អ្នកវិភាគថាលោក ហ៊ុន សែន កំពុងដើរដល់ផ្លូវទាល់ច្រក ទើបព្រមានរាល់សកម្មភាពមន្ត្រីគណបក្សប្រឆាំងក្នុងស្រុក
2019.03.05
អ្នកវិភាគនយោបាយមើលឃើញថា លោក ហ៊ុន សែន ដែលភិតភ័យពីការបាត់បង់អំណាច កំពុងតែទាល់ច្រកកាន់តែខ្លាំង ទើបត្រូវក្ដោបក្ដាប់គ្រប់ព័ត៌មានទាំងអស់ទាក់ទងនឹងសកម្មជន និងមន្ត្រីបក្សប្រឆាំងទាំងអស់។ កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាងថាលោកបានដឹងគ្រប់រឿងទាំងអស់ពីសកម្មភាពជារៀងរាល់ថ្ងៃ ដែលសកម្មជន និងមន្ត្រីបក្សប្រឆាំងកំពុងនាំគ្នាធ្វើនៅក្នុងស្រុក។
អ្នកវិភាគនយោបាយលោក គឹម សុខ មើលឃើញថា លោក ហ៊ុន សែនកំពុងភ័យខ្លាចការបាត់បង់អំណាចរបស់លោក ដែលអាចនឹងកាន់តែខិតជិតមកដល់ ប្រសិនបើមានការតវ៉ាណាមួយលេចចេញជារូបរាងក្នុងចំណោមក្រុមមន្ត្រីបក្សប្រឆាំងកំពុងនៅក្នុងស្រុក ហើយធ្វើអោយពលរដ្ឋ ដែលកំពុងឈឺចាប់នឹងរបបដឹកនាំបច្ចុប្បន្ននេះនាំគ្នាចូលរួមការតវ៉ានោះដែរ។ លើសពីនេះលោក គឹម សុខ ថា លោក ហ៊ុន សែន កំពុងធ្វើនយោបាយទាល់ច្រក៖ «ប្រសិនបើសកម្មជនគណបក្សប្រឆាំងងើបឡើង ក្នុងស្ថានភាពដែលពួកគាត់ទ្រាំលែងបាននោះគឺលោក ហ៊ុន សែន ពិបាកនឹងទប់ព្រោះក្នុងពេលបច្ចុប្បន្នប្រជាពលរដ្ឋទូទៅក៏មិនគាំទ្រ លោក ហ៊ុន សែន ឯសហគមន៍អន្តរជាតិក៏ដាក់សម្ពាធ ម្ល៉ោះហើយ លោក ហ៊ុន សែន ត្រូវដឹងជានិច្ចសកម្មភាពរបស់សកម្មជនគណបក្សប្រឆាំង។ ចំណុចដែលធំបំផុតនោះគឺលោក ហ៊ុន សែន ព្យាយាមចង់តែដឹងអំពីសកម្មជនគណបក្សប្រឆាំង ហើយរឿងផ្សេងៗទៀត គាត់មិនសូវខ្វល់ខ្វាយ ដូចជា បញ្ហាដីធ្លី បញ្ហាពុករលួយ ការលក់ទ្រព្យជាតិអីផ្សេងៗនោះ រឿងរ៉ាវដែលគាត់ត្រូវផ្ដោត គឺអំណាចផ្ទាល់ខ្លួនរបស់គាត់»។
លោក គឹម សុខ ក៏មើលឃើញដែរថា លោក ហ៊ុន សែន មិនត្រឹមតែក្ដោបក្ដាប់ព័ត៌មានក្នុងស្រុកលោក ក៏តាមដានជាប់ជានិច្ចនូវរាល់សកម្មភាពរបស់មន្ត្រីគណបក្ស សង្គ្រោះជាតិ នៅក្រៅប្រទេស។
ការលើកឡើងនេះបន្ទាប់ពីលោក ហ៊ុន សែន បានថ្លែងថា ការជួបជុំ ឬផែនការនានារបស់សកម្មជន និងមន្ត្រីបក្សប្រឆាំងនៅក្នុងស្រុកគឺលោក ក្ដោបក្ដាប់បានទាំងអស់៖ «ឥឡូវខ្ញុំដឹង អ្នកឯងប្រជុំពីទីក្រុងភ្នំពេញតាមឡានបឹស (ឡានទេសចរណ៍) ទៅភ្នំតាម៉ៅ តើខ្ញុំដឹងទេ? បើខ្ញុំចង់ធ្វើខ្ញុំចាប់លើឡានហ្នឹងទាំងអស់។ អ្នកនៅភ្នំពេញ លោកស្រីប្រធានចលនាស្ត្រី លោកស្រីត្រូវដឹងថា គេមិន លោកស្រីមិនអាចលាក់បាំងពីអ្វីរបស់យើងបានទេ ដូចជា នៅកំពង់ចាមគេប្រជុំលើឡានទៅកំពង់ធំ។ ដូចជាថ្ងៃស្អែក ដូចជា គេត្រូវប្រជុំនៅបឹងត្រកួន ស្មានតែគេមិនដឹងគ្រាន់តែគេមិនធ្វើទេ»។
