តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលកំពង់ធំ នៃគណបក្សសង្គ្រោះជាតិ លោក ជាម ច័ន្ទនី ទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ដោយរោគាពាធ ក្នុងវ័យ៥៧ឆ្នាំ។
ស្ថាបនិកគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចាត់ទុកមរណភាពរបស់លោក ជាម ច័ន្ទនី ថាជាការបាត់បង់ធំធេងមួយរបស់គណបក្សនេះ ដ្បិតលោក ជាម ច័ន្ទនី ជាមនុស្សស្មោះត្រង់ ហ៊ានលះបង់ ជាអ្នកស្នេហាជាតិ ស្រឡាញ់ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពពលរដ្ឋ។
ប្រធានចលនាសង្គ្រោះជាតិ និងជាស្ថាបនិកគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី សោកស្ដាយលោក ជាម ច័ន្ទនី ដែលធ្លាប់ធ្វើការជាមួយលោក តាំងពីលោកបង្កើតគណបក្សដំបូងគឺគណបក្សជាតិខ្មែរ ហើយបន្តទៅគណបក្ស សម រង្ស៊ី និងចុងក្រោយនេះគឺគណបក្សសង្គ្រោះជាតិ៖ «អ្វីដែលខ្ញុំចងចាំពីលោក ជាម ច័ន្ទនី គឺទី១ វីរភាពរបស់គាត់គឺភាពក្លាហាន ប្ដូរផ្ដាច់ឧត្ដមគតិខ្ពង់ខ្ពស់។ អ្វីដែលខ្ញុំចងចាំមួយទៀតគឺភាពស្មោះត្រង់ ស្មោះត្រង់ជាមួយប្រទេសជាតិស្មោះត្រង់ជាមួយគណបក្ស គឺជាតិខ្មែរ សម រង្ស៊ី និងសង្គ្រោះជាតិគឺស្មោះត្រង់មិនអាចនរណាអូសទាញទៅធ្វើអ្វីឆ្វេងស្ដាំផ្ដេសផ្ដាសទេ។ ទី៣ គឺគាត់ស្មោះត្រង់ចំពោះខ្ញុំ គឺយើងស្រឡាញ់រាប់អានគ្នាដូចបងប្អូនបង្កើត ខ្ញុំទុកចិត្តលោក ជាម ច័ន្ទនី ១០០ភាគរយ»។
លោក ជាម ច័ន្ទនី បានធ្លាក់ខ្លួនឈឺធ្ងន់ ជាងមួយឆ្នាំមកនេះនៅក្រោយរកឃើញថាលោក មានជំងឺមហារីកសួត ដែលរាលដាលដល់ខួរក្បាល ហើយគ្រួសាររបស់លោកបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ។ លោកបានទទួលមរណភាពកាលពីម៉ោងជាង៤ នៅថ្ងៃទី២៥ ខែតុលា នៅគេហដ្ឋានរបស់លោក នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មិនខុសគ្នាពីលោក សម រង្ស៊ី ទេមន្ត្រីមួយចំនួននៃគណបក្សសង្គ្រោះជាតិបានបង្ហោះសារនៅលើហ្វេសប៊ុក ពីមរណភាពរបស់លោក ជាម ច័ន្ទនី។ ពួកគេបង្ហាញសេចក្ដីសោកស្ដាយ ក្ដុកក្ដួល និងអាឡោះអាល័យចំពោះលោក ជាម ច័ន្ទនី ដែលពួកគេចាត់ទុកថាជាអ្នកស្នេហាជាតិ ដោយពួកគេសំអាងថា លោកស្ទើរតែពេញមួយជីវិតរបស់លោកបានពលិកម្មធំធេង ដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិពីការឈ្លានពានរបស់បរទេស និងដើម្បីបុព្វហេតុលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ។
លោក មុត ចន្ថា ជាជំនួយការប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុកថា ក្នុងបុព្វហេតុលទ្ធិប្រជាធិបតេយ្យ លោកបានប្រឈមនឹងការគំរាមកំហែងគ្រប់បែបយ៉ាង និងការជាប់ពន្ធនាគារផង។ ប៉ុន្តែលោក ជាម ច័ន្ទនី ពុំបានរាថយឡើយ ព្រោះលោកមានបំណងប្រាថ្នាអោយប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពពេញបរិបូរណ៍ យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
លោក មុត ចន្ថា ហៅមរណភាពរបស់លោក ជាម ច័ន្ទនី ថាជាការបាត់បង់នូវធនធានមនុស្ស និងជាអ្នកស្នេហាជាតិប្រកបដោយឧត្ដមគតិម្នាក់។
ក្រៅពីនេះពួកគេក៏បានបួងសួង ឧទ្ទិសដល់វិញ្ញាណក្ខន្ធលោក ជាម ច័ន្ទនី អោយបានដល់សុគតិភព។
គណនីហ្វេសប៊ុកឈ្មោះ អ៊ា ចាន់ណា (Ir Chann) ជាមន្ត្រីគណបក្សប្រឆាំងនៅបរទេស ដែលចូលរួមមរណទុក្ខក្រុមគ្រួសារលោក ជាម ច័ន្ទនី បានសរសេរថា លោកបានលាចាកលើកនេះទៅទាំងមិនទាន់បានឃើញជាតិមាតុភូមិទទួលបានការផ្លាស់ប្ដូរតាមក្ដីប្រាថ្នារបស់លោកនៅឡើយ។
លោក ជាម ច័ន្ទនី កើតនៅថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ១៩៦១ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកបានជាប់ជាតំណាងរាស្ត្របីអាណត្តិ ដោយចាប់ផ្ដើមជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៃគណបក្ស សម រង្ស៊ី។ លោកបានរៀបការមានគ្រួសារ និងមានកូនស្រី៣នាក់។ លោកបានបញ្ចប់ការសិក្សាត្រឹមមធ្យមសិក្សាកម្រិត២ ឬបាក់ឌុបនៅវិទ្យាល័យតាសុខ នៅស្រុកកំណើត ហើយធ្លាប់រៀនវគ្គហ្វឹកហាត់យោធា អភិវឌ្ឍន៍ជនបទ សិទ្ធិមនុស្សនិងដោះស្រាយបញ្ហាដីធ្លី។ លោកក៏ធ្លាប់ធ្វើជានាយទាហានក្នុងជួរកងយោធពលខេមរភូមិន្ទនៅរវាងឆ្នាំ១៩៩៤ ដល់ឆ្នាំ ១៩៩៦។
លោក ជាម ច័ន្ទនី ត្រូវតុលាការយោធាកាត់អោយជាប់ពន្ធនាគារចំនួន៧ឆ្នាំ កាលពីឆ្នាំ២០០៥ ក្រោមបទចោទលួចបង្កើតកងទ័ពខុសច្បាប់បម្រើអោយរដ្ឋាភិបាលស្រមោល ដែលគណបក្ស សម រង្ស៊ី បង្កើតឡើងដោយយកគំរូតាមបក្សប្រឆាំងនៅប្រទេសអង់គ្លេស និងអូស្ត្រាលី។ លោក ជាម ច័ន្ទនី ត្រូវគណបក្សដាក់អោយកាន់តួនាទីជាអ្នកដឹកនាំ ក្រសួងដែលពាក់ព័ន្ធនឹងកិច្ចការយោធា និងសន្តិសុខ។ កាលណោះលោកត្រូវឃុំខ្លួននៅពន្ធនាគារយោធា ដែលមានអ្នកទោសឧក្រិដ្ឋកម្រិតធ្ងន់បំផុត គឺ តាម៉ុក នៃរបបខ្មែរក្រហមនៅទីនោះដែរ។ ប៉ុន្តែលោកត្រូវបានការប្រទានលើកលែងទោសពីព្រះមហាក្សត្រ ហើយដោះលែងអោយមានសេរីភាពវិញកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០០៦ ពោលគឺបានទទួលទោសចំនួន១ឆ្នាំ៣ថ្ងៃ។
កាលនៅបំពេញតួនាទីជាតំណាងរាស្ត្រ លោក ជាម ច័ន្ទនី បានឈឺឆ្អាលនឹងបញ្ហាមួយចំនួនដែលពលរដ្ឋក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំជួបប្រទះពិសេសគឺបញ្ហាដីធ្លី ដែលកើតមានទំនាស់ដោយសារការចូលទៅអភិវឌ្ឍន៍របស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច។ ជាមួយគ្នានេះលោក ជាម ច័ន្ទនី ក៏យកចិត្តទុកដាក់ចំពោះបញ្ហាព្រំដែននៅក្នុងខេត្តដែលលោកឈរឈ្មោះដែរ និងបានដឹកនាំពលរដ្ឋចុះទៅពិនិត្យព្រំដែនជាញឹកញាប់។
នៅក្នុងកិច្ចប្រជុំសភាកាលពី ខែកម្ភៈ ឆ្នាំ២០១៧ គឺនៅប៉ុន្មានខែមុនពេលគណបក្សសង្គ្រោះជាតិត្រូវបានរម្លាយចោល លោក ជាម ច័ន្ទនី ធ្លាប់បានចោទសួរមន្ត្រី រដ្ឋាភិបាលពីការចំណាយថវិកាជាតិ ខ្ជះខ្ជាយ និងបញ្ហាដីសម្បទានសេដ្ឋកិច្ចដែលនាំអោយមានការកាប់បំផ្លាញព្រៃឈើ និងជម្លោះដីធ្លី៖ «នេះជាចំណុចខ្វះខាតរបស់រដ្ឋាភិបាល។ មិនមែនលោកមិនរៀបចំទេ តែនៅមានចំណុចខ្វះខាត លោកបានរៀបចំបទដ្ឋានរបស់លោក ថាអោយទៅពិនិត្យមើលថាដីហ្នុងមុននឹងអោយជាដីសម្បទានសេដ្ឋកិច្ច មានប៉ះដីអ្នកស្រុកទេ ប៉ះដីប្រជាពលរដ្ឋទេ មករាយការណ៍ថាអត់ទេ ដល់តែចាប់ផ្ដើមប្រគល់វឹបដូចនៅខាងសន្ទុក អីគឺចំគ្នាដែលទៅធ្វើចម្ការ ទៅរស់នៅជាង១០ឆ្នាំ ហើយជាជនពិការទៅទៀត។ យើងគេចបានទេត្រង់ចំណុចហ្នឹង។ ខ្ញុំគិតថា មិនមែនទាំងអស់ទេ គឺរដ្ឋាភិបាលលោកមានចំណុចមួយចំនួនដែលជាចំណុចវិជ្ជមាន»។
កាលណោះលោក ជាម ច័ន្ទនី លើកឡើងថា ក្នុងនាមជាតំណាងរាស្ត្រលោក មានតួនាទីលើកសំណួរ ឬចោទសួរដើម្បីស្ថាបនា កែលម្អ ធ្វើយ៉ាងណាអោយមានផលប្រយោជន៍ពិតប្រាកដសម្រាប់ជាតិ និងពលរដ្ឋ។
សម្រាប់លោក សម រង្ស៊ី អះអាងថា លោកមិនបំភ្លេចវីរភាពរបស់លោក ជាម ច័ន្ទនី ឡើយ និងថាសមាជិកគណបក្សសង្គ្រោះជាតិនឹងបន្តវីរភាពរបស់លោក៖ «គឺយើងយកគំរូតាមគាត់គឺយើងរក្សាជំហរអោយរឹងមាំអោយច្បាស់លាស់អោយស្មោះត្រង់ មិនត្រូវចុះចាញ់មិនត្រូវចុះញ៉មជនផ្ដាច់ការណាដែលដែលចេះតែធ្វើបាប មិនមែនធ្វើបាបតែយើងទេ គឺធ្វើបាបរាស្ត្រទាំងមូលគ្រាន់តែធ្វើបាបយើងហ្នឹងគឺយើងចេញមុខការពារប្រជារាស្ត្រធ្វើបាបយើងមុនគេខ្លាំងជាងគេ ប៉ុន្តែប្រជាពលរដ្ឋយើងទាំងជាង ១៦លាននាក់ ជាជនរងគ្រោះនៃអំណាចផ្ដាច់ការ ដែលយើងត្រូវតែជំរុញអោយមានការផ្លាស់ប្ដូរ»។
លោក ជាម ច័ន្ទនី ត្រូវចាត់ទុកថាជាអ្នកនយោបាយ ដែលមិនចុះញ៉ម និងបានភ្លក់ស្ទើរគ្រប់រសជាតិនៃជីវិតជាអ្នកនយោបាយប្រឆាំងនៅកម្ពុជា ក្នុងនោះគឺលោកធ្លាប់ជាប់គុក និងធ្លាប់រត់ចោលស្រុក។ បច្ចុប្បន្នសាកសពត្រូវបានសាច់ញាតិតម្កល់ធ្វើបុណ្យចំនួន ៣ថ្ងៃនៅគេហដ្ឋាននៃសព នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីនៅភ្នំពេញ៕
