“កាក​បាទ​ក្រហម​កម្ពុជា​ស្ថិត​ក្រោម​ការ​ជ្រៀតជ្រែក​នយោបាយ”

ដោយ តាំង សារ៉ាដា
2014-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​អំណោយ​ដល់​ជន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់ នៅ​ស្រុក​មុខកំពូល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៧ វិច្ឆិកា ឆ្នាំ​២០១១។
ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​អំណោយ​ដល់​ជន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់ នៅ​ស្រុក​មុខកំពូល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៧ វិច្ឆិកា ឆ្នាំ​២០១១។
Photo: RFA

បើ​និយាយ​អំពី​កាក​បាទ​ក្រហម មនុស្ស​ភាគ​ច្រើន​ដឹង​ភ្លាម​ថា ជា​ក្រុម​មួយ​សម្រាប់​ចែក​ជំនួយ​មនុស្សធម៌​ដល់​ជន​រងគ្រោះ ជន​ក្រីក្រ និង​ជួយ​ដល់​ការ​ថែទាំ​សុខភាព​របស់​មនុស្ស​ដោយ​មិន​គិត​អំពី​និន្នាការ​នយោបាយ​នោះ​ឡើយ។

ទស្សនវិស័យ​របស់​កាក​បាទ​ក្រហម គឺ​ដើម្បី​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សកល ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ក្នុង​ការ​សង្គ្រោះ​ជីវិត​មនុស្ស និង​ដើម្បី​ពន្លឿន​កាត់​បន្ថយ​ភាព​ក្រីក្រ ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ។ តើ​ស្ថាប័ន​កាក​បាទ​ក្រហម​កម្ពុជា មាន​ទិសដៅ និង​សកម្មភាព​ស្រប​ទៅ​តាម​គោលការណ៍​ជា​មូលដ្ឋាន​មនុស្សធម៌​នេះ​ដែរ​ឬ​ទេ?

វា​ដូច​ជា​មិន​ពិបាក​មើល​ឃើញ​សោះ​ថា ស្ថាប័ន​កាក​បាទ​ក្រហម​កម្ពុជា បន្តិច​ម្តងៗ​បាន​ត្រូវ​គេ​ប្រែ​ក្លាយ​អោយ​ទៅ​ជា​ស្ថាប័ន​ដែល​ប្រកាន់​និន្នាការ​នយោបាយ ហើយ​ញាំញី​ទៅ​ដោយ​ក្រុម​ប្រពន្ធ​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួ​រដ្ឋាភិបាល​កម្ពុជា។ មិន​តែ​ប៉ុណ្ណោះ​ទេ ស្ថាប័ន​មួយ​នេះ​ក៏​ក្លាយ​ទៅ​ជា​កន្លែង​លាង​លុយ​របស់​ក្រុម​ឧកញ៉ា​កំពូលៗ និង​ជា​កន្លែង​ទទួល​បាន​យ័ន្ត​ស័ក្ដិ​សិទ្ធិ ដើម្បី​រក​ស៊ី​ជួញ​ដូរ​ខុស​ច្បាប់។ ក៏ប៉ុន្តែ ប្រការ​សំខាន់​ជាង​គេ​បំផុត​នោះ កាក​បាទ​ក្រហម​កម្ពុជា គឺ​ជា​សេនាធិការ​រក​សំឡេង​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​តែ​ម្តង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ គេហទំព័រ​របស់​កាក​បាទ​ក្រហម​កម្ពុជា បង្ហាញ​ថា កាក​បាទ​ក្រហម​បើក​ទូលាយ​សម្រាប់​ជន​គ្រប់​រូប ស្ថាប័ន​ជាតិ ឬ​ឯកជន ដោយ​មិន​បែង​ចែក​ពូជ​សាសន៍​ភេទ ជំនឿ​សាសនា ភាសា វណ្ណៈ ឬ​ទស្សនៈ​នយោបាយ​ឡើយ។