នេះជាការព្រមានថ្មីមួយទៀតរបស់លោក ហ៊ុន សែន បន្ទាប់ពីមានសារបែកធ្លាយសំឡេង របស់លោក ដែលថាត្រូវតាមកម្ទេចចោលក្រុមបក្សប្រឆាំង៖ «ដូច្នេះគឺជាឱកាសដើម្បីយើងលត់ពួកអានៅខាងក្នុង ផ្ដាច់ខ្សែសង្វាក់របស់វាឲ្យអស់ ឥឡូវវាកំពុងដើរទៅប្រជុំទៅតាមហាងតាមស្អីនានា ដែលខ្ញុំសុំយកឱកាសនេះសម្រាប់អភិបាលខេត្ត សម្រាប់ការណែនាំនានា ទៅតាមគ្រប់កន្លែងផងដែរ ព្រោះយើងមិនអាចឲ្យពួកអាក្រុមនេះរស់ឡើងវិញបាន។ បើបានជាជ្រុលអ៊ីចឹងទៅហើយ គឺថាលេងម៉ាអស់ដៃ ដើម្បីផ្ដាច់បណ្ដាញរបស់វាកុំឲ្យវាមានឈ្នាន់ឲ្យសោះ ហើយគោលដៅរបស់យើងសម្រាប់ការលើកលែងឲ្យជាមួយនរណាក៏ដោយដែលមានការប៉ុនប៉ងធ្វើជាឈ្នាន់សម្រាប់ការចូលមករបស់ សម រង្ស៊ី ដើម្បីចូលស្រុក»។
អ្នកការពារសិទ្ធិមនុស្សចាត់ទុកការព្រមានទាំងនេះថា ជាការអនុវត្តផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ចាប់តាំងពីចុងឆ្នាំ២០១៨ មកមានអតីតមន្ត្រីជាប់ឆ្នោត និងសកម្មជនគណបក្ស សង្គ្រោះជាតិ ជាច្រើននាក់ ត្រូវសមត្ថកិច្ចហៅទៅសាកសួរទៅសាកសួរ ជុំវិញការបង្ហាញជំហររបស់ពួកគេគាំទ្រគណបក្ស និងការវិលត្រឡប់របស់លោក សម រង្ស៊ី ជាប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ។
ក្នុងនោះករណីអតីតសកម្មជនបក្សប្រឆាំងនៅខេត្តស្វាយរៀង លោក គង់ ម៉ាស់ ជាសំណុំរឿងថ្មីជាងគេ ដោយលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងហាងកាហ្វេមួយនៅរាជធានីភ្នំពេញកាលពីខែមករា ជុំវិញការបង្ហោះសាររិះគន់របបក្រុងភ្នំពេញនៅលើហ្វេសប៊ុក Facebook។
បើទោះបីជាមានការគំរាមកំហែងគ្រប់រូបភាពបែបនេះក្ដីក៏អ្នកវិភាគលោក គឹម សុខ មើលឃើញថា លោក ហ៊ុន សែន មិនអាចធ្វើឲ្យការព្រមាននោះមានឥទ្ធិពល ទៅលើសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យពួកគេបោះបង់សកម្មភាពតទៅមុខទៀតទេ។ លោក គឹម សុខ ក៏បានផ្ដល់ទស្សនៈដែរថាគណបក្សប្រឆាំងក៏ពុំមានជម្រើសណាផ្សេងក្រៅតែពីត្រូវប្រមូលផ្ដុំកម្លាំងគ្នា ធ្វើការរួមគ្នា ដើម្បីអោយមានការផ្លាស់តាមបែបប្រជាធិបតេយ្យក្នុងពេលខាងមុខដ៏ខ្លី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។