អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស្នើ​ឲ្យ​លោក រៀល ខេមរិន្ទ្រ បន្ថែម​ឯកសារ​បំភ្លឺ​រឿង​កិបកេង​លុយ

ដោយ ខែ សុណង
2015-09-11
Share
ព្រំដែន​ស្វាយរៀង ៦២០ ក្រុម​តំណាង​រាស្ត្រ និង​ពលរដ្ឋ​ខ្មែរ ចុះ​ពិនិត្យ​ព្រំដែន​​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo Provided

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tablet

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ស្វាយរៀង លោក រៀល ខេមរិន្ទ្រ បាន​ផ្ញើ​លិខិត​តប​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​លោក​ថា កិបកេង​លុយ​ជាង ៥​ម៉ឺន ៥​ពាន់​ដុល្លារ ក្នុង​ពេល​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​កម្ពុជា-វៀតណាម ខេត្ត​ស្វាយ​រៀង។

ការ​ឆ្លើយ​តប​លិខិត​នេះ នៅ​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស្នើ​ឲ្យ​តំណាង​រាស្ត្រ​រូប​នេះ ធ្វើ​លិខិត​បកស្រាយ​ជា​លាយលក្ខណ៍​អក្សរ​ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ការពារ​បណ្ដឹង​នេះ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា។

មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អះអាង​ថា លិខិត​បំភ្លឺ​របស់​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ដែល​បាន​ឆ្លើយ​តប​ទៅ​អង្គភាព គ្មាន​មូលដ្ឋាន​ច្បាស់លាស់ មិន​អាច​យក​ជា​ផ្លូវ​ការ​បាន។

អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឃាង សេង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ថា អង្គភាព​នឹង​បន្ត​ស្នើ​ឲ្យ លោក រៀល ខេមរិន្ទ្រ ចាំបាច់​ត្រូវ​បន្ថែម​ឯកសារ​បំភ្លឺ​ក្រៅ​ពី​លិខិត​តប​មួយ​សន្លឹក​នេះ៖ «ខ្ញុំ​សរសេរ​ឯកសារ​ហ្នឹង​ដែរ ដូច​សរសេរ​ច្បាស់​ហើយ ដូច​គ្មាន​អ្វី​ជា​មូលដ្ឋាន​សោះ នរណា​ក៏​អាច​និយាយ​បាន​ដែរ។ យើង​ឃើញ​លិខិត​ទី​១ គាត់​បំភ្លឺ​ហើយ អ៊ីចឹង​ហើយ​បាន​ជា​អង្គភាព​សុំ​ឲ្យ​គាត់​បញ្ជាក់​មក​ថា គាត់​និយាយ​ហ្នឹង​មាន​អី​ជា​មូលដ្ឋាន ព្រោះ​យើង​ធ្វើ​ការ​ផ្អែក​លើ​ផ្លូវ​ច្បាប់»

លិខិត​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ផ្ញើ​ទៅ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ស្វាយរៀង លោក រៀល ខេមរិន្ទ្រ នៅ​ថ្ងៃ​ទី​៨ កញ្ញា បាន​តម្រូវ​ឲ្យ លោក រៀល ខេមរិន្ទ្រ ផ្ញើ​ឯកសារ​បន្ថែម បន្ទាប់​ពី​អង្គភាព​បាន​ឃើញ​លិខិត​តប​របស់​តំណាង​រាស្ត្រ​នេះ ហើយ​បាន​ឆ្លើយ​ការពារ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ សីហា នោះ។ អង្គភាព​នេះ បាន​ចាត់​ទុក​ថា លិខិត​បំភ្លឺ​នោះ គឺ​ជា​ការ​លំបាក​ធ្វើ​ឲ្យ​មាន​ការ​ជឿជាក់​លើ​អ្នក​តំណាង​រាស្ត្រ​រូប​នេះ ហើយ​បាន​ស្នើ​ឲ្យ លោក រៀល ខេមរិន្ទ្រ បន្ថែម​ឯកសារ​បញ្ជី​ឈ្មោះ និង​ទឹក​ប្រាក់​ដែល​ម្នាក់ៗ​បាន​ចូលរួម​វិភាគទាន បង្ហាញ​បញ្ជី​ចំណាយ​ទាំងអស់​ដែល​បាន​ចាយ​វាយ​ជាមួយ​តារាង​សមតុល្យ និង​ឯកសារ​ទទួល​ការ​គ្រប់គ្រង ការ​ចាត់​ចែង​ថវិកា​ដែល​បាន​រៀបចំ​ផង។