កាក​បាទ​ក្រហម​កម្ពុជា ឈរ​លើ​គោលការណ៍​គ្រឹះ​ទាំង​៧​របស់​ចលនា​អន្តរជាតិ រួម​មាន​ភាព​ជា​មនុស្ស​ធម៌ ភាព​មិន​លម្អៀង អព្យាក្រឹតភាព ឯករាជ្យ​ភាព សេវាកម្ម​ស្ម័គ្រ​ចិត្ត ឯកភាព និង​សកល​ភាព។

ក៏ប៉ុន្តែ ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា កាក​បាទ​ក្រហម​កម្ពុជា បាន​ដើរ​ខុស​ពី​គោលការណ៍​ទាំង ៧​ប្រការ​របស់​ខ្លួន ដោយ​ខកខាន​មិន​បាន​បង្ហាញ​ឲ្យ​សាធារណជន​បាន​ដឹង​អំពី​ចំណូល និង​ចំណាយ​របស់​ខ្លួន​នោះ​ឡើយ។

គេហទំព័រ​របស់​កាក​បាទ​ក្រហម​កម្ពុជា បាន​ត្រឹម​តែ​អនុញ្ញាត​ឲ្យ​មនុស្ស​បង់​វិភាគ​ទាន​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​រៀបរាប់​លម្អិត​នូវ​តម្លាភាព អំពី​ខ្ទង់​ថវិកា​របស់​ខ្លួន​នោះ​ឡើយ។

អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ ខ្ទង់​ចំណូល​ដែល​បាន​មក​ពី​វិភាគ​ទាន​របស់​កាក​បាទ​ក្រហម ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង ហើយ​ក៏​មិន​បាន​បង្ហាញ​ពី​របាយការណ៍​ចំណាយ​សរុប​ប្រចាំ​ឆ្នាំ​ដែរ៖ «កង្វះ​ខាត​ទី​បី គឺ​ប្រព័ន្ធ​ហ្នឹង​ឯង​ដែល​យើង​និយាយ​អំពី​ប្រព័ន្ធ​គណនេយ្យ​ភាព និង​ប្រព័ន្ធ​តម្លាភាព ឬ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ហ្នឹង​ឯង។ យើង​មិន​ទាន់​ចោទ​ប្រកាន់​ថា ប្រព័ន្ធ​គេ​មិន​ស្អាតស្អំ​ទេ ពីព្រោះ​យើង​អត់​ទាន់​ឃើញ។ គេ​ក៏​មិន​ឲ្យ​យើង​ដឹង ប៉ុន្តែ​គ្រាន់​តែ​ថា​កាល​ណា​នៅ​ភាព​អាថ៌កំបាំង​អ៊ីចឹង យើង​វា​មាន​ការ​សង្ស័យ។ ហើយ​ម្យ៉ាង​ទៀត វា​អត់​មាន​អភិបាល​កិច្ច​ល្អ​ទេ។ បើ​និយាយ​អំពី​អភិបាល​កិច្ច​ល្អ គឺ​ទាល់​តែ​មាន​ព័ត៌មាន ឬ​ការ​ចូលរួម​ពី​មហាជន»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ព័ត៌មាន​បន្ថែម​ពី​ក្រុម​មន្ត្រី​កាក​បាទ​ក្រហម​កម្ពុជា តាម​ទូរស័ព្ទ​បាន​ទេ​អំពី​បញ្ហា​ចំណូល​ចំណាយ​របស់​ស្ថាប័ន​មួយ​នេះ។

