មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា លោក ហ៊ុន សែន ទៅ​ចិន គ្រាន់​តែ​ចង់​ឈ្នះ​ចាញ់​នឹង​អ្នក​រិះគន់​ប៉ុណ្ណោះ

ដោយ សុ ជីវី
2020-02-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុសច្បង គឺ​លោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូប​កណ្ដាល) នា​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុសច្បង គឺ​លោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូប​កណ្ដាល) នា​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។
រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ពិត​ប្រាក​ចំពោះ​និស្សិត​ខ្មែរ​ដែល​ជាប់​គាំង​ក្នុង​តំបន់​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​នោះ​ទេ​។ ពួកគេ យល់ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ជម្លៀស​ក្រុម និស្សិត​ខ្មែរ​មក​ប្រទេស​កម្ពុជា​វិញ​ជា​បណ្ដោះអាសន្ន ទើប​ជា​រឿង​ប្រសើរ​ជាង។

មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន បញ្ចេញមតិ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន គឺ​គ្រាន់តែ​បង្ហាញ​ពី​ការ​ចង់​ឈ្នះ​ចង់​ចាញ់​ជាមួយ ក្រុម​អ្នក​រិះគន់​លោក​តែប៉ុណ្ណោះ ប៉ុន្តែ​មិនបាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ចំពោះ​ក្រុម​និស្សិត​ខ្មែរ​ដែល​ជាប់​ផុង​ក្នុង​ទីក្រុង​វូហាន​(Wuhan) ដែល​កំពុង​ប្រឈម​ការ​ឆ្លង​វីរុស​កូរ៉ូណា​នោះ​ទេ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា មាន​ប្រសាសន៍ថា លោក ហ៊ុន សែន គ្មាន​គម្រោង​ច្បាស់លាស់​ជាមុន​ឡើយ ក្នុង​ការ​ប្រកាស ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន ពោល​គឺ​មេដឹកនាំ​រូប​នេះ គ្រាន់តែ​ចង់​ឈ្នះ​ចិត្ត​របស់​ប្រជាពលរដ្ឋ ខ្មែរ​ខ្លួនឯង​តែប៉ុណ្ណោះ​។ ការ​អះអាង​ដូច្នេះ ព្រោះ​លោក មឿន តុលា កត់សម្គាល់​ថា ដំណើរ​ទស្សនកិច្ច​នេះ កើតឡើង​ក្រោយ​ប្រជាពលរដ្ឋ​ខ្មែរ រិះគន់​ខ្លាំងៗ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​មិន​យកចិត្តទុកដាក់​ចំពោះ​អាយុជីវិត​ក្រុម​និស្សិត​ខ្មែរ​ដែល​ជាប់​គាំង​នៅ​ក្នុង​ទីក្រុង​វូហាន។ ម្យ៉ាង វិញទៀត ការប្រកាស​នេះ​ទៀតសោត ក៏​ព្រោះតែ​លោក ហ៊ុន សែន បាន​ដឹង​ជាមុន​ហើយ​ថា រដ្ឋាភិបាល​ចិន បាន​ចេញ​ចេញ​បម្រាម​បិទ​ទីក្រុង​វូហាន​ទាំងមូល​មិន​អនុញ្ញាត​ឱ្យ​មានការ​ចេញចូល​ដោយ សេរី​នោះ​ទេ​។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស​រូប​នេះ យល់ថា ប្រសិនបើ លោក ហ៊ុន សែន ពិត​ខ្វាយខ្វល់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន​ត្រូវតែ​ចាត់វិធានការ​ជម្លៀស​និស្សិត​ខ្មែរ​ចេញពី​ទីក្រុង​វូហាន និង​តំបន់​នានា​ដែល​ប្រឈម​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​ជា​បន្ទាន់៖ «គួរតែ​មាន​ផែនការ​ជម្លៀស​និស្សិត​ខ្មែរ​ចេញ​មក ប្រសិនបើ លោកនាយក​រដ្ឋមន្ត្រី​មានការ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ពលរដ្ឋ​យើង​នៅ​ទីនោះ ខណៈ​ដែល ប្រទេស​ដទៃ​ទៀត គេ​បាន​ធ្វើ​ហើយ​ដូចជា​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង​អី​នឹង ហើយ​ហ្វីលីពីន ក៏​គេ​ធ្វើ​ដែរ​។ រហូតដល់​គោលការណ៍​(policy )​របស់​ហ្វីលីពីន​ថ្មីៗ​នេះ តាម​ខ្ញុំ​ដឹង​ថា ប្រទេស​កម្ពុជា ក៏​ជា​ចំណុច មួយ​ដែល​គេ​ដាក់​ការ​ឃ្លាំមើល​ដែរ មានន័យថា ជនជាតិ​ហ្វីលីពីន​ដែល​ហោះហើរ​ចេញពី​កម្ពុជា​ទៅ ក៏​គេ​ដាក់​ការ​ឃ្លាំមើល​រយៈពេល​១៤​ថ្ងៃ​ដែរ»

