អ្នកវិភាគនយោបាយ លើកឡើងថា លោក ហ៊ុន សែន កំពុងប្រមាថប្រជាជាតិខ្មែរទាំងមូល ក្នុងការណ៍ដែលលោកដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំវៀតណាម លោក ឡេ ឌឹកអាញ់ (Le Duc Anh)។ លើសពីនេះទៀត លោក ហ៊ុន សែន ក៏ព្យាយាមទៅលួងលោមមេដឹកនាំវៀតណាម កុំឲ្យខឹងសម្បារកម្ពុជារឿងងាកទៅស្និទ្ធនឹងមហាយក្សចិនកាន់តែខ្លាំងនោះ។
អ្នកវិភាគនយោបាយលោក គឹម សុខ ថ្លែងប្រាប់អាស៊ីសេរីតាមទូរស័ព្ទពីប្រទេសហ្វាំងឡង់ (Finland) កាលពីយប់ថ្ងៃទី២ ឧសភា ថា លោក ហ៊ុន សែន មិនគួរដឹកនាំគណៈប្រតិភូតំណាងប្រជាជាតិខ្មែរ ទៅគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំវៀតណាមលោក ឡេ ឌឹកអាញ់ នោះទេ។ នេះក៏ព្រោះតែលោក គឹម សុខ មើលឃើញថា មេដឹកនាំវៀតណាមរូបនេះ ធ្លាប់មានប្រវត្តិ ដឹកនាំទ័ពមកលុកលុយ ឈ្លានពានកម្ពុជា និងធ្វើឲ្យបែកបាក់ប្រជាជាតិខ្មែររហូតមកទល់សព្វថ្ងៃនេះ។ លោក គឹម សុខ ហៅការទៅគោរពវិញ្ញាណក្ខន្ធមេដឹកនាំវៀតណាមបែបនេះថា មានន័យស្មើនឹងការមើលងាយប្រជាជាតិខ្មែរទាំងមូល៖ «ពីព្រោះថាមេដឹកនាំដែលលោក ហ៊ុន សែន ទៅគោរពហ្នឹង មេដឹកនាំយួនហ្នឹង គឺជាអ្នកដែលបានឈ្លានពាន ធ្វើទុក្ខបុកម្នេញ សម្លាប់ ធ្វើបាប និងកម្ទេចប្រទេសកម្ពុជា។ ការបង្ហាញមុខរបស់នាយករដ្ឋមន្ត្រីទៅគោរពវិញ្ញាណក្ខន្ធជនបរទេសដែលបំផ្លាញកម្ពុជាបែបហ្នឹង វាជារបៀបមួយដែលគាត់ខ្លួនឯង មិនបានគិតអំពីទឹកចិត្តឈឺចាប់របស់ពលរដ្ឋខ្លួនឯងទេ ... ដែលនេះមានន័យស្មើនឹងមើលងាយពលរដ្ឋខ្លួនឯង»។
ការលើកឡើងរបស់អ្នកវិភាគនយោបាយរូបនេះ កើតមានឡើង ស្របពេលដែលមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជាមួយក្រុម ទៅគោរពវិញ្ញាណក្ខន្ធមេដឹកនាំវៀតណាម លោក ឡេ ឌឹកអាញ់ នៅប្រទេសវៀតណាម។ លោក ឡេ ឌឹកអាញ់ អតីតប្រធានាធិបតីវៀតណាម និងជាមេបញ្ជាការកងទ័ពកុម្មុយនិស្តវៀតណាម បានទទួលមរណភាពកាលពីថ្ងៃទី២២ មេសា កន្លងទៅ ក្នុងវ័យ ៩៨ ឆ្នាំ។ របបកុម្មុយនិស្តវៀតណាម ពុំបានទម្លាយឲ្យដឹងពីមូលហេតុពិតប្រាកដនៃមរណភាពរបស់លោកទេ តែរបាយការណ៍នានាឲ្យដឹងថាលោកកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាលកាលពីឆ្នាំ២០១៨ ។ សារព័ត៌មានក្នុងស្រុកវៀតណាមរាយការណ៍ថា ពិធីបុណ្យគោរពវិញ្ញាណក្ខន្ធរបស់លោក ប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី៣ ឧសភា នេះ នៅរដ្ឋធានីហាណូយ ហើយពិធីបញ្ចុះសពរបស់លោក នឹងធ្វើឡើងនៅទីក្រុងហូជីមិញ វេលាម៉ោង ៥ ល្ងាច ក្នុងថ្ងៃដដែល។
