មេ​ឃុំ​បក្ស​ប្រជាជន​រង​ការ​ចោទ​ថា​ដក​តំណែង​មេ​ភូមិ​បក្ស​ប្រឆាំង​ខុស​នីតិវិធី

គណបក្ស សម រង្ស៊ី នៅ​ខេត្ត​ក្រចេះ បាន​ចោទ​ប្រកាន់​ថា មេ​ឃុំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្លាស់​ប្ដូរ​តំណែង​មេ​ភូមិ​កូតា គណបក្ស សម រង្ស៊ី និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច មួយ​ចំនួន ខុស​នីតិវិធី​កំណត់​ដោយ​ក្រសួង​មហាផ្ទៃ។
ដោយ រដ្ឋា វីសាល
2013-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រធាន​ភូមិ​ចំនួន ៤​រូប ក្នុង​ឃុំ​ជ្រោយបន្ទាយ ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ពុធ ទី២៧ ខែ​មីនា ឆ្នាំ​២០១៣ អំពាវនាវ​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​ទៅ​លើ​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ជ្រោយបន្ទាយ ពី​បទ​ដក​ហូត​តំណែង​មេ​ភូមិ​ដោយ​បំពាន។

ប្រធាន​ភូមិ​ទាំង ៤​ភូមិ រួម​មាន ប្រធាន​ភូមិ​រកាធំ ភូមិ​កែង ភូមិ​ជ្រោយបន្ទាយ និង​ភូមិ​ខ្សាច់ទប់។

ប្រធាន​ភូមិ​រកាធំ មក​ពី​គណបក្ស សម រង្ស៊ី អ្នកស្រី អ៊ុង ស៊ីណាន មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ក្នុង​តួនាទី​ដឹកនាំ​ប្រជាពលរដ្ឋ​នោះ​ទេ ក៏ប៉ុន្តែ​មេ​ឃុំ​បាន​ដក​អ្នកស្រី​ពី​តំណែង ហើយ​ដាក់​សមាសភាព​គណបក្ស​ប្រជាជន ជំនួស​តំណែង​នេះ​វិញ។ អ្នកស្រី​បន្ត​ថា នេះ​គឺ​ជា​ការ​រើសអើង និង​រំលោភ​ទៅ​លើ​សិទ្ធិ​ស្ត្រី អ្នក​ចូលរួម​ដឹកនាំ​នៅ​មូលដ្ឋាន៖ «ខ្ញុំ​អត់​ដែល​មាន​កំហុស​អ្វី​ទេ គាត់​ហៅ​ខ្ញុំ​ប្រើ​អ្វី ខ្ញុំ​ធ្វើ​តាម​គោលការណ៍​ទាំងអស់។ ឥឡូវ​គេ​មក​ដក​ខ្ញុំ​អ៊ីចឹង ខ្ញុំ​អត់​ព្រម​អត់​សុខ​ចិត្ត​ទេ ព្រោះ​ខ្ញុំ​ជា​ស្ត្រី​ហ្នឹង គាត់​ចង់​រើសអើង​បក្ស​ណា!»

ចំណែក​ប្រធាន​ភូមិ​ជ្រោយបន្ទាយ នៃ​គណបក្ស នរោត្តម រណឫទ្ធិ លោក ចាប ល័ក្ខ មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា លោក​ក៏​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ក្នុង​ការងារ និង​មាន​ការ​ណែនាំ​អប់រំ​ធ្វើ​កិច្ច​សន្យា​ស្ដីពី​ការ​ប្រព្រឹត្ត​ខុស​ពី​ក្រុម​ប្រឹក្សា​ឃុំ​ម្តង​ណា​ឡើយ។ លោក​ថា ការ​ដក​តំណែង​លោក គឺ​ជា​ចេតនា​ពង្រឹង​អំណាច​មន្ត្រី​គណបក្ស​ប្រជាជន​នៅ​មូលដ្ឋាន៖ «គេ​ដក​ខ្ញុំៗ​ថា​ការងារ​នេះ​មិន​យុត្តិធម៌​ទេ ការងារ​ខ្ញុំ​អត់​ដែល​ខកខាន​ទេ។ កន្លង​មក ពេល​ណា​កន្លែង​ណា​មាន​លុយ គេ​ប្រើ​គ្នា​គេ កន្លែង​ណា​អត់​លុយ​គេ​ប្រើ​ខ្ញុំ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ជ្រោយបន្ទាយ លោក ប៊ិន ងួនស្រីន បាន​បដិសេធន៍​ការ​ចោទ​ប្រកាន់​ទាំងអស់​នេះ។ លោក​ទទួល​ស្គាល់​ថា បាន​ធ្វើ​លិខិត​កោះ​ហៅ​មន្ត្រី​ភូមិ​ទាំង ៤​រូប​មក​ធ្វើ​ការ​អប់រំ​ណែនាំ​ពី​កំហុស​មិន​បាន​បំពេញ​ការងារ​ជា​មេ​ភូមិ​ត្រឹមត្រូវ ក៏ប៉ុន្តែ​មន្ត្រី​ភូមិ​មិន​បាន​ចូល​ខ្លួន​មក​ទទួល​ការ​ណែនាំ​នោះ​ឡើយ៖ «យើង​អត់​មាន​លិខិត​អ្វី​ត្រូវ​ណែនាំ​គាត់ ព្រោះ​អញ្ជើញ​គាត់​មក​គាត់​អត់​មក។ ខ្ញុំ​បាន​រាយការណ៍​ទៅ​ដល់​ស្រុក​ដល់​ខេត្ត»

កាល​ពី​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០១៣ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ជ្រោយបន្ទាយ ចំនួន​បី​រូប​នៃ​គណបក្ស សម រង្ស៊ី បាន​ធ្វើ​ពហិការ​មិន​ដាក់​បេក្ខជន​បោះឆ្នោត​ជ្រើសរើស​មេ​ភូមិ​ថ្មី​ទាំង ៤​ភូមិ​នោះ​ទេ។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ លោក ស ឌីន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​បាន​ឃើញ​មេ​ឃុំ​ធ្វើ​លិខិត​លាយលក្ខណ៍អក្សរ ឬ​អញ្ជើញ​មេ​ភូមិ​មក​ទទួល​ការ​ណែនាំ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​ឃុំ និង​មាន​ធ្វើ​កំណត់​ហេតុ រាយការណ៍​មក​ក្រុម​ប្រឹក្សា​ឃុំ ស្ដីពី​កំហុស​មេ​ភូមិ​នោះ​ទេ។ លោក​ថា ការ​ផ្លាស់​ប្ដូរ​មេ​ភូមិ​នេះ គឺ​ជា​ការ​ធ្វើ​ផ្ទុយ​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ៖ «មុន​នឹង​ដក​ហូត មុន​នឹង​បោះឆ្នោត ខ្ញុំ​សំណូមពរ​ឲ្យ​ហៅ​មេ​ភូមិ ជំនួយ​ការ​ភូមិ អនុ​ភូមិ មក​ជម្រាប​គាត់​សិន មុន​នឹង​បោះឆ្នោត​ណា! គេ​ថា​មិន​បាច់​ធ្វើ​ទេ។ ខ្ញុំ​ថា​ធ្វើ​របៀប​នេះ ខ្ញុំ​មិន​អាច​ចូលរួម​បាន​ដែរ»

ប្រធាន​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) កញ្ញា គង់ រ៉ាវីន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ណែនាំ​ស្ដីពី​ការ​ផ្លាស់​ប្ដូរ​មេ​ភូមិ ដូច្នេះ​ប្រសិន​មេ​ឃុំ​ធ្វើ​ខុស​ការ​ណែនាំ​នោះ ប្រធាន​ភូមិ​អាច​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ដោះស្រាយ​បញ្ហា៖ «ខាង​ឃុំ សង្កាត់ មិន​អាច​ដក​មេ​ភូមិ​ដោយ​គ្មាន​ហេតុផល​អ្វី​ទេ គួរ​ទេ មាន​ហេតុផល​ច្បាស់​លាស់ ប្រសិន​មេ​ភូមិ​ហ្នឹង​គាត់​ធ្វើ​ខុស»

ក្រុម​ប្រឹក្សា​ឃុំ​ជ្រោយបន្ទាយ មាន​សមាជិក ៧​រូប ក្នុង​នោះ ៤​រូប​ជា​សមាជិក​គណបក្ស​ប្រជាជន និង ៣​រូប ជា​សមាជិក​គណបក្ស សម រង្ស៊ី។ ចំពោះ​បញ្ហា​នេះ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ៣​រូប​នៃ​គណបក្ស សម រង្ស៊ី អះអាង​ថា ពួក​គាត់​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

សន សុឃោទ័យ

ពី ឡូវ៉ែល

ហ៊ុន សែន ប្រើមធ្យោបាយបែបគំរាមគ្រប់អ្នកប្រឆាំងគ្រប់បក្ស
ទាំងអស់ ឲ្យបាក់ស្មារតីនៅមុនពេលបោះឆ្នោតជាតិសកលចូល
មកដល់ ទង្វើនេះជាការកំសាកផុតលេខ ប្រហែលជា
មើលកុនចិន ច្រើនពេកហើយទេដឺង សម្លាប់១ គំរាម១០០០០នាក់ កុងៗឬលោកមេទ័យ អំណាចក្នុងដៃ
ប៉ៃឲ្យអស់ដួយទៅ? ក្នុងប្រវត្តិសាស្រ្តចិនកុនចិនទីបំផុត
មេទ័ពឬកុងៗតែងតែត្រូវគេអាកសម្លាប់និងសម្លាប់៩ជំនាន់
ព្រមទាំងដៃជើង តោះមែនឬមិនមែនន៏?

Mar 28, 2013 03:30 PM

អ្នក​អាន​អនាមិក

សូមលោកមេភូមិទាំងអស់ដែលត្រូវមេឃុំចង្រៃ អប្រិយ ទុរយស និងជាតិរឆាននេះដកតំណែងត្រូវដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ និងសហគមន៌អន្តរជាតិ ដើម្បីឲ្យគេជួយអន្តរាគមន៌ចំពោះរឿងដ៏សែនអយុត្តិធម៌បែបនេះ ។

Mar 28, 2013 06:48 AM

អ្នក​អាន​អនាមិក

THAT IS CALL DETATOR LEADER. COMMUNIST ALLWAY DO WHAT EVER THEY WANT TO DO, WHEN EVER THEY YOU STOP BREATH YOU HAVE TO STOP TOO. WAY TO FREE YOURSEFE STEND UP TODETHER, DON'T LET THEM DO WHAT EVER THEY WANT TO DO.

Mar 27, 2013 05:26 PM

គេហទំព័រ​ទាំងមូល