លោក រៀល ខេមរិន្ទ្រ ត្រូវ​បាន​គេ​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ៣​បណ្ដឹង ពី​បទ​កេង​ប្រវ័ញ្ច​ប្រាក់​ចំនួន ៥​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក ពី​ការ​រៀបចំ​ដំណើរ​ការ​ទៅ​ព្រំដែន​កម្ពុជា-វៀតណាម។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ស្វាយរៀង លោក រៀល ខេមរិន្ទ្រ បាន​ទេ​នៅ​ថ្ងៃ​ទី​១១ កញ្ញា ប៉ុន្តែ​លោក​បាន​ឆ្លើយ​តប​លិខិត​ទៅ​អង្គភាព​ថា ការ​ចោទ​ប្រកាន់​ទាំង​នេះ គឺ​ជា​រឿង​ប្រឌិត​ក្នុង​ចេតនា​ទុច្ចរិត​មួលបង្កាច់​បង្ខូច​កេរ្តិ៍​ឈ្មោះ និង​កិត្តិយស​របស់​លោក។ ក្នុង​លិខិត លោក​បាន​បញ្ជាក់​ថា ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក សរុប ២០.៧៥០​ដុល្លារ សម្រាប់​រៀបចំ​ដំណើរ​ទៅ​ព្រំដែន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥ នោះ បាន​ចំណាយ​លើ​ការ​ជួល​រថយន្ត ការ​ទិញ​ទង់ជាតិ ទង់​សាសនា និង​សម្ភារៈ​ផ្សេងៗ ព្រម​ទាំង​ម្ហូប​អាហារ និង​ទឹក​សុទ្ធ ជាដើម ហើយ​ថា រាល់​ការ​ទទួល​ការ​គ្រប់គ្រង និង​ការ​ចាត់​ចែង​ថវិកា​ទាំងអស់ គឺ​សុទ្ធតែ​មាន​ក្រុម​ការងារ​តាម​ផែន​នីមួយៗ ជា​អ្នក​ទទួល​បន្ទុក​ប្រកប​ដោយ​តម្លាភាព។

បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មិន​អត្ថាធិប្បាយ​ជំនួស លោក រៀល ខេមរិន្ទ្រ នោះ​ទេ។ ទោះ​យ៉ាង​ណា លោក​ចាត់​ទុក​ថា នេះ​គឺ​ជា​រឿង​ចេតនា​នយោបាយ​ច្រើន​ជាង៖ «នេះ​ជា​រឿង​នយោបាយ ចេះ​តែ​បង្កើត​ព្រឹត្តិការណ៍​ដើម្បី​គាប​សង្កត់​ផ្លូវ​ចិត្ត គាប​សង្កត់​ការ​ធ្វើ​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ»

ថ្វី​បើ​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា​បែប​នេះ​ក្ដី ប៉ុន្តែ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ យល់​ឃើញ​ថា មិន​មែន​ជា​រឿង​នយោបាយ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ផ្លូវ​ច្បាប់ ជា​កិច្ចការ​រដ្ឋបាល កិច្ចការ​នគរបាល​យុត្តិធម៌ ដែល​មិន​អាច​ឡូកឡំ​គ្នា​នោះ​ឡើយ។

ក្រៅ​អំពី​ការ​ចោទ​ប្រកាន់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ថា​កិបកេង​លុយ​របស់​អ្នក​ចូលរួម​វិភាគទាន​ជាង ៥​ម៉ឺន ៥​ពាន់​ដុល្លារ ក្នុង​ពេល​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​កម្ពុជា-វៀតណាម ខេត្ត​ស្វាយរៀង នោះ ក៏​មាន​បញ្ហា​ស្រដៀង​គ្នា​កើត​ឡើង​ចំពោះ​គណបក្ស​នេះ​ដែរ ក្នុង​នោះ​គឺ​មាន​អ្នក​អះអាង​ថា ជា​អ្នក​ផ្ដល់​មូលនិធិ​ចូល​វិភាគទាន​ទ្រទ្រង់​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ចំនួន​ជាង ៥​លាន ៣​សែន​រៀល នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ទារ​ប្រាក់​វិញ​ទៀត​ផង ប៉ុន្តែ​នៅ​ទីបំផុត សមត្ថកិច្ច​បញ្ជាក់​ថា មិន​មាន​ឈ្មោះ​នោះ​នៅ​មូលដ្ឋាន​របស់​គេ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល