អ្នក​ច្បាប់​គាំទ្រ​តំណាង​អ.ស.ប​ទាមទារ​ឲ្យ​បកស្រាយ​ករណី​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក

0:00 / 0:00

ក្រុម​អ្នក​ច្បាប់ និង​អ្នក​វិភាគ​នយោបាយ​កម្ពុជា គាំទ្រ​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បកស្រាយ​ជាបន្ទាន់​លើ​ចំណាត់ការ​មិន​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ត្រឡប់​មក​កម្ពុជា។ ការ​លើក​ឡើង​នេះ នៅ​ក្រោយ​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា រិះគន់​តំណាង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ដែល​ទាមទារ​ឲ្យ​បកស្រាយ​នេះ ថា​រំលោភ​អធិបតេយ្យភាព និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​សង្គម និង​នយោបាយ ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​បែប​នេះ​ជា​ចេតនា​នយោបាយ ជា​ជាង​ផ្អែក​លើ​ច្បាប់​ជាតិ និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន ថ្លែង​ថា ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ មាន​ការិយាល័យ​ច្បាស់លាស់​នៅ​កម្ពុជា ដូច្នេះ​ការ​ឃ្លាំ​មើល ឬ​ការ​បារម្ភ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​ថ្លែង​ឲ្យ​មាន​ការ​បកស្រាយ គឺ​ជា​តួនាទី​របស់​តំណាង​អង្គការ​អន្តជាតិ​មួយ​នេះ ហើយ​មិន​មែន​ជា​ការ​រំលោភ​អធិបតេយ្យភាព ឬ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា នោះ​ទេ៖ « ប្រជារាស្ត្រ​ក៏​ស្នើសុំ ( សុំ​ឲ្យ​បកស្រាយ ) បាន​ដែរ ! ហើយ​អង្គការ​សហប្រជាជាតិ ត្រូវ​មើល ហើយ​បើ​សិន​ជា​មើល​ទៅ​ឃើញ​ខុស​ត្រង់​ណា គេ​ស្នើសុំ​ហើយ។ ដូច្នេះ​គេ​មាន​សិទ្ធិ​និយាយ​ហើយ។ កាល​ពី​សម័យ ប៉ុល ពត មាន​អ្នក​ខ្លះ​ជេរ​អង្គការ​សហប្រជាជាតិ ថា ហេតុ​អី​មិន​មើល​ស្រុក​ខ្មែរ​ផង ទាល់​តែ​ប្រទេស​ជិត​ខាង​លើក​ទ័ព​មក បាន​អង្គការ​សហប្រជាជាតិ ដឹង។ ហើយ​ឥឡូវ​ស្រាប់​យើង​ផ្ទុយ​វិញ ខ្ញុំ​គិត​ថា​ដូចជា​អត់​ស៊ី​អា​ស្ថានភាព​ទូទៅ »

លោក​បញ្ជាក់​ថា ការ​ថ្លែង​របស់​តំណាង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ អ្នកស្រី វ៉ាន់ហ៊ី លី គឺ​ជា​មតិ ហើយ​អង្គការ​នេះ​មាន​សិទ្ធិ​មើល​ខុស​ត្រូវ​លើ​ប្រទេស​ដែល​ខ្លួន​មាន​ការិយាល័យ​តាំង​នៅ។ ការ​មិន​គោរព​អធិបតេយ្យភាព​កម្ពុជា ដែល​រដ្ឋមន្ត្រី​លើក​ឡើង លើកលែង​តែ​មាន​ប្រទេស​ណា​ប្រើ​កងទ័ព​ឈ្លាន​ពាន​ទឹកដី​កម្ពុជា ប៉ុន្តែ​ការ​ស្នើសុំ​ឲ្យ​មាន​ការ​បកស្រាយ​ពេល​នេះ គឺ​ជា​រឿង​ត្រឹមត្រូវ។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដកស្រង់​សម្ដី​អ្នកស្រី វ៉ាន់ហ៊ី លី ថា សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា វិញ​នោះ គឺ​ខ្វះ​ភាព​សមស្រប ដូច្នេះ​អាច​ចាត់​ទុក​បាន​ថា ជា​ការ​សម្រេច​តាម​ទំនើង​ចិត្ត និង​គ្មាន​ហេតុផល​ត្រឹមត្រូវ។ អ្នកស្រី​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​តែ​ពន្យល់​ជាបន្ទាន់​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​បែប​នេះ។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​អ្នកស្រី គ្លែរ វ៉ាន់ដឺវែរ៉ែន (Claire Van der Vaeren) តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ហៅ​កាត់​ថា យូ.អិន.ឌី.ភី (UNDP) កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ដោយ​សរសេរ​ថា សំណើ​ឲ្យ​រដ្ឋាភិបាល​បកស្រាយ​ករណី​លោក សម រង្ស៊ី ជា​សំណើ​ហួស​ដែន​សមត្ថកិច្ច​របស់​អ្នកស្រី វ៉ាន់ហ៊ី លី ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ​អង្គការ​ប្រជាជាតិ ដែល​ត្រូវ​ឲ្យ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ធ្វើ​ការងារ​ជាមួយ​ក្រសួង ជា​ជាង​តាម​រយៈ​សារព័ត៌មាន។

លិខិត​ដដែល​បញ្ជាក់​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អស់​សុពលភាព​ហើយ ដូច្នេះ​រាល់​សកម្មភាព​របស់​អ្នកស្រី វ៉ាន់ហ៊ី លី ក្នុង​ពេល​បច្ចុប្បន្ន ត្រូវ​ចាត់​ទុក​ថា​មិន​ស្រប​ច្បាប់។ លោក ប្រាក់ សុខុន ស្នើ​ឲ្យ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ថ្មី​មួយ​ឲ្យ​បាន​ឆាប់ និង​ត្រូវ​បញ្ចូល​ខ្លឹមសារ​នៃ​ការ​គោរព​អធិបតេយ្យភាព និង​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​កម្ពុជា។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​លិខិត​របស់​លោក​រដ្ឋមន្ត្រី​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា។

អ្នក​ស្រាវជ្រាវ​នយោបាយ និង​ច្បាប់​អន្តរជាតិ លោក ឡុង គឹមឃន ថ្លែង​ថា អ្នកស្រី វ៉ាន់ហ៊ី លី មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បកស្រាយ​លើ​ករណី​ណា​មួយ ដែល​ខ្លួន​យល់​ថា​ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស ឬ​ភាព​មិន​ប្រក្រតី​អ្វី​មួយ ព្រោះ​ការ​ស្នើ​នេះ​មិន​មែន​អ្នកស្រី​ធ្វើ​ក្នុង​នាម​បុគ្គល​ទេ គឺ​ធ្វើ​ក្នុង​នាម​តំណាង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ដែល​មាន​ការិយាល័យ​ស្រប​ច្បាប់​នៅ​កម្ពុជា៖ « ដូច្នេះ​វា​ជា​កាតព្វកិច្ច​របស់​យើង​ដែល​ត្រូវ​ជម្រាប​ជូន​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល គឺ​អង្គការ​សហប្រជាជាតិ​វិញ តាម​រយៈ អូ . អេច្ឆ . ស៊ី . អេច្ឆ . អា ( OHCHR ) ដែល​យើង​ហៅ​ថា​ឧត្ដម​ស្នងការ​ជាន់​ខ្ពស់​ស្ដីពី​សិទ្ធិ​មនុស្ស​ហ្នឹង ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា យើង​ផ្អែក​លើ​មូលហេតុ​អី ? ច្បាប់​អី ? ដែល​យើង​បដិសេធ​បុគ្គល​ម្នាក់​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា វិញ »

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​រួម​រឹត​ដោយ​បណ្ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល បាន​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដោយ​លោក​ធ្លាប់​ប្រើ​ពាក្យ​រិះគន់​ថា លោក​មិន​ជឿ​ទុក​ចិត្ត​លើ​តុលាការ​ឡប់ឡែ​របស់​កម្ពុជា នោះ​ទេ។ កាល​ពី​ថ្មីៗ​នេះ លោក​ប្ដេជ្ញា​វិល​ចូល​ស្រុក ដើរ​ចូល​គុក ប៉ុន្តែ​សមត្ថកិច្ច​កម្ពុជា រារាំង​មិន​ឲ្យ​ចូល​ស្រុក ដោយ​ខ្លាច​បង្ក​ភាព​វឹកវរ​នៅ​ព្រលាន​យន្តហោះ ឬ​ច្រក​ទ្វារ​ដែល​លោក សម រង្ស៊ី នឹង​ចូល​មក​វិញ។

អ្នក​ស្រាវជ្រាវ​នយោបាយ និង​ច្បាប់​អន្តរជាតិ លោក ឡុង គឹមឃន យល់​ថា លោក សម រង្ស៊ី នៅ​តែ​មាន​ឱកាស​វិល​ចូល​ស្រុក​ខ្មែរ​នៅ​មុន​ការ​បោះឆ្នោត បន្ទាប់​ពី​មាន​ដំណោះស្រាយ​នយោបាយ ព្រោះ​ការ​ចេញ​ក្រៅ​ស្រុក ឬ​ត្រឡប់​ចូល​ស្រុក​របស់​លោក សម រង្ស៊ី គឺ​ជា​បញ្ហា​នយោបាយ មិន​មែន​ជា​បញ្ហា​ច្បាប់​នោះ​ទេ។ លោក​ថា នយោបាយ​មិន​គួរ​ក្លាយ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ភាព​ជា​មនុស្ស​ក្នុង​សង្គម​រវាង​គ្នា និង​គ្នា​ទេ ហើយ​សិទ្ធិ​នយោបាយ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ៖ « ពីព្រោះ​ស្ថានភាព​នយោបាយ​កម្ពុជា អត់​មាន​ជម្រើស​ណា​ផ្សេង​ទេ។ សំណួរ​អាច​សួរ​ថា បើ​មុន និង​ក្រោយ រដ្ឋាភិបាល​កម្ពុជា នៅ​តែ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ ? ហេតុ​អី​មិន​ឲ្យ​មក​ឥឡូវ ? ហើយ​ចាំ​ជិត​ដល់​ថ្ងៃ​បោះឆ្នោត ? ព្រោះ​ខ្ញុំ​យល់​ថា វា​ជា​យុទ្ធសាស្ត្រ​នយោបាយ​មួយ​ដែល​ចង់​ហ៊ុមព័ទ្ធ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ឃុំ​ទុក​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​វាយ​បន្ថយ​កម្លាំង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន​ពេល​បោះឆ្នោត​ឲ្យ​ថយ​កម្លាំង គឺ​មាន​ន័យ​ថា មិន​គណបក្ស​សង្គ្រោះ​ជាតិ ងាប់​ទេ ប៉ុន្តែ​រស់​មិន​ខ្លាំង »

ទោះ​បី​ជា​យ៉ាង​ណា លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បង្ហាញ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា បញ្ជាក់​ថា យោង​តាម​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ទៅ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ជាមួយ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ឲ្យ​ប្រើ​គ្រប់​មធ្យោបាយ​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​បាន​ទេ។

លិខិត​ដដែល​បង្គាប់​ឲ្យ​គ្រប់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ដែល​ធ្វើ​ប្រតិបត្តិការ​មក​កម្ពុជា មិន​ឲ្យ​លោក សម រង្ស៊ី ឡើង​លើ​យន្តហោះ​មក​កម្ពុជា ទេ និង​ត្រូវ​ផ្ដល់​របាយការណ៍​ទៀងទាត់​ក្នុង​ករណី​លោក សម រង្ស៊ី ទិញ​សំបុត្រ​មក​កម្ពុជា។ ក្នុង​ករណី​លោក សម រង្ស៊ី ធ្វើ​ដំណើរ​មក​កម្ពុជា តាម​យន្តហោះ​ណា​មួយ យន្តហោះ​នោះ​ត្រូវ​បង្វែរ​ទិសដៅ​ទៅ​អាកាសយានដ្ឋាន​ដើម​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចុះ​ចត​ឡើយ។

ក្នុង​ករណី​លោក សម រង្ស៊ី នៅ​តែ​អាច​ចុះ​ដល់​អាកាសយានដ្ឋាន​ណា​មួយ​នៅ​កម្ពុជា បាន ក៏​មិន​ត្រូវ​ឲ្យ​ចាកចេញ​ពី​យន្តហោះ​ឡើយ និង​ត្រូវ​ត្រឡប់​ទៅ​អាកាសយានដ្ឋាន​ដើម​វិញ។ ក្នុង​ករណី​លោក សម រង្ស៊ី ចាកចេញ​ពី​យន្តហោះ នគរបាល​អន្តោប្រវេសន៍​ត្រូវ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​កុំ​ឲ្យ​ចូល​កម្ពុជា បាន និង​ត្រូវ​ចាត់​វិធានការ​ផ្សេងៗ​តាម​ការ​ចាំបាច់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។