តុលាការ​ត្បូងឃ្មុំ​ដោះលែង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ម្នាក់​ទៀត ក្រោយ​ឃុំ​គាត់​គ្រប់​មួយ​ឆ្នាំ

0:00 / 0:00

តុលាការ​ខេត្ត​ត្បូងឃ្មុំ​សម្រេច​ដោះលែង​សមាជិក​ក្រុម​ស្ត្រី​ថ្ងៃសុក្រ និង​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី ខន ទន់ ឱ្យ​មាន​សេរីភាព​វិញ​ហើយ នៅ​ថ្ងៃទី ២៧ មករា នេះ ក្រោយ​ពី​ឃុំឃាំង​គាត់​ក្នុង​ពន្ធនាគារ​គ្រប់​ចំនួន​កំណត់​រយៈពេល​មួយ​ឆ្នាំ។

លោកស្រី ខន ទន់ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ក្រោយ​ចេញ​ពី​ពន្ធនាគារ​ថា ការ​ចាប់​ឃុំខ្លួន ​និង​ផ្ដន្ទាទោស​លោកស្រី គឺ​ជា​រឿង​អយុត្តិធម៌ និង​ជា​រឿង​គួរ​ឱ្យ​ឈឺ​ចាប់។ លោកស្រី​អះអាង​ថា លោកស្រី​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ និង​តុលាការ​នោះ​ឡើយ ហើយ​សកម្មភាព​របស់​លោក​ស្រី​កន្លងមក គឺ​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ។

អាជ្ញាធរ​បាន​ចាប់ខ្លួន​លោកស្រី ខន ទន់ កាលពី​ថ្ងៃទី២៦ មករា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ដោយសារ​តែ​លោកស្រីតែង​ចូលរួម​តវ៉ា​ដោយ​សន្តិវិធី​ជាមួយ​ក្រុម​ស្ត្រី​ថ្ងៃសុក្រ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ។ តុលាការ​ខេត្ត​ត្បូងឃ្មុំ​បាន​ផ្ដន្ទាទោស​លោកស្រី​ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២លានរៀល ពី​បទ «សម​គំនិត​ក្នុង​អំពើ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

ទោះជា​ធ្លាប់​ជាប់​ពន្ធនាគារ​យ៉ាងនេះ​ក្ដី លោកស្រី ខន ទន់ ដែល​ជា​ពលរដ្ឋ​ខេត្តត្បូងឃ្មុំ អះអាង​ថា លោកស្រី​នឹង​មិន​បោះបង់​ចោល​សកម្មភាព​តវ៉ា​ដោយ​សន្តិវិធី​ជាមួយ​ក្រុម​ស្ត្រី​ថ្ងៃសុក្រ ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។