អ្នក​វិភាគ៖ របបលោក ហ៊ុន សែន កំពុង​បារម្ភ​ខ្លាច​ពលរដ្ឋ​ខ្មែរ​មិន​ចេញ​ទៅ​បោះ​ឆ្នោត

ដោយ មាន ឫទ្ធិ
2018-04-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។ RFA
អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។ RFA
Photo: RFA

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា​ ការណ៍​ដែល​លោក ហ៊ុន សែន ឆ្លៀត​យក​ឱកាស​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ផ្ញើ​សារ​ជូនពរ​ដល់​ជន​រួម​ជាតិ ដោយ​មិន​ភ្លេច​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ថ្ងៃ​ទី​២៩ កក្កដា​ខាង​មុខ​ គឺ​ដោយសារ​តែ​របប​លោក ហ៊ុន សែន ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ពលរដ្ឋ​មិន​ចេញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា។ ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​ស្រប​ពេល ដែល​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​មួយ​ចំនួន កំពុង​ពិចារណា​ថ្លឹងថ្លែង​ដោយ​ប្រយ័ត្នប្រយែង ត្រៀម​ធ្វើ​ពហិការ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ កុំ​ទៅ​ចូលរួម​ការ​បោះ​ឆ្នោត​នេះ។

អ្នក​វិភាគ​នយោបាយ និង​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម លោក​បណ្ឌិត មាស នី យល់​ថា មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា ទឹក​ចិត្ត​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ខ្មែរ​ជាង​បី​លាន​នាក់ ឬ​ស្មើ​នឹង​ជាង​កន្លះ​នគរ ដែល​ជា​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ នឹង​សម្រេច​ទៅ​បោះ​ឆ្នោត ឬ​យ៉ាង​ណា​នោះ​ទេ។ លោក​ថា ប្រសិន​បើ​អ្នក​ទៅ​បោះ​ឆ្នោត មាន​ចំនួន​តិច​ពេក នោះ​នឹង​អាច​ធ្វើ​ឲ្យ​គុណភាព​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​នោះ ចោទ​ជា​បញ្ហា៖ «ខ្ញុំ​គិត​ថា នៅ​ក្នុង​ការ​គិត​ឃើញ​របស់​គណបក្ស​កាន់​អំណាច គាត់​នៅ​តែ​ចង់​បាន​នូវ​អ្វី ដែល​ជា​ភាព​ស្រប​ច្បាប់ ពិសេស​ការ​ចេញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​ច្រើន​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ។ រដ្ឋាភិបាល​គាត់​មាន​មូលហេតុ​គ្រប់គ្រាន់​ក្នុង​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​លោ​ពលរដ្ឋ​ហ្នឹង មិន​បាន​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា»

ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​របស់​លោក​បណ្ឌិត មាស នី គឺ​ខណៈ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ត្រៀម​នឹង​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​ច សំរឹទ្ធិស័ក ដែល​នឹង​ឈាន​ចូល​មក​នា​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មេសា​ ហើយ​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម លោក ហ៊ុន សែន ដែល​ធ្លាប់​តែ​ប្រើ​ភាសា​ហិង្សា​គំរាម​កំហែង​កាប់​សម្លាប់​ពូជ​សាសន៍​ខ្មែរ​គ្នា​ឯង បាន​ជូន​ពរ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​ដែល​កំពុង​រស់​នៅ​ក្នុង និង​ក្រៅ​ប្រទេស ឲ្យ​បាន​ប្រកប​ដោយ​ក្តី​សោមនស្ស​រីករាយ សិរី​សួស្តី និង​ជ័យ​មង្គល​ដ៏​ឧត្តុង្គឧត្តម​ក្នុង​ក្រុម​គ្រួសារ និង​សង្គម​ជាតិ​ទាំង​មូល។

តែ​អ្វី​ដែល​ខុស​ប្លែក​សម្រាប់​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​នេះ ទំនង​ជា​ភ័យ​ខ្លាច​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម​បោះ​ឆ្នោត លោក ហ៊ុន សែន មិន​ភ្លេច​ឡើយ លើក​ឡើង​នៅ​ផ្នែក​ខាង​ដើម​បង្អស់​នៃ​សារ​របស់​លោក​នេះ​ថា ឆ្នាំ​ច ដែល​ជា​ឆ្នាំ​ថ្មី​នេះ គឺ​ជា​ឆ្នាំ ដែល​របប​របស់​លោក នឹង​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា។ ម្តង​ហើយ​ម្តង​ទៀត លោក​បាន​ឆ្លៀត​ឱកាស​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ហើយ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​រួច​ហើយ ឲ្យ​ទៅ​ចូលរួម​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ឲ្យ​បាន​គ្រប់​គ្នា​កុំ​បី​ខាន ក្នុង​អ្វី​មួយ​ដែល​លោក​ថា ដើម្បី​អនុវត្តន៍​សិទ្ធិ​ពលរដ្ឋ ក្នុង​ឋានៈ​ជា​ម្ចាស់​ជោគ​វាសនា​នៃ​ប្រទេស​របស់​ខ្លួន។

ការ​អំពាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ចូលរួម​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​របប​របស់​លោក បាន​សម្រេច​រួច​ជា​ស្រេច​ទៅ​ហើយ​ក្នុង​ការ​ធានា​ថា ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ គណបក្ស​របស់​លោក និង​លោក ហ៊ុន សែន ខ្លួន​ឯង នឹង​នៅ​តែ​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ ដើម្បី​រក្សា​ការ​បន្ត​កាន់​អំណាច និង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​តទៅ​ទៀត។ ការ​ធានា​ជ័យជម្នះ​ជា​មុន នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្តួល​ដៃគូ​ប្រកួត​ដ៏​ស្រួចស្រាវ​ឲ្យ​ហើយ នៅ​មុន​ការ​បោះ​ឆ្នោត​មក​ដល់ ដែល​នោះ គឺ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​គាស់​រម្លើង​ស្ថាប័ន​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស តាម​រយៈ​ការ​បង្កើត​ប្រព័ន្ធ​ច្បាប់​នានា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ការ​បង្ក្រាប​មក​លើ​សំឡេង​ក្រុម​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ក្រោម​លេស​ថា ដើម្បី​ប្រឆាំង​នឹង​បដិវត្ត​ពណ៌។ បដិវត្ត​ពណ៌ ដែល​លោក ហ៊ុន សែន បាន​លើក​ឡើង​នៅ​ក្នុង​សារ​នោះ​ថា គឺ​ជា​ឧបាយកល​របស់​គណបក្ស​ប្រឆាំង ដែល​ឃុបឃិត​ជាមួយ​បរទេស ក្នុង​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​របប​របស់​លោក។ លោក ហ៊ុន សែន បាន​សរសើរ​ថា ក្នុង​ឆ្នាំ​ចាស់​កន្លង​ទៅ​នេះ របប​របស់​លោក​បាន​ទប់​ស្កាត់​ដោយ​ជោគជ័យ តាម​រយៈ​វិធានការ​ច្បាប់​ដ៏​ម៉ឺងម៉ាត់ ធ្វើ​ឲ្យ​បដិវត្ត​ពណ៌ ត្រូវ​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ព្រម​ទាំង​បញ្ចៀស​បាន​នូវ​គ្រោះ​មហន្តរាយ​ជា​ថ្មី​នេះ។

មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ ដែល​ទាំង​លោក ហ៊ុន សែន និង​ទាំង​របប​របស់​លោក បន្ត​លើក​យក និង​អួតអាង​អំពី​ជោគជ័យ​នៃ​ការ​បង្ក្រាប​បដិវត្តន​ពណ៌​នេះ។ ក្នុង​អត្ថបទ​ដាក់​ចំណង​ជើង​ថា «ការ​បង្ក្រាប​នយោបាយ​នៅ​កម្ពុជា គឺ​ជា​ផែនការ ដែល​ត្រូវ​បាន​រៀបចំ​ទុក​ជា​មុន​យ៉ាង​យូរ​មក​ហើយ» ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​អនឡាញ Asia Times មាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង កាល​ពី​ថ្ងៃ​ទី​០៥ មេសា ឲ្យ​ដឹង​ថា កូន​ប្រុស​ទី​ពីរ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត ដែល​ជា​អគ្គនាយក​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួង​ការពារ​ជាតិ គឺ​ជា​បុគ្គល​ដ៏​សំខាន់​មួយ​រូប​ក្នុង​ការ​ធ្វើ​យុទ្ធសាស្ត្រ និង​រៀបចំ​ផែនការ​កម្ទេច​ក្រុម​ប្រឆាំង និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បាន​នៅ​មុន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨​នេះ ដើម្បី​ធានា​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​តែ​គណបក្ស​នេះ​បាន​ចាញ់​ឆ្នោត និង​បាត់បង់​សំឡេង​ឆ្នោត​យ៉ាង​គំហុក​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។ លោក ហ៊ុន ម៉ានិត ដែល​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​ត្រួត​ពិនិត្យ នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​ផែនការ​នេះ តាំង​ពី​ដើម​ឆ្នាំ​២០១៦ មក​ម្ល៉េះ ដោយ​លោក​បាន​ប្រើប្រាស់​ពាក្យ បដិវត្ត​ពណ៌​នេះ ជា​លើក​ដំបូង នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ធ្វើ​ឡើង​ជា​មួយ​រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ​របស់​លោក ហ៊ុន សែន។

ភស្តុតាង​ដែល​រឹត​តែ​បញ្ជាក់​បន្ថែម​អំពី​ផែនការ​យុទ្ធសាស្ត្រ​ជា​ប្រព័ន្ធ​នេះ ក៏​ត្រូវ​បាន​លាត​ត្រដាង នៅ​ក្នុង​សារ​បែក​ធ្លាយ​ជា​បន្ត​បន្ទាប់ រួម​មាន ការ​ត្រៀម​ប្រើប្រាស់​យុទ្ធវិធី​ចិត្តសាស្ត្រ​បែប​បំភិតបំភ័យ​នៅ​ក្នុង​ពេល​បោះ​ឆ្នោត (សារ​រវាង​លោក ហ្សូសេហ្វ៍ ម៉ាត់ហ្សូវស៍ (Joseph Matthews) ជនជាតិ​ប៉ាគីស្ថាន ជាមួយ​កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់​ទៀត គឺ​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦) ការ​រៀបចំ​ផែនការ​សម្ងាត់​ពឹងពាក់​ក្រុមហ៊ុន​អ៊ីស្រាអែល​មួយ​ឈ្មោះ Shaviv Strategy and Campaigns ដែល​មាន​លោក អារុន សាវីវ ជា​នាយក​ប្រតិបត្តិ​ឲ្យ​ជួយ​ធ្វើការ​ស្ទង់​មតិ​សម្ភាស​ផ្ទាល់​មុខ​មួយ​ជាមួយ​ក្រុម​មនុស្ស ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ជាង ៥​ពាន់​នាក់ (.៣៧៩) នៅ​ទូទាំង ២៤​ខេត្តក្រុង​នៅ​កម្ពុជា ចាប់​ពី​ខែ​កញ្ញា ដល់​ខែ​តុលា ឆ្នាំ​២០១៦ ពី​សំណាក់​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ​លោក អូន ព័ន្ធមុន្នីរ័ត្ន និង​លោក ប្រាក់ សុខុន ជា​ដើម។

ភ្លាមៗ ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខែ​មិថុនា ឆ្នាំ​២០១៧ គណបក្ស​កាន់​អំណាច​បាន​ចាប់​ផ្តើម​អនុវត្តន៍​ផែនការ​បង្ក្រាប​ទាំង​នោះ តាម​រយៈ​ការ​បណ្តេញ​ចេញ និង​បំបិទ​អង្គការ​សង្គម​ស៊ីវិល ជាតិ និង​អន្តរជាតិ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ការ​ចាប់​ខ្លួន​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា និង​ចុង​ក្រោយ គឺ​ការ​ឈាន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ម្តង​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ក្រោយ​ការ​រម្លាយ​គណបក្ស​ប្រឆាំង ទាំង​សហគមន៍​ជាតិ និង​សហគមន៍​អន្តរជាតិ បាន​ថ្កោល​ទោស​របប​ក្រុង​ភ្នំពេញ មិន​ដាច់​ពី​មាត់ និង​បាន​ព្រមាន​រួច​ជា​ស្រេច​ហើយ​ថា ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ នឹង​ប្រែ​ក្លាយ​ជា​គ្មាន​ន័យ ពុំ​អាច​យក​ជា​ការ​បាន និង​ពុំ​ស្រប​ច្បាប់ និង​ជា​ការ​អាមាស់ ប្រសិន​បើ​របប​នេះ នៅ​តែ​បន្ត​ដំណើរ​ការ​ការ​បោះ​ឆ្នោត​ដោយ​ពុំ​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ដូច​គ្នា​ដែរ ថ្មីៗ​នេះ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​គាំទ្រ​លោក ឲ្យ​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ ប្រសិន​បើ​ពុំ​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។

ការ​ធ្វើ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ បាន​ក្លាយ​ជា​ប្រធាន​បទ​រសើប​មួយ ដោយ​របប​ក្រុង​ភ្នំពេញ​តែង​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ទៅ​នឹង​ការ​អំពាវនាវ​ទាំង​ឡាយ​ណា​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​នេះ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ..ប កាល​ពី​ថ្ងៃ​ទី​០៩ មេសា បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ចំពោះ​បុគ្គល​ណា ដែល​ហ៊ាន​ចេញ​មុខ​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ដោយ គ..ប ចាត់​ទុក​អំពើ​នេះ​ថា ជា​រឿង​ខុស​ច្បាប់ និង​ស្នើសុំ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់។ ភាព​ស្រប​ច្បាប់ និង​អព្យាក្រឹតភាព នៃ​ស្ថាប័ន គ..ប បាន​ចោទ​ជា​បញ្ហា​ភ្លាមៗ ក្រោយ​ពេល​ដែល​សមាជិក​ឯករាជ្យ​មួយ​ចំនួន នៃ​ស្ថាប័ន​មួយ​នេះ បាន​សម្រេច​លា​ឈប់​ពី​មុខ​តំណែង ក្រោយ​ពេល​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​សមាជិក​ជាន់ខ្ពស់​ទាំង​៩ រូប​របស់​ស្ថាប័ន​នេះ សុទ្ធសឹងតែ​ជា​មនុស្ស​ជំនិតៗ របស់​គណបក្ស​កាន់​អំណាច។

យ៉ាង​ណា​ក៏​ដោយ ច្បាប់​បោះ​ឆ្នោត​នៅ​កម្ពុជា មិន​បាន​តម្រូវ​ថា ពលរដ្ឋ​កម្ពុជា​គ្រប់​រូប ត្រូវ​តែ​ទៅ​បោះ​ឆ្នោត​នោះ​ឡើយ ឬ​ក៏​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ឡាយ​ណា ដែល​មិន​ទៅ​ចូលរួម ឬ​អវត្តមាន ក្នុង​ការ​បោះ​ឆ្នោត​ជាតិ នឹង​ត្រូវ​មាន​ទោស​ទណ្ឌ​ជាប់​ពន្ធនាគារ ឬ​ពិន័យ​ជា​ប្រាក់​នោះ​ឡើយ។ មាត្រា ៣៤ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​បោះ​ឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល