រដ្ឋាភិបាល ប្រគល់​ផែនទី​ថ្មី ខ្នាត ១/២៥ ០០០ ឲ្យ​អាជ្ញាធរ​យក​ទៅ​ប្រើប្រាស់​ជា​ឯកសារ​ព្រំដែន​ផ្លូវ​ការ​ជាមួយ​ប្រទេស​វៀតណាម

ដោយ ទីន ហ្សាការីយ៉ា
2020-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ខ្សែ​ពណ៌​បៃតង ជា​គំនូស​បង្ហាញ​អំពី​ខ្សែ​បន្ទាត់​ព្រំដែន​ថ្មី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម លើ​ខ្នាត ១/២៥.០០០ ដែល​ប្រទេស​ទាំង​ពីរ​បាន​គូរ និង​បោះ​បង្គោល​ថ្មី​រួច បាន​ចំនួន ៨៤% កាល​ពី​ឆ្នាំ២០១៩។
ខ្សែ​ពណ៌​បៃតង ជា​គំនូស​បង្ហាញ​អំពី​ខ្សែ​បន្ទាត់​ព្រំដែន​ថ្មី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម លើ​ខ្នាត ១/២៥.០០០ ដែល​ប្រទេស​ទាំង​ពីរ​បាន​គូរ និង​បោះ​បង្គោល​ថ្មី​រួច បាន​ចំនួន ៨៤% កាល​ពី​ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក

រដ្ឋាភិបាល លោក ហ៊ុន សែន ប្រគល់​ផែនទី​ថ្មី​ខ្នាត​ មួយ​លើ​ម្ភៃ​ប្រាំ​ពាន់ (១/២៥.០០០) ឲ្យ​អាជ្ញាធរ ជា​​​​តំណាង​ស្ថាប័ន​ជាតិ និង​​អភិបាល​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ សរុប ៣៥ស្ថាប័ន​ យក​ទៅ​ប្រើប្រាស់ ​ជា​ផ្លូវ​ការ។ គណបក្ស​ប្រឆាំង ថ្កោល​ទោស​ការ​ប្រើប្រាស់​ផែនទី​ថ្មី​នេះ ដោយ​អះអាង​ថា ខុស​ពី​ផែនទី​ដើម​របស់​បារាំង និង​ធ្វើ​ឲ្យ​បាត់បង់​ដី​ខ្មែរ​ តាម​ព្រំដែន​ ជាង​បី​ពាន់ ៣.០០០​ហិកតារ។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ផែន​ទី​​ខ្នាត ១/២៥.០០០​នេះ គឺ​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​សម្រាប់​ឯកសារ​ជាតិ ដែល​មាន​សារសំខាន់​ធំធេង។ លោក​បាន​ព្រមាន​​ មិន​អត់ឱន​ឲ្យ​នរណា​ម្នាក់ ដែល​ហ៊ាន​ចោទ​ប្រកាន់​ថា ការ​ផលិត និង​បោះពុម្ព​ផែន​ទី​ខ្នាត ១/២៥.០០០ នេះ ធ្វើ​ឱ្យ​​បាត់​ទឹក បាត់​ដី​ខ្មែរ​ឡើយ​ ព្រោះ​លោក​អះអាង​ថា ទម្រាំ​ផលិត​បាន​ផែនទី​នេះ ទុក​ជា​ឯកសារ​សម្រាប់​ប្រើប្រាស់​នោះ រដ្ឋាភិបាល​មាន​ការ​លំបាក​ខ្លាំង​ណាស់។ ទោះ​ជា​យ៉ាង​ណា លោក ទៀ បាញ់ ប្រាប់​ថា រដ្ឋាភិបាល​មិន​ទាន់​មាន​គម្រោង​ជាក់លាក់ ក្នុង​ការ​យក​ផែនទី​ខ្នាត ១/២៥.០០០ នេះ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ឡើយ​ទេ៖ «សម្រាប់​ឲ្យ​គ្នា​យើង​ទាំង​អស់​គ្នា​នេះ ប្រើប្រាស់ គឺ​នេះ​ហើយ ជា​ផែនទី​ពិត​ប្រាកដ​ ដែល​យើង​បាន​ធ្វើ​។ ពី​មុន​មក​ មិន​ដែល​មាន​ទេ បាន​ឃើញ​ច្បាស់​លាស់ នៅ​ក្នុង​ភូមិសាស្ត្រ​ ឬ​ក៏​លើ​ទឹក​ដី​ជាក់​ស្ដែង​នីមួយៗ ព្រម​ជាមួយ​នេះ យើង​បាន​​ភាព​ជាក់លាក់​ហើយ យើង​បាន​បោះ​បង្គោល ជា​ការ​សម្គាល់​ជា​ជាក់លាក់​នេះ មិន​ដែល​ធ្វើ​បាន​ទេ ពី​មុន​មក។ លើក​នេះ​ យើង​ធ្វើ​បាន​ ហើយ​មាន​ចែង​ពិត​ប្រាកដ។ នៅ​ថ្ងៃ​នេះ ដែល​បាន​ប្រគល់ (ផែនទី​ខ្នាត ១/២៥.០០០) ឲ្យ​តាម​ស្ថាប័ន​ទៅ ​ជា​មោទនភាព​ខ្លាំង​ណាស់។ យើង​មាន​មូលដ្ឋាន​រឹង​មាំ ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​យើង»

លោក ទៀ បាញ់ បាន​ចោទ​ប្រកាន់​អ្នក​រិះគន់​ផែនទី​​ថ្មី​នេះ​ថា ជា​ក្រុម​បក្ស​ប្រឆាំង​​​ជ្រុល​និយម ហើយ​ចោទ​ប្រកាន់​ទាំង​ងងឹតងងល់ ព្រោះ​ លោក​អះអាង​ថា កម្ពុជា មាន​បញ្ហា​ព្រំដែន​​មិនមែន​តែ​ជាមួយ​ប្រទេស​វៀតណាម​ទេ គឺ​មាន​ទាំង​ជាមួយ​ប្រទេស​ថៃ និង​ឡាវ តែ​​បែរ​ជា​​និយាយ​ តែ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម។

មន្ត្រី​ជាន់​ខ្ពស់​របប​ក្រុង​ភ្នំពេញ​រូប​នេះ អះអាង​ទៀត​ថា ​​ទម្រាំ​មាន​ការ​ឯកភាព​គ្នា លើ​ផែនទី​ខ្នាត​១/២៥.០០០ នេះ គឺ​រដ្ឋាភិបាល បាន​ឆ្លង​កាត់​​នីតិវិធី​ផ្លូវ​ច្បាប់​ទាំងអស់ ​ដោយ​ទទួល​បាន​ការ​អនុម័ត​យល់​ព្រម​ពី​សភា។ ថ្វី​បើ​លោក ទៀ បាញ់​ អះអាង​បែប​នេះ​ក្តី ក៏​កន្លង​មក​ស្ថាប័ន​នីតិបញ្ញត្តិ នៃ​របប​ក្រុង​ភ្នំពេញ មិន​ធ្លាប់​ផ្សព្វផ្សាយ ព័ត៌មាន​​នៃ​ការ​អនុម័ត​​យល់​ព្រម​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ថ្មី ខ្នាត ១/២៥.០០០ ពី​មុន​មក​ទេ។ តែ​យ៉ាង​ណា ​សភា​ឯក​បក្សបាន​អនុម័ត យល់​ព្រម លើ​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ២០១៩ ដែល​ជា​សន្ធិសញ្ញា​ថ្មី​មួយ​ទៀត​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​​ឆ្នាំ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ ដែល​ទង្វើ​នេះ ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំមើល​ អះអាង​ថា ជា​ការរំលោភ​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​បំពាន​រដ្ឋធម្មនុញ្ញ។

ផែនទី​ថ្មី​​ ខ្នាត ១/២៥.០០០ ទើប​ត្រូវ​បាន​ប្រកាស​​ នៅ​ដើម​ខែ​សីហា​នេះ ​នៅ​ពេល គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល បាន​ទៅ​ទទួល​យក​ផែនទី​ខ្នាត​ថ្មី​ ជា​សម្ងាត់ ពី​រដ្ឋាភិបាល​វៀតណាម​ នៅ​ច្រក​ព្រំដែន​ម៉ុកបាយ (Moc Bai) ខេត្ត​តៃនិញ (Tay Ninh) ជាប់​ខេត្ត​ស្វាយរៀង។

រដ្ឋាភិបាល អះអាង​ថា ផែនទី​ខ្នាត មួយ​លើ​ម្ភៃ​ប្រាំ​ពាន់ (/២៥.០០០) នេះ ត្រូវ​បាន​ចម្លង​ចេញ​ពី​ផែនទី​បោន (Bonce) ខ្នាត​មួយ​លើ​មួយ​រយ​ពាន់ (/១០០.០០០) បន្សល់​ទុក​ពី​អាណានិគម​បារាំង។ ផែនទី​ថ្មី​នេះ បង្ហាញ​ពី​ខ្សែ​​​បន្ទាត់​ និង​ ព្រំដែន​គោក​ រវាង​ កម្ពុជា​ និង​វៀតណាម ប្រហែល ​​៣១៥​បង្គោល ​ស្មើ​និង ៨៤​ភាគរយ នៃ​ប្រវែង​ព្រំដែន​គោក​​សរុប​ ជាង​មួយ​ពាន់ (១ ២៤៥) គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​​សរុប​ចំនួន ៣៧១​បង្គោល។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​តំណាង​​​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី២៧ សីហា​ ដោយសារ​ លោក វ៉ា គឹមហុង និង​អ្នកស្រី កុយ ពិសី មិន​ទទួល​ទូរស័ព្ទ។