គេហទំព័រ​កាក​បាទ​ក្រហម​កម្ពុជា បង្ហាញ​ថា សមាជិក​របស់​កាក​បាទ​ក្រហម ត្រូវ​បាន​បែង​ចែក​ជា​សមាជិក​ទ្រទ្រង់​សកម្ម ឧបការី និង​កិត្តិយស។ សមាជិក​របស់​កាក​បាទ​ក្រហម​កម្ពុជា មាន​ករណីយកិច្ច​ផ្សព្វផ្សាយ លើក​កម្ពស់ និង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​ការងារ​របស់​កាក​បាទ​ក្រហម​កម្ពុជា និង​ការ​ពង្រីក​សមាជិក​ភាព។ អនុវត្ដ​តាម​គោលការណ៍ និង​លក្ខខណ្ឌ​របស់​កាក​បាទ​ក្រហម​កម្ពុជា និង​បង់​ប្រាក់​សមាជិក​ភាព​ប្រចាំ​ឆ្នាំ។

ទាក់ទង​នឹង​រចនាសម្ព័ន្ធ លោក កែម ឡី បញ្ជាក់​ថា កាក​បាទ​ក្រហម គួរ​តែ​ជា​ស្ថាប័ន​អព្យាក្រឹត្យ​របស់​ជាតិ​មួយ ដែល​គ្មាន​ការ​ជ្រៀតជ្រែក​ពី​ក្រុម​អ្នក​នយោបាយ ឬ​ក្រុម​ប្រពន្ធ​របស់​អ្នក​នយោបាយ៖ «​វា​គួរ​តែ​មាន​អ្នក​ដែល​ចូល​និវត្ត វា​គួរ​តែ​មាន​ព្រះមហាក្សត្រ សែ​រាជវង្សានុវង្ស​ដែល​ស្ថិត​នៅ​ក្នុង​ជំហរ​ឯករាជ្យ មិន​ពាក់ព័ន្ធ​នឹង​នយោបាយ ឲ្យ​ធ្វើ​ជា​ប្រធាន។ ការ​ដាក់​មន្ត្រី​អ្នក​ធំ​អី​ឲ្យ​ចូល​ទៅ​ក្នុង​ហ្នឹង ដើម្បី​ធ្វើ​ចលនា​ធនធាន វា​ជា​រឿង​មួយ ប៉ុន្តែ​បើ​សិន​ជា​ដាក់​អ្នក​ណា​ក៏​បាន​ដែរ ឲ្យ​តែ​ប្រព័ន្ធ​ហ្នឹង​វា​ល្អ  វា​មាន​តម្លាភាព​ហើយ នាយក​រដ្ឋមន្ត្រី ឬ​គណបក្ស​ប្រឆាំង និង​ជន​រួម​ជាតិ​ហ្នឹង​គាំទ្រ នោះ​ចលនា​ធនធាន​ហ្នឹង​វា​បាន​ដូច​គ្នា។ កាល​ណា​វា​ដាក់​ទៅ ដើម្បី​មាន​ឥទ្ធិពល​នយោបាយ​ដើម្បី​ធ្វើ​ចលនា អា​ហ្នឹង​វា​មិន​ត្រឹមត្រូវ​ទៅ​វិញ ពីព្រោះ​អី​អ្នក​រក​ស៊ី​ដើម្បី​ចំណេញ»

កាក​បាទ​ក្រហម​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​ការ​ធ្វើ​មហា​សន្និបាត​វិសាមញ្ញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០០០ ហើយ​ដែល​បាន​ឡាយ​ព្រះហស្តលេខា​ទទួល​ស្គាល់​ពី​អតីត​ព្រះ​មហា​វីរក្សត្រ នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០០២។

ជាង​នេះ​ទៅ​ទៀត កាក​បាទ​ក្រហម ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ ពិធីសារ​បន្ថែម​ឆ្នាំ​១៩៧៧ និង​អនុសញ្ញា​នានា​ដែល​ស្ថិត​ក្នុង​ច្បាប់​មនុស្សធម៌​អន្តរជាតិ។ ប៉ុន្តែ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច និង​ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និយាយ​ថា កាក​បាទ​ក្រហម​កម្ពុជា ជា​ប្រភេទ​ស្ថាប័ន​ប្រឡាយ​កូន​កាត់៖ «យើង​ឃើញ​មាន​កាក​បាទ​ក្រហម​ក៏​ពិត​មែន ដាក់​សញ្ញា​កាក​បាទ​ក្រហម​ក៏​ពិត​មែន ក៏ប៉ុន្តែ​យើង​ប្រឡាយ​កូន​កាត់ ខុស​ពី​កាក​បាទ​ក្រហម​គេ។ វា​ពាក់​កណ្ដាល​នយោបាយ​បន្តិច​ហើយ។ យើង​ឃើញ​មាន​ទិដ្ឋភាព ការ​ចុះ​ជួយ​របស់​កាក​បាទ​ក្រហម​ហ្នឹង ធម្មតា​ការ​ចុះ​ជួយ គេ​មិន​គិត​ពី​និន្នាការ​ទេ គេ​អត់​ខ្វល់​អ្នក​ណា​នៅ អ្នក​ណា​ទេ​ទាហាន​ក៏​គេ​ជួយ ស៊ីវិល​ក៏​គេ​ជួយ ជន​ចុះ​ចាញ់​ក្នុង​សង្គ្រាម​ក៏​គេ​ជួយ។ ឲ្យ​តែ​អ្នក​មាន​បញ្ហា ហើយ​ត្រូវ​ការ​កាក​បាទ​ក្រហម​ជួយ អា​ហ្នឹង​គេ​ជួយ​ទាំងអស់។ អា​ហ្នឹង​ជា​ទិដ្ឋភាព​ទ្រឹស្ដី​របស់​កាក​បាទ​ក្រហម»

ក្រៅ​ពី អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ភរិយា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី សុខ អាន អានី ភរិយា​របស់ លោក សុខ អាន ឧបនាយក​រដ្ឋមន្ត្រី ហើយ​និង​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ ភរិយា​របស់ លោក ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​កាន់​អំណាច គេ​ក៏​ឃើញ​មាន​ក្រុម​ប្រពន្ធ​រដ្ឋមន្ត្រី​គ្រាក់ៗ ចៅហ្វាយ​ក្រុង ចៅហ្វាយ​ខេត្ត និង​ឧត្តមសេនីយ៍​កំពូលៗ​ជាច្រើន​ទៀត​ជា​សមាជិក​របស់​កាក​បាទ​ក្រហម​កម្ពុជា ផង​ដែរ។

រហូត​មក​ទល់​ពេល​នេះ គេ​មិន​ដែល​ឃើញ​កាក​បាទ​ក្រហម​កម្ពុជា ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ ដោយសារ​បញ្ហា​រំលោភ​ដីធ្លី ដូច​ជា​ករណី​ភូមិ​ឡពាង តំបន់​បឹងកក់ បុរីកីឡា និង​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ រួម​និង​កម្មករ​រោងចក្រ​ក្រីក្រ​ជាច្រើន​ទៀត​នោះ​ទេ។

នៅ​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​ម្តងៗ ក្រុម​កាក​បាទ​ក្រហម បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចែក​អំណោយ​មនុស្សធម៌​ដល់​ជន​ក្រីក្រ​តាម​ជនបទ ហើយ​ដែល​គេ​ឃើញ​ជំនួយ​ទាំង​នោះ បាន​ដល់​ដៃ​តែ​ក្រុម​សកម្មជន​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ប៉ុណ្ណោះ។

