រដ្ឋាភិបាល​អូស្ត្រាលី ប្រកាស​តាមដាន​ដំណើរការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា

0:00 / 0:00

រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី (Australia) ប្រកាស​តាមដាន​ដោយ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ករណី​ឃាតកម្ម​លើ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក លិម គិមយ៉ា។ តំណាង​សហគមន៍​ខ្មែរ យល់​ថា នេះ​គឺជា​ការ​ឆ្លើយតប​វិជ្ជមាន​មួយ​ដែល​អាច​ជា​សម្ពាធ​ទៅ​រដ្ឋាភិបាល​ថៃ និង​កម្ពុជា ឲ្យ​ស៊ើបអង្កេត​ករណី​នេះ​ឲ្យ​បាន ហ្មត់ចត់ និង​ឆាប់រហ័ស។

រដ្ឋាភិបាល​អូស្ត្រាលី ​ប្រកាស​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​មាន​តម្លាភាព ចំពោះ​ករណី​បាញ់​សម្លាប់​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា នៅ​ចំ​ថ្ងៃ​ដែល​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ បាន​រៀបចំ​ពិធី​បញ្ចុះ​សព​លោក លិម គិមយ៉ា ក្នុង​ទីក្រុង​ប៉ារីស (Paris) ប្រទេស​បារាំង (France)។

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី អ្នកស្រី ខារ៉ូលីន លីង (Caroline Linke) លើក​ឡើង​ក្នុង​លិខិត​ចុះ​ថ្ងៃទី៣ ខែ​កុម្ភៈ​ថា រដ្ឋាភិបាល​អូស្ត្រាលី ពិតជា​ព្រួយបារម្ភ ចំពោះ​អំពើ​ឃាតកម្ម​លើ​លោក លិម គិមយ៉ាង នៅក្នុង​ទីក្រុង​បាងកក (Bangkok ) ប្រទេស​ថៃ ​(Thailand)។ រដ្ឋាភិបាល​អូស្ត្រាលី គាំទ្រ​ឲ្យ​មានការ​ស៊ើបអង្កេត ដោយ​តម្លាភាព និង​ទាន់​ពេលវេលា​ករណី​ឃាតកម្ម​នេះ។ ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​រូប​នេះ បន្ត​ថា រដ្ឋាភិបាល​អូស្ត្រាលី កំពុង​បន្ត​តាមដាន​ការវិវត្តន៍​យ៉ាង​ដិត​ដល់ ​រួមទាំង​បទចោទប្រកាន់ និង​ដីកា​តាម​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ដែល​ចេញ​ដោយ​អាជ្ញាធរ​ថៃ។

ការ​ចេញ​លិខិត​របស់​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី​នេះ គឺជា​ការ​ឆ្លើយ​តប ទៅ​នឹង​លិខិត​រួម​មួយ របស់​តំណាង​សហគមន៍​ខ្មែរ ក្នុង​នោះ​ដូច​ជា ប្រធាន​សហ​ព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម លោក ហុង លីម ប្រធាន​សមាគម​ខ្មែរ​លោក ជា យូហ៊ន សមាជិក​សភា​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង តំណាង​គណបក្ស សង្គ្រោះ​ជាតិ​ប្រចាំ​អូស្ត្រាលី និង​អតីត​សមាជិកសភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន រួម​ទាំង​តំណាង​អង្គការ​មួយ​ចំនួន​ទៀត​ផង​ដែរ។

ក្នុង​លិខិត​រួម​គ្នា​ដែល​បាន​ផ្ញើ​ទៅ​កាន់​ក្រសួង​ការ​បទេស​អូស្ត្រាលី​នោះ ​តំណាង​សហគមន៍​ខ្មែរ បាន​លើក​ឡើង​ថា ការ​បាញ់​ប្រហារ​យ៉ាង​សាហាវ​ឃោរឃៅ​លើ​លោក លិម គិមយ៉ា នេះ មាន​សញ្ញា​គ្រប់​គ្រាន់​ថា ជា​ឃាតកម្ម​នយោបាយ ហើយ​ជា​ភស្តុតាង​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ព្យាយាម​ត្រួតត្រា និង​បង្ក​ហិង្សា​លើ​អ្នករិះគន់ និង​អ្នក​ប្រឆាំង​នៅ​ក្រៅ​ប្រទេស។ ពួក​គាត់​ទាមទារ​រដ្ឋាភិបាល​អូស្ត្រាលី និង​សហគមន៍​អន្តរជាតិ ឱ្យ​រួមគ្នា​ឆ្លើយតប​ចំពោះ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​គំរាម​កំហែង​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​កម្ពុជា។ លើស​ពី​នេះ តំណាង​សហគមន៍​ខ្មែរ ក៏​ទាមទារ​ឲ្យ​ក្រសួងការបរទេស និង​ស្ថានទូត​អូស្ត្រាលី ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ខ្លាំង​ក្លា ដើម្បី​ធានា​សន្តិសុខ​សុវត្ថិភាព និង​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​កម្ពុជា។

ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម លោក ហុង លីម ថ្លែង​ថា ការ​ឆ្លើយតប​របស់​ក្រសួងការបរទេស​អូស្ត្រាលី​នេះ គឺជា​​សញ្ញា​វិជ្ជមាន​មួយ​ក្នុង​ការ​ផ្តល់​ភាព​កក់ក្ដៅ​ដល់​សហគមន៍​ខ្មែរ​និង​បង្ហាញ​ថា អន្តរជាតិ កំពុង​យកចិត្ត​ទុកដាក់​តាម​ដាន​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា។ទន្ទឹម​គ្នា​នេះ លោក ហុង លីម បន្ត​ចោទ​ថា ក្នុង​ករណី រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត នៅតែ​រក្សា​ភាព​ស្ងៀម​ស្ងាត់​មិន​តាម​ចាប់​ខ្លួន​ទីប្រឹក្សា​លោក ហ៊ុន សែន គឺ​លោក លី រតនរស្មី និង​ប្អូនប្រុស​របស់​ប្រធាន​គណ​បក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ឈ្មោះ ពេជ្រ គឹមស្រ៊ិន ដើម្បី​បញ្ជូន​ឲ្យ​អាជ្ញាធរ​ថៃ​នោះ​ គឺ​បង្ហាញ​ថា ជា​ការ​ស៊ុមគ្រលុំ​គ្នា។

លោក ហុង លីម៖«ដូច្នេះ​យើង​សង្ឃឹម​ថា រឿង​នេះ មិន​មែន​ពួក​ក្រុងភ្នំពេញ​ចង់​ទម្លាក់​ចោល ឬ​គ្មាន​អ្នក​ណា​រវល់​ទេ​បាទ។ បាន​ន័យ​ថា អន្តរជាតិ គេ​យក​ចិត្ត​ទុក​ដាក់​គិតគូរ​ពី​ភាព​កាច​សាហាវ​ឃោរឃៅ​យង់ឃ្នង ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​និយាយ​អ៊ីចឹង គឺ​ថា គាត់​ចាស់​ជរា​ទៅ​ហើយ។ គាត់​អាយុ ៧៤ឆ្នាំ​ទៅ​ហើយ នៅ​តាម​ចង​កម្ម​ចងពៀរ គាត់​បាន​ទៀត ដូច្នេះ រដ្ឋាភិបាល​នេះ អ្នក​ដែល​រៀបចំ​ស្លាប់​គាត់​នេះ គឺ​បាន​បង្ហាញ​នូវ​ភាពឃោឃៅ សាហាវ​យង់ឃ្នង​ព្រៃផ្សៃ​ខ្លាំង​មែនទែន។ វា​ហួសហេតុ​ពេក ទាំង ហ៊ុន សែន ខ្លួន​ឯង អាយុ​ជាង ៧០ឆ្នាំ​ដែរ​ហើយ។ ដូច្នេះ ការ​ដែល​កាប់​សម្លាប់​មនុស្ស ចាស់​ជរា​នេះ បាន​ន័យ​ថា ក្រុម​នេះ របប​នេះ ជា​របប​ឃោរឃៅ​ព្រៃផ្សៃ​ខ្លាំង​សម្បើម​ណាស់​បាទ»។

ទាក់ទង​រឿង​នេះ វិទ្យុអាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន និង​អគ្គស្នងការ​នគរ​បាល​ជាតិ​លោក ស ថេត ជា​ច្រើន​លើក ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ​នោះ​ទេ។

អត្ថបទដែលទាក់ទង៖

ក្រុម​គ្រួសាររៀបចំ​ពិធីបញ្ចុះសព​លោក លិម គិមយ៉ា នៅជាយទីក្រុងប៉ារីស

ប្រវត្តិលោក លិម គិមយ៉ា អតីត​តំណាងរាស្ត្រ​ ដែល​គេធ្វើឃាតនៅប្រទេសថៃ

លោក សម រង្សី ចោទ​ថា លោក ឃ្លាំង ហួត ជា​អ្នក​សម្លាប់​លោក លិ​ម គិ​ម​យ៉ា

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មណ្ឌល​ខេត្ត​កំពង់ធំ លោក លិម គិមយ៉ា ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ប្រទេស​ថៃ

ទោះ​ជា​យ៉ាង​ណា​ក្ដី មិន​ខុស​ពី​តំណាង​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​នោះ​ទេ ក្រុម អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី រួម​ទាំង​ក្រុម​គ្រួសារ​របស់​លោក លិម គិមយ៉ា នៅតែ​បន្ត​ចោទ​ចំៗ ថា រដ្ឋាភិបាល​ត្រកូល ហ៊ុន គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​អំពើ​ឃាតកម្ម​នេះ ទោះបីជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញ​មុខ​បដិសេធ​ក្ដី។ ក្នុង​ពិធី​បញ្ចុះ​សព​លោក លិម គិមយ៉ា កាល​ពី​ថ្ងៃ​ទី៣ ខែកុម្ភៈ លោក សម រង្ស៊ី លើក​ឡើង​ថា រូបលោក និង​ពលរដ្ឋ​ខ្មែរ​ជុំវិញ​សកល​លោក នឹង​នៅ​តែ​ចងចាំ​នូវ​រាល់​សកម្មភាព​របស់​លោក លិម គិមយ៉ា ជានិច្ច ព្រោះ​លោក​បាន​ផ្តល់​កម្លាំង​ចិត្ត​និង​ភាព​ក្លាហាន​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​តស៊ូ ដើម្បី​យុត្តិធម៌ សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ។ មេ​បក្ស​ប្រឆាំង​រូប​នេះ​ប្ដេជ្ញា​ថា លោក​នឹង​បន្ត​ការ​តស៊ូ ក្នុង​សមរភូមិ​ដែល​លិម គិមយ៉ា បាន​ចូលរួម​រហូត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​បាន សេរីភាព និង​យុត្តិធម៌​ពេញលេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។