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែង​ទៅ​កាន់​អ្នក​កាសែត ក្រោយ​ចូល​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ RFA
នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែង​ទៅ​កាន់​អ្នក​កាសែត ក្រោយ​ចូល​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ RFA

ការ​លើក​ឡើង​នេះ ស្រប​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ចេញពី​ប្រទេស​កូរ៉េខាងត្បូង ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ មុន​វិល​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​។ នៅ​ទីក្រុង​ប៉េកាំង លោក ហ៊ុន សែន មិនបាន​បង្ហើប​ប្រាប់​ថា លោក​បាន​ជួប​និស្សិត​ខ្មែរ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ណាមួយ ឬ​បាន​ដឹង​ពី​ស្ថានភាព​រស់នៅ​របស់​ពួកគេ​បែប​ណា​នោះ​ទេ ប៉ុន្តែ​លោក លោក ហ៊ុន សែន គ្រាន់តែ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា លោក​មាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី លោក លី ឃឺឈាង និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង។ ដំបូង​ឡើយ មេដឹកនាំ​ក្រុងភ្នំពេញ​រូប​នេះ បាន​ប្រកាស​ថា ចង់​ទៅ​សួរ​ទុក្ខ​និស្សិត​ខ្មែរ​ដោយ​ផ្ទាល់​ក្នុង​ទីក្រុង​វូហាន ប៉ុន្តែ​រដ្ឋាភិបាល​ចិន​មិន​អនុញ្ញាត ព្រោះ​ទីនោះ កំពុង​ផ្ទុះ​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា។

និស្សិត​បរិញ្ញាបត្រ​ឆ្នាំ​ទី​៤ ជំនាញ​វិស្វកម្ម​សំណង់​ស៊ីវិល​នៃ​សកល​វិទ្យាល័យ​វូហាន (Wuhan University) លោក ភួង បុប្ផាគីមហុង ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា លោក​បាន​កែប្រែ​គំនិត​ឈប់​ចង់​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ ព្រោះ​រស់នៅ​ក្នុង​សាលា ក៏​មាន​សុវត្ថិភាព​ដែរ ហើយ​ម្យ៉ាងទៀត លោក​ត្រូវ​ចាប់ផ្ដើម​សរសេរ​សារណា​បញ្ចប់​ការសិក្សា​ហើយ​។ និស្សិត​រូប​នេះ បញ្ជាក់​ថា ក្នុង​ពេល​លោក​នាយករដ្ឋមន្ត្រី​ទៅដល់​ទីក្រុង​ប៉េកាំង​នេះ គឺ​មិន​បាន​ទូរស័ព្ទ​សួរសុខទុក្ខ​លោក​ដោយ​ផ្ទាល់​នោះ​ទេ​។

ការ​ផ្លាស់ប្ដូរ​ជំហរ​បែប​របស់​និស្សិត​រូប​នេះ ក្រោយពី​លោក ហ៊ុន សែន បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​កុំ​ឱ្យ​និស្សិត ខ្មែរ​ចាក​ចេញពី​ទីនោះ ដើម្បី​នៅ​រួមសុខទុក្ខ​ជាមួយ​ប្រជាជន​ចិន​។ អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ទៅ​និស្សិត​ផ្សេងទៀត តែ​ពុំ​មាន​អ្នកទទួល​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​សម្រាប់​ការអភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ថ្លែង​ថា លោក ហ៊ុន សែន គួរតែ​ព្យាយាម​ទាក់ទង​ជួប​ជាមួយ​ក្រុម​និស្សិត​ខ្មែរ​នៅ​ទីក្រុង​វូហាន​តាម​វិធី​ណា​មួយ ដើម្បី​ដឹង​អំពី​សុខទុក្ខ និង​ស្ថានភាព​រស់នៅ​របស់​ពួកគេ ហើយ​ថា ពួកគេ​ត្រូវការ​ជំនួយ​បែប​ណា​ខ្លះ​។ លោក​បន្ត​ថា ប្រសិនបើ​ស្ថានភាព​រស់នៅ​របស់​ពួកគេ​មាន​ភាព​ប្រឈម​ខ្លាំង ហើយ​រដ្ឋាភិបាល ចិន មិន​អាច​ទទួលខុសត្រូវ​បាន​ដោយសារ​ថា ទំហំ​នៃ​ការ​រីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង គឺ​រដ្ឋាភិបាល​កម្ពុជា គួរតែ​រក​វិធី​ជម្លៀស​ពួកគេ​មក​កម្ពុជា​វិញ ហើយ​ធ្វើការ​ពិនិត្យ​ថែទាំ​ឱ្យ​បាន​ដិតដល់​បំផុត ដូច​អ្វី​ដែល​រដ្ឋាភិបាល​ប្រទេស​នានា​បាន​ធ្វើ​ដែរ៖ «បើសិនជា​មានលទ្ធភាព​យក​ពួកគាត់​មក​បាន​ក៏​ធ្វើ​ឱ្យ​ឪពុកម្ដាយ ក៏​លែង​បារម្ភ​ហើយ​ពួកគាត់ ក៏បាន​ជួបជុំ​គ្រួសារ​លែង​ខ្វាយខ្វល់​ដែរ​។​មួយទៀត តើ​រដ្ឋាភិបាល​មាន ការ​លើក​ទឹកចិត្ត​ពិសេស​យ៉ាងម៉េច​ដល់​ពួកគាត់​តាមរយៈ​ស្ថានទូត​ខ្មែរ នៅ​ទីនោះ​តាម​ការ​ស្វែង​​យល់ និង​ធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ​អំពី​ការរស់នៅ​និង​ស្ថានភាព​របស់ គាត់​(​និស្សិត​)។ យើង​មិន​អាច​ផ្ដេកផ្ដួល តែ​លើ​ភាគី​ចិន​ទាំងអស់​នោះ​ទេ»

លោក យង់ គិមអេង ប្រធាន​មជ្ឃ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ក្នុង​បន្ទប់​ផ្សាយ​វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០១៧។ RFA
លោក យង់ គិមអេង ប្រធាន​មជ្ឃ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ក្នុង​បន្ទប់​ផ្សាយ​វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០១៧។ RFA RFA

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន បាន​រិះគន់​ថា ដំណើរ​ទស្សនកិច្ច​នៅ​ប៉េកាំង​របស់ លោក ហ៊ុន សែន នេះ មាន​ភាព​ពុតត្បុត មិន​បាន​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ពិត​ប្រាកដ​នោះ​ទេ ហើយ​ពួកគេ ក៏​បួងសួង​ឱ្យ​និស្សិត​ខ្មែរ​នៅ​វូហាន​គេច​ផុត​ពី​មេរោគ​ឆ្លង​ដ៏​កាច​សាហាវ​នេះ។

អ្នកប្រើប្រាស់​បណ្តាញ​ហេ្វសប៊ុក​ម្នាក់​ឈ្មោះ សូរ សមយុទ្ធ សរសេរ​ថា ក្នុង​បរិបទ​មេរោគ​កូរ៉ូណា​ឆ្លង បែប​នេះ ប្រហែលជា​ចិន​ពុំ​មាន​ពេលវេលា ដើម្បី​កំដរ​អ្នកណាម្នាក់ ឬ​ប្រទេស​ណាមួយ ដើម្បី​លេងចម្បាំង​យក​មុខ​ឌឺដង​គ្នា​ឡើយ​។ ក្នុង​បរិបទ​នេះ ប្រហែល​ចិន ត្រូវ​ការ​ជំនួយ​បច្ចេកទេស​ជាង​មុខ​មាត់​ការទូត​។ ម្ចាស់​គណនី​ហ្វេសប៊ុក​នេះ លើកឡើង​ថា បើ​ខ្លួន​ជា​អ្នក​សម្រេច​កិច្ចការ​នយោបាយ​កម្ពុជា​វិញ នឹង​បញ្ជូន​យន្តហោះ​ទៅ​ដឹក​និស្សិត​កម្ពុជា​មក​ផ្ទះ ហើយ​រុញ​ចូល​ពេទ្យ ១៥​ថ្ងៃ និង​៣០​ថ្ងៃ ក្រោយ​ចាំ​ឱ្យ​ជួបជុំ​គ្រួសារ​។

គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ វីរុស​កូរ៉ូណា ដែល​មាន​ប្រភព​ផ្ទុះ​រីក​រាលដាល​ពី​ទីក្រុង​វូហាន ប្រទេស​ចិន បាន សម្លាប់​មនុស្ស​កើន​ដល់ ៤៩០​នាក់​ហើយ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ម្នាក់​ស្លាប់​នៅ​ប្រទេស​ហ្វីលីពីន​។ ចំណែក​អ្នក​ឆ្លង​វីរុស​នេះ កើត​ដល់​ជិត​២​ម៉ឺន ៥​ពាន់​(២៤.៣២៤) នាក់​ហើយ។ មាន​ប្រទេស​ជិត​៣០ ត្រូវ​បាន​វីរុស​នេះ ឆ្លង​រាតត្បាត តាមរយៈ​អ្នកដំណើរ​ពី​ប្រទេស​ចិន​។ ប្រទេស​ភាគច្រើន​រួម​ទាំង ប្រទេស​ជិតខាង​កម្ពុជា​រួមមាន​ថៃ និង​វៀតណាម បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​នេះ​កើត​ឡើងជា​បន្ត​បន្ទាប់ លើកលែងតែ​កម្ពុជា​ប៉ុណ្ណោះ​ដែល​មិនទាន់​រក​ឃើញ​ករណី​ថ្មី​ទៀត​នៅឡើយ ក្រៅពី​បុរស​ជនជាតិ​ចិន​ម្នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Who is in the picture ( unbuttoned )with Chinese president just look like a drunkard ?

Feb 06, 2020 12:38 PM

គេហទំព័រ​ទាំងមូល