
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលស្វាយរៀង លោក រៀល ខេមរិន្ទ្រ បានផ្ញើលិខិតតបទៅអង្គភាពប្រឆាំងអំពើពុករលួយ ទាក់ទងនឹងការចោទប្រកាន់លោកថា កិបកេងលុយជាង ៥ម៉ឺន ៥ពាន់ដុល្លារ ក្នុងពេលចុះទៅពិនិត្យព្រំដែនកម្ពុជា-វៀតណាម ខេត្តស្វាយរៀង។
ការឆ្លើយតបលិខិតនេះ នៅបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ស្នើឲ្យតំណាងរាស្ត្ររូបនេះ ធ្វើលិខិតបកស្រាយជាលាយលក្ខណ៍អក្សរដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ ដើម្បីការពារបណ្ដឹងនេះកាលពីថ្ងៃទី៣១ ខែកក្កដា។
មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ អះអាងថា លិខិតបំភ្លឺរបស់អ្នកតំណាងរាស្ត្របក្សប្រឆាំង ដែលបានឆ្លើយតបទៅអង្គភាព គ្មានមូលដ្ឋានច្បាស់លាស់ មិនអាចយកជាផ្លូវការបាន។
អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃាង សេង មានប្រសាសន៍នៅថ្ងៃទី១១ ខែកញ្ញា ថា អង្គភាពនឹងបន្តស្នើឲ្យ លោក រៀល ខេមរិន្ទ្រ ចាំបាច់ត្រូវបន្ថែមឯកសារបំភ្លឺក្រៅពីលិខិតតបមួយសន្លឹកនេះ៖ «ខ្ញុំសរសេរឯកសារហ្នឹងដែរ ដូចសរសេរច្បាស់ហើយ ដូចគ្មានអ្វីជាមូលដ្ឋានសោះ នរណាក៏អាចនិយាយបានដែរ។ យើងឃើញលិខិតទី១ គាត់បំភ្លឺហើយ អ៊ីចឹងហើយបានជាអង្គភាពសុំឲ្យគាត់បញ្ជាក់មកថា គាត់និយាយហ្នឹងមានអីជាមូលដ្ឋាន ព្រោះយើងធ្វើការផ្អែកលើផ្លូវច្បាប់»។
លិខិតពីអង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើទៅតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលស្វាយរៀង លោក រៀល ខេមរិន្ទ្រ នៅថ្ងៃទី៨ កញ្ញា បានតម្រូវឲ្យ លោក រៀល ខេមរិន្ទ្រ ផ្ញើឯកសារបន្ថែម បន្ទាប់ពីអង្គភាពបានឃើញលិខិតតបរបស់តំណាងរាស្ត្រនេះ ហើយបានឆ្លើយការពារខ្លួនកាលពីថ្ងៃទី១៣ សីហា នោះ។ អង្គភាពនេះ បានចាត់ទុកថា លិខិតបំភ្លឺនោះ គឺជាការលំបាកធ្វើឲ្យមានការជឿជាក់លើអ្នកតំណាងរាស្ត្ររូបនេះ ហើយបានស្នើឲ្យ លោក រៀល ខេមរិន្ទ្រ បន្ថែមឯកសារបញ្ជីឈ្មោះ និងទឹកប្រាក់ដែលម្នាក់ៗបានចូលរួមវិភាគទាន បង្ហាញបញ្ជីចំណាយទាំងអស់ដែលបានចាយវាយជាមួយតារាងសមតុល្យ និងឯកសារទទួលការគ្រប់គ្រង ការចាត់ចែងថវិកាដែលបានរៀបចំផង។
លោក រៀល ខេមរិន្ទ្រ ត្រូវបានគេប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ៣បណ្ដឹង ពីបទកេងប្រវ័ញ្ចប្រាក់ចំនួន ៥ម៉ឺន ៥ពាន់ដុល្លារអាមេរិក ពីការរៀបចំដំណើរការទៅព្រំដែនកម្ពុជា-វៀតណាម។
វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលស្វាយរៀង លោក រៀល ខេមរិន្ទ្រ បានទេនៅថ្ងៃទី១១ កញ្ញា ប៉ុន្តែលោកបានឆ្លើយតបលិខិតទៅអង្គភាពថា ការចោទប្រកាន់ទាំងនេះ គឺជារឿងប្រឌិតក្នុងចេតនាទុច្ចរិតមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់លោក។ ក្នុងលិខិត លោកបានបញ្ជាក់ថា ប្រាក់ឧបត្ថម្ភពីសប្បុរសជនទាំងក្នុង និងក្រៅស្រុក សរុប ២០.៧៥០ដុល្លារ សម្រាប់រៀបចំដំណើរទៅព្រំដែន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ នោះ បានចំណាយលើការជួលរថយន្ត ការទិញទង់ជាតិ ទង់សាសនា និងសម្ភារៈផ្សេងៗ ព្រមទាំងម្ហូបអាហារ និងទឹកសុទ្ធ ជាដើម ហើយថា រាល់ការទទួលការគ្រប់គ្រង និងការចាត់ចែងថវិកាទាំងអស់ គឺសុទ្ធតែមានក្រុមការងារតាមផែននីមួយៗ ជាអ្នកទទួលបន្ទុកប្រកបដោយតម្លាភាព។
បញ្ហានេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មិនអត្ថាធិប្បាយជំនួស លោក រៀល ខេមរិន្ទ្រ នោះទេ។ ទោះយ៉ាងណា លោកចាត់ទុកថា នេះគឺជារឿងចេតនានយោបាយច្រើនជាង៖ «នេះជារឿងនយោបាយ ចេះតែបង្កើតព្រឹត្តិការណ៍ដើម្បីគាបសង្កត់ផ្លូវចិត្ត គាបសង្កត់ការធ្វើសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ»។
ថ្វីបើគណបក្សសង្គ្រោះជាតិ យល់ថាបែបនេះក្ដី ប៉ុន្តែមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ យល់ឃើញថា មិនមែនជារឿងនយោបាយនោះទេ ប៉ុន្តែគឺជាផ្លូវច្បាប់ ជាកិច្ចការរដ្ឋបាល កិច្ចការនគរបាលយុត្តិធម៌ ដែលមិនអាចឡូកឡំគ្នានោះឡើយ។
ក្រៅអំពីការចោទប្រកាន់តំណាងរាស្ត្របក្សប្រឆាំង ថាកិបកេងលុយរបស់អ្នកចូលរួមវិភាគទានជាង ៥ម៉ឺន ៥ពាន់ដុល្លារ ក្នុងពេលចុះទៅពិនិត្យព្រំដែនកម្ពុជា-វៀតណាម ខេត្តស្វាយរៀង នោះ ក៏មានបញ្ហាស្រដៀងគ្នាកើតឡើងចំពោះគណបក្សនេះដែរ ក្នុងនោះគឺមានអ្នកអះអាងថា ជាអ្នកផ្ដល់មូលនិធិចូលវិភាគទានទ្រទ្រង់បង្កើតទូរទស្សន៍ព្រះអាទិត្យចំនួនជាង ៥លាន ៣សែនរៀល នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ទារប្រាក់វិញទៀតផង ប៉ុន្តែនៅទីបំផុត សមត្ថកិច្ចបញ្ជាក់ថា មិនមានឈ្មោះនោះនៅមូលដ្ឋានរបស់គេនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។