចែង​ក្នុង​សាលាឃុំ​គួរ​តែ​មេ​ឃុំ មិន​មែន​ជំទប់​ទី​២ នោះ​ទេ។

លោក យឿង សុធារ៉ា៖ «ដោយសារ​សាលាឃុំ​វា​ជា​របស់​រដ្ឋ បើ​គ្មាន​សេចក្តី​ណែនាំ​ពីលើ​នោះ​ទេ វា​គួរ​តែ​ស្ដាប់​ការ​ចាត់ចែង​របស់​មេ​ឃុំ។ នៅ​ក្នុង​ឃុំ​សង្កាត់​គឺ​មេ​ឃុំ​ហ្នឹង​ហើយ ទោះបីជា​គាត់​ជាប់​ថ្មី​ក៏ដោយ គឺ​គាត់​មាន​សិទ្ធិ​មាន​អំណាច​ចាត់ចែង បើសិនជា​គ្មាន​ការ​ណែនាំ​ពី​ថ្នាក់​លើ​ទៅ។ តែ​បើ​សិន​ជា​មាន​ការ​ណែនាំ​ពី​ខាង​លើ​ជា​លាយលក្ខណ៍​អក្សរ គួរ​តែ​ធ្វើ​តាម​បញ្ជា​ក្រសួង​មហាផ្ទៃ ទៅ។ មិន​គួរ​ធ្វើ​ទម្លាប់​មិន​ល្អ​អ៊ីចឹង​ទេ អា​ហ្នឹង​វា​ធ្វើ​ឲ្យ​រូបភាព​ពី​ខាង​ក្រៅ​អាក្រក់​មើល​ពេក»

ចំណែក​មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កំពត លោក យន់ ផល្លី យល់​ថា សាលាឃុំ​ជា​របស់​រដ្ឋ ហើយ​អ្នក​ដែល​ចាញ់​ឆ្នោត គឺ​ពលរដ្ឋ​ក្នុង​ឃុំ​លែង​គាំទ្រ ត្រូវ​តែ​ប្រគល់​បន្ទប់​ការងារ​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ឲ្យ​អ្នក​ឈ្នះ​ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ៖ «ក្រោយ​ពី​បោះឆ្នោត​អាណត្តិ​ទី​៤​នេះ​ហើយ ទោះ​បី​គណបក្ស​នយោបាយ​ណា​ជាប់​ឆ្នោត​ក៏ដោយ អ៊ីចឹង​សាលាឃុំ​ជា​របស់​រដ្ឋ អ្នក​ដែល​ត្រូវ​បាន​ចាញ់​ឆ្នោត ឬ​ក៏​ធ្លាក់​ឆ្នោត​ត្រូវ​តែ​ប្រគល់​​បន្ទប់​ការងារ​នោះ​ទៅ​ឲ្យ​អ្នក​ដែល​ជាប់​ឆ្នោត​ថ្មី។ យើង​មិន​អាច​កាន់កាប់​បន្ទប់​នោះ​បាន​ទេ ព្រោះ​នេះ​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ»

​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ដណ្ដើម​បន្ទប់​មេ​ឃុំ​ធ្វើការ​ថា គឺ​ជា​រូបភាព​ដ៏​អាក្រក់ ហាក់​ដូច​ខ្លួន​ឯង​កំពុង​កាង​បន្ទប់​សាលា​ឃុំ​ដែល​ជា​ទ្រព្យសម្បត្តិ​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
បទសម្ភាសន៍​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ដែល​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក​
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
បទសម្ភាសន៍​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ដែល​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក​
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល