នគរបាលតាមមូលដ្ឋានខេត្តកំពង់ធំ បន្តកោះហៅសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតរបស់គណបក្សប្រឆាំង នៅស្រុកសន្ទុក ១១នាក់បន្ថែមទៀត ឲ្យទៅឆ្លើយបំភ្លឺពីករណីហូបអាហារសាមគ្គី និយាយរឿងនយោបាយគាំទ្រលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ វិលចូលកម្ពុជា នៅឆ្នាំ២០១៩។ សង្គមស៊ីវិលឃ្លាំមើលសិទ្ធិមនុស្សខេត្តកំពង់ធំ ថា ការកោះហៅស្រេចតែអំពើចិត្តបែបនេះ ជាការរំលោភសិទ្ធិធ្វើនយោបាយ សេរីភាពបញ្ចេញមតិធ្ងន់ធ្ងរ និងគំរាមកំហែងដល់ពលរដ្ឋផ្សេងទៀត។
មេឃុំជាប់ឆ្នោត ឃុំកកោះ លោក តាន់ សុខច័ន្ទ ជាមន្ត្រីបក្សសង្គ្រោះជាតិម្នាក់ ក្នុងចំណោម ១១នាក់ ដែលសមត្ថកិច្ចកោះហៅបន្ថែម ប្រាប់ថា លោកបានចូលបំភ្លឺរួចហើយ នៅម៉ោង ៨ព្រឹក ថ្ងៃទី១៤ ឧសភា ជាមួយជំទប់ទី១ លោក ឈន សុខា។ លោកថា សមត្ថកិច្ចបានសួរពួកលោកពីករណីហូបអាហារជុំគ្នាមួយពេល ជាមួយមន្ត្រីបក្ស សង្គ្រោះជាតិ នៅខេត្តកំពង់ធំផ្សេងទៀត កាលពីថ្ងៃទី១ ខែមករា និងក្រោយមកពួកគាត់ នាំគ្នាថតវីដេអូឃ្លិប បង្ហោះសារគាំទ្រលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ នៅក្នុងឆ្នាំ២០១៩។
លោកមេឃុំជាប់ឆ្នោតរូបនេះប្រាប់ថា ក្នុងពេលចូលបំភ្លឺ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងឲ្យចុះហត្ថលេខាទទួលស្គាល់ដូចអ្នក ដែលសមត្ថកិច្ចកោះហៅមុនៗ ដែរ។ តែយ៉ាងណាក្ដី លោកបន្តថា សមត្ថកិច្ចមិនបានហាម ឬគំរាម ពួកគាត់ឲ្យបញ្ឈប់សកម្មភាពជួបជុំគ្នាឡើយ គឺគ្រាន់តែហៅទៅសួរនាំ។ លោក តាន់ សុខច័ន្ទ ថា សមត្ថកិច្ចបញ្ជាក់ប្រាប់លោកថា នឹងគ្មានការកោះហៅសួរបន្ថែម ឬ ចេញដីកាពីតុលាការទេ ព្រោះពួកលោកបានចូលខ្លួនត្រឹមត្រូវតាមការកោះហៅ តែសម្រាប់អ្នកមិនចូលខ្លួនតាមលិខិតកោះរបស់សមត្ថកិច្ច អាចប្រឈមនឹងការចេញដីកាកោះ៖ «មេប៉ុស្តិ៍ និងអនុប៉ុស្តិ៍ គាត់ថាគ្រាន់តែឲ្យចូលខ្លួនបំភ្លឺនៅកន្លែងប៉ុស្តិ៍អ៊ីចឹងទៅ អត់មានតុលាការទៀតទេ។ បើគេចវេះ អាចថា ថ្ងៃក្រោយ តុលាការគាត់អញ្ជើញហៅម្ដង។ សំណួរ៖ តើលោកបារម្ភទេ ? ឆ្លើយ៖ ដូចជាមិនបារម្ភទេ ដោយសារយើងទាំងអស់គ្នា មានខ្ញុំជាដើមហ្នឹង អត់មានធ្វើខុសច្បាប់អ្វីទេ។ អ៊ីចឹង គ្រាន់តែជជែកប្រជុំគ្នាហ្នឹង ក្នុងន័យនឹករលឹក ហើយហូបអាហាររួមគ្នា ហើយមានសារមួយគាំទ្រលោកប្រធាន ( សម រង្ស៊ី ) ពេលគាត់អញ្ជើញមកស្រុក ( កម្ពុជា )» ។
