អ្នកវិភាគថា លោក ហ៊ុន សែន ព្យាយាមនិយាយភាសាវៀតណាមក្នុងនាមជាមេដឹកនាំប្រទេសជាការបង្ហាញថា កម្ពុជាស្ថិតក្រោមឥទ្ធិពលរបស់វៀតណាម។ អ្នកវិភាគលើកឡើងបែបនេះ ខណៈលោក ហ៊ុន សែន ថ្លែងជាសាធារណៈក្នុងឋានៈជាមេដឹកនាំប្រទេស ប៉ុន្តែនិយាយភាសាវៀតណាម បើទោះក្នុងពិធីមានអ្នកបកប្រែភាសារួចទៅហើយក្តី។
ក្រោយភ្លាត់មាត់និយាយភាសាវៀតណាមពេលសម្ពោធផ្សារគំរូព្រំដែនកម្ពុជានៅខេត្តត្បូងឃ្មុំថ្ងៃទី២៤ ខែធ្នូ។ លោក ហ៊ុន សែន ថ្លែងការពារខ្លួនថា ការនិយាយភាសាវៀតណាមបែបនេះ គឺមិនមែនមានន័យលោកជាអាយ៉ងរបស់វៀតណាមនោះទេ ប៉ុន្តែលោកចង់ឲ្យជនជាតិវៀតណាម ដែលចូលរួមក្នុងពិធីនេះអាចដឹងពីអ្វី ដែលលោកនិយាយ។ លោកថែមទាំងអួតអាងថា វៀតណាមមិនចេះភាសាខ្មែរ ប៉ុន្តែលោកបែរជាចេះនិយាយភាសាវៀតណាម៖ «»
ប៉ុន្តែអ្នកវិភាគបញ្ហានយោបាយលោក គឹម សុខ ដែលហ៊ានរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ និងបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅប្រទេសហ្វាំងឡង់យល់ថា ភាសាវៀតណាមមិនមែនជាភាសាអន្តរជាតិជាសកលទេ ដូច្នេះមេដឹកនាំប្រទេសមិនចាំបាច់និយាយក្នុងពេលពិធីផ្លូវការបែបនេះនោះទេ។ លោកយល់ថា ជនជាតិវៀតណាមនៅព្រំដែនកម្ពុជា និងវៀតណាម ពួកគេអាចស្ដាប់ ឬនិយាយភាសាខ្មែរបានមិនចាំបាច់ឲ្យលោក ហ៊ុន សែន និយាយភាសាវៀតណាមនោះទេ។ លោក គឹម សុខ ចោទប្រកាន់ថា ឥរិយារបស់លោក ហ៊ុន សែន បែបនេះ ជាការបង្ហាញថាលោក ហ៊ុន សែន លើកវៀតណាមដាក់លើក្បាល និងកំពុងសប្បាយបំពេញតាមផែនការរបស់វៀតណាមដោយមិនខ្លាចពលរដ្ឋរិះគន់៖ «»
(លោក គឹម សុខ អ្នកវិភាគបញ្ហានយោបាយ)
អ្នកវិភាគរូបនេះយល់ថា នៅពេលមេដឹកនាំប្រទេសកម្ពុជាស្ថិតក្រោយឥទ្ធិពលរបស់វៀតណាមបែបនេះ នឹងធ្វើឲ្យប្រទេសជាតិខូចប្រយោជន៍។ លោក គឹម សុខ លើកឧទាហរណ៍ករណីមួយចំនួនដូចជា៖ គម្រោងការចែកដី ៤០ហិកតារដល់ជនជាតិវៀតណាមនៅខេត្តកំពង់ឆ្នាំង កងទ័ពវៀតណាមមកធ្វើសមយុទ្ធនៅខេត្តស្វាយរៀង និងការធ្វើច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥រវាងកម្ពុជា និងវៀតណាម ឬហៅដោយខ្លីថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ដែលលោក គឹម សុខ ហៅទង្វើទាំងនេះថា ជាការផ្ដល់ប្រយោជន៍ទៅឲ្យវៀតណាម៖ «»
នេះមិនមែនជាលើកទី១ ទេ ដែលប្រមុខរដ្ឋាភិបាលកម្ពុជានិយាយភាសាវៀតណាមនៅទីសាធារណៈបែបនេះ។ លោកក៏ធ្លាប់ថ្លែងសន្ទរកថាជាភាសាវៀតណាមដែរ ក្នុងពេលលោកទៅបំពេញទស្សនៈផ្លូវការនៅប្រទេសវៀតណាម។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចោទថា លោក ហ៊ុន សែន បានពឹងវៀតណាម និងចិនឲ្យជួយការពារអំណាចក្បត់ជាតិរបស់ខ្លួន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ធ្លាប់ចេញរបាយការណ៍បង្ហាញថា ការកាន់អំណាចរបស់លោក ហ៊ុន សែន មានការគាំទ្រពីរដ្ឋាភិបាលទីក្រុងហាណូយ ដែលជ្រើសរើសលោកអោយកាន់តំណែង៕
(លោក ទ្រិញ ឌិញ ស៊ុង (Trinh Dinh Dung) (ឆ្វេង) ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារគំរូព្រំដែនកម្ពុជា នៅតំបន់សេដ្ឋកិច្ចពិសេស ថារី ត្បូងឃ្មុំ ក្នុងឃុំដារ ស្រុកមេមត់)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។