វៀតណាម​អបអរ​លោក ហ៊ុន សែន ក្រោយ​ព្រះមហាក្សត្រ​ចាត់តាំង​ជា​នាយករដ្ឋមន្ត្រី

មាន ឫទ្ធិ
2018.08.19
ហ៊ុន សែន វៀតណាម ង្វៀន ជីវិញ ៦២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ចាប់​ដៃ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ នៃ​ប្រទេស​វៀតណាម លោក ង្វៀន ជីវិញ (Nguyen Chivinh) ក្នុង​ពេល​ជួប​ពិភាក្សា​ការងារ​នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧។
Photo courtesy of SPM Facebook's page

រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​អបអរសាទរ​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ ចាត់​តាំង​ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ក្នុង​អាណត្តិ​ថ្មី។

មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស​វៀតណា​ម អ្នកស្រី ឡេធី ធូហាំង (Le Thi Thu Hang) ថ្លែងប្រាប់​ក្រុម​អ្នក​កាសែត ហើយ​ដែល​ត្រូវ​បាន​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម (Vietnam News Agency, VNA) ស្រង់​ប្រសាសន៍​ថា ក្នុងនាម​ជា​មិត្ត​ជិតដិត​របស់​កម្ពុជា​វៀតណាម ចូលរួម​អបអរសាទរ​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ស្របតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​១៧ សីហា របស់​ព្រះមហាក្សត្រ​ព្រះបាទ សីហមុនី ដើម្បី​រៀបចំ​ដឹកនាំ បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ដើម្បី​សុំ​ទំនុក​ចិត្ត​ពី​រដ្ឋសភា​ថ្មី។

មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស​វៀតណាម​រូប​នេះ ថ្លែង​បន្ត​ថា នេះ​គឺជា​ជំហាន​មួយទៀត នៃ​ដំណើរ​វិវត្ត​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា។ អ្នកស្រី​គូស​បញ្ជាក់​ថា វៀតណាម ជឿជាក់​ថា នៅ​ពេល​បង្កើត​រួច រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា នឹង​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​រក​ការ​រីកចម្រើន និង​ចូលរួម​ចំណែក​ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​នៅ​ក្នុង​ពិភពលោក​ទាំងមូល។

ក្រោយ​ព្រឹត្តិការណ៍​បោះឆ្នោត ដែល​គ្មាន​អ្នកសង្កេតការណ៍​ពិតប្រាកដ​របស់​សហគមន៍​អន្តរជាតិ​ចូលរួម ជាពិសេស​សូម្បីតែ​មក​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អូស្ត្រាលី និង​ជប៉ុន ហើយ​ដែល​ការបោះឆ្នោត​ត្រូវ បាន​ក្រុម​ប្រទេស​នោះ ចាត់ទុកជា​ការបោះឆ្នោត​ក្លែងក្លាយ​នោះ មានតែ​ក្រុម​ប្រទេស​ប្លុក​កុម្មុយនិស្ត​ប៉ុណ្ណោះ រួមមាន​ប្រទេស​ចិន រុស្ស៊ី វៀតណាម ឡាវ ជាដើម ដែល​បាន​ចេញ​សេចក្ដីថ្លែងការណ៍​អបអរ​សាទ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ។ បច្ចុប្បន្ន ភាព​ស្របច្បាប់​នៃ​លទ្ធផល​ការបោះឆ្នោត​នេះ កំពុង​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល ក្រោយ​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ រួមមាន​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប កាណាដា អូស្ត្រាលី អង់គ្លេស និង​បារាំង​ជាដើម សម្ដែង​ការ​ខកចិត្ត និង​ប្រកាស​ថា ការ​បោះឆ្នោត​នេះ មិន​មាន​ភាព​សេរី មិន​យុត្តិធម៌ និង​មិន​អាច​ជឿ​ទុកចិត្ត​បាន​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។