ក្រៅពីនេះ សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃ១៣ ធ្នូ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគួរចៀសវាងធ្វើចរាចរណ៍តាមផ្លូវដែលបក្សសង្គ្រោះជាតិ គ្រោងនឹងហែក្បួនបាតុកម្មនោះដែរ៖ "ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងសម្រួលការកកស្ទះចរាចរណ៍ សាលារាជធានីភ្នំពេញ សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ អត់ធ្មត់ និងគួរបានបញ្ចៀសការធ្វើដំណើរចរាចរណ៍ឆ្លងកាត់តាមកំណាត់ផ្លូវខាងលើ..."។
វិថីដែលបក្សសង្គ្រោះជាតិគ្រោងធ្វើបាតុកម្មចាប់ពីម៉ោង ២រសៀល ថ្ងៃទី១៥ ធ្នូ នេះ គឺផ្លូវលេខ១០៨ មហាវិថីព្រះមុនីវង្ស មហាវិថីកម្ពុជាក្រោម ផ្លូវនេរុហ៍ ផ្លូវទេពផន ផ្លូវហ្សាលឌឺហ្គោល ផ្លូវក្រមួនស និងផ្លូវលេខ៥៣។
សេចក្ដីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំប្រកាសថា អ្នកគាំទ្របក្សសង្គ្រោះជាតិ នឹងធ្វើបាតុកម្មរាល់ថ្ងៃចាប់តាំងពីថ្ងៃទី១៥ ធ្នូ នេះតទៅ នៅទូទាំងប្រទេស ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ខុសពីពេលលើកមុនដែលបក្សសង្គ្រោះជាតិ ទាមទាររកយុត្តិធម៌នៃលទ្ធផលបោះឆ្នោត ដូចជាទាមទារឲ្យបើកកញ្ចប់ឆ្នោតសុវត្ថិភាព និងឲ្យរាប់សន្លឹកឆ្នោតឡើងវិញតាមការិយាល័យមួយចំនួន។
ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១៤ ធ្នូ ប្រធានបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បញ្ជាក់ថា៖ «បាតុកម្មដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ស្អែកនេះ គឺនឹងមានរូបភាពខុសប្លែកបាតុកម្មពីបាតុកម្មមុនៗ។ ខុសប្លែកក្នុងន័យថា ម្ដងនេះយើងនឹងធ្វើបាតុកម្មជាប់អត់ឈប់រៀងរាល់ថ្ងៃ ហើយការទាមទារគឺយើងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។ ពីព្រោះយើងបានទាមទារម្ដងហើយថា ឲ្យពិនិត្យតួលេខឲ្យផ្ទៀងផ្ទាត់តួលេខ ឲ្យរាប់សន្លឹកឆ្នោតឡើងវិញ យ៉ាងហោចណាស់តាមការិយាល័យមួយចំនួន តែដោយសារគណបក្សប្រជាជនកម្ពុជាបដិសេធ»។
លោក សម រង្ស៊ី មិនបានឲ្យដឹងថា បាតុកម្មនោះនឹងធ្វើរហូតលុះត្រាបក្សប្រជាជនយល់ព្រមតាមការទាមទារបស់បក្សសង្គ្រោះជាតិ ហើយលោកប្រកាសថា ប្រជាពលរដ្ឋនៅតាមខេត្តនានា ក៏អាចមកចូលរួមបាតុកម្មនៅភ្នំពេញបាន ហើយលោកអំពាវនាវឲ្យអ្នកគាំទ្របក្សសង្គ្រោះជាតិ នៅភ្នំពេញ ជួយផ្ដល់បាយទឹកនិងផ្ដល់ជម្រកស្នាក់នៅក្នុងអំឡុងពេលពួកគាត់មកធ្វើបាតុកម្មនៅភ្នំពេញ។
លទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ប្រកាសដោយគណៈកម្មាធិការបោះឆ្នោតបង្ហាញថា គណបក្សប្រជាជនឈ្នះបក្សសង្គ្រោះជាតិ គឺបក្សប្រជាជនបានឈ្នះ ៦៨កៅអី និងបក្សសង្គ្រោះជាតិបាន ៥៥កៅអី។ តែបក្សសង្គ្រោះជាតិបដិសេធ ដោយចោទថា លទ្ធផលឆ្នោតមិនត្រូវ យុត្តិធម៌ ហើយសុំឲ្យពិនិត្យលទ្ធផលឆ្នោតឡើងវិញ តែបក្សប្រជាជនមិនព្រម ហើយក៏បង្កើតរដ្ឋាភិបាល និងបង្កើតរដ្ឋសភាដោយឯកបក្សមកទល់សព្វថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។