លោក ហ៊ុន សែន បានសរសើរមេដឹកនាំវៀតណាមរូបនេះ ក្នុងសំណេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២ ឧសភា ថា លោក ឡេ ឌឹកអាញ់ ជារដ្ឋបុរសវៀតណាមមួយរូប និងជាតួអង្គនយោបាយដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសវៀតណាម និងប្រទេសកម្ពុជា ក្នុងហេតុផលអ្វីមួយដែលលោក ហ៊ុន សែន ហៅថា «បានចូលរួមយ៉ាងសកម្ម ក្នុងការវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»។ ក៏ប៉ុន្តែ លោក ហ៊ុន សែន មិនបានលើកឡើងឡើយអំពីប្រវត្តិដែលមេដឹកនាំវៀតណាមរូបនេះ បានលើកទ័ពវៀតណាមជាង ២ សែននាក់ចូលមកលុកលុយ និងឈ្លានពានកម្ពុជាអស់ជាង ១ ទសវត្ស កាលពីចុងទសវត្សទី ៧០ និងដើមទសវត្សទី ៨០ នោះទេ។
ក្រៅពីការមើលឃើញថា ការទៅគោរពមេដឹកនាំវៀតណាមនេះ ជាការប្រមាថជាតិសាសន៍ និងប្រជាជាតិខ្មែរខ្លួនឯងទាំងមូលនោះ លោក គឹម សុខ ក៏មើលឃើញដែរថា មេដឹកនាំរបបឯកបក្ស លោក ហ៊ុន សែន ក៏ទំនងជាព្យាយាមចង់លួងលោមចិត្តមេដឹកនាំវៀតណាម កុំឲ្យខឹងសម្បានឹងលោក។ នេះក៏ដោយសារតែលោក គឹម សុខ ថា របបលោក ហ៊ុន សែន កំពុងងាកទៅពឹងពាក់ផុងខ្លួនជ្រៅជាមួយមហាយក្សចិនកាន់តែខ្លាំង ខណៈចិនកំពុងមានជម្លោះស្រាប់ជាមួយវៀតណាម ក្នុងរឿងដណ្ដើមអធិបតេយ្យលើប្រជុំកោះនៅសមុទ្រចិនខាងត្បូងនោះ៖ «លោក ហ៊ុន សែន គាត់ច្របូកច្របល់ ហើយមិនដឹងថា ចៅហ្វាយរបស់គាត់មួយណាឲ្យប្រាកដប្រជានៅក្នុងការរក្សាអំណាចរបស់គាត់បានទេ។ ម្ល៉ោះហើយគាត់ត្រូវអបទាំងពីរសិន ពឹងលុយចិន ពឹងអាវុធចិន ក៏ប៉ុន្តែក៏មិនអាចធ្វើអ្វីឲ្យទាស់ទៅនឹងចិត្តរបស់ពួកចារកម្មយួននៅប្រទេសកម្ពុជាដែរ។ ម្ល៉ោះហើយ បើតាមរបៀបប្រវត្តិសាស្ត្រ ដែល ឡេ ឌឹកអាញ់ ធ្វើដើម្បីសម្លាប់ប្រទេសកម្ពុជា មិនសមណាលោក ហ៊ុន សែន ខ្លួនឯងទៅគោរពវិញ្ញាណក្ខន្ធ ឡេ ឌឹកអាញ់ ទេ។ ប៉ុន្តែរបៀបដែលគាត់ទៅគោរពវិញ្ញាណក្ខន្ធ ឡេ ឌឹកអាញ់ របៀបនេះ អាចជាការឆ្លៀតដើម្បីទៅលួងលោមមេដឹកនាំយួន ពន្យល់មេដឹកនាំយួន នូវអ្វីដែលជាផែនការការពារអំណាចរបស់គាត់ ដែលគាត់កំពុងតែទៅពឹងចិន»។
អ្នកវិភាគនយោបាយមួយរូបទៀត គឺបណ្ឌិត មាស នី មើលឃើញថា ការទៅគោរពវិញ្ញាណក្ខន្ធនេះគឺជាការបង្ហាញការដឹងគុណអតីតមេដឹកនាំវៀតណាមរូបនេះ ដែលបានជួយធានាផ្ចុងផ្ដើម ឲ្យលោក ហ៊ុន សែន បានឡើងកាន់អំណាចកាលពីដើមទសវត្សទី៨០ ។ លោកថា ពេលខ្លះ លោកមានអារម្មណ៍តូចចិត្ត ដោយមេដឹកនាំខ្មែរចូលចិត្តទៅសម្ដែងការដឹងគុណបរទេសមិនចេះចប់មិនចេះហើយដូច្នេះ៖ «ពេលខ្លះខ្ញុំមានអារម្មណ៍តូចចិត្ត ត្រង់ថា ខ្មែរយើងចូលចិត្តអរគុណគេខ្លាំងពេក ដោយមានបង្ហាញទាំងរូបមិត្តភាពស្តូបកម្ពុជាវៀតណាមទៀតផង នៅពេលដែលវៀតណាមគេកម្រ និងមិនដែលរំឭកអំពីគុណូបការៈខ្មែរ ដែលខ្មែរបានជួយវៀតណាម។ នេះមួយដែលពេលខ្លះវាធ្វើឲ្យការដឹងគុណរបស់យើងទៅលើគេ វាហាក់បីដូចជាធំធេងពេក ពេលដែលយើងបានធ្វើគុណដ៏ធំសម្បើម តែគេមិនដែលរំឮកអរគុណដល់យើង ឲ្យកិត្តិយសមកលើយើងនោះ»។
គិតត្រឹមយប់ថ្ងៃទី២ ឧសភា អាស៊ីសេរី មិនទាន់អាចទាក់ទងមន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ ដើម្បីសុំប្រតិកម្មតបទៅនឹងការលើកឡើងរបស់អ្នកវិភាគនយោបាយទាំងពីររូបនេះ បានទេ។
មេដឹកនាំវៀតណាម លោក ឡេ ឌឹកអាញ់ គឺជាអតីតនាយឧត្តមសេនីយវៀតណាម ដែលបានដឹកនាំកងទ័ពកុម្មុយនិស្តវៀតកុង កាលពីសម័យសង្គ្រាមវៀតណាម ហើយជាអ្នកបញ្ជាឲ្យវៀតណាមលើកទ័ពជាង ២ សែននាក់ចូលមកលុកលុយ និងឈ្លានពានកម្ពុជាអស់ ១ទសវត្ស។ ក្រោយឈ្លានពានកម្ពុជារួច លោកបានក្លាយជាប្រធានាធិបតីទីបួនរបស់វៀតណាម ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៧។ មេដឹកនាំវៀតណាមរូបនេះ គឺជាស្ថាបនិកបង្កើតឲ្យមានយុទ្ធនាការផែនការ «ក៥» នៅកម្ពុជា ក្នុងពេលដែលវៀតណាមឈ្លានពាន និងគ្រប់គ្រងកម្ពុជា ក្នុងដើមទសវត្សទី ៨០។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ ( Human Rights Watch ) ចាត់ទុកផែនការ «ក៥» ថាជាផែនការឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទីពីរ បន្ទាប់ពីរបបខ្មែរក្រហម ព្រោះថាយ៉ាងហោចណាស់ពលរដ្ឋខ្មែររាប់ម៉ឺននាក់ក្នុងចំណោមមនុស្សជិត ១លាននាក់ ត្រូវគេបង្ខំឲ្យបម្រើផែនការ ក ៥ នេះ បានស្លាប់ដោយការជាន់មីន ជំងឺគ្រុនចាញ់ និងការអត់ឃ្លាន ហើយដែលភាគច្រើននៃពលរដ្ឋទាំងនោះ គឺជាសិស្ស និស្សិត គ្រូបង្រៀន យុវជន និងពលរដ្ឋខ្មែរសាមញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។