តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានស្នងការអឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) ត្រូវបានសារព័ត៌មានជប៉ុន Nikkei Asian Review ដកស្រង់ប្រសាសន៍កាលពីពេលថ្មីៗនេះ ថា លក្ខខណ្ឌនៃការបន្តទទួលបានការអនុគ្រោះពន្ធ EBA គឺទាល់តែកម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស រួមទាំងសិទ្ធិការងារផង។
អ្នកស្រីបន្ថែមថា លក្ខខណ្ឌនេះ មិនផ្លាស់ប្ដូរនោះឡើយ។ អ្នកស្រីដាក់ការទទួលខុសត្រូវទៅលើរបបលោក ហ៊ុន សែន ដែលបានធ្វើឱ្យសហភាពអឺរ៉ុប ត្រូវអនុវត្តនីតិវិធីព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជា។ របបលោក ហ៊ុន សែន នាំសហភាពអឺរ៉ុប ទៅរកស្ថានភាពបច្ចុប្បន្ននេះ។ ទោះជាយ៉ាងនេះក្តី អ្នកស្រីថា របបលោក ហ៊ុន សែន នៅមានឱកាសកែខ្លួនបាន បើចង់បញ្ចៀសការព្យួរអនុគ្រោះពន្ធនេះ។
ឱកាសសម្រាប់របបលោក ហ៊ុន សែន កែខ្លួននោះ អ្នកស្រីសំដៅលើការស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ ដើម្បីបើកលំហនយោបាយ និងអនុញ្ញាតឱ្យមានគណបក្សប្រឆាំងបើកដំណើរការឡើងវិញ ស្របតាមគោលការប្រជាធិបតេយ្យ។
ការបញ្ជាក់ជំហរដដែល សាជាថ្មីរបស់មន្ត្រីសហភាពអឺរ៉ុបនេះ ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ជំនួបរវាងតំណាងប្រទេសអាស៊ីអាគ្នេយ៍ និងមន្ត្រីជាន់ខ្ពស់ផ្នែកការទូតសហភាពអឺរ៉ុប អាមេរិក និងប្រទេសដទៃ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងសប្ដាហ៍នេះ។
គិតមកត្រឹមពេលនេះ គឺនៅសល់តែ ៨ ថ្ងៃទៀតតែប៉ុណ្ណោះ ដែលសហភាពអឺរ៉ុបនឹងបិទបញ្ចប់នីតិវិធី ៦ខែដំបូង ក្នុងការត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា មុននឹងឈានទៅព្យួរការអនុគ្រោះពន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។