ទោះ​ជា​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​​កាល​ពី​ថ្ងៃ​ទី​១៥ សីហា បាន​ធានា​ពី​ភាព​ត្រឹមត្រូវ​នៃ​ផែនទី​ថ្មី​នេះ ដោយ​អះអាង​ថា​ បាន​ផ្ទៀងផ្ទាត់​ម្ដង​មួយ​សន្លឹក ដោយ​យក​ចិត្ត​ទុកដាក់ ហើយ​បោះពុម្ព ​ដោយ​ប្រទេស​ដាណឺម៉ាក។ លោក ហ៊ុន សែន អះអាង​ថា ផែនទី​ថ្មី ​នឹង​ធ្វើ​ឲ្យ​កម្ពុជា ចំណេញ​ដី ពី​ប្រទេស​​វៀតណាម ទំហំ​ជាង ២.០០០​ហិកតារ ហើយ​លោក​ថា ការ​ប្រគល់​ផែនទី​​ខ្នាត​១/២៥.០០០​ឲ្យ​ទៅ​​តំណាង​ស្ថាប័ន​ជាតិ ដើម្បី​ប្រើប្រាស់​ជា​ឯកសារ​ផែនទី​ផ្លូវ​ការ សម្រាប់​កម្ពុជា៖ «ផែនទី​ដែល​យើង​ប្រើ មូលដ្ឋាន​ដើម​របស់​យើង ផែនទី​ខ្នាត ១/១០០.០០០ ដែល​បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូ​ចិន​ គួប​ផ្សំ​ជាមួយ​នឹង​ផែនទី​UTM របស់​អាមេរិក ខ្នាត ១/៥០.០០០។ ប៉ុន្តែ​ ដើម្បី​ធានា​ជាមួយ​នឹង​ការ​បោះ​បង្គោល​ជាក់លាក់ យើង​ត្រូវ​មាន​ផែនទី​មួយ​ ខ្នាត ១/២៥.០០០ ហើយ​បោះពុម្ព​ដោយ​ប្រទេស​ដាណឺម៉ាក​ឯ​ណោះ មិន​មែន​បោះពុម្ព​ដោយ​ប្រទេស​វៀតណាម​ទេ។យើង​បាន​ផ្ទៀងផ្ទាត់​ជាមួយ​គ្នា​ក្នុង​ពេល​​ដែល​ខ្ញុំ​ចុះ​ហត្ថលេខា ផ្ទៀងផ្ទាត់​ជាមួយ​គ្នា អំពី​គ្រប់​សន្លឹក​ផែនទី​ទាំង​អស់។ អ៊ីចឹង​ខាង​វៀតណាម​ត្រូវ​ទទួល​ប៉ុន្មាន​ច្បាប់ ខាង​យើង​ត្រូវ​ទទួល​ប៉ុន្មាន? ស្មើ​ភាព​គ្នា»

ផ្ទុយ​ពី​ការ​អះអាង​របស់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ អ្នក​ជំនាញ​កិច្ច​ការ​ព្រំដែន នៃ​គណបក្ស​ប្រឆាំង មាន​មូលដ្ឋាន នៅ​សហរដ្ឋ​អាមេរិក​ បាន​ថ្កោលទោស ​​ការ​ប្រើប្រាស់​ផែនទី​ថ្មី​នេះ ដោយ​អះអាង​ថា ផែនទី​ថ្មី ធ្វើ​ឲ្យ​បាត់បង់​ដី​ តាម​ខ្សែ​បន្ទាត់​​ព្រំដែន​ សរុប​ជាង ៣.០០០​ហិកតារ។

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​​ និង​អន្តោប្រវេសន៍​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន រក​ឃើញ​ថា ផែនទី​ថ្មី ខ្នាត ១/២៥.០០០​ គូស​វាស​ ជា​ឯកតោ​ភាគី ដោយ​វៀតណាម ​គ្រាន់​តែ​យក​ទៅ​បោះពុម្ព​ នៅ​ប្រទេស​ដាណឺម៉ាក​ប៉ុណ្ណោះ។ លោក​បន្ត​ថា ផែនទី​ថ្មី​នេះ បាន​ដោះដូរ​ខ្សែ​បន្ទាត់​ព្រំដែន​សម័យ​អាណានិគម​បារាំង ដោយ​​របប​ក្រុង​ភ្នំពេញ បាន​យក​ដី​​ខ្មែរ តាម​ព្រំដែន​ ច្រើន​ទីតាំង ទៅ​ដូរ​យក​ដី​ខ្មែរ ដែល​វៀតណាម​រំលោភ​បំពាន​មក​វិញ ជា​ហេតុ​ធ្វើ​ឲ្យ​បាត់​ដី តាម​ព្រំដែន​សរុប​ជាង ៣ ០០០​ហិកតារ។