មន្ត្រីបក្សប្រឆាំងជាប់ឆ្នោតទាំង ១១រូប ដែលសមត្ថកិច្ចប៉ុស្តិ៍តាមមូលដ្ឋានក្នុងស្រុកសន្ទុកកោះហៅបន្ថែម គឺអនុប្រធានប្រតិបត្តិគណបក្ស សង្គ្រោះជាតិ ស្រុកសន្ទុក លោក ឈុយ ដារា សមាជិកក្រុមប្រឹក្សាស្រុកសន្ទុក លោក ជុំ សាន មេឃុំកកោះ លោក តាន់ សុខច័ន្ទ ជំទប់ទី១ ឃុំកកោះ លោក ឈន សុខា ជំទប់ទី១ ឃុំតាំងក្រសាំង លោក ពេជ្រ សំរ៉ង សមាជិកក្រុមប្រឹក្សាឃុំតាំងក្រសាំង ៣នាក់ លោក អ៊ី សារៀម លោក មួង ធឿន លោក ពត ធារ៉ា មេឃុំឃុំកំពង់ថ្ម លោក អ៊ូ ស៊ុក សមាជិកក្រុមប្រឹក្សាឃុំកំពង់ថ្ម លោក តែម ឆេងលីម និងជំទប់ទី២ ឃុំព្នៅ លោក ឃឹម ឈន។
មកដល់ពេលនេះ យ៉ាងហោចណាស់ មានសមាជិកក្រុមប្រឹក្សាស្រុក និងឃុំ របស់គណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ធំ កើនដល់ ៣១នាក់ហើយ ត្រូវសមត្ថកិច្ចកោះហៅឲ្យចូលបំភ្លឺពាក់ព័ន្ធករណីហូបអាហារជុំគ្នា និងបង្ហោះសារគាំទ្រ លោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ។ អ្នកទាំង៣១នាក់ ភាគច្រើនបានចូលបំភ្លឺរួចរាល់ហើយ និងខ្លះ កំពុងត្រៀមចូលបំភ្លឺ ខណៈសមត្ថកិច្ចបង្ហើបប្រាប់ពួកគេថា នឹងបន្តកោះហៅបន្ថែមទៀត។
អាស៊ីសេរីព្យាយាមទូរស័ព្ទសុំការបំភ្លឺពីស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល ២ថ្ងៃហើយ គឺថ្ងៃទី១៣ និងទី១៤ ឧសភា តែលោកប្រាប់ថា លោក ជាប់រវល់។
ចំណែកអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ក៏ពុំអាចទាក់ទងសុំការបំភ្លឺជុំវិញរឿងនេះបានដែរ ដោយសារលោកមិនទទួលទូរស័ព្ទទាំងពីរថ្ងៃដូចគ្នា។
អ្នកសម្របសម្រួលអង្គការ លីកាដូ ប្រចាំខេត្តកំពង់ធំ លោក ខន សុជា សង្កេតឃើញថា ក្នុងលិខិតកោះហៅ សមត្ថកិច្ចប្រាប់មូលហេតុសួរនាំរឿងផ្ទាល់ខ្លួន តែជាក់ស្ដែង គឺដើម្បីសួរនាំរឿងនយោបាយ ដល់មន្ត្រីជាប់ឆ្នោតទាំងនោះ។ លោកថា សមត្ថកិច្ចធ្វើបែបនេះ គឺបំពានច្បាប់ស្ដីពីនយោបាយ និងរឹតត្បិតសិទ្ធិសេរីភាព ជួបប្រជុំ បញ្ចេញមតិ ចូលរួមសកម្មភាពនយោបាយរបស់ពលរដ្ឋធ្ងន់ធ្ងរណាស់៖ « អ៊ីចឹងបានថា សុំអាជ្ញាធរមូលដ្ឋានមុននឹងកោះហៅពួកគាត់ សុំឲ្យមើលពីច្បាប់គណបក្សនយោបាយឡើងវិញ មាត្រាប៉ុន្មាន ដែលពួកគាត់ធ្វើអ៊ីចឹងវាចូលក្នុងសកម្មភាពនយោបាយរបស់ច្បាប់ដែលចែងហ្នឹង។ ឥឡូវឧទាហរណ៍ គណបក្សផ្ទាល់របស់គាត់រាល់ថ្ងៃហ្នឹង គេរំលាយហើយ។ ឥឡូវហ្នឹងគាត់នៅបន្តសកម្មភាពជួបអតីតមិត្តភក្តិជួបអតីតក្រុមការងារដូចគាត់និយាយអ៊ីចឹង។ យើងអាចចាត់ទុកថា គាត់ហ្នឹងទៅចូលអាសកម្មភាពនយោបាយហ្នឹងកើតអត់។ អ៊ីចឹងបានថា មុនហ្នឹងកោះហៅ មុននឹងអ្វី សូមឲ្យអាជ្ញាធរហ្នឹង មើលពីច្បាប់ស្ដីពីសកម្មភាពនយោបាយហ្នឹងឡើងវិញ » ។
ទោះយ៉ាងណា មេឃុំជាប់ឆ្នោតឃុំកកោះ លោក តាន់ សុខច័ន្ទ អះអាងថា បើទោះរងការបំភិតបំភ័យបែបនេះ តែមន្ត្រីបក្សប្រឆាំង នៅខេត្តកំពង់ធំទាំងអស់ គ្មានការព្រួយបារម្ភទេ ព្រោះពួកគេយល់ថា ខ្លួនឯងមិនបានប្រព្រឹត្តិខុសច្បាប់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។