ជាក់ស្តែង​កាក​បាទ​ក្រហម ខកខាន​មិន​បាន​ចុះ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ក្រុម​កម្មករ​ដែល​រងគ្រោះ​ដោយសារ​ការ​បាញ់​ប្រហារ និង​ការ​វាយ​ទាត់​ធាក់​ដោយ​កង​កម្លាំង​របស់​រដ្ឋាភិបាល ដូច​ជា​ករណី​រោងចក្រ យ៉ាក ជីន និង​ករណី​ផ្លូវ​វ៉េងស្រេង នោះ​ឡើយ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ក្រុម​មន្ត្រី​កាក​បាទ​ក្រហម ក្រុម​មន្ត្រី​ប៉ូលិស និង​ក្រុម​ថៅកែ​រក​ស៊ី​ជួញ​ដី​ធំៗ​នៅ​ស្រុក​ខ្មែរ បែរ​ជា​តម្រង់​ជួរ​គ្នា​ខ្ចប់​លុយ​ទៅ​ជួយ​កង​សន្តិសុខ​ដល់​មន្ទីរពេទ្យ នៅ​ពេល​ដែល​ក្រុម​នេះ​រង​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា ខណៈ​ចុះ​ទៅ​វាយ​បំបែក​ក្រុម​បាតុករ និង​វាយ​អ្នក​កាសែត។

ម្យ៉ាង​វិញ​ទៀត គេ​សង្កេត​ឃើញ​ក្រុម​ឧកញ៉ា​មហា​សេដ្ឋី​ជួញ​ដូរ​ដី ជួញ​ដូរ​ព្រៃ និង​ជួញ​ដូរ​រ៉ែ​ជាច្រើន អែបអប​នាយក​រដ្ឋមន្ត្រី ដើម្បី​ទទួល​បាន​ដី​សម្បទាន រីឯ​ប្រពន្ធៗ​វិញ​ជា​អ្នក​អែបអប​កាក​បាទ​ក្រហម ដើម្បី​រក​សុវត្ថិភាព​សម្រាប់​មុខ​ជំនួញ​របស់​ពួក​គេ។

បើ​ចង់​មើល​មុខ​ក្រុម​អ្នក​រក​ស៊ី​ខុស​ច្បាប់​នៅ​កម្ពុជា គឺ​ជា​ការ​ងាយ​បំផុត ដោយ​គ្រាន់​តែ​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ (ទទក) ទូរទស្សន៍​បាយ័ន ឬ​អប្សរា ជាដើម គេ​នឹង​ឃើញ​ក្រុម​អ្នក​ស៊ី​ជួញ​ដូរ​កំពូលៗ​នៅ​កម្ពុជា បាន​យក​លុយ​ទាំង​កញ្ចប់ៗ​ទៅ​ឲ្យ​កាក​បាទ​ក្រហម ហើយ​បាន​ថតរូប​មួយ​ប៉ុស្តិ៍​ជាមួយ​ប្រពន្ធ​របស់​នាយក​រដ្ឋមន្ត្រី ភ្ជាប់​ជាមួយ​ប័ណ្ណ​សរសើរ​ដែល​អាច​ដើរ​តួ​ជំនួស​យ័ន្ត​ទេវតា ដើម្បី​ការពារ​មុខ​របរ​រក​ស៊ី​ជួញ​ដូរ​ខុស​ច្បាប់​របស់​ពួក​គេ។

ចំណែក​អ្នក​ដែល​មិន​សូវ​មាន​លុយ​ធំ ដូច​ជា​មន្ត្រី​រាជការ តុលាការ មេធាវី យោធា និង​ប៉ូលិស បាន​បង់​លុយ​ជា​ប្រចាំ​ដល់​កាក​បាទ​ក្រហម ក៏​ដើម្បី​បាន​ចំហាយ​អំណាច​មួយ​ដើម្បី​ការពារ​មុខ​ងារ​របស់​គេ​ដែរ ហើយ​ខ្ទង់​ចំណូល​ទាំង​នោះ មិន​បាន​លាត​ត្រដាង​ជា​សាធារណៈ​ក្នុង​បញ្ជី​ចំណូល​ចំណាយ​របស់​ស្ថាប័ន​មនុស្សធម៌​របស់​រដ្ឋាភិបាល​កម្ពុជា នេះ​ឡើយ។ គឺ​ដោយសារ​ការ​សង្កេត​ឃើញ​ធាតុ​ពិត និង​ការ​អនុវត្ត​ជាក់ស្តែង​របស់​កាក​បាទ​ក្រហម​កម្ពុជា។ ដូច្នេះ​ហើយ​បាន​ជា​អ្នក​តាម​ដាន​ស្ថានការណ៍​នៅ​កម្ពុជា ចាត់​ទុក​ថា កាក​បាទ​ក្រហម​កម្ពុជា គឺ​ជា​ស្ថាប័ន​ផ្តល់​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​តែ​សកម្មជន​បក្ស​កាន់​អំណាច​ផង ជា​ស្ថាប័ន​រក​លុយ​ផង និង​ជា​ស្ថាប័ន​រក្សា​សុវត្ថិភាព​ការងារ​របស់​មន្ត្រី​អែបអប​ផង ព្រម​ទាំង​ជា​ស្ថាប័ន​ការពារ​មុខ​ជំនួញ​របស់​ក្រុម​អ្នក​រក​ស៊ី​ជាមួយ​បក្ស​កាន់​អំណាច​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (29)
Share

