អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក សម្ដែងក្ដីព្រួយបារម្ភចំពោះស្ថានភាពនយោបាយនៅប្រទេសកម្ពុជា ហើយស្នើឱ្យអ្នកនយោបាយខ្មែរ សន្ទនាគ្នាដោយសន្តិវិធី។
ការិយាល័យអ្នកនាំពាក្យនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យដឹងថា លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានតាមដានស្ថានភាពវិវឌ្ឍនៅប្រទេសកម្ពុជា យ៉ាងដិតដល់ទាក់ទងនឹងការប្រកាសវិលត្រឡប់មកវិញ របស់ លោក សម រង្ស៊ី និងមេដឹកនាំផ្សេងទៀតនៃគណបក្សប្រឆាំង។
ការិយាល័យអ្នកនាំពាក្យ ឱ្យដឹងថាទៀតថា លោក អង់តូនីញ៉ូ ហ្គោទែរ៉េស មានក្ដីបារម្ភចំពោះវិធានការរឹតត្បិតរបស់អាជ្ញាធរកម្ពុជាទៅលើសេរីភាពក្នុងការធ្វើដំណើរ និងការជួបប្រជុំ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិថា កិច្ចសន្ទនាដោយសន្តិវិធី ក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ ដោយគ្មានការបំភិតបំភ័យ ការយាយីធ្វើទុក្ខបុកម្នេញ ឬការភ័យខ្លាចគឺមានភាពចំបាច់បំផុតនៅពេលនេះ។
ចំណែក រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃ ផុមភីអូ (Mike Pompeo) ក្នុងលិខិតអបអរសាទរប្រទេសកម្ពុជា ក្នុងទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ នៅថ្ងៃ៩ វិច្ឆិកា ស្អែកនេះ លោកក៏បានយកឱកាសនេះ សំដែងសង្ឃឹមថា កម្ពុជានឹងគិតគូរពីការផ្សះផ្សាជាតិ ការសន្ទនាគ្នាដោយសន្តិវិធី ការលូតលាស់ផ្នែកលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ប្រតិកម្មនឹងអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន្ត សាទរការយកចិត្តទុកដាក់របស់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកចំពោះស្ថានភាពនយោបាយនៅប្រទេសកម្ពុជា។ ប៉ុន្តែ លោកថា ការដាក់កងកម្លាំងសមត្ថកិច្ចចម្រុះតាមព្រំដែនថៃ នៅពេលនេះ គឺដើម្បីរក្សាស្ថិរភាពនយោបាយ និងសន្តិសុខដល់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក។
លោកបន្តថា ការស្នើឱ្យមានការសន្ទនាគ្នាដោយសន្តិវិធី រវាងរដ្ឋាភិបាល ជាមួយមេដឹកនាំបក្សប្រឆាំង នឹងមិនអាចទៅរួចទេ ព្រោះក្រុមលោក សម រង្ស៊ី គឺជាក្រុមឧទ្ទាមខុសច្បាប់។លោកថា អាជ្ញាធរនឹងអនុវត្តច្បាប់ចំពោះក្រុមលោក សម រង្ស៊ី ប្រសិនបើពួកគេមានវត្តមាននៅលើទឹកដីខ្មែរ ដូចការប្រកាសកន្លងមកថា វិលចូលស្រុកវិញ នៅថ្ងៃទី៩ វិច្ឆិកា៖ «»
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ថាការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បង្ហាញឱ្យអន្តរជាតិឃើញច្បាស់ថា របបក្រុងភ្នំពេញគ្មានឆន្ទៈពិតប្រាកដ ក្នុងផ្សះផ្សាជាតិរវាងខ្មែរនិងខ្មែរ ដូចតាមការចង់បានពីអង្គការសហប្រជាជាតិ និងប្រទេសលោកសេរីនោះទេ។ លោកបន្តថា មូលហេតុដែលអំពាវនាវឱ្យមានកម្លាំងមហាជនងើបឡើងប្រឆាំងរបបដឹកនាំសព្វថ្ងៃ ដោយអហិង្សានេះ ព្រោះតែរបបក្រុងភ្នំពេញបានដើរហួសគន្លងលទ្ធិប្រជាធិបតេយ្យ ដោយប្រើប្រព័ន្ធតុលាការទៅរំលាយបក្សប្រឆាំង និងចាប់ប្រធានបក្សលោក កឹម សុខា ដាក់ឃុំក្នុងផ្ទះ ហើយមិនឱ្យបក្សប្រឆាំងចូលរួមការបោះឆ្នោតកាលពីឆ្នាំ២០១៨។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ បញ្ជាក់ថា ដំណាលពេលនេះ គឺពេលវេលាចាំបាច់ ដែលអ្នកស្នេហាជាតិទាំងអស់ ត្រូវរួមកម្លាំងគ្នាដូររបបសព្វថ្ងៃ ឱ្យខាងតែបាន៖ «»
អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា នេះគឺជាពេលវេលាសមល្មម ដែលលោក ហ៊ុន សែន និងលោក សម រង្ស៊ី គួរតែដាក់អស្មិមានះរៀងៗខ្លួនចុះ ហើយងាកមករកការសន្ទនាគ្នាដោយសន្តិវិធី ដើម្បីនាំមកនូវភាពសុខដុមរមនាពិតប្រាកដជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៖ «»
គិតត្រឹមថ្ងៃទី០៨ វិច្ឆិកា នៅសល់តែ ១ថ្ងៃទៀត ដល់ពេលកំណត់ ដែលលោក សម រង្ស៊ី ថា នឹងវិលទៅកម្ពុជាវិញ។
លោក សម រង្ស៊ី បានប្រកាសជំហរហើយថា លោកនឹងរិះរកគ្រប់មធ្យោបាយទាំងអស់ដើម្បីឱ្យវិលចូលប្រទេសកម្ពុជាឱ្យបានតាមកាលកំណត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។