សមត្ថកិច្ចរបបក្រុងភ្នំពេញ បានបញ្ជូនសកម្មជនបក្សប្រឆាំងប្រចាំខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ទៅសាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី១ សីហា។ សមត្ថកិច្ចចោទប្រកាន់ថា សកម្មជនបក្សប្រឆាំងរូបនេះ បានជេរប្រមាថ ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីថា សំណុំរឿងលោក ម៉ៃ ហុងស្រៀង បានផុតដៃសមត្ថកិច្ចហើយ និងកំពុងស្ថិតក្នុងដំណាក់កាលតុលាការ។ លោកថា សមត្ថកិច្ចបានចោទប្រកាន់លោក ម៉ៃ ហុងស្រៀង ពីបទជេរប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល តាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) និងញុះញង់បង្កចលាចលក្នុងសង្គម៖ « គាត់បង្ហោះសារ បង្ហោះអ្វី ប្រមាថរដ្ឋាភិបាល ហើយមានការញុះញង់ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ។ ឥឡូវនេះ នៅក្នុងនីតិវិធីតុលាការហើយ ផុតពីដៃសមត្ថកិច្ច នគរបាលហើយ » ។
ប៉ូលិសនៃរបបក្រុងភ្នំពេញ បានចាប់ខ្លួន សកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង កាលពីយប់ ថ្ងៃទី៣០ កក្កដា នៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងរាជធានីភ្នំពេញ នៅពេលសកម្មជនបក្សប្រឆាំងរូបនេះ កំពុងរត់គេចខ្លួន ពីការឡោមព័ទ្ធ របស់ប៉ូលិសនៅខេត្តព្រះសីហនុ។
លោក ម៉ៃ ហុងស្រៀង បានរត់គេចចេញពីផ្ទះចោលប្រពន្ធកូន តាំងពីខែឧសភា ដោយលោកអះអាង ថាបានទទួលដំណឹងពីមិត្តភក្ដិធ្វើការនៅក្រសួងមហាផ្ទៃ ប្រាប់ឲ្យគេចខ្លួន ព្រោះប៉ូលិស មានបញ្ជាសម្ងាត់ឲ្យតាមចាប់លោក។ នៅយប់ថ្ងៃទី២៩ កក្កដា ប៉ូលិសខេត្តព្រះសីហនុ បានឡោមព័ទ្ធផ្ទះសាច់ញាតិម្នាក់ ដែលលោកស្នាក់នៅ នៅឃុំបិតត្រាំង ស្រុកព្រៃនប់។ គ្រានោះលោក ម៉ៃ ហុងស្រៀង បានផ្លោះរបង និងរត់កាត់ព្រៃទាំងយប់ ហើយធ្វើដំណើរឡើងមកភ្នំពេញ ក្នុងបំណងភៀសខ្លួនមួយរយៈ។ លោក ម៉ៃ ហុងស្រៀង ត្រូវបានប៉ូលិសចាប់បាននៅរាជធានីភ្នំពេញ ម៉ោងជាង៨យប់ ថ្ងៃទី៣០ កក្កដា គឺនៅពេលលោក ចុះពីលើឡានឈ្នួល ទិញស៊ីមកាតទូរស័ព្ទ។
ប្រពន្ធលោក ម៉ៃ ហុងស្រៀង គឺលោកស្រី គា ស៊ីសុគន្ធី បានមកឈរចាំប្ដី នៅមុខសាលាដំបូងរាជធានីភ្នំពេញ ២ថ្ងៃហើយ។ លោកស្រីថា មិនដឹងសមត្ថកិច្ចបញ្ជូនប្ដីអ្នកស្រី មកសាលាតុលាការក្រុងភ្នំពេញ ឬមិនទាន់បញ្ជូនមកទេ។ គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី១ សីហា លោកស្រី គា ស៊ីសុគន្ធី ប្រាប់ថា មិនទាន់ដឹងថា ប្ដីលោកស្រី នៅទីណាឲ្យប្រាកដទេ ព្រោះមិនឃើញឡានដឹកប្ដីអ្នកស្រី ចូលក្នុងតុលាការ ហើយប៉ូលិសយាមមុខតុលាការ ក៏ប្រាប់ថា មិនដឹងដែរ។
អ្នកស្រី គា ស៊ីសុគន្ធី ថ្លែងថា អ្នកស្រី និងកូនតូចៗ៣នាក់ បានព្រាត់ប្រាសប្ដី និងឪពុកច្រើនខែហើយ។ អ្នកស្រី សុំអង្វរ តុលាការ និងរបបក្រុងភ្នំពេញ កុំពង្រាត់ប្ដី និងបង្កការភ័យខ្លាចដល់គ្រួសារលោកស្រីតទៅទៀត ដោយសុំឲ្យទម្លាក់បទចោទប្រកាន់ ដើម្បីគ្រួសារលោកស្រី បានជួបជុំគ្នាឡើងវិញ៖ « មកដល់ដំណាក់កាលតុលាការ ខ្ញុំចង់ឲ្យទម្លាក់ចោលរាល់ទោសហ្នឹង ហើយដោះលែងគាត់ឲ្យមានសេរីភាពវិញ ព្រោះអ្វី ខ្ញុំនៅសល់កូនតូចៗច្រើនណាស់។ ( កូន ) បងគេអត់ទាំងទាន់ចេះសិតសក់ខ្លួនឯងផង អាបងគេអាយុ៧ឆ្នាំ។ គាត់រិះគន់ធ្ងន់ៗឲ្យគេក្ដៅក្រហាយ អ៊ីចឹងណា » ។
លោក ម៉ៃ ហុងស្រៀង ជាសមាជិកគណបក្សសង្គ្រោះជាតិ និងជាជនទី១៤ ហើយ ដែលត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួន ក្នុងឆ្នាំ២០១៩។ គណបក្សសង្គ្រោះជាតិ ថ្កោលទោស និងហៅការចាប់ខ្លួននេះ ថាជាទង្វើគឃ្លើនរបស់របបក្រុងភ្នំពេញ ក្នុងការរំលោភសិទ្ធិ សេរីភាពបុគ្គល និងរំលោភរដ្ឋធម្មនុញ្ញ។
អនុប្រធានអង្គការលីកាដូ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក អំ សំអាត យល់ថា ដើម្បីបញ្ចៀសការរិះគន់ថា ការចាប់ខ្លួននេះ ជាការរំលោភសិទ្ធិសេរីភាពពលរដ្ឋ ទាល់តែរដ្ឋាភិបាលមានធាតុផ្សំ នៃបទល្មើសគ្រប់គ្រាន់ បញ្ជាក់ថា លោក ម៉ៃ ហុងស្រៀង បានបង្កឲ្យមានព្យសនកម្ម ឬបង្កចលាចលដល់សង្គមពិតប្រាកដ។ តែបើគ្រាន់តែការធ្វើសកម្មភាព គ្មានប៉ះពាល់ដល់ចលាចលសង្គមទេ មិនអាចចោទពលរដ្ឋ ថា ញុះញង់ ឬធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិឡើយ។ លោក អំ សំអាត សង្កេតឃើញថា ការបង្ហោះសាររបស់សកម្មជនបក្សប្រឆាំង លោក ម៉ៃ ហុងស្រៀង គ្មានបានបង្កព្យសនកម្ម ឬចលាចលអ្វីឡើយ៖ « យើងអត់ទាន់ដឹងថា អាជ្ញាធរគាត់សំអាងទៅលើមូលដ្ឋានអ្វី ច្បាស់លាស់ ឬក៏យកមូលហេតុអ្វី ឬក៏ភស្តុតាងអ្វីឲ្យច្បាស់លាស់ ក្នុងការចោទប្រកាន់ក្នុងរឿងហ្នឹងទេ។ ប៉ុន្តែប្រសិនបើយើងមើលទាក់ទងនឹងការបង្ហោះសារ ការអ្វីរបស់គាត់ហ្នឹង បើយើងនិយាយរឿងព្យសនកម្ម ឬការបង្កចលាចលអ្វី វាអត់ទាន់មានណា វាអត់ទាន់មានអ្វីកើតឡើងទេ។ ក៏ប៉ុន្តែគ្រាន់ជាទូទៅ បើតាមទម្លាប់ដែលយើងឃើញ រាល់ការរិះគន់ទៅលើថ្នាក់ដឹកនាំ មានការរិះគន់បែបប្រមាថ ឬក៏អ្វីខ្លះនៅក្នុងហ្នឹង យើងឃើញការអនុវត្តគេធ្វើភ្លាមៗ ជាពិសេសគឺទាក់ទងនឹងអ្នកទាំងឡាយ ជាសកម្មជនគណបក្សប្រឆាំង » ។
ប្រពន្ធរបស់សកម្មជនបក្សប្រឆាំង លោក ម៉ៃ ហុងស្រៀង គឺអ្នកស្រី គា ស៊ីសុគន្ធី ប្រាប់ថា ត្រឹមម៉ោង ៨កន្លះយប់ថ្ងៃទី១ សីហា អ្នកស្រី និងមេធាវីមិនដឹងថា ប្ដីអ្នកស្រី ត្រូវតុលាការសម្រេចបែបណានៅឡើយទេ គឺគ្មានបានជួបមុខប្ដី និងទទួលបានដំណឹងផ្លូវការបែបណាទេ។ ប៉ុន្តែប្រព័ន្ធឃោសនាស្និទ្ធរបបក្រុងភ្នំពេញ (Freshnews) ចុះផ្សាយថា លោក ម៉ៃ ហុងស្រៀង ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស នៅល្ងាចថ្ងៃទី១ សីហា។
ប្រព័ន្ធឃោសនាស្និទ្ធរបបក្រុងភ្នំពេញនេះ ផ្សាយថា ចៅក្រម រៀល សុភិន ជាអ្នកសម្រេចចោទប្រកាន់លោក ម៉ៃ ហុងស្រៀង និងសម្រេចឲ្យឃុំខ្លួនបណ្ដោះអាសន្ន។
លោកស្រី គា ស៊ីសុគន្ធី សោកស្ដាយ ដែលសមត្ថកិច្ច និងតុលាការលាក់បាំងករណីនេះ ហើយមិនព្រមប្រាប់ឲ្យលោកស្រី បានជួបមុខប្ដីបន្តិច ឬចូលរួមស្ដាប់ការសាកសួរប្ដី។ លោកស្រីថា ករណីចោទប្រកាន់ប្ដីលោកស្រី ទំនងធ្វើឡើងដោយគ្មានមេធាវី ព្រោះមេធាវីប្រាប់លោកស្រីថា មិនបានដឹង លោក ម៉ៃ ហុងស្រៀង នៅទីណា។
លោកស្រីប្រាប់ថា នៅថ្ងៃទី២ សីហា លោកស្រី មានបំណងទៅជួបមុខប្ដី នៅក្នុងពន្ធនាគារព្រៃស មុនត្រលប់ទៅថែរក្សាកូនតូចៗ នៅឯខេត្តព្រះសីហនុវិញ៕
(ប្រពន្ធរបស់សកម្មជនបក្សប្រឆាំង លោក ម៉ៃ ហុងស្រៀង គឺអ្នកស្រី គា ស៊ីសុគន្ធី រង់ចាំជួបប្ដីនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