មុនី​រដ្ឋា

និយាយ​រិះ​គន់​បាន​ល្អ​ត្រូវ​កន្លែង​ល្អណាស់។ ខ្ញុំ​គាំ​ទ្រ!!!

Sep 04, 2014 09:42 AM

អ្នក​អាន​អនាមិក

ចំពោុុះរូបខ្ញុំខ្ញុំមិនយល់ដូចពួកលោកទេ! ពី1អណត្តតៅ1អណត្ត កក្រក កាន់តែបានបំនូវយុទ្ធសាស្ត្ររយះពេលវែងរបស់ខ្លួនបានកាន់តែប្រសើរឡើង សុំកុំធ្វើខ្វាក់ ធ្វើថ្លង់បន្តទៀតទៅ. កុំធ្វើអ្វីដែលប្រាស់ចាកពី សិលធម. នាក់សារពតមានក្រែងលែងមាននាក់ស្តាប់

Sep 04, 2014 08:27 AM

កោះសាទិន អស់ជាតិ

ពី ភ្នំពេញ

• ដាក់ឈ្មោះភូមិវាល មេចក៏ហ្អែងមិនធ្វើស្រែចំការទៅ? ក្រែងមានកម្មសិទ្ធដីដែរតាសអី? បើគេលក់ជាតិនោះ មុខហ្អែងហ្នឹងនៅបានឬ? អ្នកលក់ជាតិ គឹនៅផ្សារ និងទូបលក់ចាបហួយ ព្រោះគេមានលក់ប៊ីចេង។ អានេះនៅកោះសាទិនសោះ ដឹងគេលក់ជាតិអស់។ បើនិយាយរឿងបក្សពួកវិញ តាមទស្សនហ្អែង គឺចង់មានម្នាក់ឯងលើលោកអី? គួររៀនមើលស្រុកគេធំៗទៅ

Sep 03, 2014 02:24 AM

ព្រះអីឥតភ្នេក

ពី ភ្នំពេញ

• ព្រះមានភ្នែក តែហ្អែងមិនមែនជាព្រះ បើជាមារត្រូវជាង។ កុំចេះតែតាមគេ បាតុកម្មអហឹង្សា ព្រួតវៃគេចឹង ហើយជេរគេថាអាយួនទៀត។ អោយខ្មែរវៃខ្មែរ ហ្នឹងឬព្រះមានភ្នែក!!! បើចង់បានលុយទៅអោយគេវៃដែរទៅអាអហឹង្សា។

Sep 03, 2014 02:18 AM

ជូនឈ្មោះភាព

ពី ភ្នំពេញ

• ឈ្មោះភាព តែឌឺ៩។ បើកិបកេងធ្វើមាន គេរកគ្រប់គ្នាអស់ហើយ។ ហ្អែងបានតែនិយាយចឹង មិនមែនភាពទេ អាមាត់ឥតគំរប រៀនបើចិត្តអោយទូលាយ ចេះអាណិត មនុស្សក្រីក្រផង។

Sep 03, 2014 02:12 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល