ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​នៃ​ព្រះមហាក្សត្រ ថ្លែង​ថា ព្រះរាជា​បច្ចុប្បន្ន ដូច​ជាប់​ឃុំ​ក្នុង​វាំង ព្រោះ​ស្ថាប័ន​រដ្ឋាភិបាល

ដោយ មួង ណារ៉េត
2020-10-21
Share
King (​រូប​ឆ្វេង​)​ ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ​លោក​ ​សឺ​ន​ ​ស៊ូ​ប៊ែរ្តិ៍ (​ខាងស្ដាំ​) ​ព្រះ​ឆាយា​លក្ខណ៍​ ​ព្រះករុណា​ ​ព្រះបាទ​សម្តេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​
R​F​A​ ​និង​ ​ទំព័រ​ហ្វេសប៊ុក​របស់​ព្រះករុណា​ ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ ​នរោត្ដម​ ​សី​ហ​មុនី

ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​នៃ​ព្រះមហាក្សត្រ ថ្លែង​ថា ព្រះរាជា​បច្ចុប្បន្ន​ ដូច​ជាប់​ឃុំ​ក្នុង​វាំង និង​​​មិន​អាច​ប្រើប្រាស់​ព្រះរាជ​សិទ្ធិ តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​សំខាន់ៗ ជា​ច្រើន​ ព្រោះ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល មិន​បាន​អនុវត្ត​ឲ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ក្នុង​ការ​លើក​ស្ទួយ​ស្ថាប័ន​ព្រះមហាក្សត្រ​នោះ​ឡើយ​។

ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​នៃ​ព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ្តិ៍ បញ្ជាក់​ថា អង្គ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី កុំ​ថា​ឡើយ​កិច្ចការ​ដោះ​ស្រាយ​បញ្ហា​ជាតិ​ធំៗ សូម្បី​តែ​សេរីភាព ក្នុង​ការ​បំពេញ​ព្រះ​រាជកិច្ច ដូចជា គ្រាន់​តែ​ចុះ​សួរ​សុខ​ទុក្ខ​ប្រជារាស្រ្ត​នៅ​កន្លែង​ណា ទៅ​តាម​ការ​សព្វ​ព្រះរាជ​ហឫទ័យ​របស់​ព្រះអង្គ ក៏​ទ្រង់​មិន​អាច​ធ្វើ​បាន​ផង គឺ​ទ្រង់​មិន​ដែល​បាន​ទៅ​តាម​ព្រះទ័យ​លោក​នោះ​ទេ៖ «ម្ល៉ោះ​ហើយ ដូច​ឃុំ​លោក​នៅ​វាំង​អ៊‍ីចឹង

លោក សឺន ស៊ូប៊ែរ្តិ៍ បន្ថែម​ថា ក្នុង​ផ្នែក​មួយ​នេះ មាន​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ គឺ​ក្រសួង​ព្រះ​បរម​រាជវាំង ដែល​ជា​អ្នក​ចាត់ការ​ទាំងអស់ ដែល​ព្រះមហាក្សត្រ​គ្មាន​សិទ្ធិ​សម្រេច​ទេ។ លោក​លើក​យក​ករណី​មួយ​ទៀត ដែល​ព្រះមហាក្សត្រ មិន​អាច​សម្រេច សូម្បី​តែ​ក្នុង​ករណី​បង្កើត​ក្រុម​បញ្ញវន្ត​ មក​ជួយ​ទ្រង់ រឿង​គម្រោង​សាងសង់​សាលា​មួយ​នៅ​ជិត​ក្រុង​ឧត្តុង្គ ក្នុង​ខេត្ត​កំពង់​ស្ពឺ៖ «លោក​សព្វព្រះទ័យ លោក​ចង់​ឲ្យ​មាន​កម្មវិធី​អ្វី​មួយ សម្រាប់​ព្រះអង្គ​ដែល​បាន​បង្កើត​សាលា​ហ្នឹង ចង់​ឲ្យ​បាន​បញ្ញវន្ត​ទាំង​ប៉ុន្មាន​ហ្នឹង​មក​ជួយ​លោក។ រួច​ដល់​ក្រោយ​មក ស្រាប់​តែ​រាជ​រដ្ឋាភិបាល​ហ្នឹង​ថា មិន​ដឹង​ជ្រៀតជ្រែក​ឬ​មិន​ដឹង ឬ​អត់ គេ​ថា រាជរដ្ឋាភិបាល​ជួយ​ព្រះអង្គ​ហើយ មិន​បាច់​មាន​ស្អី​អ៊ីចឹង​ទៀត! រួច​ដឹង​ខ្លាច​ស្អី ខ្ញុំ​ឆ្ងល់? គ្រាន់តែ​បញ្ញវន្ត​ទៅ​ជួយ​ព្រះមហាក្សត្រ​ ដើម្បី​ឲ្យ​មាន​សាលា​ហ្នឹង»

យោង​តាម​ខ្លឹមសារ​ច្បាប់​កំពូល​របស់​ជាតិ គឺ​រដ្ឋធម្មនុញ្ញ​នោះ​ មាន​ចែង​យ៉ាង​ច្រើន​អំពី​ព្រះរាជ​សិទ្ធិ តួនាទី និង​ការទទួលខុសត្រូវ​របស់​អង្គ​ព្រះមហាក្សត្រ ដូច​ជា​ទ្រង់​ធ្វើជា​អធិបតី​ក្នុង​ពិធី​សមាជជាតិ ដែល​ត្រូវ​ធ្វើ​មួយ​ឆ្នាំ​ម្ដង​ ដើម្បី​ស្ដាប់​កង្វល់​រាស្ត្រ​ជា​ដើម។

តួនាទី​ទាំង​នេះ បើតាមលោក សឺន ស៊ូប៊ែរ្តិ៍ គឺ​មាន​ចែង​តែ​នៅ​ក្រដាស​ប៉ុណ្ណោះ​ តែ​ការ​អនុវត្ត​ជាក់ស្ដែង គឺ​ស្ថាប័ន​រដ្ឋាភិបាល រំលោភ​សិទ្ធិ​ព្រះរាជា ព្រោះ​ខកខាន​មិន​បាន​គោរព​តាម​អ្វី ដែល​មាន​ចែង​ក្នុង​ច្បាប់​កំពូល​នោះ ដោយ​មិន​បាន​រៀបចំ​ឲ្យ​មាន​យន្តការ ក្នុង​ការ​រៀបចំ​សមាជ​ជាតិ​នេះ​ឡើង​សោះ។

បើ​តាម​​មាត្រា ១៤៨ ថ្មី ចែងថា​សមាជជាតិ ត្រូវ​ប្រជុំ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ នៅ​ដើម​ខែ​ធ្នូ តាម​ការ​កោះ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី និង​មាន​អង្គ​ព្រះមហាក្សត្រ​ធ្វើ​ជា​អធិបតី។ អង្គ​សមាជ​ជាតិ​នេះ គឺ​ដើម្បី​ស្ដាប់​កង្វល់​រាស្ត្រ និង​រក​ដំណោះ​ស្រាយ​សម​ស្រប​ជូន​ប្រជា​រាស្ត្រ ប៉ុន្តែ​លោក សឺន ស៊ូប៊ែរ្តិ៍ ថា មិន​ដែល​ឃើញ​ប្រមុខ​រដ្ឋាភិបាល បើក​សមាជ​ជាតិ​នេះ ​ម្ដង​ណា​សោះ។ លោក​ថា នេះ​ជា​ការ​បំពាន​ច្បាប់​កំពូល​ផង និង​ព្រះ​រាជសិទ្ធិ​ព្រះមហាក្សត្រ​ផង ព្រោះ​សមាជជាតិ​នេះ គេ​តែងតែ​ធ្វើ​ជា​ទំនៀមទម្លាប់​តាំងពី​ដើម​រៀង​មក ដើម្បី​ឲ្យ​ព្រះមហាក្សត្រ​ បាន​ទទួល​ជួប​ធ្វើ​សវនាការ​របៀប​នេះ ជាមួយ​ប្រជា​រាស្ត្រ​ព្រះអង្គ៖ «គេ​មាន​ចារ​ហើយ ក៏​មិន​បង្កើត​ជា​ច្បាប់​ ឬ​រៀបចំ​អង្គការ​ហ្នឹង​ទៅ។ ខ្លាច​អី ខ្លាច​ប្រជាពលរដ្ឋ​មក​ប្ដឹង​ផ្ទាល់​ទៅ​រាជ​រដ្ឋាភិបាល? ហើយ​ព្រះករុណា​លោក​អាច​នៅ​ហ្នឹង​ជា​អធិបតី មានន័យថា​យើង​មាន​ធ្វើ​ខុស​ច្រើន បាន​ជា​យើង​មិន​ហ៊ាន!

