គណបក្សនយោបាយចំនួន៩ ត្រូវក្រសួងមហាផ្ទៃប្តឹងរំលាយចោល
2017.08.29

គណបក្សចំនួន៩ ដែលស្ទើរតែមិនឃើញបង្ហាញសកម្មភាពរបស់ខ្លួនក្នុងឆាកនយោបាយ ត្រូវរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសប្តឹងរំលាយចោល ដោយចោទប្រកាន់ថាបានប្រព្រឹត្តល្មើសច្បាប់គណបក្សនយោបាយ ព្រោះមិនបានផ្ញើរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនមកក្រសួងមហាផ្ទៃ ហើយកំពុងជាប់បណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញ។
លិខិតរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៩ ខែសីហា បង្ហាញថា ក្នុងចំណោមគណបក្សទាំងនោះ គឺគណបក្សស្ត្រីសង្គ្រោះកម្ពុជា គណបក្សប្រជាជាតិខ្មែរ គណបក្សពលរដ្ឋខ្មែរពន្លឺសេរីភាពលោក ថាច់ រ៉េង និងគណបក្សសេរីបង្រួបបង្រួមជាតិ បានប្រព្រឹត្តល្មើសច្បាប់គណបក្សនយោបាយ ព្រោះមិនបានផ្ញើរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនមកក្រសួងមហាផ្ទៃ។
ទន្ទឹមនឹងនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញសាលក្រមផ្អាកសកម្មភាពបណ្ដោះអាសន្នគណបក្សចំនួន៤ ក្នុងចំណោម ៩ រួមមាន គណបក្សនាងនាគនារីខ្មែរ គណបក្សពលរដ្ឋខ្មែរពន្លឺសេរីភាពលោក ថាច់ រ៉េង គណបក្សសេរីបង្រួបបង្រួមជាតិ គណបក្សស្ត្រីសង្គ្រោះកម្ពុជា។
លិខិតដដែលរបស់លោក ស ខេង ឲ្យដឹងទៀតថា មកដល់ពេលនេះ គណបក្សនយោបាយទាំងនេះមិនបានបំពេញកាតព្វកិច្ចក្នុងការបំពេញបែបបទរបស់ខ្លួនមកក្រសួង ដូចមានចែងនៃច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៩ សីហា៕