កូនប្រុសរបស់សកម្មជនគណបក្សភ្លើងទៀនម្នាក់នៅខេត្តត្បូងឃ្មុំត្រូវបានជនមិនស្គាល់មុខយកកាំបិតគប់ចំដៃខាងឆ្វេងបណ្ដាលឱ្យរងរបួសធ្ងន់។សាច់ញាតិជនរងគ្រោះចាត់ទុកទង្វើនេះថាជាការគំរាមកំហែងផ្នែកនយោបាយនិងអំពាវនាវដល់អាជ្ញាធរស្វែងរកជនដៃដល់យកមកផ្ដន្ទាទោសទោសតាមផ្លូវច្បាប់។
ជំទប់ទី២ ឃុំជាំក្រវៀន ស្រុកមេមត់ខេត្តត្បូងឃ្មុំមកពីគណបក្សភ្លើងទៀន លោក ម៉ក់ សំអានអះអាងថាកូនប្រុសរបស់លោកពុំដែលមានប្រវត្តិបង្កជម្លោះជាមួយអ្នកណាឡើយហើយការណ៍ដែលជនមិនស្គាល់មុខលបវាយធ្វើបាបកូនប្រុសរបស់លោកបែបនេះអាចជាការគំរាមកំហែងដល់គ្រួសារលោក។
លោក ម៉ក់ សំអាន ប្រាប់វិទ្យុអាស៊ីសេរី លោកបានដាក់ពាក្យប្តឹងទៅកាន់អធិការដ្ឋានស្រុកមេមត់រួចរាល់ហើយនៅរសៀល ថ្ងៃទី៩ ខែមករាដើម្បីឱ្យតាមឱ្យស្វែងរកជនល្មើសដែលប្រើកាំបិតគប់កូនប្រុសរបស់លោក។ លោកបញ្ជាក់ថាមកទល់ពេលនេះកូនប្រុសរបស់លោកមិនទាន់ធូរស្រាលនៅឡើយនិងមានទឹកមុខស្លេកស្លាំងអស់កម្លាំងដោយសារតែហូរឈាមច្រើន៖
«ខ្ញុំមិនទាន់សន្និដ្ឋានថាយ៉ាងណា យ៉ាងណីទេ!ខ្ញុំទុក ផ្តល់ឱកាសឱ្យសមត្ថកិច្ច គាត់ធ្វើការតាមជំនាញរបស់គាត់សិន។ បាទ! កាំបិតហ្នឹង គប់ទៅជាប់ហ្នឹងដៃ ទៅដល់មន្ទីរពេទ្យស្រុកមេមត់ បានគេដកចេញ។ ពេលដកហើយ គេរុំដៃ រុំអីហើយបញ្ជូនទៅខេត្ត ទៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ។ ខ្ញុំព្រួយបារម្ភ ព្រួយគិត ខ្ញុំអាចថា ជាផ្នែកមួយ នៃការបំភិតបំភ័យឬការគំរាមកំហែងទៅដល់រូបខ្ញុំ ក៏ដូចជាក្រុមគ្រួសារខ្ញុំផងដែរបាទ!»។
លោក ម៉ក់ សំអានរាប់រៀបថាកាលពីយប់ថ្ងៃទី៨ ខែមករាកូនប្រុសរបស់លោកឈ្មោះ អាន មេត្តា បានជួបជុំមិត្តពួកគេនៅហាងកាត់សក់។មួយសន្ទុះក្រោយមកក៏មានមនុស្សក្រុមទៀតមានគ្នាប្រមាណ១០នាក់ចង់មកបង្កបញ្ហានៅហាងកាត់សក់កូនរបស់លោក។លោក ម៉ក់ សំអានអះអាងថា កូនរបស់លោកហាក់ដឹងថាមានស្ថានការណ៍មិនស្រួលក៏បបួលមិត្តភក្តិត្រឡប់ទៅផ្ទះវិញ។ លោក ម៉ក់ សំអានបញ្ជាក់ថាកូនរបស់លោកចេញពីហាងកាត់សក់មិនទាន់ឆ្ងាយប៉ុន្មានផងក៏លេចមុខក្រុមជនល្មើសប្រើកាំបិតគប់កូនរបស់លោកជាប់ដៃខាងឆ្វេងនិងបណ្ដាលហូរឈាមស្រោចពេញខ្លួន។ចំណែកក្រុមជនបង្កក៏បានជិះម៉ូតូរត់គេចខ្លួន។
ទាក់ទងនឹងរឿងនេះអធិការនគរបាលស្រុកមេមត់លោក ហុង គឹមហឿនប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថាសមត្ថកិច្ចកំពុងស៊ើបអង្កេតរកជនល្មើសតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះហើយ៖
«ហ្អូ! យើងបានចំណាត់ការណ៍ហើយ បង! យើងបានចំណាត់ការណ៍ហើយ!បើកការស៊ើបអង្កេតហើយ ព្រោះការដាក់បណ្តឹងរបស់បងប្អូនហ្នឹងគាត់អត់ស្គាល់ច្បាស់អ៊ីចឹង ក៏ប៉ុន្តែឥឡូវហ្នឹង យើងបានបើកការស៊ើបអង្កេតហើយ»។
លោក ម៉ក់ សំអាន បញ្ជាក់ថា ក្រោយកូនប្រុសរបស់លោកជួបគ្រោះថ្នាក់បែបនេះលោកនិងក្រុមគ្រួសារនឹងបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ប៉ុន្តែ លោកនឹងមិនបោះបង់ការចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រឆាំងនោះទេ។
លោក ម៉ក់ សំអានក៏ធ្លាប់ត្រូវបានតុលាការខេត្តត្បូងឃ្មុំកាត់ទោសឱ្យជាប់គុក១ឆ្នាំដែរដោយសារលោកទៅឃ្លាំមើលសវនាការជំនុំជម្រះក្ដីទ្រង់ទ្រាយធំលើមន្ត្រីបក្សប្រឆាំងនៅតុលាការរាជធានីភ្នំពេញកាលពីខែមករាឆ្នាំ២០២១។លោកត្រូវបានដោះលែងកាលពីខែមករា ឆ្នាំ២០២២ បន្ទាប់ពីលោកបានអនុវត្តទោសគ្រប់ចំនួនកំណត់រយៈពេល១ឆ្នាំ។
ជុំវិញរឿងនេះដែរមន្រ្តីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនិងដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តត្បូងឃ្មុំ លោក ឡេង សេងហានសង្កេតឃើញថាជនរងគ្រោះដែលជាសាច់ញាតិនិងជាសម្មជនបក្សប្រឆាំងត្រូវជនល្មើសលបវាយធ្វើបាបនោះកម្រឃើញមានអាជ្ញាធរចាប់បានជនដៃដល់យកមកអនុវត្តទោសណាស់។លោកស្នើដល់អាជ្ញាធរត្រូវតែស៊ើបអង្កេតជនដៃដល់បង្កររបួសស្នាមកូនលោក ម៉ក់ សំអានដើម្បីកុំឱ្យមានអំពើនិទណ្ឌភាពនៅកម្ពុជាតទៅទៀត៖
«សាច់ញាតិរបស់គណបក្សផ្សេងៗទៀតដែលមិនមែនជាគណបក្សប្រឆំាង ដែលមានឥទ្ធិពល គឺមិនឃើញមានអំពើហិង្សាណាមួយទៅលើពួកគាត់ទេ ។ ប៉ុន្តែចំពោះគណបក្សប្រឆាំងវិញ ឧទាហរណ៍ដូចជាគណបក្សភ្លើងជាដើមអ៊ីចឹង គឺយើងមើលឃើញ នៅតែមានបញ្ហាកើតឡើង ដូចជាករណីហ្នឹងជាដើម បើសិនជាដូចហ្នឹងអ្វីដែលសាម៊ីខ្លួន ក៏ដូចជាឪពុករបស់ជនរងគ្រោះនោះគាត់លើកឡើងមែន ទោះយ៉ាងណាក៏ប៉ះពាល់ទៅដល់ដំណើរនៃបោះឆ្នោតនៅពេលខាងមុខដែរ ជាពិសេសស្ថានភាពនយោបាយហ្នឹងវាមិនប្រសើរដូចមុនទេ»។
កន្លងទៅសកម្មជនបក្សភ្លើងទៀនតែងតែរងធ្វើទុក្ខបុកម្នេញគ្រប់រូបភាព។ដោយអ្នកខ្លះត្រូវបានជនមិនស្គាល់មុខយកដុំថ្មគប់ដំបូលផ្ទះចំណែកអ្នកខ្លះត្រូវបានជនមិនស្គាល់មុខលបវាយធ្វើបាបម្ដងហើយម្ដងស្ទើរបាត់បង់ជីវិតនិងអ្នកខ្លះទៀតបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រោយពីពួកគាត់បានបង្កើនសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។