នៅ​មាន​តួនាទី​ច្រើន​ទៀត ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ អំពី​តួនាទី​របស់​ព្រះមហាក្សត្រ​ ដូចជា តួនាទី​ធានា​ឯកភាព​ជាតិ ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស ប្រព័ន្ធ​តុលាការ ​ការ​គោរព​សិទ្ធិមនុស្ស​ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ ជាដើម។

អ្នកវិភាគ​ឯករាជ្យ​បណ្ឌិត ឡៅ ម៉ុងហៃ ក៏​យល់​ឃើញ​ថា សិទ្ធិ​អំណាច និង​តួនាទី ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ល្មម​ឲ្យ​គេ​យល់​ថា ព្រះមហាក្សត្រ​ជា​តួអង្គ​គន្លឹះ ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​គោរព និង​អនុវត្ត​រដ្ឋធម្មនុញ្ញ ដើម្បី​សម្រេច​បាន​នូវ​ឆន្ទ: ឬ​ចក្ខុ​វិស័យ​របស់​ប្រជាជាតិ​ខ្មែរ​ ឬ​ដើម្បី​ធ្វើ​ឲ្យ​ព្រលឹង​ជាតិ​ខ្មែរ រស់រវើក និង​សកម្ម ទោះ​ជា​ព្រះមហាក្សត្រ​អត់​អំណាច​ក៏​ដោយ។ ប៉ុន្តែ​ជាក់ស្ដែង បណ្ឌិត ឡៅ ម៉ុងហៃ សង្កេត​ឃើញ​ថា សិទ្ធិ​អំណាច​តិចតួច​ដែល​មាន មិន​ទាន់​ត្រូវ​បាន​ប្រើប្រាស់ ឲ្យ​សម​ស្រប​នៅ​ឡើយ។

លោក​បន្ថែម​ថា សូម្បី​តែ​ព្រះរាជ​សិទ្ធិ​បន្ធូរបន្ថយ​ទោស និង​លើក​លែង​ទោស ជាក់​ស្ដែង​ក៏​បាត់​ទៅ​ហើយ​ដែរ​ ព្រោះ​តែ​មាន​ច្បាប់​ស្តីពី​ពន្ធនាគារ កំណត់​ថា ព្រះមហាក្សត្រ អាច​ប្រើប្រាស់​ព្រះរាជ​សិទ្ធិ​នេះ បាន​តែ​តាម​សំណើ​របស់​ប្រមុខ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

រីឯ​សិទ្ធិ​អំណាច​តែងតាំង​សមាជិក​បី​រូប នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក ឡៅ ម៉ុងហៃ ថា​ត្រូវ​បាន​ប្រើប្រាស់ យក​ទៅ​តែងតាំង​តែ​បក្ស​ពួក អ្នក​មិន​មាន​សមត្ថភាព​វិជ្ជាជីវ:​សម​ស្រប ដែល​ត្រូវ​កាន់​តំណែង​ខ្ពស់​បំផុត តែ​មិន​មាន​សេចក្តី​ក្លាហាន​ប្តូរផ្តាច់ ក្នុង​ការ​ការពារ​រដ្ឋធម្មនុញ្ញ ដើម្បី​ធានា​ឲ្យ​រាល់​ច្បាប់ និង​សេចក្ដី​សម្រេច​របស់​អង្គការ​រដ្ឋ ស្រប​នឹង​ច្បាប់​កំពូល​នេះ​ឡើយ។

សម្រាប់​ការ​ធានា​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព លោក​បន្ថែម​ថា ព្រះមហាក្សត្រ​ជា​មេបញ្ជាការ​កំពូល តែ​លោក​អត់​ដែល​គ្រង​ឯកសណ្ឋាន​យោធា ដូច​ជំនាន់​សង្គម​រាស្ត្រនិយម។ លោក​ថា គេ​ដូច​ជា​មិន​ដែល​ឃើញ​ទ្រង់​យាង​ត្រួត​ពល ឬ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​យោធា ឬ​ឃើញ​យោធា​ធ្វើ​សច្ចាប្រណិធាន ចំពោះ​ព្រះ​ភក្ត្រ​មេ​បញ្ជាការ​កំពូល ដែល​ជា​អង្គ​ព្រះមហាក្សត្រ​នោះ​ទេ។

ក្នុង​វិស័យ​សិទ្ឋិ និង​សេរីភាព​វិញ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា គេ​ក៏​នៅ​មិន​ទាន់​បាន​ឃើញ និង​ដឹង​ថា ព្រះមហាក្សត្រ​បាន​បំពេញ​តួនាទី ជា​អ្នក​ធានា​នៅ​ឡើយ សូម្បី​តែ​នៅ​ពេល ដែល​មាន​ការ​បង្ក្រាប​សឹង​តែ​ជា​ប្រព័ន្ធ​ទៅ​លើ​សិទ្ធិ និង​សេរីភាព ជាពិសេស​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ និង​ខាង​ការ​ជួប​ប្រជុំ ដូច​សព្វ​ថ្ងៃ​នេះ​ក៏​ដោយ។

ចំពោះ​តួនាទី​ធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​នេះ លោក​បន្ត​ថា វា​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​តួនាទី​ធានា​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​ដែរ ព្រោះ​សិទ្ធិ និង​សេរីភាព​ទាំង​នោះ មាន​ចែង​ក្នុង​សន្ធិសញ្ញា​មួយ​ចំនួន ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី។ បណ្ឌិត ​ឡៅ ម៉ុងហៃ ថា តួនាទី​របស់​ព្រះមហាក្សត្រ​នៅ​ក្នុង​ផ្នែកនេះ ក៏​ប្រហែល​ជា​មិន​ខុស​ពី​តួនាទី​មុន​នេះ​ដែរ​ទេ។

អំពី​តួនាទី​ធានា​ឯករាជ្យ​អំណាច​តុលាការ លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ ថា​ ព្រះមហាក្សត្រ​ទ្រង់​មាន​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ជួយ​ទ្រង់​ក្នុង​ការ​ធានា​នេះ។ ប៉ុន្តែ​លោក​ថា ច្បាប់​តុលាការ ជាពិសេស ច្បាប់​ស្ដីពី​ឧត្ដម​ក្រុម​ប្រឹក្សា​នេះ មិន​បង្កើត​ឲ្យ​ព្រះមហាក្សត្រ​មាន​លទ្ធភាព​បំពេញ​តួនាទី​មួយ​របស់​ទ្រង់ ឲ្យ​សកម្ម​បាន​ទេ។ លើស​ពី​នេះ​ទៀត គឺ​ច្បាប់​ទាំង​នោះ មិន​បាន​ធានា​ឯករាជ្យ​របស់​សមាជិក​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​នេះ (និង​មន្ត្រី​តុលាការ) ពី​គណបក្ស​នយោបាយ ដូច​ច្បាប់​ស្ដីពី គ..ប ដែល​ហាម​ឃាត់​មិន​ឲ្យ​សមាជិក​របស់​ខ្លួន​ ចូល​ជា​សមាជិក​គណបក្ស​នយោបាយ។

ជាង​នេះ​ទៅ​ទៀត ទាំង​នាយក​រដ្ឋមន្ត្រី និង​គណ:រដ្ឋមន្ត្រី ក៏​ខកខាន​មិនបាន​ ចូល​គាល់​រាយការណ៍​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ ឲ្យ​ទ្រង់​ជ្រាប​អំពី​សភាពការណ៍​នៃ​ប្រទេសជាតិ ឲ្យ​បាន​ពីរ​ដង​ក្នុង​មួយ​ខែ ដូច​មាន​ចែង​ក្នុង​មាត្រា ២០ នៃ​រដ្ឋធម្មនុញ្ញ​នោះ​ដែរ។

ការណ៍​ដែល​គ្មាន​យន្តការ និង​មធ្យោបាយ​សមស្រប ដើម្បី​ឲ្យ​ព្រះមហាក្សត្រ​ប្រើប្រាស់​ព្រះរាជសិទ្ធិ និង​តួនាទី​របស់​ទ្រង់​បាន​នោះ បើ​តាម​អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ ឯណោះ ថា​មក​ពី​រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​គណបក្ស​កាន់​អំណាច ខ្វះ​ឆន្ទៈ​ក្នុង​ការ​លើក​តម្កើង​ស្ថាប័ន​ព្រះមហាក្សត្រ ឬ​ចង់​ឲ្យ​អំណាច​ព្រះមហាក្សត្រ​ចុះ​ខ្សោយ ងាយស្រួល​ដល់​លោក ហ៊ុន សែន និង​មន្រ្តី​បក្ស​កាន់​អំណាច ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត ដើម្បី​ក្រាញ​អំណាច​ប្រមូល​ផ្តុំ ត​វង្ស​ត្រកូល៖ «ហើយ​លទ្ធផល​យើង​ឃើញ​ជាក់ស្ដែង​ហើយ អំណាច​នយោបាយ​ដឹកនាំ​របស់​លោក​ ហ៊ុន សែន មិន​ផ្ដល់​តម្លៃ​លើ​ការ​គោរព​ឆន្ទៈ​របស់​ពលរដ្ឋ​ទេ មិន​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះរាជា​ដោយ​សុទ្ធចិត្ត​ទេ ក៏ប៉ុន្តែ​លាក់​ពុតនយោបាយ ហើយ​ប្រើប្រាស់​អ្វីៗ ទាំង​ថវិកាជាតិ ទាំង​ព្រះនាម​ព្រះមហាក្សត្រ​ ទាំង​ឈ្មោះ​ប្រជារាស្ត្រ​ផង​ ដើម្បី​ជា​គោលដៅ​អំណាច​របស់​លោក ហ៊ុន សែន និង​គ្រួសារ​ត្រកូល​ហ៊ុន»

អាស៊ី​សេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ ពី​មន្ត្រី​ក្រសួង​ព្រះបរមរាជវាំង និង​មន្រ្តី​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ ​ជុំវិញ​រឿង​នេះ​ជា​ច្រើន​ដង​ដែរ តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។ ប៉ុន្តែ​លោក ហ៊ុន សែន ធ្លាប់​អះអាង​ជា​សាធារណៈ​ថា លោក​ជា​អ្នក​គោរព និង​ការពារ​ស្ថាប័ន​ព្រះមហាក្សត្រ​ដ៏​ស្មោះស្ម័គ្រ​មួយ​រូប និង​ធ្លាប់​ព្រមាន​អ្នក​ដែល​ចង់​ធ្វើ​អ្វី​ប៉ះពាល់​ដល់​អង្គ​ព្រះមហាក្សត្រ ឲ្យ​រំលង​សព​លោក​ជា​មុន​សិន។

ច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រា​ ៧ ជំពូក​ ២ ​ចែង​ច្បាស់ ​មិន​អោយ​មាន​នរណា​រំលោភ​បំពាន​អង្គ​ព្រះមហាក្សត្រ​បាន​ឡើយ។ ប៉ុន្តែ ទោះ​បី​ជា​លោក ហ៊ុន សែន អះអាង​ថា លោក​គោរព និង​ការពារ អង្គ​ព្រះមហាក្សត្រ​ក៏​ដោយ​ ក៏​លោក​ធ្លាប់​ហ៊ាន​ប្រមាថ​ស្ថាប័ន​នេះ ដោយ​គំរាម​រម្លាយ​របប​រាជា​និយម​ចោល​ផង ដោយសារ​តែ​ព្រះរាជា​មិន​សព្វ​ព្រះ​រាជហឫទ័យ​ក្នុង​ការ​ឡាយ​ព្រះហស្តលេខា​ លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម រឿង​ព្រំដែន​កម្ពុជា-វៀតណាម៖ «ហើយ​ខ្ញុំ​ប្រាប់​​​សម្រេច​ក្រុម​ព្រះ ពេល​ជួប​តាម​​ទូរស័ព្ទ ​ថា​​ព្រះអង្គ​​ បើ​​លើក​​នេះ​​​វា​ពិបាក​​​ស៊ីញេ ត្រូវ​​ពិនិត្យ​​ឡើង​​វិញ យើង​​គួរ​ទុក​រាជានិយម​ ឬ​ធ្វើ​​សាធារណរដ្ឋ​ ឲ្យ​វា​មាន​​ប្រធានាធិបតី​​តែ​ម្ដង

ទោះបីជា​រង​ការ​ប្រមាថ​យ៉ាង​នេះ​ក្តី ក៏​គ្មាន​ស្ថាប័ន​ណា​មួយ រក​យុត្តិធម៌​ថ្វាយ​អង្គ​ព្រះមហាក្សត្រ​នោះ​ដែរ។ ប៉ុន្តែ​បើ​សកម្មជន​បក្ស​ប្រឆាំង ហ៊ាន​និយាយ​រិះគន់​អង្គ​ព្រះមហាក្សត្រ លោក ហ៊ុន សែន បញ្ជា​ឲ្យ​គេ​ចាប់​ដាក់គុក​ជា​ហូរហែ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ​កាល​ពី​ឆ្នាំ២០១៩ ត្រូវ​បាន​តុលាការ​របប​ក្រុង​ភ្នំពេញ​ ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ ដោយសារ​លោក​ថា​ ព្រះមហាក្សត្រ​បច្ចុប្បន្ន​ ជា​ចំណាប់​ខ្មាំង​របស់​លោក ហ៊ុន សែន និង​ត្រូវ​បាន​បង្ខំ​ឲ្យ​ប្រថាប់​ត្រា លើ​រាល់​ទង្វើ​អាក្រក់​របស់​លោក ហ៊ុន សែន។

ឧត្តមទីប្រឹក្សា​ផ្ទាល់នៃព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ្តិ៍ សង្កេតឃើញថាស្ថាប័នព្រះមហាក្សត្រ ដែលធ្លាប់តែមានអំណាចពេញដៃ ដូចក្នុង​សម័យសង្គមរាស្រ្តនិយម លែង​មានឥទ្ធិពលអ្វីទាំងអស់នៅពេលនេះ​ ក្រៅតែពី​មានតួនាទីជាសម្បក ឬនិម្មិតរូបតែប៉ុណ្ណោះ៖ «ព្រះករុណ​បច្ចុប្បន្ន​លោកអត់​មាន​អ្វី​ទាំង​អស់! គេ​​អត់​មាន​ផ្ដល់​​មធ្យោបាយ​​ឲ្យ​​លោក​​បំពេញ​​ភារកិច្ច​ហ្នឹង​ឲ្យ​បាន​ហ្មត់ចត់​។​ ​អត់មាន មធ្យោបាយ​ យើង​ធ្វើអ្វី​អត់បាន។ ស្អីៗដែលកើតឡើង​ គឺមកពី​រាជ​រដ្ឋាភិបាល ដែល​គេ​​ទទួល​​ខុស​ត្រូវ​​»។

លោកបណ្ឌិត ឡៅ ម៉ុងហៃ ចោទជាសំណួរថា តើអាចជាការធ្វើវិទ្ធង្សនា ប្រឆាំងនឹងរបបរាជានិយមឬទេ បើ​មិន​សហការ​គាំទ្រ​ព្រះមហាក្សត ឲ្យ​លោក​ប្រើប្រាស់​ព្រះរាជ​សិទ្ធិ​និងបំ​ពេញ​តួនាទី​របស់​លោក​ដូច​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។