លោក លើក​ឧទាហរណ៍​ថា ដូច​ជា ករណី​​​​ប្ដូរ​​ដី​ខ្មែរ​នៅ​តំបន់​ផ្សេង ទៅ​យក​ដី​ខ្មែរ​ ក្នុង​នៅ​ភូមិ​កំណើត​របស់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ជាដើម។ លោក អ៊ុំ សំអាន ប្ដេជ្ញា​ថា គណបក្ស​ប្រឆាំង នឹង​បន្ត​ការ​តស៊ូ​មតិ​ គ្រប់​រូបភាព​ ទាំង​ក្នុង​ឆាក​ជាតិ និង​អន្តរជាតិ ដើម្បី​ទាមទារ​​ឲ្យ​របប​ក្រុង​ភ្នំពេញ​ សើរើ​ការ​បោះ​បង្គោល​ព្រំដែន​វិញ៖ «គាត់​ប្រគល់​អា​ផែនទី​ខុស​ច្បាប់ ទៅ​ឲ្យ​អនុវត្ត ធម្មតា​ទេ វា​បាត់​ដី​ខ្មែរ​យើង។ យក​ទៅ​អនុវត្ត​ អត់​មាន​ការពារ​ដី​ខ្មែរ​យើង​ឲ្យ​បាន​គង់វង្ស​ទេ។ អនុវត្ត​ ដើម្បី​ប្រគល់​ដី​ខ្មែរ​យើង ទៅ​ឲ្យ​យួន​ហ្នឹង​ឯង ព្រោះ​ព្រំដែន​ហ្នឹង កំណត់​ជា​ថ្មី ទៅ​តាម​​ផែនទី​ថ្មី​ហ្នឹង។ មិន​កំណត់​ទៅ​តាម​ផែនទី ដែល​ធ្វើ​ឡើង​ដោយ​បារាំង​ គឺ​ផែនទី​បោន (bonce) ខ្នាត ១/១០០.០០០ ដែល​មាន​ចំនួន​២៦ផ្ទាំង​ទេ។ ផែនទី​ខ្នាត ១/២៥.០០០ នេះ មិន​មែន​ជា​ផែនទី​ ដែល​បម្លែង​ពី​ផែនទី​បោន ខ្នាត​១/​១០០.០០០​របស់​បារាំង​ទេ ហើយ​ក៏​មិន​មែន​ផែនទី បម្លែង​ពី​ផែនទី​ខ្នាត ១/៥០.០០០ របស់​ទាហាន​អាម៉េរិកាំង​ដែរ គឺ​ផែនទី​ គេ​គូស​ថ្មី តែ​ម្ដង ទៅ​តាម​ការ​បោះ​បង្គោល​បាន ៨៤ភាគ​រយ។ អា​ការ​បោះ​បង្គោល ៨៤ភាគ​រយ ហ្នឹង បោះ​ទៅ តាម​សន្ធិសញ្ញា ១៩៨៥ សម័យ​យួន​គ្រប់គ្រង»

រដ្ឋាភិបាល​កម្ពុជា​ និង​ ប្រទេស​វៀតណាម​ នៅ​សេស​សល់ ការ​បង្គោល​ព្រំដែន ១៤​ភាគរយ​ទៀត ស្មើ​នឹង ៥៦​បង្គោល​ ឋិត​នៅ ​ខេត្ត​រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ។

រដ្ឋធម្មនុញ្ញ​មាត្រា​២ និង​មាត្រា៥៥ ចែងថា បូរណភាព​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត ក្នុង​ព្រំដែន​របស់​ខ្លួន ​ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ ១៩៣៣-១៩៥៣ ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ ឆ្នាំ​១៩៦៣-១៩៦៩។ សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹត​ភាព និង​ឯកភាព​ជាតិ ត្រូវ​លុបចោល។

ទោះ​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​ហើយ​ថា រដ្ឋាភិបាល​ នឹង​មិន​សើរើ ​ការ​បោះ​​បង្គោល​ព្រំដែន​ ជាមួយ​ប្រទេស​វៀតណាម ឡើងវិញ​ទេ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល