ក្រសួងរតនាគារអាមេរិក សម្រេចដាក់ទណ្ឌកម្មបង្កក ឬរាំងខ្ទប់ទ្រព្យសម្បត្តិ របស់មន្ត្រីគ្រាក់ៗពីរ (២) រូប ដែលសុទ្ធសឹងតែជាមនុស្សជំនិតរបស់លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន ដោយសារតែពួកគេមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។ មន្ត្រីគ្រាក់ៗ ទាំងពីររូបនេះ រួមមានឧកញ៉ា ទ្រី ភាព ព្រមទាំងក្រុមហ៊ុនដែលលោកគ្រប់គ្រងសរុប ១១ក្រុមហ៊ុន និងលោក គន់ គីម ព្រមទាំងសមាជិកក្រុមគ្រួសារបី (៣) រូបទៀតរបស់លោក រួមមានអ្នកស្រី គីង ចាន់ឌី លោក គីម ផារា និងអ្នកស្រី គីម សុផារី។ ការសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនេះ ធ្វើឡើងចំថ្ងៃប្រារព្ធទិវាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយអន្តរជាតិ កាលពីថ្ងៃទី៩ ធ្នូ និងផ្អែកតាមច្បាប់ដាក់ទណ្ឌកម្មដ៏មានឥទ្ធិពលរបស់អាមេរិក ហៅថាច្បាប់ Global Magnitsky Act។
ផ្អែកតាមក្រសួងរតនាគារជាតិអាមេរិក លោក ទ្រី ភាព និងលោក គន់ គីម គឺជាបុគ្គលទទួលខុសត្រូវ និងប្រព្រឹត្តិដោយផ្ទាល់ ឬដោយប្រយោលក្នុងអំពើពុករលួយ រួមមានអំពើកិបកេងទ្រព្យសម្បត្តិរដ្ឋ ការរឹបអូសយកទ្រព្យសម្បត្តិឯកជនមកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ការប្រព្រឹត្តិអំពើពុករលួយទាក់ទងនឹងការអនុវត្តកិច្ចសន្យាជាមួយរដ្ឋាភិបាល អំពើកេងប្រវញ្ចលើធនធានធម្មជាតិ ឬអំពើសូកប៉ាន់ជាដើម។
ក្រសួងរតនាគារជាតិអាមេរិក សរសេរថា លោក ទ្រី ភាព បានប្រើប្រាស់ខ្សែបណ្តាញដ៏សម្បើម របស់លោកនៅកម្ពុជា ដើម្បីបង្កើតអាជីវកម្មកាប់ឈើទ្រង់ទ្រាយធំ ដោយបានពឹងផ្អែកទៅលើអំពើស៊ុមគ្រលុំជាមួយមន្ត្រីរដ្ឋាភិបាល និងទទួលបានកិច្ចគាំពារពីរដ្ឋាភិបាល និងមន្ត្រីយោធា ដើម្បីដឹកជញ្ជូនទំនិញខុសច្បាប់របស់លោក។ លោក ទ្រី ភាព ក៏បានប្រើប្រាស់បណ្ដាញយោធា ដើម្បីឲ្យលោកអាចធ្វើសកម្មភាពដឹកជញ្ជូនឈើ ហ៊ុប យកទៅលក់ឲ្យប្រទេសវៀតណាម ចិន អឺរ៉ុប និងរុស្ស៊ី ជាដើម។
ដោយឡែកចំពោះលោក គន់ គីម វិញ ក្រសួងរតនាគារអាមេរិក លាតត្រដាងថា លោកគឺជាឧត្តមសេនីយ៍ជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ហើយគឺបុគ្គលចម្បងដែលជំរុញឲ្យការអភិវឌ្ឍនៅខេត្តកោះកុង ហើយបានទទួលផលប្រយោជន៍ហិរញ្ញវត្ថុយ៉ាងសម្បើមពីទំនាក់ទំនងជាមួយក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចនៃប្រទេសចិន។ លោក គន់ គីម បានប្រើប្រាស់ទាហានកងយោធពលខេមរភូមិន្ទ ដើម្បីបំភិតបំភ័យ រឹបអូស ឬឆ្ការដី ដែលក្រុមហ៊ុនចិនចង់បាន។ សេចក្ដីប្រកាសព័ត៌មានបន្តថា លោក គន់ គីម ត្រូវបានផ្លាស់ប្ដូរតួនាទីពីនាយសេនាធិកាចម្រុះនៃកងយោធពលខេមរភូមិន្ទ ដោយសារតែលោកមិនបានចែករំលែកផលចំណេញពីអាជីវកម្មខុសច្បាប់របស់លោក ទៅឲ្យមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
កាលពីចុងខែមិថុនា ឆ្នាំ២០១៨ លោក ហ៊ីង ប៊ុនហៀង មេអង្គរក្សលោក ហ៊ុន សែន គឺជាមនុស្សខ្មែរដំបូងដែលរងការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិពីក្រសួងរតនាគារជាតិអាមេរិក ដោយសារប្រវត្តិរំលោភសិទ្ធិមនុស្សរបស់លោក។
គិតមកត្រឹមម៉ោងផ្សាយនេះ អាស៊ីសេរីនៅមិនទាន់អាចសុំប្រតិកម្មតបទៅសេចក្ដីព័ត៌មាននេះ ពីលោក គន់ គីម និងលោក ទ្រី ភាព បាននៅឡើយទេ។
កន្លងមក សមាជិកសភាអាមេរិក ក៏ធ្លាប់បាន ស្នើឈ្មោះមន្ត្រីជាន់ខ្ពស់ក្នុងជួររបបលោក ហ៊ុន សែន មួយចំនួនទៀត សរុប ១៧នាក់ ដើម្បីដាក់ទណ្ឌកម្មផងដែរ។ មន្ត្រីទាំងនោះ រួមមានប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន អនុប្រធានបក្សកាន់អំណាច និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងរដ្ឋមន្ត្រី ជាច្រើនរូបផ្សេងទៀត រួមទាំង កូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត និង កូនស្រីលោក ហ៊ុន សែន គឺលោកស្រី ហ៊ុន ម៉ាណា និងកូនប្រសារលោក ហ៊ុន សែន លោក សុខ ពុទ្ធិវុធ ម្នាក់ផង។ ក៏ប៉ុន្តែ ច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីទាំងនេះ បច្ចុប្បន្ន កំពុងស្ថិតក្នុងដៃព្រឹទ្ធសភាអាមេរិក ហើយពុំទាន់ចូលជាធរមាននៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។